កម្ពុជា​ប្រកាស​ជាថ្មី​គាំទ្រ​ចិន​ឱ្យ​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជាមួយ​អាស៊ាន

ដោយ មាន ឫទ្ធិ
2021-08-05
Share
កម្ពុជា​ប្រកាស​ជាថ្មី​គាំទ្រ​ចិន​ឱ្យ​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់ជ្រុងជ្រោយ​ជាមួយ​អាស៊ាន
Photo: RFA

អ្នកជំនាញ​កិច្ចការ​អន្តរជាតិ លើក​ឡើង​ថា ការ​ប្រកាស​ជា​ថ្មី​របស់​កម្ពុជា​គាំទ្រ​ការ​លើក​កម្ពស់​ចិន​ឱ្យ​ក្លាយ​ទៅ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​ជាមួយ​តំបន់​អាស៊ាន នឹង​ធ្វើ​ឱ្យ​ក្រុម​ប្រទេស​លោក​សេរី បន្ត​រិះគន់​កម្ពុជា​រឿង​លម្អៀង​ទៅ​រក​ចិន​កាន់​តែ​ខ្លាំង ស្រប​ពេល​ដែល​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​ធ្វើ​ជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​នៅ​ឆ្នាំ២០២២ ខាង​មុខ​នេះ។

ការ​ប្រកាស​ជំហរ​ជាថ្មី​របស់​កម្ពុជា​គាំទ្រ​មិត្ត​ដែកថែប​ចិន​ឱ្យ​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​របស់​អាស៊ាន​នេះ ធ្វើឡើង​នៅ​ក្នុង​សន្និសីទ​ក្រោយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ជាមួយ​ប្រទេសចិន​កាល​ពី​ថ្ងៃ​ទី៣ ខែសីហា តាម​ប្រព័ន្ធ​វីដេអូ។ ប្រទេស​លោក​សេរី រួម​មាន អាមេរិក កាណាដា និង​អូស្ត្រាលី​ជា​ដើម កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​ជា​បន្ត​បន្ទាប់​ជាមួយ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​នា​សប្តាហ៍​នេះ។

ក្រសួង​ការបរទេស​កម្ពុជា​ឱ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​សន្និសីទ​នេះ​ថា រដ្ឋមន្ត្រី​ការ​បរទេស លោក ប្រាក់ សុខុន បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ពង្រឹង​ទំនាក់ទំនង​អាស៊ាន និង​ចិន តាម​រយៈ​ការ​សំយោគ​ផែនការ​មេ​ស្តីពី​ការ​ត​ភ្ជាប់​អាស៊ាន ជាមួយ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវ៉ាត់ និង​ផ្លូវ (BRI) របស់​ចិន។ លោក ប្រាក់ សុខុន ក៏​បាន​រំលឹក​ជាថ្មី​នូវ​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​ការ​លើក​កម្ពស់​ទំនាក់ទំនង​អាស៊ាន​ចិន ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ។

អ្នក​ជំនាញ​សេដ្ឋកិច្ច​នយោបាយ និង​ជា​អ្នក​ស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ University College London នៃ​ចក្រភព​អង់គ្លេស បណ្ឌិត យង់ សុភា បារម្ភ​ថា ការ​ប្រកាស​ជា​ចំហ​របស់​កម្ពុជា​សាជាថ្មី​គាំទ្រ​ការ​លើក​កម្ពស់​ទំនាក់ទំនង​អាស៊ាន​ចិន​ឱ្យ​ទៅ​ជា​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នេះ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ជៀស​មិន​ផុត​ពី​រង​ការ​រិះគន់​ពី​ក្រុម​ប្រទេស​លោក​សេរី នៅពេល​ដែល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរវេន​របស់​អាស៊ាន​នៅ​ឆ្នាំ២០២២ ខាង​មុខ​នេះ៖ «អាច​ជា​កត្តាមួយ​ដែល​គេ​ជំរុញ​ធ្វើឱ្យ​មាន​ការ​រិះគន់​ទៅ​លើ​ខ្មែរ​ជា​ប្រធាន​អាស៊ាន​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ​ហ្នុង»

