កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «ផ្ដាច់ការ» នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០

0:00 / 0:00

កម្ពុជា​បន្ត​ជាប់​ឈ្មោះ​ជា​ប្រទេស «ផ្ដាច់ការ» នៅ​លើ​ពិភពលោក ក្នុង​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០ (Democracy Index 2020)។ ការ​ដាក់​ចំណាត់ថ្នាក់​នេះ គឺ​ដោយសារតែ​ការអនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅតែ​បន្ត​​ដាំ​ក្បាល​ចុះ​រហូត​ក្នុង​រយៈពេល ១០ឆ្នាំ​ចុងក្រោយ​នេះ។ អ្នក​ជំនាញ​ព្រមាន​ថា នេះ​​ជា​សញ្ញាណ​មិនល្អ​មួយ​សម្រាប់​សង្គម​កម្ពុជា​ដោយសារ​តែ​​ចលនា​តវ៉ា​រើ​បម្រះ​ប្រឆាំង​នឹង​ការដឹកនាំ​ប្រទេស​ផ្ទុយ​ពី​គោលការណ៍​ប្រជាធិបតេយ្យ នឹង​​នៅ​​តែ​​បន្ត​​កើត​មាន។

អង្គភាព​ស៊ើបអង្កេត​សេដ្ឋកិច្ច (The Economist Intelligence Unit, EIU) ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស (UK) ដាក់​កម្ពុជា​ជាប់​លេខ ១៣០ ក្នុងចំណោម ១៦៧​ប្រទេស នៅ​លើ​ពិភពលោក សម្រាប់​សន្ទស្សន៍​ប្រជាធិបតេយ្យ​ឆ្នាំ២០២០។ ពិន្ទុ​នៃ​ការអនុវត្ត​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា បាន​បន្ត​ធ្លាក់​ចុះ​មក​នៅ​ត្រឹមជាង ៣ពិន្ទុ ពោល​គឺ​ទាប​ជាង​ពេល​ណាៗ​ ទាំង​អស់​​ក្នុង​​រយៈ​ពេល ១ទស្សវត្ស​​ចុង​ក្រោយ​​នេះ។

ពិន្ទុ​នេះ មិន​បាន​ធ្វើ​ឲ្យ​កម្ពុជា​ជាប់​ឈ្មោះ​សូម្បី​តែ​ជា​ជំពូក​ប្រទេស​មាន​លទ្ធិប្រជាធិបតេយ្យ​មិន​ពេញលេញ ឬ​ប្រជាធិបតេយ្យ​បែប​កូនកាត់​នោះ​ទេ។ តែ​កម្ពុជា ជាប់​ឈ្មោះ​ជា​ប្រទេស​ដែល​មាន​ការគ្រប់គ្រង​បែប «ផ្ដាច់ការ» តែ​ម្ដង។ នៅ​ក្នុង​តំបន់ ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ប្រសើរ​តែ​ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា ប្រទេស​កុម្មុយនិស្ត​វៀតណាម (Vietnam) និង​ឡាវ (Laos) ប៉ុណ្ណោះ។

Less than half of the world's population lives in some form of democracy. Findings from this year's :

ជា​រួម កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស​ផ្ដាច់ការ​ក្នុងចំណោម​ប្រទេស​ផ្ដាច់ការ​សរុប​ជិត ៦០ប្រទេស​នៅ​លើ​ពិភពលោក។ ការ​ផ្ដល់​ពិន្ទុ​នេះ ធ្វើ​ឡើង​ផ្អែក​លើ​សូចនាករ​សំខាន់ៗ ចំនួន ៥ ក្នុង​នោះ​រួមមាន ដំណើរ​ការ​បោះ​ឆ្នោត និង​ពហុបក្ស ដំណើរការ​រដ្ឋាភិបាល ការ​ចូលរួម​ក្នុង​វិស័យ​នយោបាយ វប្បធម៌​នយោបាយ និង​ការ​គោរព​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ជាដើម។

