កម្ពុជា​គួរ​បង្ហាញ​តម្លាភាព​នៅ​កំពង់ផែ​រាម​ជាជាង​ប្រកាសប្រាប់​អន្តរជាតិ​ថា កម្ពុជា​គ្មាន​វត្តមាន​មូលដ្ឋាន​យោធា​បរទេស

0:00 / 0:00

អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ​កម្ពុជា​រិះគន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែល​អះអាង​ថា កម្ពុជា​តែង​ប្រកាន់​ជំហរ​គោលនយោបាយ​អព្យាក្រឹត្យ និង​ប្រឆាំង​ចំពោះ​បរទេស​ណា​ដែល​មាន​បំណង​រំលោភ​អធិបតេយ្យភាព​កម្ពុជា តាមរយៈ​ការ​ពង្រីក​មូលដ្ឋានទ័ព​លើទឹក​ដី​កម្ពុជា។ អ្នកឃ្លាំមើល​លើកឡើង​ថា បើ​ត្រឹម​ការប្រកាស​របស់​កម្ពុជា លើ​វេទិកា​អន្តរជាតិ នឹង​មិន​អាច​លាង​ជម្រះ​មន្ទិល​សង្ស័យ​របស់​ប្រទេស​លោក​សេរី អំពី​វត្តមាន​មូលដ្ឋានទ័ព​ចិន​នៅ​កំពង់ផែ​រាម បាន​ឡើយ។

ក្រោយ​ការ​ប្រកាស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ចំពោះមុខ​អង្គការ​សហប្រជាជាតិ​ពី​ជំហរ​អព្យាក្រឹត្យ​របស់​កម្ពុជា ជាពិសេស​ជុំវិញ​ការ​អះអាង​ថា កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​បរទេស​ដាក់​មូលដ្ឋានទ័ព​នៅ​លើ​ទឹកដី​កម្ពុជា​នោះ សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន ថ្លែងប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៥ ខែ​កញ្ញា ថា ការ​លើកឡើង​របស់​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នៅក្នុង​អង្គការ​សហប្រជាជាតិ​មិន​ឆ្លុះបញ្ចាំង​ពី​ការពិត និង​ពុំ​មាន​ភស្តុតាង​ជាក់ស្ដែង​បង្ហាញថា កម្ពុ​ជា​មាន​ជំហរ​អព្យាក្រឹត្យ​នោះ​ទេ។ លោក​រិះគន់​ថា ទន្ទឹម​នឹង​រដ្ឋាភិបាល​កម្ពុជា​ព្យាយាម​ប្រកាសប្រាប់​អន្តរជាតិ​ថា ខ្លួន​ឯករាជ្យ ប៉ុន្តែ​បែរ​ជា​ទទួល​ជំនួយ​ក្នុង​ការសាងសង់​មូលដ្ឋានទ័ព​ពី​ប្រទេស​ចិន​តែ​ម្ខាង និង​ឱបក្រសោប​ចិន​ស្ទើរ​គ្រប់​វិស័យ។

លោក ស្រ៊ុន ស្រ៊ន ព្រមាន​ថា ប្រសិនបើ​ចិន​សម្រេច​បាន​នូវ​មហិច្ឆតា​ពង្រីក​មូលដ្ឋាន​កងទ័ព​ខ្លួន​នៅ​កម្ពុជា​ជា​ស្ថាពរ កម្ពុជា​គឺជា​អ្នក​ខាតបង់​ធំធេង​តាមរយៈ​ការ​ធ្លាក់​ចូល​អន្ទាក់​ភូមិ​សាស្ត្រ​នយោបាយ ដែល​អាច​អូសទាញ​កម្ពុជា​ធ្លាក់​ក្នុង​សភាព​គ្រោះថ្នាក់​នៃ​ភូមិសាស្ត្រ​នយោបាយ​ដូច​ក្នុង​ពេល​អតីតកាល។

