មន្ត្រីជំនាញរបស់រដ្ឋាភិបាល លើកឡើងថា ការសាងសង់ព្រែកជីកហ្វូណន គឺជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា ហើយគ្មានការចាំបាច់ទៅបំភ្លឺគ្រប់រឿងដល់វៀតណាមនោះទេ ខណៈអ្នកឃ្លាំមើលថា ភាគីវៀតណាមកំពុងកកូរកម្ពុជា មិនឱ្យសង់ព្រែកជីកហ្វូណន មិនឱ្យសាងសង់ព្រែកជីកហ្វូណន។
ការអះអាងនេះ បន្ទាប់ពីវៀតណាមថា ខ្លួននឹងស្នើឱ្យកម្ពុជាចែករំលែកព័ត៌មាន ទាក់ទងនឹងគម្រោងព្រែកជីកហ្វូណនតេជោ។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បណ្ឌិត សុខ ទូច ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមេសា ថា ការសាងសង់ព្រែកជីកហ្វូណននៅលើទឹកដីប្រទេសកម្ពុជា គឺជាសិទ្ធិអធិបតេយ្យរបស់កម្ពុជា ហើយកម្ពុជាបានផ្ដល់ឯកសារទៅឱ្យគណៈកម្មការទន្លេមេគង្គរួចហើយ រីឯសម្រាប់ប្រទេស ក្នុងប្រព័ន្ធទន្លេមេគង្គវិញ កម្ពុជាគ្រាន់តែត្រូវជូនដំណឹងប្រាប់ ក៏គ្រប់គ្រាន់ហើយដែរ ដូច្នេះប្រទេសកម្ពុជា មិនចាំបាច់ទៅបំភ្លឺគ្រប់រឿង ប្រាប់ភាគីវៀតណាមនោះទេ។
បណ្ឌិត សុខ ទូច អះអាងថា ករណីកម្ពុជាផ្ដល់ឯកសារទៅគណៈកម្មការទន្លេមេគង្គនោះ គឺធ្វើតាមច្បាប់ និងក៏មានន័យថា ប្រទេសកម្ពុជាបានការអនុញ្ញាតពីគណៈកម្មការ ឱ្យសាងសង់ព្រែកជីកហ្វូណននេះដែរ ហេតុនេះ បើវៀតណាមចង់ដឹងព័ត៌មានបន្ថែម គួរតែទៅសួរគណៈកម្មការទន្លេមេគង្គ។
លោកបញ្ជាក់ថា បញ្ហាសង់ព្រែកជីកហ្វូណននេះ កម្ពុជាមិនត្រូវការដោះស្រាយអ្វីជាមួយវៀតណាមឡើយ ពីព្រោះកម្ពុជាគោរពតាមច្បាប់គណៈកម្មការទន្លេមេគង្គ ហើយបើកម្ពុជាទៅដោះស្រាយជាមួយវៀតណាម នោះមានន័យថា កម្ពុជានៅក្រោមរហូត ខណៈគ្រាកន្លងមក វៀតណាមបានជីកព្រែកជាច្រើន ដើម្បីផលប្រយោជន៍វៀតណាម មិនដែលបានប្រាប់ឱ្យកម្ពុជាដឹងផងទេ។
បណ្ឌិត សុខ ទូច៖ «យើងផ្ដល់ទៅគណៈកម្មការទន្លេមេគង្គអស់ហើយ អ៊ីចឹងវៀតណាមចង់បានអីទៅយកនោះទៅ ប៉ុន្តែ បើសិនវៀតណាមចង់ឱ្យលុយមកជួយជីក ហើយខ្លួនឯងមកវិនិយោគ បានខ្លួនឯងមកមើលគម្រោងធំបន្ទាប់ពីកម្ពុជា។ បើអ្នកឯងមិនមកវិនិយោគផង ហើយអ្នកឯងមកចង់បាន មានន័យថា ម៉េច?សូម្បីគម្រោងយើងជួលគេធ្វើគម្រោង ក៏រាប់លានដែរ ហេតុអ្វីអ្នកឯងចង់បានគម្រោងធំ ពីខ្ញុំងាយៗ ម្លេះ?ប្លង់មេខ្ញុំងាយៗ»។
បណ្ឌិត សុខ ទូច លើកឡើងថា ព្រែកជីកហ្វូណន ផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជា ពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេស ធ្វើឱ្យកម្ពុជារួចផុតពីការខ្ចីដង្ហើមវៀតណាមដក ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹក ហើយអាចសម្រួលឱ្យកម្ពុជា មានសក្ដានុពលប្រកួតប្រជែងទីផ្សារជាងសព្វថ្ងៃ។
បណ្ឌិត សុខ ទូច៖ «ខ្ញុំបានឃើញគម្រោងនេះ គឺនៅក្នុងដៃខ្ញុំ អ៊ីចឹងខ្ញុំឃើញថា វាមានសារៈសំខាន់ណាស់ ហើយប្អូនត្រូវចាំដឹកនឹងរទេះភ្លើង ៥ រទេះ បានៗ មួយកប៉ាល់ ១រយឡានបានៗ មួយរទេះភ្លើង។ អ៊ីចឹង មើលកន្លែងហ្នឹង ចំណុចមួយទៀត គឺការប្រកួតប្រជែងទីផ្សារ កាលណាតម្លៃកាន់តែទាប ធ្វើឱ្យយើងមានឱកាសប្រកួតប្រជែងនៅលើទីផ្សារ»។