អាស៊ីសេរី មិនអាច​ទាក់ទង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​ការបន្ត​ដាក់​ចំណាត់ថ្នាក់​​ប្រទេស​កម្ពុជា​ជាប្រទេស​ផ្តាច់ការនេះ បានទេ ដោយសារ​លោក​ពុំ​លើក​ទូរស័ព្ទ​កាលពី​យប់​ថ្ងៃទី៥ កុម្ភៈ។

អ្នកជំនាញ​ផ្នែក​លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត និង​ជា​ទីប្រឹក្សា​អង្គការ ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ថា ការវាយតម្លៃ​នេះ គឺ​ជា​សញ្ញាណ​មិនល្អ​មួយ​សម្រាប់​សង្គម សេដ្ឋកិច្ច និង​នយោបាយ​នៅ​កម្ពុជា៖ «Economic Intelligence Unit គឺ​គេ​ធ្វើការ​វាយតម្លៃ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​មួយៗ គឺ​គេ​ពិនិត្យ​មើល​ពី​ទិដ្ឋភាព​ដែល​វា​មាន​ផល​ប៉ះពាល់​ទៅលើ​ ហានិភ័យ​ទៅ​លើ​សេដ្ឋកិច្ច ហើយ​នឹង​កិច្ចការ​រកស៊ី។ ដូច្នេះ បញ្ហា​ការ​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​នេះ ជា​សញ្ញា​មិនល្អ​ទេ សម្រាប់​កម្ពុជា ដែល​ព័ត៌មាន​នេះ​ទៅដល់​អ្នក​វិនិយោគ ទៅដល់​អ្នក​ដែល​គេ​គាំទ្រ​ខាង​សេដ្ឋកិច្ច គេ​អាច​នឹង​មើល​ឃើញ​ថា កម្ពុជា​យើង​នឹង​ជួប​ហានិភ័យ​ខ្លាំង​អំពី​បញ្ហា​រឿង​នយោបាយ ដែល​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ទៅលើ​ការ​រកស៊ី​របស់​គេ ទៅលើ​ការ​វិនិយោគ​របស់​គេ »

លោក គល់ បញ្ញា បន្ត​ថា ក្រៅ​ពី​ការ​បន្ត​ទទួល​រង​នូវ​ការ​ស្តី​បន្ទោស ដាក់​ទណ្ឌកម្ម និង​បាត់បង់​កិត្យានុភាព​នៅ​លើ​ឆាក​អន្តរជាតិ ការ​បន្ត​ធ្លាក់​ចុះ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​នេះ ក៏​មិន​អាច​ធ្វើ​ឲ្យ​ពលរដ្ឋ​សម្ងំ​ស្ងៀម​បាន​នោះ​ទេ។ តែ​លោក​ថា នឹង​រឹត​តែ​ធ្វើ​ឲ្យ​ពលរដ្ឋ​បង្កើន​ចលនា​តវ៉ា និង​រិះគន់​ទង្វើ​របស់​រដ្ឋាភិបាល​ក្រោម​រូបភាព​ផ្សេងៗ៖ « នៅ ៤ឆ្នាំ​ខាងមុខ​នេះ បើ​សិន​ជា​មាន​ការ​ប្តេជ្ញា​ចិត្ត​ខ្លាំងក្លា​ពី​ប្រទេស​ដែល​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដូចជា​សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប ហើយ​នឹង​បណ្ដា​ប្រទេស​មួយ​ចំនួន នឹង​អាច​រុញច្រាន​ឲ្យ​ការ​ស្តារ​ប្រជាធិបតេយ្យ​អាច​កើតឡើង​បាន​ខ្លះ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​សង្កេត​ឃើញ​ គឺ​ថា ប្រជាពលរដ្ឋ​នៅ​បណ្តា​ប្រទេស​នានា ដូច​ជា​នៅ​កម្ពុជា​ហ្នឹង គឺ​គេ​មិនព្រម​សង្ងំ​សុខ​នោះទេ គឺ​គេ​នៅ​តែ​តវ៉ា។ គ្រាន់តែ​ថា វិធីសាស្ត្រ​តវ៉ា​របស់​គេ​ មាន​ទម្រង់ផ្សេងៗ​ដែល​គេ​អាច​ធ្វើ​ទៅបាន ហើយ​គេនៅ​តែ​បន្ត​ធ្វើ​ការតវ៉ា គេនៅ​បន្ត​ធ្វើការ​ទិះតៀន​ គេ​នៅ​តែ​បន្ត​ការផ្តល់​ឱកាស​ដើម្បី​ធ្វើ​ម៉េច​គេ​អាច​ស្តារ​នូវ​ការគោរព​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ​ និង​សិទ្ធិ​របស់​គេឡើងវិញ។ នេះ​ដែល​ខ្ញុំ​ឃើញ​មាន​ចលនា​ហ្នឹង​នៅតែ​កើតឡើង។ នេះ​ជា​សញ្ញា​ដែល​សង្ឃឹម»។

ដោយឡែក សម្រាប់​អតីត​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ វិញ ព្រះអង្គ​មាន​ថេរ​ដីកា​ថា ការដឹកនាំ​បែប​ផ្ដាច់ការ​នៅ​កម្ពុជា គឺ​ជា​ការគ្រប់គ្រង​ផ្ដាច់ការ​ ហើយ​ផ្ទេរ​អំណាច​ពី​កូន​ដល់​ចៅ​តែ​ម្ដង៖ « ពួក​កុម្មុយនិស្ត​ផ្ដាច់ការ​មួយ​ចំនួន គេ​បន្ត​អំណាច​តាម​អតីតភាព​ក្នុង​បក្ស។ ប៉ុន្តែ នៅ​ក្នុង​សង្គម​កម្ពុជា បន្ត​មរតក​អំណាច​ខុស​គេ​បន្តិច​ត្រង់ថា មិនមែន​បន្ត​តាម​អតីតភាព​ឥស្សរជន​នយោបាយ​ក្នុង​បក្ស​ទេ គឺ​វា​បាន​ចាប់​ផ្ដើម​បង្វិល​មក​ទៅ​ជា​អំណាច​គ្រួសារ។ នៅ​ក្នុង​សង្គម​កម្ពុជា​សព្វថ្ងៃ ផ្ដាច់ការ​តាម​បែប​មរតក​គ្រួសារ ដែល​គេ​ហៅ​ភាសា​ម្យ៉ាង​ថា អំណាច​សន្តតិវង្ស។ អំណាច​សន្តតិវង្ស​នេះ គឺ​ផ្ទេរ​យ៉ាង​តិច​ ៣ជំហ៊ាន​ទៅមុខ។ រឿង​នេះ ធ្លាប់​កើតឡើង​នៅ​ប្រទេស​កូរ៉េ​ខាងជើង តាំងពី គឹម អ៊ីលស៊ុង រហូត​មក​ដល់ គឹម ជុងអ៊ុន។ ផ្ទេរ​ពី​ជីតា​ទៅ​ចៅ។ ដូច្នេះ នៅ​ក្នុង​ក្រុងភ្នំពេញ ផ្ដាច់ការ​បែប​ផ្ទេរ​អំណាច​ពី​តា​ទៅ​ចៅ ដូចគ្នា គឺ​ ហ៊ុន ម៉ាណែត និង​កូនចៅ​របស់ ហ៊ុន សែន ដែល​បាន​ដាក់​ចូល​ទៅ​ក្នុង​ជួរ​មន្ត្រី​រាជការ ក្នុង​រដ្ឋសភា ក្នុង​អី​ហ្នុង ជា​ផែនការទី១។ ផែនការ​ទីពីរ​គឺ គេ​មើល​ឃើញ​ទៅ​ដល់​ចៅ »

