ស៊ីហ្គេមបិទបញ្ចប់ ដោយមោទនភាពជាតិ និងការកេងចំណេញនយោបាយ
2023.05.18

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ បានបិទបញ្ចប់ហើយ កាលពីយប់ថ្ងៃទី១៧ ឧសភា។ ព្រឹត្តិការណ៍កីឡាថ្នាក់តំបន់មួយនេះ បានជួយលើកមុខមាត់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនតិចនោះទេ ខណៈការចំណាយទាំងស្រុងជាបន្ទុករបស់ជាតិ។ អ្នកវិភាគ និងពលរដ្ឋមួយចំនួនសម្ដែងមោទនភាពចំពោះអ្វីដែលក្រុមអត្តពលិកកម្ពុជាសម្រេចបាន ប៉ុន្តែពួកគេសោកស្ដាយដែលលោក ហ៊ុន សែន យកព្រឹត្តិការណ៍នេះ ដើម្បីកេងចំណេញផ្នែកនយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ញញឹមបិទមាត់មិនជិតនោះទេ ក្រោយពីព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ បានដំណើរការដោយរលូនពីដើមដល់ចប់ ក្រោមការជួយជ្រោមជ្រែងពីមិត្តដែកថែបរបស់លោក គឺប្រទេសចិន។
កម្ពុជាដណ្ដើមបានមេដាយសរុប ២៨២គ្រឿង ក្នុងនោះមេដាយមាសចំនួន ៨១គ្រឿង ប្រាក់ ៧៤គ្រឿង និងសំរឹទ្ធចំនួន ១២៧គ្រឿង។ តួលេខនេះ ធ្វើឱ្យកម្ពុជាឈរលេខរៀងទី៤ ជាប្រទេសទទួលបានមេដាយមាសច្រើនជាងគេ។ នេះជាចំណាត់ថ្នាក់ល្អបំផុតដែលកម្ពុជាធ្វើបាន ចាប់តាំងពីចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមកាលពីឆ្នាំ១៩៩៥។ ក្នុងស៊ីហ្គេមលើកមុនៗ កម្ពុជាធ្វើបានត្រឹមចំណាត់ថ្នាក់លេខ ៨ លេខ ៩ ឬលេខ ១០ ដោយមិនទទួលបានមេដាយសោះផងក៏មាន។
ការទទួលបានមេដាយច្រើននេះអាចជាមោទនភាពសម្រាប់ប្រជាជាតិខ្មែរទាំងមូល ប៉ុន្តែវាក៏បានមកដោយត្រូវចំណាយអស់ធនធានជាតិជាច្រើនផងដែរ។ បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាចំណាយអស់ថវិកាចំនួន ១១៨លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍នេះ។
ក្រៅពីមិនយកថ្លៃសំបុត្រចូលទស្សនា និងសិទ្ធិផ្សព្វផ្សាយព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះហើយ លោក ហ៊ុន សែន បានសម្រេចចិត្តដ៏ចម្រូងចម្រាស់មួយទៀត គឺការមិនយកកម្រៃលើការធ្វើដំណើរការស្នាក់នៅ និងការហូបចុករបស់ប្រតិភូកីឡាអាស៊ាន ដែលគិតជាសរុបប្រមាណ ៧លានដុល្លារ។ លោកបកស្រាយការពារសេចក្ដីសម្រេចចិត្តបែបអត្តនោម័តិរបស់លោកនេះថា ដើម្បីទាក់ទាញជនបរទេសឱ្យមកទស្សនា និងស្គាល់កម្ពុជាឱ្យបានច្រើន ជាពិសេសដើម្បីបង្ហាញថា «កម្ពុជាជាប្រទេសតូច តែមានបេះដូងធំ»។
ក៏ប៉ុន្តែហេតុផល «ប្រទេសតូច បេះដូងធំ» របស់លោក ហ៊ុន សែន នេះ មិនទទួលបានការស្វាគមន៍ពីអ្នកវិភាគ និងយុវជនមួយចំនួននោះឡើយ។