ការលើកឡើងរបស់លោកបណ្ឌិត សុខ ទូច ជាការឆ្លើយតបទៅនឹងមន្ត្រីជាន់ខ្ពស់ ក្រសួងការបរទេសវៀតណាម ដែលស្នើឱ្យភាគីកម្ពុជាសហការជិតដិតជាមួយ ប្រទេសវៀតណាម និងគណៈកម្មការទន្លេមេគង្គ (MRC)។
យោងតាមសេចក្ដីដកស្រង់របស់ សារព័ត៌មានអនឡាញវៀតណាម VN Express ផ្សាយកាលពីថ្ងៃទី១១ ខែមេសា មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសវៀតណាម ថ្លែងក្នុងសន្និសីទ សារព័ត៌មានក្នុងថ្ងៃដដែលនេះថា វៀតណាមចាប់អារម្មណ៍ខ្លាំងលើព័ត៌មានអំពីគម្រោងព្រែកជីកហ្វូណនតេជោ។
សារព័ត៌មានរាយការណ៍ថា វៀតណាមចង់បានការចែករំលែកព័ត៌មានរបស់កម្ពុជា រួមទាំងការវាយតម្លៃលើផលប៉ះពាល់ពីគម្រោងនេះ ទៅលើធនធានទឹកនិងប្រព័ន្ធ អេកូឡូស៊ី ក្នុងតំបន់ដីសណ្ដទន្លេមេគង្គ ដើម្បីធានាផលប្រយោជន៍នៃបណ្ដាប្រទេសជាប់ដងទន្លេមេគង្គ និងពលរដ្ឋមូលដ្ឋាន។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែមេសា ថា វៀតណាម មិនបានគិតពីផលប្រយោជន៍ប្រទេសណាទេ ហើយតាមពិតល្បិចរបស់វៀតណាម ដែលស្នើឱ្យកម្ពុជាចែករំលែកព័ត៌មាន គឺជាការព្យាយាមបង្ហាញប្រពៃណីរបស់វៀតណាម ដែលមានឥទ្ធិពលជាចៅហ្វាយ លើក្រុមមេដឹកនាំរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា។
លោកថា ភាគីវៀតណាមកំពុងប្រឹងកកូរទប់ស្កាត់កម្ពុជា មិនឱ្យសាងសង់ព្រែកជីកហ្វូណន ផង និង ធ្វើតេស្តក្រុមមេដឹកនាំគណបក្សប្រជាជនកម្ពុជាផងថា តើពួកគេ នៅស្មោះត្រង់នឹងបក្សកុម្មុយនិស្តវៀតណាមដល់កម្រិតណា នៅពេលគម្រោង ព្រែកជីកហ្វូណន ធ្វើឱ្យមេដឹកនាំរដ្ឋាភិបាលកម្ពុជាសព្វថ្ងៃ កៀកចិនខ្លាំងឡើង។
លោក ម៉ែន ណាត លើកឡើងថា ករណីព្រែកជីកហ្វូណននេះ កម្ពុជាត្រូវតែឈរក្នុងជំហរស្មើមុខគ្នាជាមួយវៀតណាម គឺមិនត្រូវការរាយការណ៍ឱ្យវៀតណាមគ្រប់រឿង ដូចផ្នត់គំនិតរបស់ពួកមេដឹកនាំវៀតណាម ដែលចាត់ទុកកម្ពុជា នៅក្រោមបង្គាប់របស់គេទេ។
លោក ម៉ែន ណាត៖ «យើងមិនចែករំលែកអត់ដូចដែលកន្លងទៅ ហ៊ុន សែន ហ៊ុន ម៉ាណែត ហ្នឹងទៅប្រទេសវៀតណាមរាយការណ៍រឿងបោះបង្គោលព្រំដែន រឿងជនអន្តោប្រវេសន៍វៀតណាមនៅកម្ពុជាអីហ្នឹង រាយការណ៍ឱ្យគេអស់ៗ មិនគួរអស់ពីចិត្តពីថ្លើមអ៊ីចឹងពេកទេ។ បើកាលណាអស់ពីចិត្តពីថ្លើមពេក វាមិនមែនន័យថា យើងទំនាក់ទំនងក្នុងគោលដៅការទូតស្មើមុខគ្នាទេ»។
ចំណែកឯសាស្ត្រាចារ្យនៃសាកលវិទ្យាល័យ Arizona State University លោក អៀ សុផល យល់ថា លទ្ធភាពនៃការសាងសង់ព្រែកជីកហ្វូណនតេជោ នៅចុងឆ្នាំនេះ គឺអាស្រ័យលើកត្តាជាច្រើន រួមមាន កត្តាថវិកា កត្តាធានាការវាយតម្លៃពីផល ប៉ះពាល់បរិស្ថាននិងសង្គម ដែលមានអំណោយផល និងភាពឆ្លាតវៃរបស់កម្ពុជា ឆ្លើយតបនឹងភូមិសាស្ត្រនយោបាយដ៏ស្មុគស្មាញក្នុងតំបន់អាស៊ីអាគ្នេយ៍។
កម្ពុជាគ្រោងនឹងបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ដែលមានតម្លៃ ១ពាន់ ៧រយលានដុល្លារនេះ នៅចុងឆ្នាំ២០២៤។ គម្រោងនេះ មានរយៈពេល ៤ឆ្នាំ ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅឆ្នាំ២០២៨ ខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។