ក្រសួង​ការពារ​ជាតិ​បង្ហាញ​សៀវភៅ​ណែនាំ​ស្ដីពី​ក្បួន​យុទ្ធសាស្ត្រ​ផ្នែក​យោធា

0:00 / 0:00

ក្រសួង​ការពារ​ជាតិ​កម្ពុជា បង្ហាញ​ជា​សាធារណៈ​នូវ​សៀវភៅ​ណែនាំ​ស្តីពី​ក្បួន​យុទ្ធសាស្ត្រ​ផ្នែក​យោធា​ដើម្បី​ជួយ​ដល់​យោធា​កម្ពុជា ក្នុង​ការ​បង្កើត​ផែនការ​ឲ្យ​មាន​ស្តង់ដារ និង​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​ជាតិ ដែល​ត្រូវ​បាន​ជួយ​គាំទ្រ​ដោយ​វិទ្យាស្ថាន​កំណែទម្រង់​ផ្នែក​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក។ មន្ត្រី​សិទ្ធិមនុស្ស​សំដែង​ក្តី​បារម្ភ​ថា ជំនួយ​ផ្នែក​យោធា​របស់​អាមេរិក នឹង​អាច​ជួយ​ដល់​យោធា​កម្ពុជា បង្កើន​ការ​រំលោភ​សិទ្ធិមនុស្ស និង​ការ​បង្ក្រាប​ក្រុម​បាតុករ​គណបក្ស​ប្រឆាំង។

ប្រធាន​នាយកដ្ឋាន​នយោបាយ និង​ទំនាក់ទំនង​ការបរទេស លោក​ឧត្ដម​សេនីយ៍​ឯក នឹម សុវត្ថិ បញ្ជាក់​ថា សៀវភៅ​ណែនាំ​ដែល​មាន​កម្រាស់ ១៧​ទំព័រ ដែល​ប្រើប្រាស់​រយៈពេល ២២​ខែ ដើម្បី​កងចក្រ នឹង​ជួយ​យោធា​កម្ពុជា ឲ្យ​ចេះ​គិត​បង្កើត​ផែនការ​ជា​យុទ្ធសាស្ត្រ​ការពារ​ជាតិ៖ «ការ​គិតគូរ​និង​ការ​រៀបចំ​ផែនការ ការ​វិភាគ​ទៅ​លើ​ស្ថានការណ៍​នានា។ ការ​គិត​ពី​ការ​តាក់តែង​ផែនការ និយាយ​រួម​គឺ​ការ​គិត​ទៅ​វិញ​ទេ»

​សៀវភៅ​ណែនាំ​ត្រូវ​បាន​ចងក្រង​ឡើង​ដោយ​ក្រុម​ជំនាញ​យោធា​ខ្មែរ​មួយ​ក្រុម​សហការ​នឹង​អ្នក​ជំនាញ​ផ្នែក​យោធា​អាមេរិក នៃ​វិទ្យាស្ថាន​ផ្ដួចផ្ដើម​កំណែ​ទម្រង់​ផ្នែក​ការពារ​ជាតិ ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតុន។ សៀវភៅ​នេះ​នឹង​មាន​សារប្រយោជន៍​សម្រាប់​មេបញ្ជាការ​ផ្នែក​ជើង​គោក នាវា និង​ជើង​អាកាស ដើម្បី​បង្កើត​ជា​ស្តង់ដារ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​ឲ្យ​មាន​ប្រសិទ្ធភាព។ សៀវភៅ​ណែនាំ​នេះ រួម​បញ្ចូល​ទាំង​ផែនការ​នៃ​វិធី និង​ប្រតិបត្តិការ​ប្រយុទ្ធ ហើយ​នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ក្នុង​វិទ្យាស្ថាន​អប់រំ​នៃ​កង​យោធពល​ខេមរភូមិន្ទ។

​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ សំដែង​ក្តី​បារម្ភ​ថា ជំនួយ​ផ្នែក​យោធា​សហរដ្ឋអាមេរិក​នៅ​កម្ពុជា អាច​នឹង​ផ្តល់​សមត្ថភាព​ឲ្យ​យោធា​កម្ពុជា បន្ថែម​ទៀត ក្នុង​ការ​រំលោភ​សិទ្ធិមនុស្ស បង្ក្រាប​បាតុករ​គាំទ្រ​គណបក្ស​ប្រឆាំង និង​បាតុករ​ស្លូតត្រង់។

