ការ​យក​ពេល​សមយុទ្ធ​ស្រប​ពេល​លោក ហ៊ុន ម៉ាណែត ទៅ​ចិន បង្ហាញ​ថា «កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន»

0:00 / 0:00

អ្នកឃ្លាំមើល​ថា ការកំណត់​ថ្ងៃ​តែមួយ​គឺ​ថ្ងៃទី​១៤ ខែកញ្ញា ជា​ថ្ងៃ​នៃ​ការ​ចាប់​ផ្ដើម​ធ្វើ​សមយុទ្ធ​យោធា​រវាង​យោធា​កម្ពុជា​ចិន និង​ជា​ថ្ងៃ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន គឺជា​រៀបចំ​ទុក​មុន និង​ជា​ការ​បង្ហាញ​ថា រដ្ឋាភិបាល​ថ្មី​នៅ​ស្ថិត​ក្រោម​ឥទ្ធិពល​ចិន​ដដែល។

ថ្ងៃទី​១៤ ខែកញ្ញា ជាប់​ទាក់ទង​ព្រឹត្តិការណ៍​សំខាន់​ពីរ​ក្នុង​ថ្ងៃ​តែមួយ​ដែល​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​កម្ពុជា​ជាមួយ​ប្រទេស​ចិន​កុម្មុយនិស្ត។ ថ្ងៃនេះ​អាច​ជា​ការ​រៀបចំ​ទុក​មុន នៃ​ការ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​កម្ពុជា ចិន ដែល​មាន​ឈ្មោះថា « ទេវតា​សន្តិភាព​ឆ្នាំ​២០២៣ »។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ យល់​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និង​ភាគី​ចិន នឹង​បង្ហាញ​សាច់ដុំ​យោធា​ក្នុង​សមយុទ្ធ​យោធា​នោះ ដើម្បី​បង្អួត​ក្រុម​ប្រទេស​លោក​សេរី។ ។ លោក​បន្ត​ទៀត​ថា ភាគី​ទាំងពីរ​យក​ថ្ងៃ​ធ្វើ​សមយុទ្ធ​យោធា ចំ​ថ្ងៃ​លោក ហ៊ុន ម៉ាណែត ទៅ​ចិន​បែបនេះ ជា​ការ​បង្ហាញ​ថា កម្ពុជា​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ចិន​ដដែល។

លោក គឹម សុខ៖ «បង្ហាញ​អំពី​ឥទ្ធិពល​របស់​ចិន​មក​លើ​រដ្ឋាភិបាល​របស់ ហ៊ុន ម៉ាណែត បាន​សេចក្ដីថា រដ្ឋាភិបាល ហ៊ុន ម៉ាណែត ជា​កូនអុក ឬ​ឧបករណ៍​របស់​ចិន ហើយ ហ៊ុន ម៉ាណែត គ្មាន​ចង់​បាន​អី​ក្រៅពី​ជំនួយ​របស់​ចិន​ក្នុង​ការ​ជ្រោមជ្រែង​ការពារ​អំណាច​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន តែ​ប៉ុណ្ណឹង»។

អ្នកវិភាគ​នយោបាយ​លើកឡើង​ដូច្នេះ ធ្វើឡើង​ក្រោយ​ពេល​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន ប្រកាស​ចាប់ដៃ​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​រយៈពេល​១៣​ថ្ងៃ ចាប់​ពី​ថ្ងៃទី​១៤ ខែ​កញ្ញា ដល់​ថ្ងៃទី​២៦ ខែ​កញ្ញា​។ ការ​ចាប់ផ្ដើម​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ ក៏​ចំ​ថ្ងៃ​ជាមួយគ្នា​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ផង​ដែរ។ លោក ហ៊ុន ម៉ាណែត ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន និង​ពិព័រណ៍​ចិន-អាស៊ាន លើក​ទី​២០” ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃ​១៧ ខែកញ្ញា។

ព្រឹត្តិការណ៍​សំខាន់​ពីរ​ក្នុង​ថ្ងៃ​តែមួយ ត្រូវ​បាន​ភាគី​កម្ពុជា​ចិន អះអាង​ដូចគ្នា​ថា ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ នៃ​ថ្ងៃ​បង្កើត​ចំណង​ការទូត រវាង​ប្រទេស​ចិន ជាមួយ​ប្រទេស​កម្ពុជា។

