រដ្ឋាភិបាល​បំភ្លឺ​​ជុំវិញ​ការ​ទទួល​យក​ជនភៀសខ្លួន​ពី​អូស្ត្រាលី

0:00 / 0:00

រាជរដ្ឋាភិបាល​កម្ពុជា បំភ្លឺ​ជា​សាធារណៈ​នូវ​ប្រយោជន៍​នៃ​ការ​ទទួល​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី។ មន្ត្រី​ជាន់​ខ្ពស់​មក​ពី​ក្រសួង​ការបរទេស ក្រសួង​យុត្តិធម៌ ក្រសួង​មហាផ្ទៃ បាន​ចេញ​មុខ​បកស្រាយ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​មហាផ្ទៃ នៅ​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដើម្បី​បញ្ជាក់​ឲ្យ​សាធារណជន​ដឹង​អំពី​យន្តការ​នានា​ជុំវិញ​ការ​ទទួល​ជនភៀសខ្លួន​ឲ្យ​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

​មន្ត្រី​ជាន់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ចាត់​ទុក​ថា សន្និសីទកាសែត​នៅ​ពេល​នេះ​ជា​ការ​ប៉ះប៉ូវ​លើ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ដែល​មិនបាន​បំភ្លឺ​ជូន​សាធារណៈ​ឲ្យ​ជ្រាប​ច្បាស់​ពី​ខ្លឹមសារ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​កម្ពុជា​និង​អូស្ត្រាលី។

រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​កម្ពុជា លោក ឡុង វិសាលោ ដែល​ទទួល​បន្ទុក​ដឹកនាំ​សន្និសីទ​កាសែត​នេះ បញ្ជាក់​ថា រាជរដ្ឋាភិបាល​មិន​បាន​បំភ្លឺ​បញ្ហា​នេះ​តាំង​ពី​ដំបូង មក​ពី​មន្ត្រី​ទាំង​នោះ​មិន​មាន​ពេល​វេលា​គ្រប់គ្រាន់។ លោក​បន្ត​ថា កម្ពុជា​បាន​ទទួល​ផលប្រយោជន៍​សំខាន់ៗ​ចំនួន​ពីរ​គឺ កិត្តិយស​ជា​អន្តរជាតិ និង​ជំនួយ​ជា​ហិរញ្ញវត្ថុ​ពី​ប្រទេស​អូស្ត្រាលី។ លោក​បន្ត​ថា រដ្ឋាភិបាល​កម្ពុជា ជា​អ្នក​ទទួល​ខុស​ត្រូវ​មើល​ថែ​ជនភៀសខ្លួន​ទាំង​នេះ​ឲ្យ​ស្រប​តាម​ច្បាប់​កម្ពុជា ហើយ​គ្រប់ការ​ចំណាយ​របស់​ជនភៀសខ្លួន​រយៈពេល ១​ឆ្នាំ​ពេញ​ជា​បន្ទុក​របស់​រដ្ឋាភិបាល​អូស្ត្រាលី។

លោក​បញ្ជាក់​ថា ជនភៀសខ្លួន​ទាំងនោះ​នឹង​ត្រូវ​តាំង​ទី​លំនៅ​បណ្ដោះអាសន្ន​ក្នុង​រាជធានី​ភ្នំពេញ និង​ដាក់​ឲ្យ​រស់​នៅ​ជា​អចិន្ត្រយ៍​តាម​ខេត្ត​នានា៖ «សំឡេង»។

​ទាក់ទង​បញ្ហា​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​ថ្លែង​ក្នុង​សន្ទរកថា​របស់​ខ្លួន​ទៅ​កាន់​និស្សិត​ក្នុង​ពេល​ចែក​សញ្ញាបត្រ​ថា កម្ពុជា​បាន​គិត​ច្បាស់​ពី​រឿង​នេះ​ដែរ។ លោក​បន្ថែម​ថា កម្ពុជា​ទទួល​តែ​ជន​ភៀសខ្លួន​ណា​ដែល​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ៖ «សំឡេង»។

បើ​ទោះ​ជា​មន្ត្រី​ធំៗ​ក្នុង​ជួរ​រដ្ឋាភិបាល​ចេញ​មុខ​បកស្រាយ​ពី​យន្តការ​នៃ​ការ​ទទួល​ជនភៀសខ្លួន​ពី​អូស្ត្រាលី​ក្តី ប៉ុន្តែ​ខ្លឹមសារ​លំអិត​នៃ​អនុស្សរណៈ​ស្ដីពី​ការ​យោគយល់​គ្នា​នេះ​មិន​ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ​ទេ។ កម្ពុជា​នឹង​ទទួល​ជនភៀសខ្លួន​ប៉ុន្មាន​នាក់? នៅ​ពេល​ណា? ដាក់​ឲ្យ​ស្នាក់នៅ​បណ្ដោះអាសន្ន​នៅ​កន្លែង​ណា​ពិត​ប្រាកដ? ហើយ​មន្ត្រី​កម្ពុជា ឡើង​ទៅ​សម្ភាសន៍​ជនភៀសខ្លួន​ទាំង​នោះ​នៅ​ពេល​ណា? សុទ្ធ​តែ​ជា​ព័ត៌មាន​អាថ៌កំបាំង​មិន​អាច​ប្រាប់​បាន​ទាំង​អស់។