ព្រះអង្គ​ពន្យល់​ថា មេដឹកនាំ​ផ្តាច់ការ​គ្រប់រូប​តែង​តែ​ចិញ្ចឹម​ចិត្ត​ប្លន់​អំណាច​ក្នុង​គ្រប់​កាលៈទេសៈ​ទាំងអស់ ដែល​ក្រុមអ្នក​ប្រជាធិបតេយ្យ​ មិនត្រូវ​មើលរម្លង​នោះទេ៖ « កុំ​ឲ្យ​ទុក​ចិត្ត​ថា ជន​ផ្តាច់ការ​មិន​រក្សា​គោលជំហរ​ប្លន់​អំណាច។ កុំ​ឲ្យ​ទុកចិត្ត ! ដូច​សុភាសិត​ខ្មែរ​យើង​ ពាក្យ​ស្លោក​ខ្មែរ​យើង បាន​និយាយ​ហើយ​ថា កុំ​ទុកចិត្ត​ខ្លា​មិន​ស៊ី​សាច់។ ទោះ​ជា​ខ្លា​ចិញ្ចឹម​ក៏​ដោយ ខ្លាក្នុង​ព្រៃ​ក៏ដោយ រឿង​របស់​ខ្លា គឺ​ស៊ីសាច់។ រឿង​របស់​ជនផ្តាច់ការ​គឺ​ប្លន់​អំណាច​ ទោះជា​ប្លន់​ក្នុង​រូបភាព​នៃ​ការឈ្នះ​ឆ្នោត​ហើយ​ក៏ដោយ មុន​ការឈ្នះ​ឆ្នោត​ហើយ​ក៏​ដោយ ក៏​ជន​ផ្តាច់ការ​នៅ​តែ​ចិញ្ចឹម​ចិត្ត ប្លន់​អាហ្នឹង »

ក្រៅពី​កត្តា​មេដឹកនាំ​ផ្តាច់ការ​តែង​ចិញ្ចឹមចិត្ត​ប្លន់​អំណាច​នេះ កត្តាមួយទៀត​ដែល​អាច​អនុញ្ញាត​ឲ្យ​មេដឹកនាំ​ផ្តាច់ការ​កាន់​អំណាច​បាន​យូរ គឺ​ដោយសារ​តែ​ក្រុមអ្នកប្រជាធិបតេយ្យ​ខ្លួនឯង នៅ​តែ​បន្ត​ហែកហួរគ្នា​មិនចេះ​ចប់​មិនចេះ​ហើយ និង​មិនព្រម​រៀន​សូត្រ​ពី​បទពិសោធន៍​កាល​ពីពេល​អតីតកាល។ នេះ​បើ​តាម​ការ​មើល​ឃើញ​របស់​អ្នក​សិក្សា​ស្រាវជ្រាវ​បញ្ហា​សង្គម និង​នយោបាយ បណ្ឌិត មាស នី។ លោក​ព្រមាន​ថា ការ​បន្ត​ហែកហួរ​គ្នា​ក្នុង​ចំណោម​ក្រុម​អ្នក​ប្រជាធិបតេយ្យ​នេះ នឹង​មិន​អាច​ឲ្យ​ពួកគេ​យកឈ្នះ​លើ​មេដឹកនាំ​ផ្ដាច់ការ​បាន​ឡើយ៖ « យើង​ដឹង​ហើយ​ការណ៍​ដែល​ធ្វើ​ឲ្យ​មាន​ការ​វាយ​ប្រហារ​គ្នា​ទៅ​វិញ​ទៅ​មក​គ្នាឯង​នេះ វា​នឹង​អាច​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល ដែល​ខ្មែរ​យើង​និយាយ​ពាក្យ​មួយ​ដែល​ថា បើ​សិន​ជា​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ​ទេ ខ្មោចព្រៃ​ក៏​មិន​ហ៊ាន​ចូល​ដែរ។ នោះ​វា​នឹង​អាច​ធ្វើ​ឲ្យ​គូ​បដិបក្ខ​របស់​ខ្លួន ងាយ​ក្នុង​ការ​លូកដៃ​ចូល ហើយ​ហែក​ឯកភាព​បក្ស​ផ្ទៃក្នុង​ឲ្យ​វា​របើក​កាន់​តែ​ធំ​ទៀត ដែល​រហូត​ដល់​ចំណុច​ណាមួយ​ដែល​មិន​អាច​ផ្សះផ្សា​គ្នា​បាន​ក៏​ថា​បាន​ដែរ។ នេះ​បើ​សិន​ជា​ការ​តស៊ូ ដែល​ពួកគាត់​គិត​ថា ការ​តស៊ូ​នេះ គឺ​ជា​ការ​តស៊ូ​ជាមួយ​របប​ផ្ដាច់ការ ដូច្នេះ ក៏​អត់​វិន័យ​នេះ នឹង​មិន​អាច​យក​ជ័យជម្នះ​ទៅលើ​របប​ផ្ដាច់ការ​ដូចដែល​ពួកគាត់​គិត​បានទេ »