បណ្ឌិត យង់ សុភា ពន្យល់​ថា ការ​ពង្រីក​ឱ្យ​ចិន​ក្លាយ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយ​នេះ នឹង​ជួយ​ឱ្យ​ចិន​ចំណេញ​ផ្នែក​សេដ្ឋកិច្ច ការ​នាំ​ចេញ​នាំ​ចូល អាច​រកស៊ី​បណ្ដាក់​ទុន​វិនិយោគ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​បាន​កាន់តែ​ច្រើន​ជាង​មុន ព្រមទាំង​ជួយ​ពង្រឹង​ឥទ្ធិពល​នយោបាយ​របស់​ចិន​កាន់​តែ​ខ្លាំង​នៅ​តំបន់​នេះ​ទៀត​ផង។ ចិន​បាន​ក្លាយ​ជា​ដៃគូ​សន្ទនា​ពេញ​មុខ​មាត់​ជាមួយ​អាស៊ាន កាល​ពី​ឆ្នាំ១៩៩៦ ហើយ​នៅ​ឆ្នាំ២០០៣ ចិន​បាន​ក្លាយ​ជា​ប្រទេស​ទី១ ដែល​ពង្រីក​ទំនាក់ទំនង​នេះ​ទៅជា​ដៃគូ​យុទ្ធសាស្ត្រ​ជាមួយ​អាស៊ាន។

នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្តូរវេន​អាស៊ាន​កាល​ពី ១ទសវត្ស​មុន គឺ​កាល​ពី​ឆ្នាំ២០១២ កម្ពុជា​ធ្លាប់​រង​ការ​រិះគន់ និង​ថ្កោលទោស​ពី​ក្រុម​ប្រទេស​លោក​សេរី​ថា បាន​ចូល​ដៃ​ចូល​ជើង​ជាមួយ​ប្រទេស​ចិន រារាំង​មិនឱ្យ​អាស៊ាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ថ្កោលទោស​ចិន​រឿង​បញ្ហា​ជម្លោះ​ដណ្តើម​អធិបតេយ្យ​លើ​ប្រជុំ​កោះ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​បាន។ ការ​ការពារ​ផល​ប្រយោជន៍​ចិន​នៅ​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នា​ពេល​នោះ បាន​ធ្វើឱ្យ​ស្ថាប័ន​អាស៊ាន​ទាំង​មូល​រង​នូវ​ការ​បរាជ័យ​ដ៏​អាម៉ាស់​មួយ​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រវត្តិសាស្ត្រ​កន្លះសតវត្សរ៍​របស់​អាស៊ាន ដែល​អាស៊ាន​មិន​អាច​ចេញ​សេចក្ដី​ថ្លែង​ការណ៍​បាន។ កម្ពុជា​បាន​បន្ត​ធ្វើ​ដូច្នេះ​ម្ដង​ទៀត​នៅ​ឆ្នាំ២០១៦។ មន្ត្រី​ការ​ទូត​កម្ពុជា​រង​ការ​រិះគន់​ថា បាន​លួច​ផ្តល់​សេចក្ដី​ព្រាង​នៃ​សេចក្ដី​ថ្លែង​ការណ៍​រួម​ឱ្យ​ចិន​ដែល​ជា​ចៅហ្វាយ​នាយ​របស់​ខ្លួន​ត្រួត​ពិនិត្យ​មើល​ជា​មុន​សិន។

ស្របពេល​ដែល​កម្ពុជា​នឹង​ធ្វើជា​ប្រធាន​ប្តូរវេន​អាស៊ាន​ជាថ្មី​ម្តងទៀត​នៅ​ឆ្នាំ២០២២ ខាង​មុខ​នេះ កង្វល់​ដែល​ថា កម្ពុជា​អាច​នឹង​ធ្វើ​តាម​ការ​បង្គាប់​បញ្ជា​របស់​ចិន​ដដែល​នេះ បាន​លេច​ចេញ​ឡើង​ជា​ថ្មី ខណៈ​កម្ពុជា​កំពុង​តែ​មាន​ទំនាក់ទំនង​ជាមួយ​ចិន​កាន់​តែ​ល្អូកល្អឺន​ជាង​ពេល​ណាៗ ទាំង​អស់។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​លោក កុយ គួង ដើម្បី​សុំ​ប្រតិកម្ម​ជុំវិញ​រឿង​នេះ​បាន​ទេ កាលពី​យប់​ថ្ងៃ​ទី៥ ខែសីហា។

