អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា ការប្រកាសជាថ្មីរបស់កម្ពុជាគាំទ្រការលើកកម្ពស់ចិនឱ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយតំបន់អាស៊ាន នឹងធ្វើឱ្យក្រុមប្រទេសលោកសេរី បន្តរិះគន់កម្ពុជារឿងលម្អៀងទៅរកចិនកាន់តែខ្លាំង ស្របពេលដែលកម្ពុជាកំពុងត្រៀមខ្លួនធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ។
ការប្រកាសជំហរជាថ្មីរបស់កម្ពុជាគាំទ្រមិត្តដែកថែបចិនឱ្យក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់អាស៊ាននេះ ធ្វើឡើងនៅក្នុងសន្និសីទក្រោយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយប្រទេសចិនកាលពីថ្ងៃទី៣ ខែសីហា តាមប្រព័ន្ធវីដេអូ។ ប្រទេសលោកសេរី រួមមាន អាមេរិក កាណាដា និងអូស្ត្រាលីជាដើម កំពុងចូលរួមក្នុងកិច្ចប្រជុំជាបន្តបន្ទាប់ជាមួយប្រទេសក្នុងតំបន់អាស៊ាននាសប្តាហ៍នេះ។
អ្នកជំនាញសេដ្ឋកិច្ចនយោបាយ និងជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ University College London នៃចក្រភពអង់គ្លេស បណ្ឌិត យង់ សុភា បារម្ភថា ការប្រកាសជាចំហរបស់កម្ពុជាសាជាថ្មីគាំទ្រការលើកកម្ពស់ទំនាក់ទំនងអាស៊ានចិនឱ្យទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នឹងធ្វើឱ្យកម្ពុជាជៀសមិនផុតពីរងការរិះគន់ពីក្រុមប្រទេសលោកសេរី នៅពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនរបស់អាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ៖ « អាចជាកត្តាមួយដែលគេជំរុញធ្វើឱ្យមានការរិះគន់ទៅលើខ្មែរជាប្រធានអាស៊ានម្ដងទៀតនៅឆ្នាំក្រោយហ្នុង »។
បណ្ឌិត យង់ សុភា ពន្យល់ថា ការពង្រីកឱ្យចិនក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ នឹងជួយឱ្យចិនចំណេញផ្នែកសេដ្ឋកិច្ច ការនាំចេញនាំចូល អាចរកស៊ីបណ្ដាក់ទុនវិនិយោគនៅតំបន់អាស៊ីអាគ្នេយ៍បានកាន់តែច្រើនជាងមុន ព្រមទាំងជួយពង្រឹងឥទ្ធិពលនយោបាយរបស់ចិនកាន់តែខ្លាំងនៅតំបន់នេះទៀតផង។ ចិនបានក្លាយជាដៃគូសន្ទនាពេញមុខមាត់ជាមួយអាស៊ាន កាលពីឆ្នាំ១៩៩៦ ហើយនៅឆ្នាំ២០០៣ ចិនបានក្លាយជាប្រទេសទី១ ដែលពង្រីកទំនាក់ទំនងនេះទៅជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន។
នៅពេលដែលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានកាលពី ១ទសវត្សមុន គឺកាលពីឆ្នាំ២០១២ កម្ពុជាធ្លាប់រងការរិះគន់ និងថ្កោលទោសពីក្រុមប្រទេសលោកសេរីថា បានចូលដៃចូលជើងជាមួយប្រទេសចិន រារាំងមិនឱ្យអាស៊ានចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសចិនរឿងបញ្ហាជម្លោះដណ្តើមអធិបតេយ្យលើប្រជុំកោះនៅសមុទ្រចិនខាងត្បូងបាន។ ការការពារផលប្រយោជន៍ចិននៅពេលដែលកម្ពុជាធ្វើជាប្រធានប្ដូរវេនអាស៊ាននាពេលនោះ បានធ្វើឱ្យស្ថាប័នអាស៊ានទាំងមូលរងនូវការបរាជ័យដ៏អាម៉ាស់មួយមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រកន្លះសតវត្សរ៍របស់អាស៊ាន ដែលអាស៊ានមិនអាចចេញសេចក្ដីថ្លែងការណ៍បាន។ កម្ពុជាបានបន្តធ្វើដូច្នេះម្ដងទៀតនៅឆ្នាំ២០១៦។ មន្ត្រីការទូតកម្ពុជារងការរិះគន់ថា បានលួចផ្តល់សេចក្ដីព្រាងនៃសេចក្ដីថ្លែងការណ៍រួមឱ្យចិនដែលជាចៅហ្វាយនាយរបស់ខ្លួនត្រួតពិនិត្យមើលជាមុនសិន។
