កម្ពុជា និង​អាមេរិក​បន្ត​ជជែក​លើ​បញ្ហា​វិស័យ​ការពារ​ជាតិ ដើម្បី​ស្វែងរក​ឱកាស​ហ្វឹកហ្វឺន​យោធា​រួម​គ្នា​ឡើង​វិញ

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា និង​សហរដ្ឋអាមេរិក (US) បាន​លើកឡើង​អំពី​កង្វល់​មួយ​ចំនួន​ជាពិសេស​លើ​វិស័យ​ការពារ​ជាតិ និង​បន្ត​ជជែក​ពិភាក្សា​គ្នា​ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ និង​ហ្វឹកហ្វឺន​កងទ័ព​រួម​គ្នា​ឡើង​វិញ។ អ្នកឃ្លាំមើល​ចាត់​ទុក​ជំហរ​អាមេរិក​ស្វែងរក​ឱកាស ដើម្បី​ពង្រឹង​ទំនាក់ទំនង​ផ្នែក​យោធា​ជាមួយ​កម្ពុជា​ឡើងវិញ​នេះ គឺ​ដើម្បី​ទប់ទល់​នឹង​ឥទ្ធិពល​ចិន (China) និង​ការ​កើត​មាន​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់។

សហរដ្ឋអាមេរិក​កំពុង​ព្យាយាម​ស្វែងរក​ឱកាស ដើម្បី​ស្ដារ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ និង​ការ​បន្ត​ហ្វឹកហ្វឺន​យោធា​រួមគ្នា​ឡើងវិញ​ជាមួយ​កម្ពុជា ស្រប​ពេល​ដែល​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត កំពុង​បង្កើន​ទំនាក់ទំនង​យ៉ាង​ស្អិតល្មួត​ផ្នែក​យោធា​ជាមួយ​ប្រទេសចិន​កុម្មុយនិស្ត។

កម្ពុជា​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) កាល​ពី​អំឡុង​ខែមិថុនា និង​ដំណើរ​ទស្សនកិច្ច​របស់​មន្ត្រី​កំពូលៗ​អាមេរិក​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្តបន្ទាប់ គឺ​មាន​សារៈសំខាន់ សម្រាប់​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ។ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា លោក ទៀ សីហា លើកឡើង​ថា កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ដើម្បី​ធ្វើ​កិច្ច​ការងារ​ជាមួយ​អាមេរិក​លើ​ការ​ស្ដារ​ឡើងវិញ​នូវ​ទំនាក់ទំនង​យោធា​រវាង​ប្រទេស​ទាំង​ពីរ ការ​បង្កើត​កិច្ច​សន្ទនា និង​ការ​រៀបចំ​នូវ​វេទិកា​កិច្ច​ប្រជុំ​ប្រចាំ​រៀង​រាល់​ឆ្នាំ ដើម្បី​រិះរក​មធ្យោបាយ​ក្នុង​ការ​រៀប​ចំ និង​បង្កើត​កិច្ច​សហប្រតិបត្តិការ​វិស័យ​ការពារ​ជាតិ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អ​ប្រសើរ។

