កម្ពុជា-ចិនបញ្ជាក់ជំហរជួយគ្នាយ៉ាងម៉ឺងម៉ាត់រឿងស្ថិរភាពនយោបាយ និងបញ្ហាកោះតៃវ៉ាន់
2022.07.05

កម្ពុជា និងចិនបញ្ជាក់ជំហរជួយគ្នាក្នុងរឿងរក្សាស្ថិរភាពនយោបាយនៅកម្ពុជា និងរឿងគោលនយោបាយចិនតែមួយចំពោះកោះតៃវ៉ាន់ (Taiwan) រួមទាំងតំបន់ចម្រូងចម្រាស់ផ្សេងទៀតនៅប្រទេសចិន។ អ្នកជំនាញលើកឡើងថា កម្ពុជាប្រកាសដូច្នេះ ព្រោះចង់ឱ្យចិនជួយរក្សាអំណាចឱ្យបានយូរអង្វែង ខណៈជំហរចិនតែមួយនឹងធ្វើឱ្យកម្ពុជាប្រឈមនឹងបញ្ហាខ្លាំង ប្រសិនបើមានសង្គ្រាមឈ្លានពានកោះតៃវ៉ាន់។
ការប្រកាសជំហរជាថ្មីនេះ ធ្វើឡើងក្នុងឱកាសដែលភាគីទាំងពីរចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី៧ នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ដែលបានប្រព្រឹត្តទៅនៅបាហ្កាន (Bagan) នៃប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា (Burma) កាលពីថ្ងៃទី៤ ខែកក្កដា។
ស្ថានទូតចិនប្រចាំកម្ពុជាឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានផ្សាយនៅថ្ងៃទី៥ ខែកក្កដាថា នៅមុនពេលចូលរួមកិច្ចប្រជុំនោះ ក្នុងជំនួបដាច់ដោយឡែកមួយរវាងកម្ពុជានិងចិនកាលពីថ្ងៃទី៣ ខែកក្កដា រដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានប្រាប់ទៅរដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) ថា កម្ពុជាបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយចិនតែមួយ និងគាំទ្រជំហររបស់ចិនជុំវិញបញ្ហាពាក់ព័ន្ធនឹងកោះតៃវ៉ាន់ (Taiwan) តំបន់ហុងកុង (Hong Kong) តំបន់ស៊ីនជាំង (Xinjiang) និងតំបន់ស៊ីចាង (Xizang)។ លោក ប្រាក់ សុខុន គូសបញ្ជាក់បន្ថែមថា កម្ពុជាសង្ឃឹមថានឹងផ្លាស់ប្តូរ និងពង្រឹងកិច្ចប្រាស្រ័យទាក់ទងកម្រិតខ្ពស់បែបយុទ្ធសាស្ត្រជាមួយចិនបន្ថែមទៀត។ ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី បញ្ជាក់ថា ក្នុងនាមជាដៃគូយុទ្ធសាស្ត្ររួមសុខរួមទុក្ខនឹងគ្នា ចិននឹងបន្តគាំទ្រយ៉ាងម៉ុតម៉ាំដល់កម្ពុជា និងជួយថែរក្សាស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា។
ដោយឡែក កាលពីថ្ងៃទី៣ ខែកក្កដា ក្រសួងការបរទេសកម្ពុជា ឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់ក្រសួង កាលពីថ្ងៃទី៣ ខែកក្កដាថា លោក ប្រាក់ សុខុន និងលោក វ៉ាង យី បានជួបពិភាក្សាប្រកបដោយផ្លែផ្កាលើប្រធានបទផ្សេងៗ និងបានបន្តប្តេជ្ញាចិត្តក្នុងការធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលបច្ចុប្បន្នកំពុងស្ថិតនៅចំណុចខ្ពស់បំផុត។ ក្រសួងការបរទេសកម្ពុជា មិនបានបញ្ជាក់លម្អិតទេថាតើការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅថែមទៀតនេះ ប្រទេសទាំងពីរនឹងផ្តោតលើវិស័យណាខ្លះ ជាពិសេសវិស័យយោធា ដែរឬទេ ស្របពេលដែលកម្ពុជាកំពុងរងការចោទប្រកាន់ពីសំណាក់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តថាកម្ពុជាលួចអនុញ្ញាតឱ្យចិនប្រើប្រាស់កំពង់ផែកងទ័ពជើងទឹករាមផ្តាច់មុខ និងថាចិនមានផែនការដាក់មូលដ្ឋានទ័ពនៅទីនោះ។