អ្នកដឹកនាំ​សន្និសីទកាសែត​លោក ឡុង វិសាលោ ប្រាប់​ថា រដ្ឋាភិបាល​កម្ពុជា កំពុង​សិក្សា​រឿង​នេះ​នៅ​ឡើយ។

ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​ដែល​សួរ​ថា ហេតុ​អ្វី​បាន​ជា​អូស្ត្រាលី ជ្រើស​រើស​យក​កម្ពុជា ជា​ទី​តាំង​ចិញ្ចឹម​បីបាច់​ជនភៀសខ្លួន បើ​ស្ថានភាព​នៅ​អូស្ត្រាលី ប្រសើរ​ជាង​កម្ពុជា គ្រប់​បែប​យ៉ាង​នោះ? លោក ឡុង វិសាលោ ឆ្លើយ​ថា លោក​មិន​មាន​ភារកិច្ច​ឆ្លើយ​សំណួរ​នេះ​ទេ ហើយ​លោក​បាន​ជំរុញ​អ្នក​កាសែត​ឲ្យ​ទៅ​សួរ​ភាគី​អូស្ត្រាលី ខ្លួន​ឯង។ លោក​ថែមទាំង​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា មិន​មាន​ការ​ចាំបាច់​ណា​មួយ​ដើម្បី​ស្ទង់​មតិ​ស្វែង​យល់​ពី​ទស្សនៈ​របស់​ពលរដ្ឋ​របស់​ខ្លួន​ជុំវិញ​បញ្ហា​នេះ​ដែរ ព្រោះ​រដ្ឋាភិបាល​ធ្វើ​អ្វីៗ​ទាំង​អស់​សុទ្ធតែ​ដើម្បី​ប្រយោជន៍​ជាតិ។

​រដ្ឋាភិបាល​កម្ពុជា បាន​ព្យាយាម​លាក់បាំង​ព័ត៌មាន​ស្ដីពី​ការ​ទទួល​ជនភៀសខ្លួន​នេះ​តាំង​ពី​ខែ​កុម្ភៈ មក​ម្ល៉េះ។ ទាំង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ទាំង​រដ្ឋលេខាធិការ​ស្ទើរ​គ្រប់គ្នា​សុទ្ធតែ​ប្រាប់​អ្នក​កាសែត​ថា កម្ពុជា​និង​អូស្ត្រាលី​កំពុង​សិក្សា ហើយ​អ្វីៗ​ទាំង​អស់​សុទ្ធ​មិន​ទាន់​សម្រេច​នោះ​ទេ។ ទើប​តែ​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ក្រសួង​ការបរទេស​កម្ពុជា បាន​ប្រកាស​ព័ត៌មាន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មក​ថា កម្ពុជា​និង​អូស្ត្រាលី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ជនភៀសខ្លួន​នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា។ ក្រោយ​ពេល​ចុះ​ហត្ថលេខា​ហើយ ភាគី​កម្ពុជា និង​អូស្ត្រាលី មិន​បាន​ធ្វើ​សន្និសីទ​កាសែត​ពន្យល់​ឲ្យ​ដឹង​អំពី​កិច្ច​ព្រមព្រៀង​នោះ​ទេ។

ទាក់ទង​នឹង​បញ្ហា​នេះ អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា កម្ពុជា​ជា​ប្រទេស​កាន់​លទ្ធិប្រជាធិបតេយ្យ ហេតុ​នេះ​ពលរដ្ឋ​ត្រូវ​តែ​មាន​សិទ្ធិ​ចូលរួម​សម្រេច​បញ្ហា​ធំៗ​ទាំង​អស់​នេះ។ លោក​យល់​ថា ការ​ព្រម​ទទួល​ជនភៀសខ្លួន​នេះ អាច​មាន​រឿងរ៉ាវ​សម្ងាត់​នៅ​ខាង​ក្រោយ​ខ្នង៖ «សំឡេង»។

​ទោះ​ជា​បែប​ណា​ក្តី ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍​នាយ​ឧត្ដមសេនីយ៍ សុខ ផល មាន​ប្រសាសន៍​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ទាំង​នេះ​ឲ្យ​ស្របតាម​ច្បាប់​កម្ពុជា និង​ច្បាប់​អន្តរជាតិ។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ស្ងប់ស្ងាត់​និង​ទុក​ចិត្ត​លើ​អាជ្ញាធរ​រដ្ឋាភិបាល៖ «សំឡេង»។

