រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ដែលជិតផុតអាណត្តិ លោក ហោ ណាំហុង នៅថ្ងៃទី៣០ ខែមីនា សម្ដែងការអបអរសាទរចំពោះប្រមុខបក្សប្រឆាំងនៃប្រទេសមីយ៉ាន់ម៉ា (Myanmar) អ្នកស្រី អ៊ុង សាន ស៊ូជី (Aung San Suu Kyi) ក្រោយពេលអ្នកស្រីត្រូវបានរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោតប្រជាធិបតេយ្យ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា តែងតាំងជារដ្ឋមន្ត្រីក្រសួងការបរទេស។
លោក ហោ ណាំហុង ថ្លែងក្នុងលិខិតផ្ញើទៅកាន់អ្នកស្រី អ៊ុង សាន ស៊ូជី ដោយបង្ហាញនូវក្ដីរំពឹងថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងនៅបន្ត ព្រមទាំងរីកចម្រើនទៅមុខ ដើម្បីផលប្រយោជន៍ទៅវិញទៅមកដល់ប្រជាជននៃប្រទេសរៀងខ្លួន ក្នុងបរិបទនៃការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
គណបក្សជាតិសម្ព័ន្ធប្រជាធិបតេយ្យ (NLD) របស់អ្នកស្រី អ៊ុង សាន ស៊ូជី ទទួលបានជ័យជំនះភ្ល្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជាតិបែបប្រជាធិបតេយ្យលើកដំបូង បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការដឹកនាំដោយក្រុមយោធារយៈពេលជាង ៥០ឆ្នាំ។
ពិធីស្បថចូលកាន់តំណែងរបស់រដ្ឋាភិបាលថ្មីត្រូវបានគេធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ដែលក្នុងនោះមនុស្សជំនិតរបស់អ្នកស្រី អ៊ុង សាន ស៊ូជី គឺលោក ធិន ច (Htin Kyaw) ត្រូវឡើងធ្វើជាប្រធានាធិបតីបន្តពីអតីតប្រធានាធិបតី លោក ថេន សេន (Thein Sein) ដែលបានកាន់តំណែងនេះតាំងពីឆ្នាំ២០១១ មក។
ចំណែកអ្នកស្រី អ៊ុង សាន ស៊ូជី ក្រៅពីកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេស អ្នកស្រីក៏ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងអប់រំ ក្រសួងអគ្គិសនី និងថាមពល ក្នុងពេលតែមួយផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។