​នាយករង​ប្រចាំ​តំបន់​អាស៊ី នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) កាល​ពី​ថ្ងៃ​ពុធ ទី​៤ មិថុនា ស្នើ​ឲ្យ​សហរដ្ឋអាមេរិក ពិចារណា​កុំ​ផ្ដល់​វគ្គ​បណ្ដុះបណ្ដាល​ណា​មួយ​ដល់​អង្គភាព​យោធា និង​មន្ត្រី​យោធា​ទាំង​ឡាយ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស។

លោក​ក៏​ស្នើ​ឲ្យ​មាន​ការ​​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស​ដល់​មន្ត្រី​យោធា​កម្ពុជា ផង​ដែរ៖ «វា​មាន​សារសំខាន់​ណាស់ ដើម្បី​ធានា​ឲ្យ​ប្រាកដ​ថា វគ្គ​បណ្ដុះបណ្ដាល​ត្រូវ​ផ្ដោត​លើ​បញ្ហា​សិទ្ធិមនុស្ស។ ត្រូវ​ជំរុញ​ទស្សនៈ​សិទ្ធិមនុស្ស​ទៅលើ​មន្ត្រី​យោធា​កម្ពុជា ឲ្យ​ដឹង​ថា តួនាទី​របស់​ពួកគេ​ត្រូវ​មាន​ភារកិច្ច​ការពារ​សិទ្ធិ​មនុស្ស»

​លោក ហ្វីល រ៉ូប៊ើតសុន បន្ថែម​ទៀត​ថា អំពើ​និទណ្ឌភាព​បង្ក​ឡើង​ដោយ​មន្ត្រី​យោធា​នៅ​កម្ពុជា មិន​ទាន់​បាន​កាត់បន្ថយ​ឡើយ ហើយ​ក៏​មិន​បាន​ជួយ​លើក​តម្កើង​វិស័យ​សិទ្ធិ​មនុស្ស​ដែរ។

​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ ធ្លាប់​រិះគន់​ រដ្ឋាភិបាល​កម្ពុជា ពី​ការ​ដំឡើង​ឋានន្តរសក្ដិ​ដល់​យោធា និង​ប៉ូលិស​ជាន់​ខ្ពស់​ជាង ២០​នាក់ ពី​ឧត្ដម​សេនីយ៍​ឯក ទៅ​ជា​នាយ​ឧត្ដមសេនីយ៍ ក្រោយ​ពី​មាន​ព្រឹត្តិការណ៍​បង្ក្រាប​ហិង្សា​បណ្ដាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់ ៧​នាក់​ស្លាប់ និង​រង​របួស​ជិត ១០០​នាក់។ ការដំឡើង​ឋានន្តរសក្ដិ គាប់​ជួន​ពេល​ដែល​កម្ពុជា កំពុង​ជួប​ប្រទះ​វិបត្តិ​នយោបាយ​នេះ ធ្វើ​ឲ្យ​សង្គម​ស៊ីវិល​មួយ​ចំនួន​រិះគន់​ថា ជា​ទង្វើ​ដើម្បី​លើក​ទឹក​ចិត្ត​យោធា និង​ប៉ូលិស ដែល​ភាគ​ច្រើន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​មិន​ខ្វល់ខ្វាយ​ពី​ជោគវាសនា​អនាគត​របស់​ពលរដ្ឋ​ខ្មែរ។