អ្នកវិភាគនយោបាយ លោក គឹម សុខ ចាត់ទុកការសម្រេចចិត្តនេះថា ជារឿងមិនត្រឹមត្រូវ ដោយសារថវិកានោះជាកាតព្វកិច្ចរបស់ប្រតិភូកីឡាបរទេស ហើយកម្ពុជាត្រូវការថវិកាជាចាំបាច់ដើម្បីអភិវឌ្ឍវិស័យកីឡារបស់ខ្លួន។
លោក គឹម សុខ៖ «ប្រកាសមិនយកលុយពីប្រទេសនានា ដែលសរុបប្រមាណ ៧លានដុល្លារ។ ប្រកាសមិនផ្សាយលក់ពាណិជ្ជកម្ម ប្រកាសមិនលក់សំបុត្រ។ វាជាគំនិតដ៏ឆ្កួតលីលាបំផុត។ ៧លានដុល្លារ ដែលប្រទេសនានា បង់ឱ្យកម្ពុជា ជាកាតព្វកិច្ច អត់មានទៅសុំពីអ្នកណាទេ ហើយបែរជាមិនទទួលយកលុយហ្នឹងសម្រាប់ជួយអភិវឌ្ឍកីឡា»។
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ មានប្រតិភូកីឡាសរុបប្រមាណ ១ម៉ឺន ៨៩០នាក់ (១០.៨៩០) ដោយប្រកួតលើវិញ្ញសាសរុប ៥៧៩វិញ្ញាសា នៃកីឡាចំនួន ៣៦ប្រភេទ។ ប្រទេសវៀណាមស្ថិតនៅចំណាត់ថ្នាក់លេខមួយបានមេដាយមាសចំនួន ១៣៦គ្រឿង ថៃលេខពីរបានមេដាយមាស ១០៨គ្រឿង និងឥណ្ឌូណេស៊ីលេខបី បានមេដាយមាសចំនួន ៨៧គ្រឿង។
យុវជនមួយរូបដែលសកម្មក្នុងការងារសង្គម និងបរិស្ថាន លោក គឹម ជីលីន ថ្លែងថា លោកមានមោទនភាពដែលកម្ពុជាអាចរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមនេះបាន និងជាពិសេសអត្តពលិកកម្ពុជាអាចដណ្ដើមបានមេដាយមាសជាច្រើនគ្រឿង។ ប៉ុន្តែលោកមិនពេញចិត្តចំពោះរឿងពីរយ៉ាង គឺការមិនយកកម្រៃពីប្រតិភូកីឡាបរទេស និងការយកព្រឹត្តិការណ៍កីឡាមួយនេះ ដើម្បីកេងចំណេញនយោបាយ។
លោក គឹម ជីលីន៖ «ការដែលពួកគាត់ [ប្រតិភូកីឡាអាស៊ាន] មកប្រកួតកីឡាទាំងអស់ហ្នឹង វាក្លាយជាបន្ទុករបស់ប្រជាជនកម្ពុជាវិញ ព្រោះដោយសារចាយថវិកាជាតិ។ អាហ្នឹងខ្ញុំពុំសូវមានការសប្បាយចិត្ត ឬត្រេកអរប៉ុន្មាននោះទេ។ ទីពីរទៀត ខ្ញុំក៏ពុំសប្បាយចិត្តដែរនៅពេលដែលឃើញអ្នកនយោបាយយកព្រឹត្តិការណ៍មួយនេះក្លាយទៅជាការស្វែងរកប្រជាប្រិយភាពសម្រាប់ខ្លួនឯងវិញ ព្រោះការចំណាយទៅលើរឿងកីឡានេះចាយធនធានរបស់រដ្ឋ»។
យុវជនមួយរូបទៀតដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រនៅរាជធានីភ្នំពេញ កញ្ញា ហេង គីមសួរ ថ្លែងថា ព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ ជាឱកាសដែលកម្ពុជាបង្ហាញពីវប្បធម៌ និងអរិយធម៌របស់ខ្លួនទៅកាន់ពិភពលោក។ ប៉ុន្តែកញ្ញាថា ទន្ទឹមនឹងមានមោទនភាពជាតិនេះ ពលរដ្ឋខ្មែរក៏មិនត្រូវបំភ្លេចរឿងនយោបាយស្រុកទេស និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនោះដែរ។