ស្របពេលដែលកម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាថ្មីម្តងទៀតនៅឆ្នាំ២០២២ ខាងមុខនេះ កង្វល់ដែលថា កម្ពុជាអាចនឹងធ្វើតាមការបង្គាប់បញ្ជារបស់ចិនដដែលនេះ បានលេចចេញឡើងជាថ្មី ខណៈកម្ពុជាកំពុងតែមានទំនាក់ទំនងជាមួយចិនកាន់តែល្អូកល្អឺនជាងពេលណាៗ ទាំងអស់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង ដើម្បីសុំប្រតិកម្មជុំវិញរឿងនេះបានទេ កាលពីយប់ថ្ងៃទី៥ ខែសីហា។
បណ្ឌិត យង់ សុភា យល់ថា ការធ្វើជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំ២០២២ ខាងមុខនេះ គឺជាឱកាសដ៏ល្អមួយ ដែលកម្ពុជាគួរកែប្រែមុខមាត់របស់ខ្លួនកុំឱ្យដូចកាលពី ១០ឆ្នាំមុន៖ « យើងគិតថានេះជាឱកាសល្អសម្រាប់ខ្មែរឡើងវិញ ដោយសារលើកមុនត្រូវបានគេចោទទាក់ទងរឿងហ្នុង។ ប៉ុន្តែ ខ្មែរនៅតែរក្សាជំហរខ្លួនឯងថា ធ្វើម៉េចឱ្យមានសមតុល្យរវាងអ្នកពាក់ព័ន្ធទាំងអស់។ ដូច្នេះ ខ្ញុំគិតថា ប្រធានប្ដូរវេននេះប្រហែលជាអាចជាឱកាសមួយ ដែលខ្មែរអាចកសាងកិត្តិយសឡើងវិញ ឬក៏ខ្មែរនឹងអាចរៀនពីបទពិសោធន៍ពី ១០ឆ្នាំមុនថាតើវាមានបញ្ហាអីខ្លះថា តើគាត់ត្រូវដើររបៀបម៉េច ? យើងឃើញថា នៅពេលដែលប្រទេសមួយចំនួនមកចូលរួមជាលក្ខណៈចរចាជាមួយនឹងខ្មែរនេះ ក៏ផ្តល់ផលប្រយោជន៍ឱ្យខ្មែរដែរ ...»។
កាលពីខែមិថុនា ក្នុងដំណើរទស្សនកិច្ចដ៏កម្ររបស់មន្ត្រីជាន់ខ្ពស់អាមេរិកមកកាន់កម្ពុជា អនុរដ្ឋមន្ត្រីការបរទេសអាមេរិក អ្នកស្រី វិនឌី ហ្សឺមែន (Wendy Sherman) បានលើកឡើងពីបំណងរបស់សហរដ្ឋអាមេរិកក្នុងការធ្វើការជាមួយកម្ពុជា ក្នុងតួនាទី ដែលកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ និងជួយធានាថា កម្ពុជាអាចដើរតួនាទីប្រកបដោយស្ថាបនាក្នុងការដោះស្រាយបញ្ហាប្រឈមសំខាន់ៗ ផ្នែកនយោបាយ និងសន្តិសុខក្នុងតំបន់ ជាពិសេស បញ្ហានៅកូរ៉េខាងជើង បញ្ហាសមុទ្រចិនខាងត្បូង បញ្ហាតំបន់មេគង្គ និងបញ្ហានៅមីយ៉ាន់ម៉ា (Myanmar) ឬភូមាជាដើម។ អ្នកស្រីក៏បានលើកឡើងពីកង្វល់នៃការធ្លាក់ចុះការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងកង្វល់ពីរឿងវត្តមានកងទ័ពចិននៅកម្ពុជា ផងដែរ។ អ្នកស្រីបានជំរុញឱ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ងាកមកគោរពសិទ្ធិមនុស្ស ស្ដារប្រជាធិបតេយ្យ និងរក្សាតុល្យភាពនៃនយោបាយការបរទេសរបស់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។