លោក ទៀ សីហា លើកឡើង​បែប​នេះ​នៅ​ក្នុង​ជំនួប​រវាង​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទទួល​បន្ទុក​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ (DASD) អ្នកស្រី ឡូរ៉ា អាប់ដេហ្គោវី (Laura Updegrove) កាល​ពី​ថ្ងៃទី១៤ ខែតុលា ក្នុង​ពេល​ដែល​អ្នកស្រី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។ អ្នកស្រី​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ប្រាប់​លោក ទៀ សីហា ថា ការ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នេះ គឺ​ដើម្បី​ចូល​រួម​កិច្ច​សន្ទនា និង​ធ្វើ​ជា​សហប្រធាន លើ​គោល​នយោបាយ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំងពីរ​ដែល​បាន​ខកខាន​ចាប់​តាំង​ឆ្នាំ២០១៩ មក។ អ្នកស្រី​បញ្ជាក់​ថា ការ​ចាប់ផ្ដើម​លើ​កិច្ច​សន្ទនា​នៃ​គោល​នយោបាយ​ឡើងវិញ​នេះ គឺ​ស្រប​តាម​គំនិត​ផ្ដួចផ្ដើម​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក អូស្ទីន (Austin) ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​កន្លង​មក ដើម្បី​ស្វែងរក​ឱកាស​ស្ដារ​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​ឡើង​វិញ។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក​កាល​ពី​ថ្ងៃ​ទី១៥ ខែតុលា​ឱ្យ​ដឹង​ថា រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​លោក ទៀ សីហា និង​ឧបការី​រង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក អ្នកស្រី ឡូរ៉ា អាប់ដេហ្គោវី (Laura Updegrove) បាន​ពិភាក្សា​ផ្ដោត​សំខាន់​លើ​ការ​ស្វែងរក​ឱកាស ដើម្បី​ពង្រឹង​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ជាពិសេស​ការ​ស្វែងរក​ឱកាស​បន្ត​ហ្វឹកហ្វឺន​យោធា​រួមគ្នា​ឡើង​វិញ។ ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ ក៏​បាន​លើកឡើង​អំពី​ការ​ផ្លាស់ប្ដូរ​ស្ដីពី​ជំនួយ​គ្រោះ​មហន្តរាយ ការ​រក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ (US) កិច្ចការ​បោស​សម្អាត​មីន និង​ការ​បោសសម្អាត​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ និង​ការ​ចូលរួម​របស់​កម្ពុជា​ក្នុង​ការ​អប់រំ​ផ្នែក​យោធា វិជ្ជាជីវៈ របស់​សហរដ្ឋ​អាមេរិក (PME) ជាដើម។

ជុំវិញ​រឿង​នេះ អ្នក​អត្ថាធិប្បាយ​នយោបាយ លោក គឹម សុខ លើកឡើង​ថា ជំហរ​នយោបាយ​អាមេរិក​នៅ​ពេល​នេះ គឺ​ផ្ដោត​សំខាន់​លើ​បញ្ហា​អសន្តិសុខ​ក្នុង​តំបន់ ខណៈ​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ចិន​កាន់​តែ​ខ្លាំង ហើយ​បញ្ហា​អសន្តិសុខ​នៅ​លើ​ពិភពលោក​កំពុង​រីក​រាល​ដាល។ លោក​យល់​ថា អាមេរិក​អាច​កំពុង​ស្វែងរក​ឱកាស​រឹត​ចំណង​ផ្នែក​យោធា​នាំ​មុខ​ជំរុញ​បញ្ហា​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

លោក គឹម សុខ៖«បើ​ទោះបីជា​អាមេរិក​យក​នយោបាយ​សន្តិសុខ​តំបន់ និង​កិច្ច​សហប្រតិបត្តិការ​យោធា​ជា​អាទិភាព​ទី​មួយ នៅ​លើ​របៀបវារៈ​នយោបាយ​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ក៏​ដោយ ឱ្យ​តែ​ធ្វើ​ឱ្យ​សហប្រតិបត្តិការ​យោធា​កម្ពុជា និង​អាមេរិក​ក្លាយ​ជា​ការ​បង្កើត​ទំនាក់ទំនង​ល្អ និង​អាច​និយាយ​គ្នា​កាន់​តែ​ស៊ីជម្រៅ និង​ត្រង់​ជាង​មុន ជាមួយ​រាជរដ្ឋាភិបាល​ត្រកូល ហ៊ុន ក្នុង​មុខ​នយោបាយ​ការ​ទូត​ចង្អៀត​វា​នៅ​តែ​ជា​គន្លឹះ​ក្នុង​សេចក្ដី​សង្ឃឹម​ធ្វើ​ឱ្យ​មាន​ការ​ប្រែប្រួល​នៅ​កម្ពុជា​ទៅ​កាន់​ប្រជាធិបតេយ្យ គ្រាន់តែ​ត្រូវការ​ពេលវេលា​បន្តិច ព្រោះ​នេះ​ជា​នយោបាយ​ផ្លូវ​វៀង»។

ចំណែក អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់​ថា ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ​រវាង​កម្ពុជា និង​ចិន ក្នុង​ក្របខ័ណ្ឌ​ការ​ធ្វើ​សមយុទ្ធ និង​ជំនួយ​យោធា​ជាដើម កំពុង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​ជា​ហេតុ​ធ្វើ​ឱ្យ​អាមេរិក​បារម្ភ​ខ្លាំង និង​ស្វែងរក​ឱកាស​សម្រាប់​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​យោធា​ជាមួយ​កម្ពុជា​ឡើងវិញ។