កញ្ញា ហេង គីមសួរ៖ «វាដូចជាការទិញទឹកចិត្តប្រជាពលរដ្ឋមួយចំនួនធំដែរ ដែលធ្វើឱ្យប្រជាពលរដ្ឋភ្លេចគិតពីការកាត់ដីឧទ្យានជាតិ កាត់បឹង កាត់ព្រៃ ជាដើម ទៅឱ្យក្រុមហ៊ុនឯកជន។ ហើយមួយចំនួនទៀតរវល់តែតាមដានព្រឹត្តិការណ៍ស៊ីហ្គេម បែរជាអត់បានតាមដានរឿងនយោបាយ និន្នាការនយោបាយរបស់គណបក្សនីមួយៗ ថា តើយើងគួរបោះឆ្នោតឱ្យគណបក្សណា ខណៈដែលការបោះឆ្នោតខិតជិតមកដល់»។
លើកតម្កើងលោក ហ៊ុន សែន និងផាត់ចោលអង្គព្រះមហាក្សត្រ
នេះជាលើកដំបូងហើយក្នុងប្រវត្តិស៊ីហ្គេមរយៈពេល ៦៤ឆ្នាំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប៉ុន្តែព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយនេះបែរជាផាត់ចោលអង្គព្រះមហាក្សត្រដែលជាព្រះប្រមុខរដ្ឋ ទាំងក្នុងពិធីបើក និងបិទព្រឹត្តិការណ៍ទៅវិញ។
លោក ហ៊ុន សែន ដែលតាំងខ្លួនថា ជាអ្នកគោរព និងការពារស្ថាប័នព្រះមហាក្សត្រនោះ មិនបានយាងព្រះអង្គឱ្យមកធ្វើជាអធិបតីនោះទេ ក្រោមហេតុផលថា នេះជាការងាររបស់នាយករដ្ឋមន្ត្រី។ លោកថែមទាំងចោទប្រកាន់អ្នករិះគន់បញ្ហានេះថា មានចេតនាញុះញង់ឱ្យមានជម្លោះរវាងលោក និងព្រះមហាក្សត្រថែមទៀតផង។
លោក ហ៊ុន សែន៖ «បើស្គាល់មិនច្បាស់ទេ កុំធ្វើជាអ្នកចេះ ហើយកុំធ្វើជាអ្នកព្រហើន ញុះញង់ឱ្យមានជម្លោះរវាងព្រះមហាក្សត្រជាមួយនាយករដ្ឋមន្ត្រី។ ព្រះមហាក្សត្រ ព្រះអង្គមិនដណ្ដើមតួនាទីរបស់នាយករដ្ឋមន្ត្រីទេ ហើយនាយករដ្ឋមន្ត្រីក៏មិនដណ្ដើមតួនាទីព្រះមហាក្សត្រដែរ ដូចជាប្រទានភ្លើង គឺព្រះមហាក្សត្រយាង នាយករដ្ឋមន្ត្រីដង្ហែ»។
ការបកស្រាយរបស់លោក ហ៊ុន សែន នេះ ហាក់មិនសមទំនងនោះទេ ពីព្រោះគ្មានច្បាប់ណាដែលចែងថា ការបើក ឬបិទកម្មវិធីកីឡា គឺជាការងារផ្ដាច់មុខរបស់នាយករដ្ឋមន្ត្រីនោះឡើយ។
ម្យ៉ាងវិញទៀត ព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះទាំងមូលព្យាយាមរំលេចឱ្យឃើញនូវការដឹកនាំរបស់លោក ហ៊ុន សែន។ ពាក្យស្លោកនៃព្រឹត្តិការណ៍នេះ គឺ «កីឡារស់ក្នុងសន្តិភាព»។ សន្តិភាព គឺជាអ្វីមួយដែលលោក ហ៊ុន សែន និងរបបដឹកនាំរបស់លោក អះអាងថា ជាសមិទ្ធផលដ៏ធំដែលលោកសម្រេចបានក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។ ទាំងគណៈអធិបតី និងអ្នកអត្ថាធិប្បាយក្នុងព្រឹត្តិការណ៍បើក និងបិទស៊ីហ្គេម នាំគ្នាបំផុសឱ្យពលរដ្ឋដឹងគុណលោក ហ៊ុន សែន និងអ្វីដែលគេហៅថា ជាសន្តិភាព ដោយបំភ្លេចចោលអង្គព្រះមហាក្សត្រ។
ជាឧទាហរណ៍ ក្នុងពិធីបិទព្រឹត្តិការណ៍ស៊ីហ្គេមកាលពីយប់ថ្ងៃទី១៧ ឧសភា ប្រធានគណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (CAMSOC) និងជារដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ មិនបាននិយាយដល់អង្គព្រះមហាក្សត្រ សូម្បីមួយម៉ាត់។ ក្នុងសុន្ទរកថារយៈពេល ១៥នាទី លោក ទៀ បាញ់ និយាយលើកសរសេរតែអំពីលោក ហ៊ុន សែន។