លោក ស្រ៊ុន ស្រ៊ន៖ «គណៈរដ្ឋមន្ត្រី​ថ្មី​របៀប​នៃ​ការប្រើ​ភាសា​ការទូត​របស់​ខ្លួន​បើ​ពិតជា​ចង់ឱ្យ​សកលលោក ឬ​គ្រប់​ប្រទេស​នានា​ជឿ​ថា ខ្លួន​គឺជា​ប្រទេស​អព្យាក្រឹត្យ​ហ្នឹង​ខ្លួន​ត្រូវតែ​បង្ហាញ​ឱ្យ​ឃើញ​ជា​តម្លាភាព ទំនាក់ទំនង​កម្ពុជា​ជាមួយ​បរទេស​ណា​ទាំងអស់ ជាពិសេស​ចិន​ដែល​កំពុង​កសាង​មូលដ្ឋាន​យោធា​នៅ​សមុទ្រ​រាម គឺ​យក​គោលការណ៍​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ២៣ តុលា ១៩៩១ និង​សណ្ដាប់ធ្នាប់​ពិភពលោក​នានា​ដែល​កម្ពុជា​បាន​ចុះ​សច្ចាប័ន ដើម្បី​មក​ធានា​ដល់​អព្យាក្រឹត្យ​របស់​ខ្លួន។ មិនមែន​ត្រឹមតែ​និយាយ​ថា យើង​ជា​ប្រទេស​អព្យាក្រឹត្យ នាយករដ្ឋមន្ត្រី​គាត់​និយាយ​បាន ឧបនាយករដ្ឋមន្ត្រី​ក៏​និយាយ​បាន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ក៏​និយាយ​បាន ព្រោះ​គ្រាន់តែ​និយាយ​។ ប៉ុន្តែ​យក​អី​ជា​គោល​?»។

ការ​លើកឡើង​របស់​អ្នក​អត្ថាធិប្បាយ​ខ្លឹមសារ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ធ្វើឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​នៅ​មហាសន្និបាត​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃទី​២២ ខែកញ្ញា​ថា កម្ពុជា​រក្សា​ជំហរ​នយោបាយ​ការបរទេស​ដោយ​ឯករាជ្យ អព្យាក្រឹត្យ និង​បន្ត​ស្វាគមន៍​ក្នុង​កិច្ច​សហប្រតិបត្តិ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញប្បទាន​ជាមួយ​បណ្ដា​ប្រទេស​ទាំងឡាយ​ណា​ជា​មិត្ត ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​កម្ពុជា​ប្រកបដោយ​ចីរភាព។ លោក ហ៊ុន ម៉ាណែត អះអាង​ទៀត​ថា កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​ជ្រៀតជ្រែក​រដ្ឋ​ឯករាជ្យ និង​មិន​អនុញ្ញាត​ឱ្យ​បរទេស​ណាមួយ​សាងសង់​មូលដ្ឋានទ័ព​នៅ​កម្ពុជា​ឡើយ។

លោក ហ៊ុន ម៉ាណែត៖ «កម្ពុជា​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​គំរាម​ប្រើប្រាស់ ឬ​ប្រើ​កម្លាំង​ក្នុង​ទំនាក់ទំនង​អន្តរជាតិ​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង និង​ឈ្លានពាន​រដ្ឋ​ឯករាជ្យ​ណាមួយ​។ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​នៅ​លើ​ទឹកដី​របស់​ខ្លួន​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។ កម្ពុជា មិន​អនុញ្ញាត​ឱ្យ​ប្រទេស​ណាមួយ ឬ​ក្រុម​ណាមួយ​ប្រើប្រាស់​ទឹកដី​កម្ពុជា​ប្រឆាំង​នឹង​ប្រទេស​ផ្សេងទៀត​។ កម្ពុជា នឹង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ល្អ​ជាមួយ​បណ្ដា​ប្រទេស​ទូទាំង​ពិភពលោក តាមរយៈ​ក្របខណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ»។

ទោះបីជា​យ៉ាងណា​អ្នកឃ្លាំមើល​លើកឡើង​ថា ប្រទេស​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​នៅ​លើ​ទឹកដី​កម្ពុជា តាមរយៈ​កិច្ច​សហប្រតិបត្តិ​ទ្វេភាគី​ក្របខណ្ឌ​វិស័យ​យោធា និង​តាមរយៈ​ការ​ផ្ដល់​ជំនួយ​ផ្នែក​យោធា និង​ការ​ធ្វើ​សមយុទ្ធ​យោធា​ទ្វេភាគី​។ ក្នុង​ឆ្នាំ​២០២៣ កម្ពុជា និង​ចិន បាន​ធ្វើ​សមយុទ្ធ​យោធា​ចំនួន​ពីរ​លើក ក្នុង​នោះ​សមយុទ្ធ​យោធា​នាគ​មាស និង​ទេវតា​សន្តិភាព​ឆ្នាំ​២០២៣ ខណៈ​កម្ពុជា​មិនទាន់​មាន​ការចរចា​ឡើងវិញ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​ពហុភាគី ជាពិសេស​ជាមួយ​បណ្ដា​ប្រទេស​លោក​សេរី បន្ទាប់ពី​កម្ពុជា​បាន​លុបចោល​ដោយ​ឯកតោភាគី​ក្នុង​ការ​សមយុទ្ធ​យោធា​ជាមួយ​សហរដ្ឋអាមេរិក និង​អូស្ត្រាលី កាលពី​ឆ្នាំ​២០១៧។ ទន្ទឹម​នឹង​នេះ កម្ពុជា​ក៏​បាន​សម្រេច​មិន​ចូលរួម​ធ្វើ​សមយុទ្ធ​យោធា​អាស៊ាន​ដឹកនាំ​ដោយ​ឥណ្ឌូណេស៊ី ​ជាលើក​ដំបូង​ផងដែរ ទំនងជា​ដោយសារ​ខ្លាច​ប្រទេស​ចិន​អន់ចិត្ត។

អ្នក​សិក្សា​ផ្នែក​ច្បាប់ និង​ជា​សកម្មជន​សង្គម លោក លី ចាន់ដារ៉ាវុត យល់​ឃើញ​ថា បើ​កម្ពុជា​ត្រឹមតែ​ប្រកាស​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពាក់ព័ន្ធ​រឿង​ចម្រូងចម្រាស​នៃ​ការសាងសង់​មូលដ្ឋាន និង​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម នោះ​វា​នឹង​មិនអាច​លាង​ជម្រះ​មន្ទិលសង្ស័យ​សហគមន៍​អន្តរជាតិ​បាន​នោះ​ឡើយ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុ​ជា​ទទួល​ជំនួយ​ពី​គ្រប់​ភាគី​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម និង​អនុញ្ញាត​ឱ្យ​អន្តរជាតិ​ចូល​ត្រួតពិនិត្យ​ការសាងសង់​មូលដ្ឋានទ័ព​រាម ព្រមទាំង​ពន្លឿន​នូវ​យន្តការ​ដោះស្រាយ​បញ្ហា​ដែល​ជា​កង្វល់​រួម​របស់​អន្តរជាតិ។