បណ្ឌិត យង់ សុភា យល់ថា ការ​ធ្វើ​ជា​ប្រធាន​ប្ដូរ​វេន​អាស៊ាន​នៅ​ឆ្នាំ២០២២ ខាង​មុខ​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ ដែល​កម្ពុជា​គួរ​កែ​ប្រែ​មុខ​មាត់​របស់​ខ្លួន​កុំឱ្យ​ដូច​កាល​ពី ១០ឆ្នាំ​មុន៖ «យើង​គិត​ថា​នេះ​ជា​ឱកាស​ល្អ​សម្រាប់​ខ្មែរ​ឡើងវិញ ដោយសារ​លើក​មុន​ត្រូវ​បាន​គេចោទ​ទាក់ទង​រឿង​ហ្នុង។ ប៉ុន្តែ ខ្មែរ​នៅ​តែ​រក្សា​ជំហរ​ខ្លួន​ឯង​ថា ធ្វើ​ម៉េច​ឱ្យ​មាន​សមតុល្យ​រវាង​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។ ដូច្នេះ ខ្ញុំ​គិតថា ប្រធាន​ប្ដូរ​វេន​នេះ​ប្រហែល​ជា​អាច​ជា​ឱកាស​មួយ ដែល​ខ្មែរ​អាច​កសាង​កិត្តិយស​ឡើង​វិញ ឬក៏​ខ្មែរ​នឹង​អាច​រៀន​ពី​បទ​ពិសោធន៍​ពី ១០ឆ្នាំមុន​ថាតើ​វា​មាន​បញ្ហា​អី​ខ្លះ​ថា តើ​គាត់​ត្រូវ​ដើរ​របៀប​ម៉េច? យើង​ឃើញ​ថា នៅ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​មក​ចូលរួម​ជា​លក្ខណៈ​ចរចា​ជាមួយ​នឹង​ខ្មែរ​នេះ ក៏​ផ្តល់​ផល​ប្រយោជន៍​ឱ្យ​ខ្មែរ​ដែរ...»

កាល​ពី​ខែ​មិថុនា ក្នុងដំណើរ​ទស្សនកិច្ច​ដ៏កម្រ​របស់​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មក​កាន់​កម្ពុជា អនុរដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បាន​លើក​ឡើង​ពី​បំណង​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ធ្វើ​ការ​ជាមួយ​កម្ពុជា ក្នុង​តួនាទី ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំ២០២២ និង​ជួយ​ធានា​ថា កម្ពុជា​អាច​ដើរ​តួនាទី​ប្រកប​ដោយ​ស្ថាបនា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ ផ្នែក​នយោបាយ និង​សន្តិសុខ​ក្នុង​តំបន់ ជាពិសេស បញ្ហា​នៅ​កូរ៉េ​ខាង​ជើង បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង បញ្ហា​តំបន់​មេគង្គ និង​បញ្ហា​នៅ​មីយ៉ាន់ម៉ា  (Myanmar)  ឬ​ភូមា​ជា​ដើម។ អ្នកស្រី​ក៏​បាន​លើក​ឡើង​ពី​កង្វល់​នៃ​ការ​ធ្លាក់​ចុះ​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ ព្រម​ទាំង​កង្វល់​ពី​រឿង​វត្តមាន​កងទ័ព​ចិន​នៅ​កម្ពុជា ផង​ដែរ។ អ្នកស្រី​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ងាក​មក​គោរព​សិទ្ធិមនុស្ស ស្ដារ​ប្រជាធិបតេយ្យ និង​រក្សា​តុល្យភាព​នៃ​នយោបាយ​ការ​បរទេស​របស់​ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល