កម្ពុជា និង​ចិន​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា ខណៈ​គម្រោង​ព្រែកជីកហ្វូណន​កាន់​តែ​តាន​តឹង

0:00 / 0:00

កង​ទ័ព​កម្ពុជា និង​ចិន គ្រោង​ធ្វើ​សមយុទ្ធ​យោធា «នាគមាស» ចាប់​ពី​ពាក់​កណ្ដាល​ខែ​ឧសភា ស្រប​ពេល​ដែល​គម្រោង​ព្រែកជីកហ្វូណន និង​គម្រោង​មូលដ្ឋាន​កងទ័ព​ជើង​ទឹក​រាម កាន់​តែ​មាន​ភាព​តាន​តឹង និង​នៅ​តែ​រង​ការ​ចោទ​ប្រកាន់​អំពី​លទ្ធភាព​បម្រើ​យោធា​ចិន។

គម្រោង​ការ​ធ្វើ​សមយុទ្ធ​យោធា «នាគមាស» ប្រចាំ​ឆ្នាំ២០២៤ រវាង​កងទ័ព​កម្ពុជា និង​ចិន នឹង​កាន់​តែ​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​ព្រួយបារម្ភ​ពី​ពង្រីក​ឥទ្ធិពល​នៃ​វត្តមាន​យោធា​ចិន​ក្នុង​តំបន់ ខណៈ​គម្រោង​មួយ​ចំនួន​ដូចជា ការ​សាងសង់​មូលដ្ឋាន​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម និង​គម្រោង​ព្រែកជីកហ្វូណន កាន់តែ​ឡើង​កម្ដៅ​ និង​រង​ចោទ​ប្រកាន់​ថា ចិន​ប្រើប្រាស់​កម្ពុជា​ធ្វើ​ជា​ឈ្នាន់​ក្នុង​ការ​សម្រេច​មហិច្ឆតា​របស់​ខ្លួន។

ម្យ៉ាងទៀត គម្រោង​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា ដែល​រៀបចំ​ជាមួយ​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ជា​បន្តបន្ទាប់​មក​នេះ ក៏​កាន់​តែ​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ថា កម្ពុជា​លម្អៀង​ផ្នែក​នយោបាយ​ទៅ​ប្រទេស​ចិន​កុម្មុយនិស្ត ខណៈ​កម្ពុជា​នៅ​តែ​គ្មាន​ចេតនា ក្នុង​ការ​ស្ដារ​ស្ថានភាព​នយោបាយ និង​ចរចា​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​ជាមួយ​អាមេរិក និង​សម្ពន្ធមិត្ត​ប្រទេស​លោកសេរី​នៅ​ឡើយ។

អ្នក​សិក្សា​ផ្នែក​សិក្សា និង​នយោបាយ លោក ប៉ោ មករា ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃទី០៤ ខែ​ឧសភា ថា វិស័យ​យោធា គឺជា​ផ្នែក​មួយ​របស់​ចិន​ដែល​ព្យាយាម​ពង្រីក​ឥទ្ធិពល​កងទ័ព​ខ្លួន​តាមរយៈ​សម្ព័ន្ធមិត្ត​របស់​ខ្លួន ឬ​ប្រទេស​ដែល​ពឹង​ផ្អែក​លើ​ចិន​ខ្លាំង។ លោក​មើលឃើញ​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​រវាង​កងទ័ព​កម្ពុជា និង​ចិន​នេះ ក៏​ជា​របៀប​របប ឬ​យុទ្ធសាស្ត្រ​របស់​ចិន ដែល​ព្យាយាម​បញ្ជ្រាប​ឥទ្ធិពល​លើ​កម្ពុជា និង​នៅ​ក្នុង​តំបន់។

លោក ប៉ោ មករា៖«កម្ពុជា​គួរ​តែ​ទាញ​ច្បាប់ ឬ​គោរព​នីតិរដ្ឋ​ច្បាប់​ដែល​មាន​ជា​ធរមាន​ជាពិសេស​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ ដែល​ក្នុង​ជំពូក ៤ មាត្រា៥៣ ដែល​និយាយ​អព្យាក្រឹត្យ​ភាព​កម្ពុជា ដែល​មិន​ចូល​បក្សសម្ព័ន្ធ ហើយ​វគ្គ​កថាខណ្ឌ៥មាន​ន័យ​ថា មិន​អនុញ្ញាត​ឱ្យ​កងទ័ព​បរទេស​ណា​មួយ​មក​ឈរ​ជើង ឬ​មាន​វត្តមាន​នៅ​កម្ពុជា​ឡើយ»។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ លោក ឈុំ សុជាត ប្រាប់​កាសែត​ក្នុង​ស្រុក​កាល​ពី​ថ្ងៃទី២ ខែឧសភា​ថា កងទ័ព​កម្ពុជា និង​ចិន កំពុង​រៀប​ចំ​ត្រៀម​ធ្វើ​សមយុទ្ធ​យោធា «នាគ​មាស» រួមគ្នា ប្រចាំ​ឆ្នាំ តែ​លោក​មិន​ទាន់​អាច​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់លាក់ និង​ខ្លឹម​សារ​នៃ​គម្រោង​សមយុទ្ធ​នោះ​នៅ​ឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង លោក ឈុំ សុជាត ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បន្ថែម​បាន​ទេ​នៅ​ថ្ងៃ​ទី៤ ខែ​ឧសភា។

សមយុទ្ធ​យោធា «នាគមាស» រួមគ្នា​រវាង​កងទ័ព​កម្ពុជា និង​ចិន​កាល​ពី​ឆ្នាំ២០២៣ ធ្វើ​ឡើង​ស្ថិត​នៅ​បរិវេណ​ភ្នំ​ជុំ​រីករាយ ខេត្ត​កំពង់ឆ្នាំង ចិន​បាន​បញ្ជូន​អាវុធ​យុទ្ធភណ្ឌ​ធុន​ធ្ងន់ និង​កងទ័ព​ជាង ២០០នាក់​មក​កម្ពុជា ដោយ​ផ្ដោត​សំខាន់ ពង្រឹង​សមត្ថភាព​កងទ័ព​កម្ពុជា រក្សា​សន្តិសុខ និង​ជួយ​សង្គ្រោះ​ពលរដ្ឋ​ពី​គ្រោះ​ធម្មជាតិ​ផ្សេងៗ។

កម្ពុជា​បាន​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​កងទ័ព​ចិន​ចំនួន ៦ដង​រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ២០១៦ ប៉ុន្តែ​កម្ពុជា​បាន​លុប​ចោល​ដោយ​ខ្លួន​ឯង​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក និង​សម្ពន្ធមិត្ត​អាមេរិក គឺ​អូស្ត្រាលី​កាល​ពី​ឆ្នាំ២០១៧។

អ្នក​តាមដាន​ភូមិសាស្ត្រ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ថា គម្រោង​សមយុទ្ធ​យោធា​រវាង​កម្ពុជា និង​ចិន​កាន់​តែ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហប្រតិបត្តិការ​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ជិត​ដិត​បន្ថែម​ទៀត។ ទោះ​ជា​យ៉ាងណា លោក​មើល​ឃើញ​ថា ក្នុង​បរិបថ​ដែល​កម្ពុជា​រង​ការ​ចោទ​ប្រកាន់​លើ​គម្រោង​មួយ​ចំនួន​ដែល​គាំទ្រ​ដោយ​ប្រទេស​ចិន ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ភាព​តាន​តឹង​ក្នុង​តំបន់។

លោក សេង វណ្ណលី៖«កិច្ច​សហប្រតិបត្តិការ​យោធា​របស់​ចិន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាន់​តែ​បង្កើន​វា​នឹង​ឱ្យ​ការ​បំភ្លឺ ឬ​ការ​បកស្រាយ​របស់​រដ្ឋាភិបាល​កម្ពុជា​ជា​ញឹកញាប់​បាត់​ខ្លឹមសារ ឬ​គ្មាន​ខ្លឹមសារ​ទល់​តែ​សោះ ដោយសារ​តែ​ការ​បំភ្លឺ និង​ការ​បកស្រាយ​វា​អត់​ឆ្លើយ​តប​នឹង​សកម្មភាព​ជាក់ស្ដែង ជាពិសេស​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​រវាង​ប្រទេស​ទាំង​ពីរ ហើយ​វត្តមាន​នាវា​ចម្បាំង​របស់​ចិន​នៅ​កំពង់ផែ​ជើង​ទឹក​រាម ក៏​ដូចជា​សកម្មភាព​នានា រវាង​រដ្ឋាភិបាល​ចិន និង​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​លើ​វិស័យ​ផ្នែក​យោធា»។

ភាគី​កម្ពុជា និង​ចិន តែង​លើក​កម្ពស់ និង​ពង្រឹង​វិស័យ​យោធា​ជា​បន្តបន្ទាប់​នៅ​ពេល​មាន​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ពីរ។ ប៉ុន្តែ អ្នកវិភាគ និង​អ្នក​ឃ្លាំមើល​ព្រួយបារម្ភ​ថា ការ​ពឹង​ផ្អែក​លើ​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ និង​ការ​ចាប់​យក​ចិន​តែ​ម្ខាង​ក្នុង​ការ​ធ្វើ​សមយុទ្ធ​យោធា កម្ពុជា​អាច​នឹង​បាត់បង់​អព្យាក្រឹត្យ​របស់​ខ្លួន ហើយ​ប្រទេស​ចិន​អាច​មាន​ឱកាស​ពង្រីក​ឥទ្ធិពល​យោធា​របស់​ខ្លួន​នៅ​កម្ពុជា​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប្រទេស​កំពុង​បញ្ហា​ក្នុង​តំបន់​កាន់​តែ​ឡើង​កម្ដៅ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