កាល​ពី​ឆ្នាំ​២០១២ ក្រសួង​ការពារ​ជាតិ បាន​តែងតាំង​លោក ហ៊ុន មានិត កូន​ប្រុស​ទី​២ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជា​អនុ​ប្រធាន​នាយកដ្ឋាន​ចារកិច្ច​នៃ​ក្រសួង​ការពារជាតិ​កម្ពុជា និង​ដំឡើង​ឋានន្តរសក្ដិ​ពី​ស័ក្ដិ​បួន​កន្លះ ទៅ​ស័ក្ដិ​ប្រាំ។ ការ​តែងតាំង​លោក ហ៊ុន មានិត ជា​ការ​តែងតាំង​កូន​ប្រុស​លោក ហ៊ុន សែន លើក​ទី​២ ឲ្យ​មាន​តួនាទី​សំខាន់​ក្នុង​ការ​គ្រប់គ្រង​កងទ័ព។ កាល​ពី​ឆ្នាំ​២០១១ ក្រសួង​ការពារ​បាន​តែងតាំង​លោក ហ៊ុន ម៉ាណែត ជា​កូនប្រុស​ច្បង​លោក​នាយករដ្ឋមន្ត្រី ឲ្យ​ក្លាយ​ជា​មេបញ្ជាការ​រង​កងទ័ព​ជើងគោក​បន្ថែម​លើ​តួនាទី​ជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ភេរវកម្ម និង​ជា​មេបញ្ជាការ​រង​កង​អង្គរក្ស​លោក ហ៊ុន សែន។

​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​សិទ្ធិ​មនុស្ស លោក​ឧត្ដមសេនីយ៍​ឯក នឹម សុវត្ថិ បដិសេធ​ថា មន្ត្រី​យោធា​កម្ពុជា មិន​បាន​ចូលរួម​ក្នុង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ឡើយ។ ទោះ​បី​ជា​យ៉ាង​ក៏ដោយ លោក​សារភាព​ថា យោធា​បាន​ប្រើប្រាស់​កងកម្លាំង​បង្ក្រាប​បាតុករ កាល​ពី​ពេល​កន្លង​ទៅ​ ដើម្បី​ស្តារ​ស្ថានភាព​សង្គម៖ «ទេ​អា​ហ្នឹង​មាន​បញ្ហា​អ្វី ធ្វើ​ខុស​ច្បាប់​គេ​ដាក់​ហើយ។ ប្រជាធិបតេយ្យ និង​សណ្ដាប់ធ្នាប់​សង្គម​ត្រូវ​ជជែក​គ្នា​ឲ្យ​ច្បាស់ រវាង​អ្វី​ការ​ធ្វើ​បាតុកម្ម​មិន​ត្រឹមត្រូវ​តាម​ច្បាប់ និង​ការ​គោរព​ច្បាប់»

​កាល​ពី​ខែ​មេសា ឆ្នាំ​២០១៤ ក្រសួង​ការពារ​ជាតិ សហរដ្ឋអាមេរិក ក៏​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​យោធា​ដល់​ទាហាន​កម្ពុជា ក្នុង​លំ​ហាត់​សមយុទ្ធ​យោធា​មួយ​ឈ្មោះ​ថា "ឆ្មាំ​អង្គរ​ឆ្នាំ​២០១៤" (Angkor Sentinel)។ សេចក្ដី​ថ្លែងការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា សរសេរ​ថា ទាហាន​​អាមេរិក បាន​បង្រៀន​យោធា​កម្ពុជា ពី​វិធីសាស្ត្រ​ប្រយុទ្ធ ដែល​អាច​ឲ្យ​ទាហាន​កម្ពុជា ប្រើប្រាស់​ក្នុង​ការ​បង្ក្រាប​អ្នក​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស។ មិន​មាន​ការ​បក​ស្រាយ​ឆ្លើយ​តប​ណា​មួយ​ពី​មន្ត្រី​ក្រសួង​ការពារ​ជាតិ​របស់​សហរដ្ឋអាមេរិក ចំពោះ​សេចក្ដី​ថ្លែង​នេះ​ទេ។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ បន្ត​ទៀត​ថា សមយុទ្ធ​យោធា​កម្ពុជា និង​អាមេរិក អាច​រំលោភ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​រដ្ឋសភា​សហរដ្ឋ​អាមេរិក ដែល​កំណត់​ថា ជំនួយ​យោធា​សហរដ្ឋអាមេរិក ត្រូវ​បាន​ហាម​ឃាត់​លើកលែងតែ​ជំនួយ​មនុស្សធម៌ និង​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស​ឲ្យ​មន្ត្រី​យោធា​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។