លោក សេង វណ្ណលី៖«ជាមួយ​ប្រទេស​សមាជិក​អាស៊ាន​ដូចជា​ប្រទេស​វៀតណាម និង​ហ្វីលីពីន​ជាដើម។ ប្រសិនបើ​កម្ពុជា​នៅ​តែ​បន្ត​ទទួល​បាន​ជំនួយ និង​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​បន្ថែម​លើ​វិស័យ​សន្តិសុខ និង​យោធា​ជាមួយ​ចិន​ទៀត​វា​នឹង​កាន់​តែ​ធ្វើ​ឱ្យ​កម្ពុជា​មាន​ផល​លំបាក​ក្នុង​ការ​ពង្រឹង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ផ្នែក​ការទូត​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​សមាជិក​អាស៊ាន​គ្នា​ឯង​ផង ហើយ​វា​អាច​នឹង​ធ្វើ​ឱ្យ​រូបភាព ឬ​មុខមាត់​ប្រទេស​កម្ពុជា​មាន​ភាព​អាក្រក់​នៅ​ឆាក​អន្តរជាតិ ដោយសារ​យើង​បាន​ដឹង​ហើយ​ថា ឥឡូវ​របត់​នយោបាយ ការ​ប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​ចិន ជាមួយ​អាមេរិក និង​សម្ព័ន្ធមិត្ត​អាមេរិក​ហ្នឹង​មាន​ការ​កើន​ឡើង។ ដូច្នេះ ប្រសិនបើ​កម្ពុជា​ត្រូវ​គេ​បាន​ជឿជាក់​ថា ផ្ដល់​មូលដ្ឋានទ័ព​ផ្ដាច់​មុខ​មួយ​ផ្នែក​នៃ​កំពង់ផែ​រាម​ឱ្យ​ចិន​នោះ កម្ពុជា​នឹង​អាច​ទទួល​រង​ហានិភ័យ និង​រងគ្រោះ​ដល់​ប្រជាធិបតេយ្យ និង​សិទ្ធិស្វ័យសម្រេច​របស់​ខ្លួន​នា​ពេល​អនាគត»។

ទាក់ទង​ជំហរ​អាមេរិក​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​ទំនាក់ទំនង​យោធា​ជាមួយ​កម្ពុជា​នេះ កម្ពុជា និង​ចិន​ក៏​បាន​ប្ដេជ្ញា​រក្សា​ទំនាក់ទំនង​មិត្ត​ដែកថែប និង​បន្ត​លើ​កិច្ច​សហប្រតិបត្តិការ​យោធា​ដោយ​ឥត​ងាករេ។ ក្នុង​ជំនួប​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​នាយករដ្ឋមន្ត្រី​ចិន​លោក លី ឈាង (Li Qiang) ក្នុង​ពេល​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន លើក​ទី៤៤ និង ៤៥ នៅ​ក្រុង​វៀងចន្ទន៍ (Vientiane) ប្រទេស​ឡាវ (Laos) កាល​ពី​សប្ដាហ៍​មុន​ភាគី​ទាំងពីរ​ក៏​បាន​សង្កត់​ធ្ងន់​ថា កិច្ច​សហប្រតិបត្តិការ​វិស័យ​សន្តិសុខ និង​ការពារ​ជាតិ គឺជា​រឿង​ដ៏​សំខាន់​ដែល​កម្ពុជា និង​ចិន​តែងតែ​ជជែក​ពិភាក្សា​ជា​ប្រចាំ ជាពិសេស​លើ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា។

ចាប់​តាំង​ពី​ឆ្នាំ២០១៦ កម្ពុជា​បាន​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​ចិន​ចំនួន ៧ដង​ហើយ ហើយ​កម្ពុជា​ក៏​បាន​លុប​ចោល​ដោយ​ឯកតោ​ភាគី​លើ​ការ​ធ្វើ​សម​យុទ្ធ​យោធា​ជាមួយ​អាមេរិក និង​អូស្ត្រាលី (Australia) ចាប់​តាំង​ពី​ឆ្នាំ២០១៧ មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។