ទាក់ទង​ការ​ធ្វើ​ទៅ​បំពេញ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត និង​ការ​ធ្វើ​សមយុទ្ធ​យោធា​កម្ពុជា​ចិន​នៅ​ពេល​នេះ វិទ្យុ​អាស៊ីសេរី​មិនអាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​លោក ឈុំ សុជាត និង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល ប៉ែន បូណា បាន​ទេ កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា។

ប្រធាន​អង្គការ​សម្ព័ន្ធភាព​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់​ថា ការ​ធ្វើ​សមយុទ្ធ​យោធា ទំនាក់ទំនង​ការទូត​ក្ដី រដ្ឋាភិបាល​កម្ពុជា​គួរ​ផ្ដល់​ភាពស្មើគ្នា​នៃ​ទំនាក់ទំនង​អន្តរជាតិ​មួយ​នេះ​ជាមួយ​លោក​សេរី។ លោក​បន្ត​ថា បើ​ទោះ​ជា កម្ពុជា​ជាមួយ​ប្រទេស​ចិន​ជា​ដៃគូ​យុទ្ធសាស្ត្រ​ក្ដី ប៉ុន្តែ​ក្រុម​ប្រទេស​លោក​សេរីភាព​ក៏​ជាទី​ផ្សារ​ធំ​របស់​កម្ពុជា​ដែរ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ផ្ដល់​យោបល់​ថា កម្ពុជា គួរ​មាន​ភាព​ឆ្លាត​វៃ ក្នុង​នយោបាយ​ការទូត ហើយ​ចំពោះ​ការ​ធ្វើ​សមយុទ្ធ​យោធា​កម្ពុជា​ក៏​គួរ​បើក​ឱ្យ​មាន​ការ​ធ្វើ​សមយុទ្ធ​ជាមួយ​សហរដ្ឋអាមេរិក និង​ជាមួយ​ប្រទេស​លោក​សេរី​ផ្សេង​ទៀត​ដែរ។

លោក រស់ សុដ្ឋា៖ «យើង​មិន​ត្រូវធ្វើ​ភាពជា​ដៃគូ​ងាប់ស្ដូក​បាន​ទេ យោបល់​ខ្ញុំ​ណា យើង​ទៅ​មើល​ទៅ​ចិន​ទៅ​ចិន​ជួយ​យើង​លើ​ផ្នែក​អី អាច​មាន​ប្រយោជន៍​លើ​កម្ពុជា​លើ​ផ្នែក​អី​?ហើយ​អាមេរិក​អាច​មាន​ប្រយោជន៍​លើ​កម្ពុជា​លើ​ផ្នែក​អី​?យើង​ត្រូវ​យក​ជា​ប្រយោជន៍​ជា​ឱកាស​របស់​ប្រទេស​ទាំងអស់​ហ្នឹង​ផ្ដល់​មក​កម្ពុជា​យើង​ត្រូវ​ស្រូប​យក»។

ទាក់ទង​រឿង​នេះ​ដែរ វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន បាន​ដកស្រង់​សម្ដី​របស់​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ចិន មក​ចុះផ្សាយ​កាល​ពី​ថ្ងៃទី​១៣ កញ្ញា ថា ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នេះ​បង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ខ្ពស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី ស្ដីពី​ការ​ការ​អភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិន និង​កម្ពុជា​។ ប្រភព​ដដែល​បន្ត​ថា ឆ្នាំ​នេះ​ជា​ខួប​ទី៦៥ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​ចិន​និង​កម្ពុជា ហើយ​តាមរយៈ​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នេះ ភាគី​ទាំងពីរ និង​លើកយក​ផែនការ​ទូទៅ​អំពី​កិច្ច​សហ​ប្រតិបត្តិការ ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ចិន និង​កម្ពុជា ។ ភាគី​ទាំងពីរ​គ្រោង​ជំរុញ​ឱ្យ​មាន​គំនិត​ផ្ដួចផ្ដើម​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​ដូចជា «ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា​» និង «​ច្រករបៀង​ត្រី និង​អង្ករ» ផង​ដែរ។ គិត​មក​ដល់​ពេល​នេះ ត្បិត​លោក ហ៊ុន ម៉ាណែត ឡើង​ធ្វើ​នាយករដ្ឋមន្ត្រី​បាន​ជាង​២០​ថ្ងៃ​ហើយ​ក្ដី ប៉ុន្តែ មិន​ទាន់​មាន​ប្រទេស​លោក​សេរី ឬ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ណាមួយ អញ្ជើញ​លោក​ទៅ​បំពេញ​ទស្សនកិច្ច​នៅឡើយ​ទេ ចាប់​តាំង​ពី​លោក​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។