ឆ្នាំ២០១៧ ​ជា​ឆ្នាំ​ដំបូង​​ដែល​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​បាន​ដាំ​ក្បាល​ចុះ​ រអិល​ធ្លាក់​ពី​ជំពូក​ក្រុម​ប្រទេស​ដែល​មាន​របប​ប្រជាធិបតេយ្យ​បែប​កូនកាត់​ មក​ជា​ប្រទេស​ផ្ដាច់​ការ​ទាំងស្រុង​តែ​ម្ដង។ ការណ៍​នេះ​ ​គឺ​ដោយសារតែ​របប​លោក​ ហ៊ុន ​សែន ​បាន​សម្រេច​គាស់​រម្លើង​ និង​រម្លាយ​ចោល​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​មុន​ការបោះឆ្នោត​ជាតិ​ខែ​កក្កដា ​ឆ្នាំ២០១៨ ​ដោយ​បាន​រម្លាយ​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​ ​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អង្គការ​សង្គម​ស៊ីវិល​ ​និង​អ្នកសារព័ត៌មាន​ឯករាជ្យ​ជាដើម។ ​ប្រទេស​កម្ពុជា​ធ្លាប់​ត្រូវ​បាន​អង្គភាព EIU ចាត់ទុកជា​ប្រទេស​មាន​ប្រជាធិបតេយ្យ​បែប​កូន​កាត់​ពី​ឆ្នាំ២០០៦ រហូត​មក​ទល់​ឆ្នាំ២០១៦។​

អង្គភាព​ EIU ​បែងចែក​ប្រជាធិបតេយ្យ​នៅ​លើ​ពិភពលោក​ជា​ ៤ ​ជំពូក​ ​គឺ​​ប្រជាធិបតេយ្យ​ពេញលេញ​ ​ប្រជាធិបតេយ្យ​មិន​ពេញលេញ​ ​ប្រជាធិបតេយ្យ​បែប​កូនកាត់​ ​និង​ប្រជាធិបតេយ្យ​បែប​ផ្ដាច់ការ។ ​អង្គភាព​នេះ​ ​ផ្ដល់​និយម​ថា​ ​រដ្ឋ​ដែល​គ្រប់គ្រង​តាម​បែប​ផ្ដាច់ការ ​គឺ​ពុំ​មាន​ការអនុវត្ត​ប្រព័ន្ធ​សេរី​ពហុ​បក្ស​នយោបាយ​នោះ​ទេ​ ​ហើយ​ប្រព័ន្ធ​នេះ​រង​ការ​រឹតត្បិត​ខ្លាំង​។ ​រីឯ​ការបោះឆ្នោត​ ​មិន​ធ្វើឡើង​ដោយ​សេរី​ ​និង​ត្រឹមត្រូវ​នោះ​ទេ​ ​គ្មាន​ការ​គោរព​ និង​រំលោភ​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។ ចំណែក​ឯ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ​ជា​ទូទៅ​គឺជា​របស់​រដ្ឋ ​ឬ​គ្រប់គ្រង​ដោយ​ក្រុម​ដែល​មាន​ជាប់​ទាក់ទង​នឹង​របប​ដឹកនាំ​ប្រទេស។ ក្រៅពីនេះ មាន​ការគាបសង្កត់​ទៅលើ​អ្នករិះគន់​រដ្ឋអំណាច​ និង​មាន​ការ​រឹតត្បិត​ព័ត៌មាន​ជា​ខ្លាំង ​ខណៈ​ពុំ​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។