លោក លី ចាន់ដារ៉ាវុត៖ «បើ​កម្ពុជា​ទទួលយក​ជំនួយ​ផ្ដាច់​មុខតែ​ពី​ប្រទេស​ណាមួយ ឧទាហរណ៍​ទទួលយក​តែ​ពី​ចិន ប៉ុន្តែ​មិន​ទទួលយក​ពី​ខាង​លោក​សេរី​ទេ ឬ​កម្ពុជា​លម្អៀង​ខ្លាំងពេក​ទៅ​ខាង​ណាមួយ​នោះ​ប្រទេស​កម្ពុជា​នឹង​ជួប​បញ្ហា​ធំ ប្រទេស​យើង​នឹង​ធ្លាក់​ចូល​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ​។ មូលដ្ឋាន​កងទ័ព​សមុទ្រ​រាម​ហ្នឹង​ឃើញ​ដូច​ភស្តុតាង​ថ្មីៗ ដូច​ការសាងសង់​ផែ​ទឹក​ជ្រៅ សម្រាប់​ដាក់​នាវា​ផ្ទុក​យន្តហោះ​ហ្វូជៀន(Fujian)ថា អាច​យក​ដាក់​បាន​នៅ​សមុទ្រ​រាម​វា​ធ្វើ​ឱ្យ​មានការ​ភ័យ​បារម្ភ​ថា នឹង​មាន​ការ​សង​សឹក​ពី​ប្រទេសជិតខាង ឬ​សហគមន៍​អន្តរជាតិ​ដែល​មិន​ពេញ​ចិន​នឹង​មូលដ្ឋានទ័ព​នៅក្នុង​ប្រទេស​កម្ពុជា»។

ឯកសារ​យោធា​សម្ងាត់​របស់​មន្ទីរ​បញ្ច​កោណ​អាមេរិក​ដែល​ត្រូវ​បាន​បែកធ្លាយ ហើយ​ត្រូវ​កាសែត ឌឹ វ៉ាស៊ីងតោន ប៉ុស្តិ៍ (The Washington Post) យក​មក​ចុះផ្សាយ​កាលពី​ចុងខែ​មេសា កន្លងទៅ បង្ហាញ​ថា ផ្នែក​មួយ​នៃ​កំពង់ផែ​កងទ័ពជើងទឹក​រាម ត្រូវ​បាន​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLA) កំណត់ទុក​សម្រាប់​ប្រើប្រាស់​ធ្វើជា​មូលដ្ឋានទ័ព​នៃ «​កងពល​» របស់​ខ្លួន និង​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​គាំទ្រ​ភស្តុភារ​យោធា​របស់​ចិន​នៅ​លើ​ពិភពលោក។ ឯកសារ​ដដែល​នេះ​បង្ហាញថា មូលដ្ឋានទ័ព​របស់​ចិន​នៅ​កំពង់ផែ​រាម​នេះ ទំនងជា​អាច​ផ្ទុក​វត្តមាន​របស់​កងទ័ព​ចិន​បាន​តិច​ជាង​កំពង់ផែ​ដែល​ចិន​កំពុង​សាងសង់​នៅ​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម (UAE)​។ បើ​តាម​ឯកសារ​បែកធ្លាយ​ដដែល​នេះ ក្រោម​គម្រោង ១៤១ (Project 141) កងទ័ព​រំដោះប្រជាជន​ចិន ដាក់​ផែនការ​បង្កើត​មូលដ្ឋានទ័ព​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស​ឱ្យ​បាន​យ៉ាងហោចណាស់​ចំនួន ៥ និង​ទីតាំង​គាំទ្រ​ដល់​ការ​ផ្គត់ផ្គង់​ភស្តុភារ​ចំនួន ១០ ត្រឹម​ឆ្នាំ​២០៣០ ដើម្បី​សម្រេច​នូវ​វត្ថុបំណង​សន្តិសុខ​ជាតិ​របស់​ក្រុង​ប៉េកាំង ដែល​រួមមាន​ទាំង​ការ​ការពារ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្រៅ​ប្រទេស ផង​ដែរ។

មូលដ្ឋាន​ទ័ពជើងទឹក​រាម​ដែល​អាមេរិក​សង្ស័យ​មាន​វត្តមាន​យោធា​ចិន​នោះ បាន​ប្រែប្រួល​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ហើយ​គម្រោង​នេះ​គ្រោង​បិទ​បញ្ចប់​ការសាងសង់​នៅ​ឆ្នាំ​២០២៤ ខាងមុខ៕

កំ ណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។