ក្រុមពលរដ្ឋដើមកំណើតខ្មែរ និងភូមា-អាមេរិកាំងគ្រោងប្រមូលផ្តុំគ្នាធ្វើបាតុកម្មថ្កោលទោសក្រុមមេដឹកនាំផ្ដាច់ការអាស៊ាន នៅឯកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក។ បាតុកម្មរបស់ប្រជាពលរដ្ឋអាស៊ាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែឧសភា ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ២រសៀល នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។
ការគ្រោងប្រមូលផ្តុំគ្នាធ្វើបាតុកម្មដែលពួកគេដាក់ឈ្មោះថា «ដើម្បីលទ្ធិប្រជាធិបតេយ្យ មិនមែនរបបផ្ដាច់ការក្នុងតំបន់អាស៊ាន» នេះ គឺជាការបន្តតាមដានបន្ទាប់ពីពួកគេបានផ្ញើលិខិតចំហជូនប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) កាលពីខែមករា និងដើមខែឧសភា។ ពួកគេអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិក និងក្រុមមេដឹកនាំពិភពលោកចាត់វិធានការជាក់លាក់ និងប្រកបដោយអត្ថន័យដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សពិតប្រាកដក្នុងតំបន់អាស៊ាន។
អនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មួរ សុខហួរ ថ្លែងក្នុងសេចក្ដីប្រកាសព័ត៌មានផ្សាយកាលពីថ្ងៃទី៩ ខែឧសភាថា យើងអំពាវនាវដល់រដ្ឋាភិបាលអាមេរិក និងក្រុមមេដឹកនាំពិភពលោក កុំឱ្យទទួលស្គាល់ភាពស្របច្បាប់នៃរបបផ្ដាច់ការ ជាពិសេសរបបលោក ហ៊ុន សែន នៅកម្ពុជា។ អ្នកស្រីចង់ឃើញក្រុមមេដឹកនាំទាំងនោះ ព្រមានលោក ហ៊ុន សែន ថាការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣នៅកម្ពុជា នឹងមិនត្រូវបានទទួលស្គាល់ឡើយ ដរាបណាពុំមានវត្តមានគណបក្សសង្គ្រោះជាតិ និងពុំមានការកែប្រែជាប្រព័ន្ធប្រកបដោយអត្ថន័យនោះ។
ទន្ទឹមនឹងនេះ ក្រុមពលរដ្ឋដើមកំណើតខ្មែរ និងភូមា-អាមេរិកាំងទាំងនោះក៏ស្នើដល់រដ្ឋាភិបាលអាមេរិក ឱ្យដាក់ចេញនូវបម្រាមផ្តល់សព្វាវុធដល់របបសឹកភូមា និងរបបលោក ហ៊ុន សែន ព្រមទាំងទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងនឹងក្រុមហ៊ុន និងស្ថាប័នហិរញ្ញវត្ថុ ឬប្រទេសទាំងឡាយណា ដែលជួយទ្រទ្រង់ដល់របបទាំងពីរនេះ។ ពួកគេក៏អំពាវនាវដល់ប្រទេសចិនឱ្យបញ្ឈប់ជាបន្ទាន់នូវការទទួលស្គាល់ផ្នែកនយោបាយចំពោះរបបសឹកភូមាខុសច្បាប់ ដោយងាកមកគាំទ្ររដ្ឋាភិបាលរួបរួមជាតិ (NUG) នៃប្រទេសភូមា ដែលជារដ្ឋាភិបាលស្របច្បាប់វិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។