កម្ពុជាបន្តជាប់ឈ្មោះជាប្រទេស «ផ្ដាច់ការ» នៅលើពិភពលោក ក្នុងសន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២០ (Democracy Index 2020)។ ការដាក់ចំណាត់ថ្នាក់នេះ គឺដោយសារតែការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅតែបន្តដាំក្បាលចុះរហូតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ អ្នកជំនាញព្រមានថា នេះជាសញ្ញាណមិនល្អមួយសម្រាប់សង្គមកម្ពុជាដោយសារតែចលនាតវ៉ារើបម្រះប្រឆាំងនឹងការដឹកនាំប្រទេសផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ នឹងនៅតែបន្តកើតមាន។
អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit, EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ដាក់កម្ពុជាជាប់លេខ ១៣០ ក្នុងចំណោម ១៦៧ប្រទេស នៅលើពិភពលោក សម្រាប់សន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២០។ ពិន្ទុនៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា បានបន្តធ្លាក់ចុះមកនៅត្រឹមជាង ៣ពិន្ទុ ពោលគឺទាបជាងពេលណាៗ ទាំងអស់ក្នុងរយៈពេល ១ទស្សវត្សចុងក្រោយនេះ។
ពិន្ទុនេះ មិនបានធ្វើឲ្យកម្ពុជាជាប់ឈ្មោះសូម្បីតែជាជំពូកប្រទេសមានលទ្ធិប្រជាធិបតេយ្យមិនពេញលេញ ឬប្រជាធិបតេយ្យបែបកូនកាត់នោះទេ។ តែកម្ពុជា ជាប់ឈ្មោះជាប្រទេសដែលមានការគ្រប់គ្រងបែប «ផ្ដាច់ការ» តែម្ដង។ នៅក្នុងតំបន់ ការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ប្រសើរតែជាងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រទេសកុម្មុយនិស្តវៀតណាម (Vietnam) និងឡាវ (Laos) ប៉ុណ្ណោះ។
Less than half of the world's population lives in some form of democracy. Findings from this year's :
ជារួម កម្ពុជាជាប់ឈ្មោះជាប្រទេសផ្ដាច់ការក្នុងចំណោមប្រទេសផ្ដាច់ការសរុបជិត ៦០ប្រទេសនៅលើពិភពលោក។ ការផ្ដល់ពិន្ទុនេះ ធ្វើឡើងផ្អែកលើសូចនាករសំខាន់ៗ ចំនួន ៥ ក្នុងនោះរួមមាន ដំណើរការបោះឆ្នោត និងពហុបក្ស ដំណើរការរដ្ឋាភិបាល ការចូលរួមក្នុងវិស័យនយោបាយ វប្បធម៌នយោបាយ និងការគោរពសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋជាដើម។
អាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ដើម្បីសុំប្រតិកម្មជុំវិញការបន្តដាក់ចំណាត់ថ្នាក់ប្រទេសកម្ពុជាជាប្រទេសផ្តាច់ការនេះ បានទេ ដោយសារលោកពុំលើកទូរស័ព្ទកាលពីយប់ថ្ងៃទី៥ កុម្ភៈ។
អ្នកជំនាញផ្នែកលទ្ធិប្រជាធិបតេយ្យ និងការបោះឆ្នោត និងជាទីប្រឹក្សាអង្គការ ខុមហ្វ្រែល (COMFREL) លោក គល់ បញ្ញា យល់ថា ការវាយតម្លៃនេះ គឺជាសញ្ញាណមិនល្អមួយសម្រាប់សង្គម សេដ្ឋកិច្ច និងនយោបាយនៅកម្ពុជា៖ «Economic Intelligence Unit គឺគេធ្វើការវាយតម្លៃប្រជាធិបតេយ្យនៅក្នុងប្រទេសមួយៗ គឺគេពិនិត្យមើលពីទិដ្ឋភាពដែលវាមានផលប៉ះពាល់ទៅលើ ហានិភ័យទៅលើសេដ្ឋកិច្ច ហើយនឹងកិច្ចការរកស៊ី។ ដូច្នេះ បញ្ហាការធ្លាក់ចុះប្រជាធិបតេយ្យនៅកម្ពុជានេះ ជាសញ្ញាមិនល្អទេ សម្រាប់កម្ពុជា ដែលព័ត៌មាននេះទៅដល់អ្នកវិនិយោគ ទៅដល់អ្នកដែលគេគាំទ្រខាងសេដ្ឋកិច្ច គេអាចនឹងមើលឃើញថា កម្ពុជាយើងនឹងជួបហានិភ័យខ្លាំងអំពីបញ្ហារឿងនយោបាយ ដែលធ្វើឲ្យមានផលប៉ះពាល់ទៅលើការរកស៊ីរបស់គេ ទៅលើការវិនិយោគរបស់គេ » ។
លោក គល់ បញ្ញា បន្តថា ក្រៅពីការបន្តទទួលរងនូវការស្តីបន្ទោស ដាក់ទណ្ឌកម្ម និងបាត់បង់កិត្យានុភាពនៅលើឆាកអន្តរជាតិ ការបន្តធ្លាក់ចុះប្រជាធិបតេយ្យនៅក្នុងប្រទេសនេះ ក៏មិនអាចធ្វើឲ្យពលរដ្ឋសម្ងំស្ងៀមបាននោះទេ។ តែលោកថា នឹងរឹតតែធ្វើឲ្យពលរដ្ឋបង្កើនចលនាតវ៉ា និងរិះគន់ទង្វើរបស់រដ្ឋាភិបាលក្រោមរូបភាពផ្សេងៗ៖ « នៅ ៤ឆ្នាំខាងមុខនេះ បើសិនជាមានការប្តេជ្ញាចិត្តខ្លាំងក្លាពីប្រទេសដែលប្រកាន់របបប្រជាធិបតេយ្យដូចជាសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ហើយនឹងបណ្ដាប្រទេសមួយចំនួន នឹងអាចរុញច្រានឲ្យការស្តារប្រជាធិបតេយ្យអាចកើតឡើងបានខ្លះ។ ប៉ុន្តែ អ្វីដែលខ្ញុំសង្កេតឃើញ គឺថា ប្រជាពលរដ្ឋនៅបណ្តាប្រទេសនានា ដូចជានៅកម្ពុជាហ្នឹង គឺគេមិនព្រមសង្ងំសុខនោះទេ គឺគេនៅតែតវ៉ា។ គ្រាន់តែថា វិធីសាស្ត្រតវ៉ារបស់គេ មានទម្រង់ផ្សេងៗដែលគេអាចធ្វើទៅបាន ហើយគេនៅតែបន្តធ្វើការតវ៉ា គេនៅបន្តធ្វើការទិះតៀន គេនៅតែបន្តការផ្តល់ឱកាសដើម្បីធ្វើម៉េចគេអាចស្តារនូវការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងសិទ្ធិរបស់គេឡើងវិញ។ នេះដែលខ្ញុំឃើញមានចលនាហ្នឹងនៅតែកើតឡើង។ នេះជាសញ្ញាដែលសង្ឃឹម»។
