អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង អះអាងថា កម្ពុជា និងរបបសឹកមីយ៉ាន់ម៉ា (Myanmar) សហការបណ្ដុះបណ្ដាលកងកម្លាំងពិសេសទៅវិញទៅមក គឺដើម្បីពង្រឹងអំណាចផ្ដាច់ការនៅក្នុងតំបន់។
ការលើកឡើងនេះធ្វើឡើង នៅក្រោយពីមេដឹកនាំជាន់ខ្ពស់យោធាមីយ៉ាន់ម៉ា បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដោយស្នើឲ្យកម្ពុជាបញ្ជូនកងកម្លាំងយោធាទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា ថែមទៀតនៅពេលខាងមុខ។
អ្នកវិភាគ និងមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំង អះអាងថា កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ានផង បានបង្ហាញជំហរកាន់តែច្បាស់ ក្នុងការគំាទ្ររបបយោធាមីយ៉ាន់ម៉ាខុសច្បាប់ ដើម្បីពង្រឹងអំណាចផ្ដាច់ការនៅអាស៊ាន។
អតីតតំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បានហៅការព្រមព្រៀង រវាង មន្ត្រីជាន់ខ្ពស់យោធាភូមា និងកម្ពុជានេះថា ជាការពង្រឹងអំណាចផ្ដាច់ការ និងការពារគ្នា រវាងប្រទេសទាំងពីរ។ លោក អ៊ុំ សំអាន អះអាងថា ការព្រមព្រៀងគ្នានេះ គឺបង្ហាញថា របបផ្ដាច់ការកំពុងតែជួយគ្នាទៅវិញទៅមក៖ «
ការលើកឡើងនេះ ធ្វើឡើងស្របពេលមន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ា បានមកធ្វើទស្សនកិច្ចនៅកម្ពុជា តាមការអញ្ជើញរបស់មន្ត្រីជាន់ខ្ពស់យោធាកម្ពុជាកាលពីថ្ងៃទី១៥មីនា។ ក្នុងដំណើរទស្សនកិច្ចនេះ លោកឧត្ដមសេនីយ៍ទោ មួន សាម៉េត និងជាអគ្គមេបញ្ជាការរងនៃកងកម្លាំងពិសេសកម្ពុជា បានព្រមព្រៀងសហការជាមួយអគ្គសេនាធិការកងទ័ពមីយ៉ាន់ម៉ាលោក មោង អេ (Maung Aye) ក្នុងការបណ្ដុះបណ្ដាលកងកម្លាំងពិសេសទៅវិញទៅមក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកងកម្លាំងរវាងប្រទេសទាំងពីរ។
ក្រៅពីកម្ពុជា និងភូមា ព្រមព្រៀងសហការបណ្ដុះបណ្ដាលកងកម្លាំងយោធាពិសេសនេះ កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំចារកម្មយោធាអាស៊ាន (AMIM-19) លើកទី១៩ ដែរ កាលពីថ្ងៃទី១៥ មីនា។ កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើបញ្ហាសន្តិសុខក្នុងតំបន់ ការវិវត្តនៃសភាពការណ៍ថ្មី បញ្ហាប្រកួតប្រជែងផ្នែកសន្តិសុខបែបប្រពៃណី និងមិនមែនប្រពៃ ជាពិសេស បញ្ហាភេរវកម្ម និងបញ្ហាជំងឺវីដ១៩ ជាដើម។
ប្រទេសលោកសេរី និងប្រទេសនៅក្នុងតំបន់អាស៊ានផង មិនទទួលស្គាល់របបសឹកមីយ៉ាន់ម៉ា ឬភូមា ដែលដឹកនាំដោយលោក ម៉ីន អ៊ុងលំាង នោះឡើយ។ មកទល់ពេលនេះ របបសឹកបានសម្លាប់ពលរដ្ឋរបស់ខ្លួនជិត ២ពាន់នាក់ និងចាប់អ្នកប្រឆាំងខ្លួនជាង ១ម៉ឺននាក់ផ្សេងទៀត ដាក់ពន្ធនាគារ។