លោក ទៀ បាញ់៖ «សូមអរគុណសន្តិភាព អរគុណនយោបាយឈ្នះ-ឈ្នះ ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ-ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ»។
ការជួយជ្រោមជ្រែងពីក្រោយឆាករបស់ចិន
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ នេះ មើលពីក្រៅទៅ គឺជាព្រឹត្តិការណ៍កីឡាសម្រាប់ប្រទេសជាសមាជិកអាស៊ានទាំង១០ បូករួមទាំងប្រទេសទីម័រខាងកើត (Timor-Leste)។ ប៉ុន្តែរឿងពីក្រោយឆាកមួយទៀត នេះជាឱកាសដែលលោក ហ៊ុន សែន ពង្រឹងទំនាក់ទំនងបន្ថែមទៀតជាមួយមហាមិត្តរបស់លោក គឺប្រទេសចិនកុម្មុយនិស្ត។
លោក ហ៊ុន សែន បានប្រកាសជាសាធារណៈកាលពីថ្ងៃទី១ ឧសភាថា កម្ពុជានឹងមិនអាចធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមលើកទី៣២ នេះបានទេ បើគ្មានការជួយជ្រោមជ្រែងពីប្រទេសចិន។
លោក ហ៊ុន សែន៖ «ខ្ញុំក៏សូមយកឱកាសនេះអរគុណឯកឧត្ដមប្រធានាធិបតី ស៊ី ជីនពីង របស់ចិន។ ខ្ញុំបានស្ទាបស្ទង់គាត់។ គាត់ជួយកសាងពហុកីឡាដ្ឋានជាតិមួយ ដូច្នេះខ្ញុំមានឱកាសប្រាប់ទៅ [លោក] ថោង ខុន ថា ឱ្យរៀបចំសម្រាប់កម្ពុជាធ្វើម្ចាស់ផ្ទះ ដោយមិត្តចិនសន្យាថា ធ្វើស្តាតឱ្យយើង»។
ការជួយជ្រោមជ្រែងរបស់ចិនដល់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការរៀបចំស៊ីហ្គេមលើកទី៣២ នេះ ចែកជាពីរផ្នែក។ ទីមួយ គឺការសាងសង់ពហុកីឡាដ្ឋានជាតិថ្មីមួយ ដែលមានសមត្ថភាពផ្ទុកអ្នកទស្សនារហូតដល់ ៦ម៉ឺននាក់។ ពហុកីឡាដ្ឋានជាតិនេះ ចំណាយអស់ថវិកា ១៥០លានដុល្លារអាមេរិក។ ថ្វីដ្បិតតែនេះជាជំនួយរបស់រដ្ឋាភិបាលចិនដល់ប្រទេសកម្ពុជាពិតមែន តែលោក ហ៊ុន សែន បានដាក់ឈ្មោះពហុកីឡាដ្ឋាននេះតាមគោរមងាររបស់លោកទៅវិញ គឺពហុកីឡដ្ឋានជាតិ «មរតកតេជោ»។
ការជួយជ្រោមជ្រែងរបស់ចិនមួយទៀត គឺការរៀបចំពិធីបើក និងបិទស៊ីហ្គេម ដែលមានលក្ខណៈស្តង់ដារ និងបច្ចេកវិទ្យាទំនើប។ ពិធីទាំងពីរនេះត្រូវបានដឹកនាំ និងរៀបចំចាត់ចែងដោយក្រុមអ្នកជំនាញការចិនប្រមាណ ១០០នាក់។ ឧបករណ៍សំខាន់ៗទាំងឡាយ ដូចជា ភ្លើងពណ៌ ផ្ទាំង LED និងសម្ភារៈបច្ចេកទេសទំនើបៗ ជាច្រើនទៀត ត្រូវបានដឹកជញ្ជូនមកពីប្រទេសចិនដោយផ្ទាល់។
អ្នកដឹកនាំសម្ដែងរួមនៃកម្មវិធីបើក និងបិទព្រឹត្តិការណ៍កីឡាស៊ីហ្គេម លោក ឆិន វ៉ីតាន់ (Chen Wei Tan) បានអះអាងប្រាប់វិទ្យុមិត្តភាពកម្ពុជាចិនថា រដ្ឋាភិបាលកម្ពុជាត្រូវការជំនួយពីចិន ដើម្បីរៀបចំកម្មវិធីទាំងនេះឱ្យបានល្អ ដើម្បីបង្កើតរូបភាពថ្មីអំពីកម្ពុជាទៅកាន់ពិភពលោក។
