ក្រសួងការបរទេសកម្ពុជា ចេញកំណត់ទូតស្នើទៅប្រទេសវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់នូវការជីកដីធ្វើគ្រឹះសង់ប៉ុស្តិ៍យោធា នៅចំណុចនិយាមកា ជាប់នឹងភូមិព្រែកស្បូវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
ការស្នើរបស់ភាគីកម្ពុជា ទៅវៀតណាម ធ្វើឡើងបីលើកមកហើយចាប់តាំងពីខែមេសា ឆ្នាំ២០១៥ ប៉ុន្តែភាគីវៀតណាម នៅតែបន្តជីកធ្វើគ្រឹះ ហើយកាន់តែធ្វើថែមទៀតក្នុងទ្រង់ទ្រាយកាន់តែធំជាងមុន។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានថ្លែងថា រដ្ឋាភិបាលកម្ពុជា ស្នើសាជាថ្មីដល់ភាគីវៀតណាម ឲ្យបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទាំងនេះ រហូតគណៈកម្មការចម្រុះព្រំដែននៃប្រទេសទាំងពីរបោះបង្គោលព្រំដែនក្នុងតំបន់នេះចប់ជាស្ថាពរ៖ «ជំហររបស់រដ្ឋាភិបាល និងក្រសួងការបរទេសកម្ពុជា បញ្ជាក់ច្បាស់ហើយ យើងបានតវ៉ាជាបន្តបន្ទាប់ ដូច្នេះយើងចាត់ទុកថា នេះជាការរំលោភមកលើទឹកដីរបស់កម្ពុជា ហើយរដ្ឋាភិបាល ទាំងគណៈកម្មការព្រំដែន និងក្រសួងការបរទេសកម្ពុជា គឺយល់ថា យើងត្រូវតែតវ៉ាឲ្យវៀតណាម បញ្ឈប់សកម្មភាពនេះ»។
មួយរយៈចុងក្រោយនេះ បញ្ហានៅតាមព្រំដែនខាងកើតរវាងកម្ពុជា និងវៀតណាម ហាក់កក្រើកឡើងវិញ បន្ទាប់ពីតំណាងរាស្ត្របក្សប្រឆាំង និងយុវជនមួយចំនួន បានចុះទៅដល់ទីតាំងដែលពលរដ្ឋរស់នៅតាមព្រំដែន រាយការណ៍ថា មានការរំលោភយកដីពួកគាត់ពីភាគីវៀតណាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។