កម្ពុជាជាប់លេខ ៩៣ ក្នុង សន្ទស្សន៍លិខិតឆ្លងដែន ឬប៉ាស្ព័រសាកល ( The Henly Passport Index) សម្រាប់ត្រីមាសទី៣ ឆ្នាំ២០២២។ ផ្អែកតាមសន្ទស្សន៍នេះ ពលរដ្ឋកម្ពុជាដែលកាន់លិខិតឆ្លងដែនកម្ពុជា អាចធ្វើដំណើរចេញចូលក្នុងប្រទេស ឬគោលដៅធ្វើដំណើរសរុបចំនួន ៥៤ ក្នុងចំណោមប្រទេស ឬគោលដៅធ្វើដំណើរសរុប ២២៧ គោលដៅនៅទូទាំងពិភពលោក ដោយពុំចាំបាច់សុំទិដ្ឋាការ។
ប្រទេសដែលជាប់លេខ១ ខាងលិខិតឆ្លងដែនមានឥទ្ធិពលខ្លាំងជាងគេបំផុតនៅលើពិភពលោក គឺប្រទេសជប៉ុន (Japan) ដែលពលរដ្ឋកាន់លិខិតឆ្លងដែននៃប្រទេសនេះអាចធ្វើដំណើរចេញចូលដោយពុំចាំបាច់ស្នើសុំទិដ្ឋាការទៅកាន់ ១៩៣ ប្រទេសឬគោលដៅធ្វើដំណើរនៅទូទាំងពិភពលោក។ ខណៈប្រទេសសិង្ហបុរី (Singapore) និងកូរ៉េខាងត្បូង (South Korea) ឈរនៅលេខរៀងទី២។ ដោយឡែក សហរដ្ឋអាមេរិក ជាប់លេខ ៧ ដែលពលរដ្ឋកាន់លិខិតឆ្លងដែនអាមេរិកាំង អាចធ្វើដំណើរទៅកាន់ប្រទេស ឬគោលដៅធ្វើដំណើរសរុបចំនួន ១៨៦ ដោយពុំចាំបាច់សុំទិដ្ឋាការជាមុន ឬទិដ្ឋាការនៅពេលមកដល់។ ប្រទេសអាហ្វហ្កានីស្ថាន (Afghanistan) គឺជាប្រទេសជាប់ចំណាត់ថ្នាក់បាតតារាង លេខ១១២ ដែលលិខិតឆ្លងដែនមានឥទ្ធិពលអន់ជាងគេបំផុតនៅលើពិភពលោក ខណៈពលរដ្ឋនៃប្រទេសនេះអាចធ្វើដំណើរចេញចូលប្រទេស ឬគោលដៅតែ២៧ ប៉ុណ្ណោះ ដោយពុំចាំបាច់សុំទិដ្ឋាការ។
សន្ទស្សន៍លិខិតឆ្លងដែនសាកល ឬ The Henly Passport Index ធ្វើឡើងផ្អែកតាមទិន្នន័យទទួលបានពីអាជ្ញាធរដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA)។ សន្ទស្សន៍នេះ ត្រូវបានធ្វើបច្ចុប្បន្នភាពរៀងរាល់ត្រីមាស ដោយវាយតម្លៃលើលិខិតឆ្លងដែនសរុបចំនួន ១៩៩ និងគោលដៅធ្វើដំណើរសរុបចំនួន ២២៧ នៅទូទាំងពិភពលោក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។