លោក ឆិន វ៉ីតាន់៖ « ឆ្នាំនេះ គឺជាខួប ៦៥ឆ្នាំ នៃការបង្កើតចំណងការទូតកម្ពុជាចិន ក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន ដូចនេះព្រឹត្តិការណ៍នេះក៏ជាផ្នែកមួយសំខាន់ក្នុងឆ្នាំមិត្តភាពកម្ពុជាចិនដែរ។ ពួកយើងប្រើប្រាស់ប្រាជ្ញា និងកម្លាំងរបស់ប្រទេសចិនយើង ក៏ដើម្បីឱ្យកម្ពុជាចិនអាចកសាងសហគមន៍ជោគវាសនារួម ប្រកបដោយគុណភាព និងបទដ្ឋានខ្ពស់»។
សហគមន៍ជោគវាសនារួម ឬជាភាសាអង់គ្លេស Community of Common Destiny គឺជាពាក្យគន្លឹះមួយដែលស្រង់ចេញពីសុន្ទរកថារបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីឆ្នាំ២០១៧។ ពាក្យនេះត្រូវបានប្រើប្រាស់ញឹកញាប់ក្នុងនយោបាយការបរទេសរបស់ចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមកជាមួយប្រទេសជិតខាង។
សារនយោបាយសម្រាប់ឃោសនាបោះឆ្នោត
ដើម្បីជាការដឹងគុណដល់មិត្តចិនរបស់លោក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតប្រើប្រាស់ពិធីបិទស៊ីហ្គេមកាលពីយប់ថ្ងៃទី១៧ ឧសភា ដើម្បីថ្លែងអំណរគុណជាថ្មីទៀតដល់មេដឹកនាំចិន ដែលជួយឱ្យកម្ពុជាអាចរៀបចំព្រឹត្តិការណ៍នេះបាន។ ជាមួយគ្នានេះ លោកបានឆ្លៀតទាញយកក្រេឌីត ឬគុណសម្បត្តិផ្ដាច់មុខរួចទៅហើយពីព្រឹត្តិការណ៍នេះ។
លោក ហ៊ុន សែន៖ «ថ្ងៃនេះ យើងពិតជាបានយល់ច្បាស់អំពីអ្វីទៅន័យដែលហៅថា កីឡារស់នៅក្រោមសន្តិភាព។ បើចង់បានការរៀបចំពិធីបែបនេះតទៅទៀត ចាំបាច់ណាស់ត្រូវរួមជាមួយរាជរដ្ឋាភិបាល ការពារសន្តិភាពឱ្យខាងតែបាន»។
ភាពជោគជ័យនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកនេះ ទំនងជានឹងក្លាយទៅជាសារនយោបាយសំខាន់មួយរបស់លោក ហ៊ុន សែន ក្នុងការឃោសនាបោះឆ្នោតសម្រាប់អាណត្តិទី៧ នេះ។ ប៉ុន្តែប្រជាពលរដ្ឋខ្មែរប្រហែលជាចងចាំនៅក្នុងចិត្តហើយថា ការចំណាយក្នុងព្រឹត្តិការណ៍នេះ គឺជាលុយបង់ពន្ធរបស់ពួកគាត់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋប្រហែលជាមិនទាន់ភ្លេចដែរទេថា របបដឹកនាំរបស់លោក ហ៊ុន សែន បានគាស់រំលើងគ្រឹះប្រជាធិបតេយ្យ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរឥតស្រាកស្រាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចេញមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិ ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។