កម្ពុជា និង​​រុស្ស៊ី ប្តេជ្ញា​​ពង្រឹង​​កិច្ចសហប្រតិបត្តិការ​​វិស័យ​ព័ត៌មាន ស្របពេល​​រុស្ស៊ី​បន្ត​​សង្គ្រាម​ឈ្លានពាន​​នៅ​​អ៊ុយក្រែន

0:00 / 0:00

កម្ពុជា និង​​រុស្ស៊ី (Russia) ប្តេជ្ញាពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងវិស័យ​ព័ត៌មាន​បន្ថែមទៀត ស្របពេល​រុស្ស៊ី​កំពុងបន្ត​សង្គ្រាម​ឈ្លានពាន​នៅក្នុង​ប្រទេសអ៊ុយក្រែន​ (Ukraine)។ ការប្តេជ្ញា​​នេះ ធ្វើឡើង​ក្នុងជំនួប​មួយ​រវាង​រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​កម្ពុជាលោក អាណាតូលី បូរូវីក​ (Anatoly Borovik)។ អ្នកជំនាញ​ខាងវិស័យ​ព័ត៌មាន​យល់ថា ការប្តេជ្ញា​ពង្រឹងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​រុស្ស៊ីយ៉ាងដូច្នេះ នឹង​ធ្វើឱ្យ​កម្ពុជា​រងនូវការ​រិះគន់​បន្ថែមទៀត ស្របពេលដែល​ពិភពលោក​ទាំងមូល​កំពុង​ថ្កោលទោស​ទង្វើឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ការបង្ហាញ​ជំហរ​ឃ្លីងឃ្លោង​របស់​កម្ពុជា​ងាកទៅ​គាំទ្រ​អតីត​ចៅហ្វាយនាយគឺរុស្ស៊ី ក្នុង​បញ្ហា​សង្គ្រាមឈ្លានពាន​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ចាប់ផ្តើម​លេចចេញ​ជារូប​រាង​​បណ្ដើរៗ​ហើយ​នារយៈពេល​ចុងក្រោយ​នេះ។ ជាក់ស្តែង កម្ពុជា​បាន​សម្រេច​បោះឆ្នោត​អនុប្បវាទ​នៅអង្គការសហប្រជាជាតិ មិនគាំទ្រ ហើយក៏​មិនបដិសេធ​ ចំពោះ​​ការព្យួរ​រុស្ស៊ី​ពី​សមាជិក​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ដែល​ទង្វើ​នេះ​ខុសពី​ក្រុមប្រទេស​និយម​ប្រជាធិបតេយ្យ​ដែលបាន​បោះឆ្នោត​គាំទ្រ។ ចុងក្រោយនេះ កម្ពុជា​និង​រុស្ស៊ី​បានប្តេជ្ញាចិត្ត​ឈានទៅ​ពង្រឹង​បន្ថែម​កិច្ចសហប្រតិបត្តិការ​លើ​វិស័យព័ត៌មាន​ទៀតផង។

ប្រទេសរុស្ស៊ី​ដែល​ពិភពលោក​ដឹងឮ​ជាទូទៅថា ជាប្រភព ឬជង្រុក​នៃ​រោងចក្រ​ផលិត​ព័ត៌មាន​ក្លែងក្លាយ​ និង​ព័ត៌មាន​បែបមួលបង្កាច់​នោះ មិនចង់​ឃើញ​កម្ពុជា​រាយការណ៍​ព័ត៌មាន​អំពីការឈ្លានពាន​របស់​ខ្លួន​នៅក្នុង​ប្រទេសអ៊ុយក្រែន​ដោយ​ផ្អែកតាម​ព័ត៌មាន​របស់​ប្រទេសលោកខាងលិចទេ។ ក៏ប៉ុន្តែ ប្រទេសនេះ​ចង់ឱ្យ​កម្ពុជា​ផ្សព្វផ្សាយ​ផ្អែកតាម​ព័ត៌មាន​របស់​ទីភ្នាក់ងារ​រដ្ឋ​របស់ខ្លួនវិញ។ នេះគឺជា​ខ្លឹមសារ​ចម្បង​នៅក្នុង​ជំនួប​មួយ​រវាង​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំកម្ពុជា ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មានលោក ខៀវ កាញារីទ្ធ កាលពី​ថ្ងៃទី១៣ ខែមេសា បើយោង​តាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​កម្ពុជា (AKP)។

វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មានលោក មាស សុភ័ណ្ឌ ដើម្បី​សុំការពន្យល់​បន្ថែម​ជុំវិញ​រឿងនេះបានទេ កាលពី​ល្ងាច​ថ្ងៃទី១៣ ខែមេសា។ ទោះយ៉ាងណា បើតាម​ការចុះផ្សាយ​របស់ AKP ក្នុងជំនួបនោះ ឯកអគ្គរដ្ឋទូតរុស្ស៊ី លោក អាណាតូលី បូរូវីក បាន​ប្រាប់​លោក ខៀវ កាញារីទ្ធ ថា រុស្ស៊ីសង្ឃឹមថា កម្ពុជា​​នឹងបាន​ឈ្វេងយល់​អំពីព័ត៌មាន​រវាង​រុស្ស៊ី និង​អ៊ុយក្រែន​នេះ ឱ្យ​បាន​ច្បាស់លាស់​ដើម្បីកុំឱ្យជឿ​តាម​ការផ្សាយ​ដែលលោកហៅថា ជា «ព័ត៌មានបំពុល» របស់​ប្រទេសលោកខាងលិច។ លោកថា ស្ថានទូតរុស្ស៊ី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រព័ន្ធផ្សព្វផ្សាយ​នៅ​កម្ពុជា​ដើម្បីផ្តល់​អ្វីមួយ​ដែលលោកហៅថា «ព័ត៌មានពិត» ដល់​ប្រជាពលរដ្ឋ​កម្ពុជា។ មន្ត្រីការទូត​រុស្ស៊ីរូបនោះ ក៏បាន​លើកឡើង​ពិ​កិច្ចសហប្រតិបត្តិការ​ប្រកបដោយ​ផ្លែផ្កា​ក្នុងការផ្លាស់ប្តូរព័ត៌មាន និង​ការបណ្តុះបណ្តាល​អនឡាញ​រវាងក្រសួងព័ត៌មាន​របស់​កម្ពុជា ក្នុងនោះក៏រួមមាន​ទីភ្នាក់ងារព័ត៌មាន​កម្ពុជា ស្ថានទូត​រុស្ស៊ី និង​ប្រព័ន្ធផ្សព្វផ្សាយ​រដ្ឋរុស្ស៊ី ដូចជា​ទីភ្នាក់ងារតាស (TASS) និងស្ពុតនីក (Sputnik) ជាដើម។

អ្នកជំនាញ​ខាងវិស័យ​ប្រព័ន្ធផ្សព្វផ្សាយ និងជា​នាយកប្រតិបត្តិ​នៃ​សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេបូចា) លោក ណុប វី យល់ថា រុស្ស៊ី​កំពុងព្យាយាម​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​តាមរយៈ​កិច្ចសហប្រតិបត្តិការ​តាម​ប្រព័ន្ធផ្សព្វផ្សាយ ដើម្បី​លុបលាង​នូវ​កេរ្តិ៍ឈ្មោះ​មិនល្អ និង​កែប្រែ​មុខមាត់​ជុំវិញ​រឿង​សង្គ្រាម​ឈ្លានពាន​នៅ​ប្រទេសអ៊ុយក្រែននេះ៖ « នៅពេលដែល​រុស្ស៊ី​ក៏ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដើម្បីយើងអាច​និយាយថា កសាង​នូវ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន ឬមួយក៏​លុបលាង​នូវអ្វីដែលជា​កេរ្តិ៍ឈ្មោះ​របស់​ខ្លួន​មិនសូវល្អ​នៅលើ​ពិភពលោក។ ដូចយើង​បានដឹងហើយ​ថា រុស្ស៊ី​គាត់លើកទ័ព​មកឈ្លានពាន​នៅអ៊ុយក្រែន។ ដូច្នេះហើយ​គាត់​អត់ចង់ឃើញ​មាន​ការផ្សព្វផ្សាយ​រឿងពាក្យ​នៃការឈ្លានពាន​ចូលអ៊ុយក្រែន​អី​នៅលើប្រព័ន្ធ​ផ្សព្វផ្សាយ​ពិភពលោកទេ »

លោក ណុប វី បន្តថា ការប្តេជ្ញាពង្រឹង​កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា និង​រុស្ស៊ី​លើ​វិស័យ​ប្រព័ន្ធផ្សព្វផ្សាយ​នេះ នឹងរឹតតែ​ធ្វើឱ្យ​រដ្ឋាភិបាល​កម្ពុជា​រងនូវ​ការរិះគន់​ពី​ពលរដ្ឋ និង​អន្តរជាតិ​បន្ថែមទៀត ស្របពេលដែល​រុស្ស៊ី​ គឺជា​ប្រទេស​ដែល​បាន​បើកការវាយប្រហារ​ឈ្លានពាន​ទៅលើ​ប្រទេសអ៊ុយក្រែន ហើយ​កំពុងរងនូវការថ្កោលទោស​ជាអន្តរជាតិនោះ៖ «ខ្ញុំថា​បើសិនជា​រដ្ឋាភិបាល​មាន​កិច្ចសហប្រតិបត្តិការ​លើផ្នែក​ប្រព័ន្ធផ្សព្វផ្សាយ​ជាមួយ​រុស្ស៊ី​នៅពេលនេះ ខ្ញុំជឿថា រដ្ឋាភិបាល​កម្ពុជានឹង​ទទួលរង​នូវការរិះគន់​ច្រើនទៀត​ពី​សាធារណជន​ចំពោះ​កិច្ចសហប្រតិបតិ្តការ​នេះ ពីព្រោះ​នរណា​ក៏បាន​ដឹងដែរ​ថា​ រុស្ស៊ី​លើកទ័ព​ទៅឈ្លានពាន​នៅ​អ៊ុយក្រែន។ ក្នុងករណីនេះ បើសិនជា​យើងជា​អ្នកល្អ ហើយយើង​ដើរជាមួយ​អ្នកដែល​គេ​កំពុងតែ​ចោទប្រកាន់​រឿង​អ្នកដែលស្រលាញ់​សង្គ្រាម​អីទៅទៀត ខ្ញុំគិតថា​មិនមែន​ជារូបភាព​ល្អ​សម្រាប់​យើងប៉ុន្មាន​ទេ »

