កម្ពុជា ការពារចំណាត់ការរបស់សមត្ថកិច្ច ទាក់ទងនឹងលំហសិទ្ធិនយោបាយ និងប្រជាធិបតេយ្យ

រដ្ឋាភិបាលកម្ពុជា ការពារចំណាត់ការរបស់សមត្ថកិច្ចទាក់ទងនឹងលំហសិទ្ធិនយោបាយ និងប្រជាធិបតេយ្យ របស់ពលរដ្ឋនិងមន្ត្រីសង្គមស៊ីវិល។
ការបញ្ជាក់នេះ បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារតាមប្រព័ន្ធវីដេអូ រវាងរដ្ឋលេខាធិការក្រសួងការបរទេសលោក លុយ ដាវីត តំណាងឲ្យលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ជាមួយលោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន (Vitit Muntabhorn) អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២៥ ខែមីនា កន្លងទៅ។
តំណាងរដ្ឋមន្ត្រីក្រសួងការបរទេសរូបនេះផ្តល់អំណះអំណាងថា រាល់ការវាយតម្លៃចំពោះស្ថានការណ៍នៅកម្ពុជា គួរផ្តោតការយកចិត្តទុកដាក់លើការវាយតម្លៃពីគ្រប់មជ្ឈដ្ឋានទាំងអស់។ លោកអះអាងថា កម្ពុជាប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបច្ចុប្បន្នមាន គណបក្សនយោបាយចំនួន៤៧ ក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចុះឈ្មោះដើម្បីធ្វើការប្រកួតប្រជែង នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅដើមខែមិថុនា។ បន្ថែមពីនេះ អតីតសមាជិកគណបក្សប្រឆាំងចំនួន៣២រូប បានទទួលសិទ្ធិធ្វើនយោបាយឡើងវិញ។
ក៏ប៉ុន្តែការបញ្ជាក់របស់ភាគីកម្ពុជានេះ គឺផ្ទុយស្រឡះពីការលើកឡើងរបស់លោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន (Vitit Muntabhorn)ដែលបានរាយការណ៍ប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៨ ខែមីនាថា លំហសិទ្ធិមនុស្ស និងសិទ្ធិនយោបាយនៅកម្ពុជា កាន់តែរួមតូច និងដើរថយក្រោយ ដោយសារតែការគ្រប់គ្រងប្រទេសបែបឯកបក្ស។ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) អះអាងថា ទិដ្ឋភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេស នៅតែបង្កការព្រួយបារម្ភលើវិស័យជាច្រើន ជាពិសេស ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ នៅដើមខែមិថុនា ខាងមុខ។
ទោះបីជាលោកទទួលស្គាល់ថា កម្ពុជាបានកែលម្អទាក់ទងនឹងសេចក្តីព្រាងច្បាប់ថ្មីៗដើម្បីការពារជនងាយរងគ្រោះ កិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយសំណុំរឿងកកស្ទះនៅតុលាការ និងវឌ្ឍនៈភាពឆ្ពោះទៅរកការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាជាដើមក៏ដោយ ក៏លោកថា នៅមានក្តីកង្វល់មួយចំនួន ទាក់ទងនឹងការបិទលំហសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ បញ្ហាសវនាការលើសំណុំរឿងនយោបាយ និងការចាប់ខ្លួនអ្នកនយោបាយប្រឆាំងដាក់ពន្ធនាគារ និងការបោះឆ្នោតនាពេលខាងមុខ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជារូបនេះ ក៏បានអំពាវនាវឲ្យអាជ្ញាធរទាំងអស់នៅកម្ពុជា គោរពសិទ្ធិមនុស្សជាមូលដ្ឋាន និងច្បាប់សិទ្ធិមនុស្សអន្តរជាតិ ដែលកម្ពុជាជារដ្ឋភាគី រួមទាំងសេរីភាពជាមូលដ្ឋានក្នុងការបញ្ចេញមតិ និងការជួបប្រជុំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។