កម្ពុជាទទូចឲ្យអាមេរិកលុបចោលទណ្ឌកម្មមិនផ្តល់ទិដ្ឋាការដល់មន្ត្រីការទូតរបស់ខ្លួន
2017.09.14
ក្នុងរយៈពេលមិនដល់ពីរថ្ងៃផង ក្រោយពេលសហរដ្ឋអាមេរិក បានប្រកាសជាផ្លូវការអំពីការដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការធ្វើដំណើរប្រភេទ B1 ឬ B2 ដល់មន្ត្រីការទូតនៃក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលបានចេញនូវសេចក្ដីថ្លែងការណ៍ផ្ទួនៗ រហូតដល់ទៅពីរលើក សម្ដែងក្ដីសោកស្ដាយរបស់ខ្លួនចំពោះចំណាត់ការដ៏ឆាប់រហ័សរបស់សហរដ្ឋអាមេរិក នៅពេលនេះ។
ក្នុងសេចក្ដីថ្លែងការណ៍ចុងក្រោយដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា នេះ រដ្ឋាភិបាលកម្ពុជា បានសម្ដែងភាពភ្ញាក់ផ្អើលរបស់ខ្លួនចំពោះការណ៍ដែលសហរដ្ឋអាមេរិក ចោទថា កម្ពុជាមិនបានផ្ដល់កិច្ចសហការមិនយល់ព្រម ឬពន្យារពេលទទួលយកការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរដែលមានពិរុទ្ធ ហើយត្រូវសហរដ្ឋអាមេរិក សម្រេចបណ្ដេញចេញពីទឹកដីរបស់ខ្លួន។
បើទោះជាលើកនេះ រដ្ឋាភិបាលថា ការដាក់កំហិតទិដ្ឋាការគឺជា «សិទ្ធិសម្រេចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក» ក៏ដោយ ហើយថា ការផ្សារភ្ជាប់បញ្ហានេះជាមួយនឹងបញ្ហាការបញ្ជូនពលរដ្ឋខ្មែរដែលមានពិរុទ្ធត្រឡប់មកកម្ពុជាវិញ ជា «ការមិនសមហេតុសមផល និងផ្ទុយពីកិច្ចសហប្រតិបត្តិការល្អប្រសើររវាងសហរដ្ឋអាមេរិក និងកម្ពុជា លើបញ្ហានេះ» លើកនេះ រដ្ឋាភិបាលកម្ពុជា ហាក់បន្ទន់ឥរិយាបថរបស់ខ្លួនដោយសម្ដែងកាយវិការចង់សម្រុះសម្រួលជាមួយរដ្ឋាភិបាលអាមេរិក លើបញ្ហានេះ។ រដ្ឋាភិបាលបញ្ជាក់ច្បាស់ៗហើយថា កម្ពុជាមិនដែលបានផ្ដាច់កិច្ចសហការ មិនបានបដិសេធ ហើយក៏មិនបានពន្យារពេលដោយមិនសមហេតុផលចំពោះការទទួលពលរដ្ឋរបស់ខ្លួនដែលសហរដ្ឋអាមេរិក បានសម្រេចបណ្ដេញចេញនោះទេ។
ជំហរច្បាស់លាស់របស់កម្ពុជា គឺនៅតែត្រៀមលក្ខណៈទទួលយកពលរដ្ឋរបស់ខ្លួនដែលអាមេរិក នឹងបញ្ជូនមក ហើយថែមទាំងអះអាងថា កម្ពុជានឹងខិតខំធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យពលរដ្ឋខ្មែរទាំងនោះធ្វើសមាហរណកម្មក្នុងសង្គមជាតិដោយជោគជ័យ និងចាប់ផ្ដើមជីវិតថ្មីរបស់ពួកគេប្រកបដោយភាពសមរម្យ និងថ្លៃថ្នូរបំផុត។ ក្រៅពីជំហរខាងលើនេះ កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក៏បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនផងដែរ ដោយលើកឡើងថា៖ «យើងជួយខ្មែរសោះ បែរជាអាមេរិកាំងដាក់ទណ្ឌកម្មយើង»។
អាស៊ីសេរី កំពុងព្យាយាមសុំប្រតិកម្មតបពីមន្ត្រីនាំពាក្យសហរដ្ឋអាមេរិក ជុំវិញការវិវត្តន៍នៃបញ្ហានេះ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយគិតមកត្រឹមម៉ោងផ្សាយនេះ។
យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិក ធ្លាប់បានបញ្ជាក់ថា ការសម្រេចដាក់ទណ្ឌកម្មមិនផ្ដល់ទិដ្ឋាការនេះ គឺដោយសារតែកម្ពុជា «រឹងទទឹង» មិនព្រមទទួលយក ឬព្យាយាមពន្យារពេលការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋរបស់ខ្លួនជាប់ពិរុទ្ធ ដែលត្រូវសហរដ្ឋអាមេរិក បណ្ដេញចេញ។ ក្រោមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងសហរដ្ឋអាមេរិក ស្ដីពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិកមកកម្ពុជាវិញ ដែលបានអនុវត្តអស់រយៈពេលជិត ១៥ឆ្នាំមកនេះ មានពលរដ្ឋដើមកំណើតខ្មែរមិនតិចជាង ៥៥០នាក់ឡើយ ដែលជាប់ពិរុទ្ធនៅសហរដ្ឋអាមេរិក ត្រូវរដ្ឋាភិបាលសហរដ្ឋអាមេរិក ចាប់បញ្ជូនមកកម្ពុជាវិញ៕