ភ្លាមៗ​ក្រោយពី​កងទ័ព​រុស្ស៊ី​បើកការវាយប្រហារ​ទៅលើ​ប្រទេស​អ៊ុយក្រែន ប្រទេសរុស្ស៊ី​បាន​បិទ​​បណ្តាញសង្គម រួមមាន​ហ្វេសប៊ុក (Facebook) អ៊ីនស្តារក្រាម (Instagram) ​និងទ្វីតធ័រ ​(Twitter) មិនឱ្យ​ពលរដ្ឋ​នៅក្នុង​ប្រទេស​របស់ខ្លួន​ប្រើប្រាស់​បាន។ ប្រទេសនេះ ក៏ប៉ុនប៉ង​បិទ​បណ្តាញ​យូធូប (YouTube) ផងដែរ។ ទោះយ៉ាងណា ស្ថានទូតរុស្ស៊ីនៅកម្ពុជា បែរជា​បង្កើន​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ជាពិសេស ហ្វេសប៊ុក ដើម្បី​ផ្សព្វផ្សាយ​ព័ត៌មាន​ឃោសនា​របស់​ខ្លួន​នៅ​កម្ពុជា​ជា​ភាសាខ្មែរ។ កាលពីដើមខែ​មេសា​នេះ ស្ថានទូត​រុស្ស៊ី​ប្រចាំក្រុងភ្នំពេញ​បានបដិសេធ​មិនទទួលយក​ញត្តិ​របស់​ក្រុមអង្គការសង្គមស៊ីវិល និង​ក្រុមយុវជន ដែល​ទាមទារ​ឱ្យ​រុស្ស៊ី​បញ្ឈប់​ការឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។

គិតរហូតមកទល់​ពេលនេះ មាន​រយៈពេល​ជិត​ពីរខែហើយ​ដែល​រុស្ស៊ី​បាន​បើក​ការវាយប្រហារ​ឈ្លានពាន​ទៅលើ​ប្រទេសអ៊ុយក្រែន ចាប់តាំងពី​ថ្ងៃទី២៤ ខែកុម្ភៈ។ តួលេខចុងក្រោយ​របស់​អង្គការសហប្រជាជាតិ ឱ្យដឹងថា គិតត្រឹម​ថ្ងៃអង្គារ ទី១២ ខែមេសា មានពលរដ្ឋ​ស៊ីវិល​យ៉ាងហោចណាស់​ជិត ១ពាន់​៩រយ​នាក់ (១.៨៩២នាក់)​ ត្រូវ​បាន​​សម្លាប់ និង​ជាង ២ពាន់​៥រយនាក់ (២.៥៥៨) នាក់ បាន​រងរបួស ក្នុងនោះ​ក៏រួមមាន​ទាំងកុមារ និងស្ត្រី​ជាច្រើនផង។ ក៏ប៉ុន្តែ អង្គការសហប្រជាជាតិ ជឿជាក់ថា​តួលេខ​ពិតប្រាកដ​អាចមាន​ចំនួន​ច្រើនជាងនេះ។

រដ្ឋាភិបាល​ទីក្រុងគៀវ (Kiev) នៃប្រទេស​អ៊ុយក្រែន អះអាង​ថា មានទាហ៊ាន​រុស្ស៊ីប្រមាណជាង ១ម៉ឺន៩ពាន់​នាក់ (១៩.៦០០នាក់) បានស្លាប់ ខណៈរដ្ឋាភិបាល​ទីក្រុងម៉ូស្គូ (Moscow) នៃប្រទេស​រុស្ស៊ី អះអាងថា យ៉ាងហោចណាស់ មាន​ទាហាន​អ៊ុយក្រែន ១ម៉ឺន៤ពាន់នាក់ (១៤.០០០) នាក់​ត្រូវបាន​សម្លាប់​ក្នុង​សង្គ្រាមនេះ។ សហរដ្ឋអាមេរិក​បានចោទ​ប្រកាន់​ប្រទេស​រុស្ស៊ី​ជាផ្លូវការ​ថា បាន​ប្រព្រឹត្ត​អំពើឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​អ៊ុយក្រែន ដោយសារ​តែ​ទាហាន​រុស្ស៊ី​បានបើកការវាយប្រហារ​ដោយ​មិនរើសអើង និងដោយ​ចេតនា​ទៅលើគោលដៅ​ស៊ីវិល​នានា ដូចជា​អាគារស្នាក់នៅ សាលារៀន មន្ទីពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​រថយន្តសង្គ្រោះបន្ទាន់​ ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។