ដោយឡែក សម្រាប់អតីតស្ថាបនិកបណ្ដាញព្រះសង្ឃដើម្បីយុត្តិធម៌សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ វិញ ព្រះអង្គមានថេរដីកាថា ការដឹកនាំបែបផ្ដាច់ការនៅកម្ពុជា គឺជាការគ្រប់គ្រងផ្ដាច់ការ ហើយផ្ទេរអំណាចពីកូនដល់ចៅតែម្ដង៖ « ពួកកុម្មុយនិស្តផ្ដាច់ការមួយចំនួន គេបន្តអំណាចតាមអតីតភាពក្នុងបក្ស។ ប៉ុន្តែ នៅក្នុងសង្គមកម្ពុជា បន្តមរតកអំណាចខុសគេបន្តិចត្រង់ថា មិនមែនបន្តតាមអតីតភាពឥស្សរជននយោបាយក្នុងបក្សទេ គឺវាបានចាប់ផ្ដើមបង្វិលមកទៅជាអំណាចគ្រួសារ។ នៅក្នុងសង្គមកម្ពុជាសព្វថ្ងៃ ផ្ដាច់ការតាមបែបមរតកគ្រួសារ ដែលគេហៅភាសាម្យ៉ាងថា អំណាចសន្តតិវង្ស។ អំណាចសន្តតិវង្សនេះ គឺផ្ទេរយ៉ាងតិច ៣ជំហ៊ានទៅមុខ។ រឿងនេះ ធ្លាប់កើតឡើងនៅប្រទេសកូរ៉េខាងជើង តាំងពី គឹម អ៊ីលស៊ុង រហូតមកដល់ គឹម ជុងអ៊ុន។ ផ្ទេរពីជីតាទៅចៅ។ ដូច្នេះ នៅក្នុងក្រុងភ្នំពេញ ផ្ដាច់ការបែបផ្ទេរអំណាចពីតាទៅចៅ ដូចគ្នា គឺ ហ៊ុន ម៉ាណែត និងកូនចៅរបស់ ហ៊ុន សែន ដែលបានដាក់ចូលទៅក្នុងជួរមន្ត្រីរាជការ ក្នុងរដ្ឋសភា ក្នុងអីហ្នុង ជាផែនការទី១។ ផែនការទីពីរគឺ គេមើលឃើញទៅដល់ចៅ » ។
ព្រះអង្គពន្យល់ថា មេដឹកនាំផ្តាច់ការគ្រប់រូបតែងតែចិញ្ចឹមចិត្តប្លន់អំណាចក្នុងគ្រប់កាលៈទេសៈទាំងអស់ ដែលក្រុមអ្នកប្រជាធិបតេយ្យ មិនត្រូវមើលរម្លងនោះទេ៖ « កុំឲ្យទុកចិត្តថា ជនផ្តាច់ការមិនរក្សាគោលជំហរប្លន់អំណាច។ កុំឲ្យទុកចិត្ត ! ដូចសុភាសិតខ្មែរយើង ពាក្យស្លោកខ្មែរយើង បាននិយាយហើយថា កុំទុកចិត្តខ្លាមិនស៊ីសាច់។ ទោះជាខ្លាចិញ្ចឹមក៏ដោយ ខ្លាក្នុងព្រៃក៏ដោយ រឿងរបស់ខ្លា គឺស៊ីសាច់។ រឿងរបស់ជនផ្តាច់ការគឺប្លន់អំណាច ទោះជាប្លន់ក្នុងរូបភាពនៃការឈ្នះឆ្នោតហើយក៏ដោយ មុនការឈ្នះឆ្នោតហើយក៏ដោយ ក៏ជនផ្តាច់ការនៅតែចិញ្ចឹមចិត្ត ប្លន់អាហ្នឹង » ។
ក្រៅពីកត្តាមេដឹកនាំផ្តាច់ការតែងចិញ្ចឹមចិត្តប្លន់អំណាចនេះ កត្តាមួយទៀតដែលអាចអនុញ្ញាតឲ្យមេដឹកនាំផ្តាច់ការកាន់អំណាចបានយូរ គឺដោយសារតែក្រុមអ្នកប្រជាធិបតេយ្យខ្លួនឯង នៅតែបន្តហែកហួរគ្នាមិនចេះចប់មិនចេះហើយ និងមិនព្រមរៀនសូត្រពីបទពិសោធន៍កាលពីពេលអតីតកាល។ នេះបើតាមការមើលឃើញរបស់អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយ បណ្ឌិត មាស នី។ លោកព្រមានថា ការបន្តហែកហួរគ្នាក្នុងចំណោមក្រុមអ្នកប្រជាធិបតេយ្យនេះ នឹងមិនអាចឲ្យពួកគេយកឈ្នះលើមេដឹកនាំផ្ដាច់ការបានឡើយ៖ « យើងដឹងហើយការណ៍ដែលធ្វើឲ្យមានការវាយប្រហារគ្នាទៅវិញទៅមកគ្នាឯងនេះ វានឹងអាចធ្វើឲ្យមានភាពងាយស្រួល ដែលខ្មែរយើងនិយាយពាក្យមួយដែលថា បើសិនជាខ្មោចស្រុកមិនឲ្យដៃទេ ខ្មោចព្រៃក៏មិនហ៊ានចូលដែរ។ នោះវានឹងអាចធ្វើឲ្យគូបដិបក្ខរបស់ខ្លួន ងាយក្នុងការលូកដៃចូល ហើយហែកឯកភាពបក្សផ្ទៃក្នុងឲ្យវារបើកកាន់តែធំទៀត ដែលរហូតដល់ចំណុចណាមួយដែលមិនអាចផ្សះផ្សាគ្នាបានក៏ថាបានដែរ។ នេះបើសិនជាការតស៊ូ ដែលពួកគាត់គិតថា ការតស៊ូនេះ គឺជាការតស៊ូជាមួយរបបផ្ដាច់ការ ដូច្នេះ ក៏អត់វិន័យនេះ នឹងមិនអាចយកជ័យជម្នះទៅលើរបបផ្ដាច់ការដូចដែលពួកគាត់គិតបានទេ » ។
ឆ្នាំ២០១៧ ជាឆ្នាំដំបូងដែលប្រជាធិបតេយ្យនៅកម្ពុជា បានដាំក្បាលចុះ រអិលធ្លាក់ពីជំពូកក្រុមប្រទេសដែលមានរបបប្រជាធិបតេយ្យបែបកូនកាត់ មកជាប្រទេសផ្ដាច់ការទាំងស្រុងតែម្ដង។ ការណ៍នេះ គឺដោយសារតែរបបលោក ហ៊ុន សែន បានសម្រេចគាស់រម្លើង និងរម្លាយចោលប្រព័ន្ធប្រជាធិបតេយ្យនៅមុនការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ២០១៨ ដោយបានរម្លាយគណបក្សប្រឆាំងធំជាងគេ គឺគណបក្សសង្គ្រោះជាតិ ធ្វើទុក្ខបុកម្នេញមកលើអង្គការសង្គមស៊ីវិល និងអ្នកសារព័ត៌មានឯករាជ្យជាដើម។ ប្រទេសកម្ពុជាធ្លាប់ត្រូវបានអង្គភាព EIU ចាត់ទុកជាប្រទេសមានប្រជាធិបតេយ្យបែបកូនកាត់ពីឆ្នាំ២០០៦ រហូតមកទល់ឆ្នាំ២០១៦។
អង្គភាព EIU បែងចែកប្រជាធិបតេយ្យនៅលើពិភពលោកជា ៤ ជំពូក គឺប្រជាធិបតេយ្យពេញលេញ ប្រជាធិបតេយ្យមិនពេញលេញ ប្រជាធិបតេយ្យបែបកូនកាត់ និងប្រជាធិបតេយ្យបែបផ្ដាច់ការ។ អង្គភាពនេះ ផ្ដល់និយមថា រដ្ឋដែលគ្រប់គ្រងតាមបែបផ្ដាច់ការ គឺពុំមានការអនុវត្តប្រព័ន្ធសេរីពហុបក្សនយោបាយនោះទេ ហើយប្រព័ន្ធនេះរងការរឹតត្បិតខ្លាំង។ រីឯការបោះឆ្នោត មិនធ្វើឡើងដោយសេរី និងត្រឹមត្រូវនោះទេ គ្មានការគោរព និងរំលោភនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ ជាទូទៅគឺជារបស់រដ្ឋ ឬគ្រប់គ្រងដោយក្រុមដែលមានជាប់ទាក់ទងនឹងរបបដឹកនាំប្រទេស។ ក្រៅពីនេះ មានការគាបសង្កត់ទៅលើអ្នករិះគន់រដ្ឋអំណាច និងមានការរឹតត្បិតព័ត៌មានជាខ្លាំង ខណៈពុំមានប្រព័ន្ធយុត្តិធម៌ឯករាជ្យនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។