កម្ពុជា​​សង្ឃឹម​​ថា ក្រុម​​ប្រទេស​​ហត្ថលេខី​​​នៃ​​​កិច្ច​ព្រម​ព្រៀង​​​ពាណិជ្ជ​កម្ម​​សេរី​ (RCEP) អាច​​​សម្រេច​​​ជា​​ឯកច្ឆន្ទ​ករណី​​​ផ្តល់​​សច្ចាប័ន​​របស់​​ភូមា​

0:00 / 0:00

កម្ពុជា​​សង្ឃឹម​ថា ក្រុមប្រទេស​ហត្ថលេខី​​នៃ​​កិច្ចព្រមព្រៀង​​ពាណិជ្ជកម្ម​សេរី អាសិប​​(RCEP)​ អាច​​សម្រេច​​ជា​ឯកច្ចន្ទ​​លើ​​ករណី​​ទទួលស្គាល់​ការផ្តល់​សច្ចាប័ន​របស់​មីយ៉ាន់ម៉ា (Myanmar)​ ឬភូមា (Burma)​ ជុំវិញ​​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី​នេះ។ ការបញ្ជាក់​ជំហរ​របស់​កម្ពុជា​នេះ កើតមានឡើង​ស្របពេល​ប្រទេសពីរ​ដែលជា​ភាគី​ហត្ថលេខី​នៃកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ បាន​ប្រកាស​ជំហរ​ថា ប្រទេស​របស់​ពួកគេ​នឹង​មិនអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អាសិប នេះ​ជាមួយ​ប្រទេសភូមា​នោះទេ​ដោយសារ​បញ្ហា​វិបត្តិនយោបាយ​ក្នុងប្រទេសនេះ។

អស់ពី​បញ្ហាចម្រូងចម្រាស​ក្នុងរឿង​មិនអនុញ្ញាត​ឱ្យ​មេដឹកនាំ​រដ្ឋប្រហារ​យោធា​ភូមា​ចូលរួម​កិច្ចប្រជុំ​បើកឆាក​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​បាន ឥឡូវនេះ​បញ្ហា​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដ៏ធំ​មួយ​ដែល​មាន​ប្រទេស ១៥ ​ជា​សមាជិក ឬ​ជាភាគី​ហត្ថលេខី កំពុងតែ​ក្លាយ​ជា​បញ្ហា​ចម្បង​មួយទៀត​ដែល​​ធ្វើឱ្យ​ក្រុមប្រទេស​សមាជិក​អាស៊ាន​ឈឺក្បាល ព្រោះ​អាចក្លាយ​ជា​បញ្ហា​មិនចុះសម្រុងគ្នា។

ការមិនចុះសម្រុងគ្នា​នេះ គឺដោយសារ​តែក្រុមប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាសិប ពីរប្រទេស​ គឺប្រទេស​ណូវែលហ្សេឡង់ (New Zealand)​និង​​ប្រទេស​ហ្វីលីពីន​ (the Philippines) ទើប​បាន​បញ្ជាក់​ជំហរ​ចុងក្រោយថា ខ្លួន​នឹង​មិនអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ប្រចាំ​តំបន់​នេះ​ជាមួយនឹង​ភូមា​នោះឡើយ។ ណូវែលហ្សេឡង់​ថា ការណ៍ដែល​ខ្លួន​សម្រេច​ដូច្នេះ​ គឺដោយសារតែ​ករណី​អំពើហិង្សា​និង​ការរំលោភសិទ្ធិមនុស្ស​នៅភូមា​នៅតែបន្ត​ប្រព្រឹត្តដោយ​របបសឹក​ដែល​​បាន​​ធ្វើរដ្ឋប្រហារ​ទម្លាក់​មេដឹកនាំ​ស្របច្បាប់​នៃ​ប្រទេសនេះ គឺអ្នកស្រី អ៊ុង សានស៊ូជី ​(Aung San Suu Kyi) ​ចេញពីតំណែង ចាប់តាំពី​ខែកុម្ភៈ កាលពីឆ្នាំទៅ។ ណូវែលហ្សេឡង់​អំពាវនាវ​ឱ្យ​របបសឹក​ភូមា​បញ្ឈប់​ជាបន្ទាន់​នូវ​ការប្រើប្រាស់​អំពើហិង្សា និង​ដោះលែង​រាល់​អ្នកទោស​នយោបាយ​ទាំងអស់។ រីឯ ហ្វីលីពីន​ឯណោះវិញ ​ក៏​បាន​​សម្រេចចិត្ត​មិនអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ​ជាមួយ​ប្រទេសភូមា​ដែរ។

រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន លោក ថេអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) ត្រូវបាន​ភ្នាក់ងារ​សារព័ត៌មាន​អាមេរិក អេ.ភី (AP) រាយការណ៍​កាលពី​ថ្ងៃទី១៨ ខែកុម្ភៈ ថា រដ្ឋមន្ត្រី​ការបរទេស​ហ្វីលីពីន​រូបនេះ បាន​ប្រាប់ទៅ​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដទៃទៀត​នៅក្នុង​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​ដែល​កម្ពុជា​បាន​រៀបចំ​ធ្វើ​កាលពី​សប្តាហ៍​មុន​ថា ហ្វីលីពីន​នឹងមិន​ទទួលយក​ការចូលជា​សមាជិក​ជា​ភាគីហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អាសិប របស់​ភូមា​នេះទេ។ លោក​ពុំបាន​បញ្ជាក់​លម្អិត​ពី​ហេតុផល​នៅពីក្រោយ​ការសម្រេចចិត្ត​នេះទេ។

គិតមកទល់​ពេលនេះ គេនៅ​មិនទាន់​ដឹងច្បាស់​ពី​ជំហរ​ជាក់លាក់​របស់​ប្រទេស​សមាជិក​អាស៊ាន​ដទៃទៀត​ជុំវិញ​ការទទួលស្គាល់​ការផ្តល់សច្ចាប័ន​របស់​ប្រទេស​ភូមា​ដោយ​របបសឹក​ទៅលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាសិប នេះ ឬ​ការយល់ព្រម​អនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ​ជាមួយ​ភូមា​ដែរឬយ៉ាងណា​នោះទេ។

អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុជា លោក ជុំ សុន្ទរី ប្រាប់​វិទ្យុអាស៊ីសេរី តាមបណ្តាញ​សង្គមតេឡេក្រាម កាលពី​ថ្ងៃទី២០ ខែកុម្ភៈ ថា លោក​មិន​ផ្តល់អត្ថាធិប្បាយ​ជា​មួយ​ប្រព័ន្ធផ្សព្វផ្សាយ​អំពី​ជំហរ​ណាមួយ​ដែល​ប្រទេសសមាជិក​អាស៊ាន​បាន​លើកឡើង ជាពិសេស​នៅក្នុង​កិច្ចប្រជុំ​អាស៊ាន រួមទាំង​កិច្ចប្រជុំ​ចង្អៀត​ថ្នាក់​រដ្ឋមន្ត្រីការបរទេស​អាស៊ានឡើយ។ យ៉ាងណា លោកថា ជំហរ​របស់​កម្ពុជា​ជារួម គឺគាំទ្រ​ការបង្កើន​ការធ្វើពាណិជ្ជកម្ម​នៅក្នុង​តំបន់ ដែលនឹង​ចូលរួមចំណែក​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គួរឱ្យ​កត់សម្គាល់ ជាពិសេស​នៅក្នុងការងើបឡើងវិញ​យ៉ាងឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​ពី​ផលប៉ះពាល់​ដោយសារ​វិបត្តិ​កូវីដ១៩។ លោកបញ្ជាក់ថា កម្ពុជា​សង្ឃឹម​ ថា​​ភាគីហត្ថលេខី​ទាំងអស់​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាសិប នឹង​អាច​សម្រេចជា​ឯកច្ឆន្ទ​លើ​ករណី​នៃ​ការផ្តល់​សច្ចាប័ន​របស់​ប្រទេសភូមា​ចំពោះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ។ ជុំវិញ​ជំហរ​ជាក់លាក់​របស់​កម្ពុជា​ជុំវិញ​ការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាសិប ជាមួយ​ភូមា​នេះ លោក​ជំរុញឱ្យ​វិទ្យុអាស៊ីសេរី​ទៅ​សួរ​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ដែល​លោកថា ​ជា​ស្ថាប័ន​មាន​សមត្ថកិច្ច​អនុវត្ត​កិច្ចព្រមព្រៀង​នេះ។