សមាជិកសភាអាស៊ាន លោក ឆាល សានទីយ៉ាហ្គោ ( Charles Santiago) និងជាសមាជិកសភាម៉ាឡេស៊ី កាលពីថ្ងៃទី១៦ មីនា បានរិះគន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានប្ដូរវេនអាស៊ាននោះថា បានព្យាយាមចូលរួមជាមួយមេដឹកនាំឧក្រិដ្ឋ លោក ម៊ីន អ៊ុងលំាង (Min Aung Hlaing) ជាឯកតោភាគី ។ លោកបញ្ជាក់ថា សកម្មភាពរបស់លោក ហ៊ុន សែន នេះ ធ្វើឲ្យរាំងស្ទះ និងពន្យារពេលជំហានដ៏មានអត្ថន័យរបស់សហគមន៍អាស៊ាន ក្នុងការងារសង្រ្គោះជីវិតពលរដ្ឋភូមា។ លោកអះអាងថា អាស៊ានមានការទទួលខុសត្រូវផ្នែកនយោបាយ សីលធម៌ក្នុងការដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា ដែលបង្កឡើងដោយផ្ទាល់ពីក្រុមមេដឹកនាំរបបសឹកខុសច្បាប់។
លោកបន្ថែមថា របបសឹកនៅតែបន្តប្រើអំពើហិង្សា ជាទ្រង់ទ្រាយធំ រួមទាំងការឃុំខ្លួនដោយបំពាន មិនចាំបាច់ និងការប្រើប្រាស់កងកម្លាំងមិនសមហេតុផលប្រឆាំងក្រុមបាតុករដោយសន្តិវិធី ការសម្លាប់មនុស្សក្រៅប្រព័ន្ធតុលាការ និងការធ្វើទារុណកម្មមនុស្សនៅក្នុងមន្ទីរឃុំឃាំងជាដើម។
អ្នកវិភាគនយោបាយ លោក បណ្ឌិត សូ ណារ៉ូ មានប្រសាសន៍ថា ស្របពេលអន្តរជាតិកំពុងថ្កោលទោស និងមិនទទួលស្គាល់របបសឹកនេះ កម្ពុជាមិនត្រូវសហការណាមួយជាមួយរបបខុសច្បាប់នេះទេ។ លោកបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានអាស៊ានផង កំពុងតែធ្វើឲ្យអាស៊ានអាប់ឱនមុខមាត់នៅលើឆាកអន្តរជាតិ៖ «
រីឯអ្នកវិភាគនយោបាយនិរទេសខ្លួន នៅក្រៅប្រទេសវិញ លោក គឹម សុខ បញ្ជាក់ថា កម្ពុជា បានសហការយោធា ជាមួយរបបសឹកខុសច្បាប់នេះ តាំងពីលោកទៅជួបមេដឹកនាំយោធា មីន អ៊ុងលំាំង តាំងពីដើមខែមករា ឆ្នាំ២០២២ មកម៉្លេះ។ លោកបញ្ជាក់ថា ការសហការគ្នាផ្នែកយោធារវាងប្រទេសទាំងពីរនេះ គឺជាការពង្រឹងអំណាចរបបខុសច្បាប់ភូមា និងពង្រឹងអំណាចផ្ដាច់ការត្រកូលហ៊ុន៖ «
មេដឹកនាំយោធាកម្ពុជា សហការបណ្ដុះបណ្ដាលកងកម្លាំងពិសេសជាមួយភូមានេះ នៅស្របពេលការិយាល័យឧត្ដមស្នងការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស (OHCHR) បានដាក់របាយការណ៍ជូនក្រុមប្រឹក្សាសន្តិសុខសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី១៥ មីនា បានរកឃើញថា ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា បានសម្លាប់ និងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធ ហើយកំពុងតែរីករាលដាលឥតឈប់ឈរ។ សកម្មភាពទាំងនោះមួយចំនួន ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
ក្រុមអ្នកវិភាគលើកឡើងថា រដ្ឋាភិបាលលោក ហ៊ុន សែន នឹងធ្វើឲ្យសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានបែកបាក់គ្នាកាន់តែខ្លាំង ដោយសារតែការសហការយោធាជាមួយមីយ៉ាន់ម៉ានេះ។ ពួកគេលើកឡើងថា រដ្ឋាភិបាលកម្ពុជាធ្វើដូច្នេះ ដើម្បីបំពេញបំណងចិន ពីព្រោះថា ចិនកំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។