បើ​តាម​មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍ សព្វថ្ងៃ​កម្ពុជា​មាន​ជនភៀសខ្លួន ៨​ជនជាតិ សរុប ៩១​នាក់។អ្នក​ទាំង​នោះ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា ឬ​ភូមា វៀតណាម ប៉ាគីស្ថាន សិរីលង្កា ប៉ាឡេស្ទីន ថៃ អ៊ីរ៉ាក់ និង​ឥណ្ឌា។ អ្នក​ទាំង​នោះ កំពុង​ត្រូវ​បាន​ទទួល​ការ​ថែទាំ​ពី​សំណាក់​ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន។ កម្ពុជា​ក៏​មាន​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​រាប់​ម៉ឺន​នាក់​កំពុង​រស់​នៅ​ដែរ ភាគ​ច្រើន​ជា​ជនជាតិ​វៀតណាម។

ប្រជាពលរដ្ឋ​មួយ​ចំនួន​សម្ដែង​មតិ​តាម​ប្រព័ន្ធ​បណ្ដាញ​សង្គម​ដូចជា ហ្វេសប៊ុក (Facebook) ថា ប្រជាពលរដ្ឋ​កម្ពុជា កំពុង​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​ជួយ​ខ្លួន​ឯង​មិន​ចង់​រួច​ផង បែរ​ជា​រដ្ឋាភិបាល​ទទួល​ជនបរទេស​ឲ្យ​មក​រស់​នៅ​បន្ថែម​ទៀត។ សព្វថ្ងៃ​ប្រទេស​កម្ពុជា មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជិត ២០​ភាគរយ​ដែល​កំពុង​រស់​នៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ។ ពលរដ្ឋ​ខ្មែរ​រាប់​សិប​ម៉ឺន​នាក់​កំពុង​ចាក​ចោល​ផ្ទះសំបែង ទៅ​រក​ស៊ី​នៅ​ប្រទេស​ថៃ។ នៅ​ខែ​កញ្ញា នេះ យុវជន​ខ្មែរ​ជិត ១០​ម៉ឺន​នាក់​បាន​ទិញ​ពាក្យ​ប្រលង​តេស្ត​ភាសា​កូរ៉េ ក្នុង​បំណង​ចាកចោល​ស្រុក​ទៅ​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស។

លោក ហ៊ុន សែន៖ ​អូស្ត្រាលី​យល់​ថាកម្ពុជា​​មាន​លទ្ធភាព​​ដោះស្រាយ​បញ្ហា​ជនភៀសខ្លួន​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា ប្រការ​ដែល​រដ្ឋាភិបាល​កម្ពុជា ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​រដ្ឋាភិបាល​អូស្ត្រាលី ដើម្បី​ទទួល​យក​ជនភៀសខ្លួន​នោះ ពីព្រោះ​ប្រទេស​អូស្ត្រាលី យល់​ថាកម្ពុជា​អាច​មាន​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​ជនភៀសខ្លួន​ដែល​ស្ម័គ្រចិត្ត​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

បន្ថែម​ពី​នេះ លោក​ថា កម្ពុជា​ត្រូវ​ការ​ពង្រឹង​គុណភាព​មនុស្ស​ដើម្បី​ការវិវត្តន៍​នៃ​សង្គម​កម្ពុជា​ផង និង​នៅ​ក្នុង​ពិភពលោក​ផង៖ «សំឡេង»។

ការ​ថ្លែង​បញ្ជាក់​របស់​លោក ហ៊ុន សែន នេះ ធ្វើ​ឡើង​ក្នុង​ពិធី​ចែក​បរិញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យលាភី​នៃ​សកល​វិទ្យាល័យ បៀលប្រាយ (BBU) នៅ​មជ្ឈមណ្ឌល​កោះពេជ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា២០១៤។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៦ ខែ​កញ្ញាឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​រដ្ឋមន្ត្រី​ក្រសួង​អន្តោប្រវេសន៍ និង​កិច្ចការពារ​ព្រំដែន​អូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ក្នុង​ការ​បញ្ជូន​ជនភៀសខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅ​ប្រទេស​អូស្ត្រាលី មក​ប្រទេស​កម្ពុជា។

មន្ត្រី​សង្គម​ស៊ីវិល​ជា​ច្រើនអង្គការ​សិទ្ធិមនុស្ស​ជាតិ អន្តរជាតិ និង​ប្រជាពលរដ្ឋ​ប្រតិកម្ម​ថា កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ និង​រំលោភ​សិទ្ធិ​មនុស្សមិន​អាច​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​ក្នុង​ការ​ផ្តល់​កិច្ច​គាំពារ​ឱ្យ​សមរម្យ​សម្រាប់​ជនភៀសខ្លួន​ទាំង​នោះ​ឡើយ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។