គិតត្រឹមម៉ោង​ផ្សាយ​នេះ វិទ្យុអាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មលោក ប៉ែន សុវិជាតិ ដើម្បី​សុំអត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះនៅឡើយទេ។

អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត សេង សារី ប្រាប់​វិទ្យុអាស៊ីសេរី​ថា លោកពុំគាំទ្រ​ជំហរ​ពី​សំណាក់​ក្រុមប្រទេសណាមួយ​ក្នុងការ​ដាក់សម្ពាធ​ផ្នែក​ពាណិជ្ជកម្ម ​ឬសេដ្ឋកិច្ច​ទៅលើ​ប្រទេសភូមា​ដោយសារ​តែ​វិបត្តិ​នយោបាយ​នៃ​ប្រទេសនេះទេ ព្រោះថា​ ការធ្វើដូច្នេះ​ធ្វើឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋភូមា​ទូទៅ។ បណ្ឌិត សេង សារី ចង់ឃើញ​ក្រុមប្រទេស​សមាជិកអាស៊ាន និង​ប្រទេស​ក្នុងតំបន់​ស្វែងរក​ដំណោះស្រាយ​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​ជុំវិញ​បញ្ហា​វិបត្តិ​ភូមា​នេះ៖ « ខ្ញុំ​គិតថា​បើសិន​ជា​យើងមើល​ជារូបភាព​រួម យើងឃើញថា ប្រទេស​ដែលជា​មហាអំណាច​សេដ្ឋកិច្ច ឬក៏​ប្រទេស​អាស៊ាន​ក៏គួរតែ​ពិចារណាទៅរក​វិធីសាស្ត្រ​ថ្មីម្តងទៀត ជាជាង​ការសម្រេចចិត្ត​នៅក្នុង​ការដាក់​ទណ្ឌកម្ម ឬក៏ isolate ( ធ្វើឱ្យនៅ​ឯកកោរ ) exclude ( មិនរាប់បញ្ចូល ) ប្រទេសភូមា​អ៊ីចឹង។ ខ្ញុំ​ឃើញថា អាស៊ាន​មិនទាន់មាន​ការប្រឹងប្រែង​ឱ្យ​អស់លទ្ធភាព​នៅឡើយទេ​នៅក្នុង​ការដោះស្រាយបញ្ហាភូមា ក្រៅតែ​ពីការស្តីបន្ទោស​គ្នា​ទៅវិញ​ទៅមក។ ទម្លាប់​របស់​អាស៊ាន​ គឺមិនសូវ​ជា​ចេះជួយគ្នា​នៅឡើយទេ។ អញ្ចឹងហើយ អ្វីដែល​ខ្ញុំមើលឃើញ គឺថា​អាស៊ាន​គួរតែមាន​ការប្រឹងប្រែង ហើយ​គួរតែ​ជជែកគ្នា​នៅក្នុង​ការរកដំណោះស្រាយ​តាមបែប​នវានុវត្ត »

កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាសិប ដែល​មាន​ឈ្មោះពេញថា ជាកិច្ចព្រមព្រៀង​ភាពជាដៃគូ​សេដ្ឋកិច្ច​គ្រប់ជ្រុងជ្រោយ​តំបន់ ត្រូវបាន​ចូលជា​ធរមាន​នៅតាមប្រទេស​ភាគច្រើន​រួមទាំង​កម្ពុជាផង​ចាប់ពី​ថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ កិច្ចព្រមព្រៀង​នេះ គឺជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ធំជាងគេ​បំផុត​នៅលើ​ពិភព​លោក​ ដែល​មាន​ប្រទេសសរុប ១៥ ប្រទេស​ចុះហត្ថលេខា​ព្រមព្រៀងគ្នា ក្នុងនោះ​មាន​ប្រទេស​អាស៊ាន​ទាំង១០ ប្រទេសចិន​ (China)​ ជប៉ុន​ (Japan)​ កូរ៉េខាង​ត្បូង​​(South Korea) ​អូស្ត្រាលី​ (Australia) ​និង​​ណូវែលហ្សេឡង់ ​(New Zealand)។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​នេះ រងការរិះគន់​ថា ចិន​ជា​អ្នកទទួលបាន​ផលប្រយោជន៍ និង​ការចំណេញ​ច្រើនជាងគេ​បំផុត​ពីការអនុវត្ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ ស្របពេល​ដែល​ពុំមាន​វត្តមាន​សហរដ្ឋអាមេរិក​ចូលរួម​នៅក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះទេ។ ក្រុមអ្នកជំនាញ​ធ្លាប់លើកឡើង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរី អាសិប នេះ ពុំមាន​លក្ខខណ្ឌ​តម្រូវ​តឹងតែង​ឱ្យ​ប្រទេសពាក់ព័ន្ធ​គោរព​ស្តង់ដារ​​សិទ្ធិមនុស្ស សិទ្ធិការងារ និង​លទ្ធិប្រជាធិបតេយ្យ ដូច​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ផ្សេងទៀត​ជាមួយ​ក្រុមប្រទេស​លោកខាងលិច​នោះទេ។ យ៉ាងណា គេរំពឹង​ថា កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីនេះ​នឹងជំរុញ​ពាណិជ្ជកម្ម​ក្នុង​តំបន់​ឱ្យ​កើនឡើង ២ភាគរយ​បន្ថែមទៀត ឬស្មើនឹងជាង ៤០ពាន់លាន​ដុល្លារអាមេរិក។ កិច្ចព្រមព្រៀង​ដែល​មាន​ប្រទេសចិន​ជាអ្នកនៅពីក្រោយនេះ គ្របដណ្តប់​លើ​តំបន់មួយ​ដែលមាន​ប្រជាជន​សរុប ២ពាន់​លាននាក់ ដែលស្មើនឹង​ជិត​មួយភាគបី​នៃ​ពាណិជ្ជកម្ម​ និង​សកម្មភាព​ជំនួញ​នៅ​ទូទាំង​សាកលលោក។

ក៏ប៉ុន្តែ ​ ការសិក្សា​ស្រាវជ្រាវ រួមគ្នា​មួយ​ចេញផ្សាយ​កាលពី​ដើមឆ្នាំ២០២១​ ដោយ​មជ្ឈមណ្ឌល​គោលនយោបាយ​អភិវឌ្ឍ​សាកល​ ​(Global Development Policy Center)​នៃ​​សាកលវិទ្យាល័យ​បូស្តុន​ (Boston University)​ នៅសហរដ្ឋអាមេរិក ដោយ​មន្ត្រីជំនាញ​របស់​អង្គការ​សហប្រជាជាតិ ​(UNCTAD)​ និង​​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​​នេះ បាន​រកឃើញ​ថា កម្ពុជា​អាចនឹង​ខាតបង់​ចំណូល​ពន្ធ​ពាណិជ្ជកម្ម​ប្រមាណ ជិត ៣០០លាន​ដុល្លារ ​​(៣៣៤,៦ លាន​ដុល្លារ)​​ ក្នុង​មួយ​ឆ្នាំៗ​ ឬ​ស្មើនឹង​ ១,២៩%​ នៃ​​ផលិតផល​ក្នុងស្រុក​កាលពី​ឆ្នាំ២០១៩។ លើសពីនេះទៀត មន្ត្រីជំនាញ​ដដែល​ក៏រកឃើញ​ថា កិច្ចព្រមព្រៀង​អាសិប​នេះ ក៏នឹង​​ធ្វើ​ឱ្យ​​ជញ្ជីង​​ពាណិជ្ជកម្ម​របស់​​កម្ពុជា​ធ្លាក់ចុះ ឬ​មាន​ឱនភាព​រហូតដល់ទៅ​ជាង -២ពាន់​លាន​ដុល្លារ (-២,៣១៨​ពាន់លានដុល្លារ) ក្នុង​មួយឆ្នាំ ឬ​ប្រមាណ -១៧% (១៧,៣%)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។