អ្នកជំនាញកិច្ចការបរទេស និងជាព្រឹទ្ធបុរសជាន់ខ្ពស់នៅសាកលវិទ្យាល័យ Arizona State University នៅសហរដ្ឋអាមេរិក បណ្ឌិត អៀ សុផល លើកឡើងថា ការប្រកាសជំហររបស់កម្ពុជាបែបនេះ គឺដោយសារតែរដ្ឋាភិបាលកម្ពុជាចង់ឱ្យចិនជួយរក្សាអំណាចឱ្យបានយូរអង្វែងតទៅទៀត ខណៈចិនឆ្លើយតបថា ខ្លួននឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីជួយឱ្យបក្សកាន់អំណាចអាចរក្សាអំណាចបានយូរតទៅទៀត។ អ្នកជំនាញរូបនេះ ពន្យល់ថា ការប្រកាសគាំទ្រគោលនយោបាយចិនតែមួយរបស់កម្ពុជា ក៏មានន័យថា កម្ពុជាបិទភ្នែកធ្វើមិនដឹងមិនឮចំពោះអំពើបង្ក្រាបរបស់រដ្ឋាភិបាលកុម្មុយនិស្តចិនទៅលើតំបន់ហុងកុង ការគំរាមកំហែងលើកោះតៃវ៉ាន់ និងរំលោភសិទ្ធិមនុស្សរបស់ចិននៅក្នុងតំបន់ស៊ីនជាំង និងតំបន់ចម្រូងចម្រាសដទៃទៀតនៅក្នុងប្រទេសចិន។
រីឯអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា វិញ លោកព្រមានថា គោលនយោបាយចិនតែមួយដែលកម្ពុជាប្រកាសគាំទ្រយ៉ាងម៉ុតម៉ាំនេះ នឹងចោទជាបញ្ហាខ្លាំងដល់កម្ពុជាខ្លួនឯងវិញ ប្រសិនបើមានសង្គ្រាមឈ្លានពានណាមួយពីប្រទេសចិនទៅលើកោះតៃវ៉ាន់ មិនខុសពីករណីរុស្ស៊ី (Russia) លើកទ័ពចូលឈ្លានពានប្រទេសអ៊ុយក្រែន (Ukraine) នាពេលបច្ចុប្បន្ននេះ៖ «បច្ចុប្បន្ន វាអត់ទាន់មានការប្រើកម្លាំងទ័ពដោយកម្លាំងដើម្បីទៅកាន់កាប់យកកោះតៃវ៉ាន់ អ៊ីចឹងវាអត់ជាបញ្ហាអីសម្រាប់បណ្តារដ្ឋតូចៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទេ។ ក៏ប៉ុន្តែ នៅក្នុងករណីដែលមានករណីកើតឡើងដូចរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន អាហ្នុងអាចជាឧបស័គ្គសម្រាប់បណ្តារដ្ឋតូចៗ។ នៅក្នុងក្របខណ្ឌអ្វីដែលកម្ពុជាអះអាង ឬក៏បញ្ជាក់នេះ គឺកម្ពុជានៅតែឈរខាងគោលនយោបាយចិនតែមួយដដែលទេ អ៊ីចឹង វាអាចប្រឈមជាមួយលោកខាងលិចជាពិសេសជាមួយនឹងសហរដ្ឋអាមេរិកនៅថ្ងៃអនាគត»។
ក្រោយប្រទេសរុស្ស៊ីលើកទ័ពឈ្លានពានប្រទេសអ៊ុយក្រែនដោយមិនខ្វល់ពីការរិះគន់ និងទណ្ឌកម្មពីក្រុមប្រទេសលោកខាងលិច សំណួរដែលថាតើចិនអាចនឹងធ្វើតាមរុស្ស៊ីដោយប្រើកម្លាំងទ័ពឈ្លានពានដើម្បីដណ្តើមអធិបតេយ្យលើកោះនេះ បានក្លាយជាប្រធានបទដ៏ក្តៅមួយនៃការពិភាក្សាដេញដោលគ្នាកាន់តែខ្លាំងក្នុងចំណោមអ្នកវិភាគ និងអ្នកឃ្លាំមើលស្ថានការណ៍អន្តរជាតិ។ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បានប្រកាសជំហរជាសាធារណៈថា សហរដ្ឋអាមេរិកនឹងប្រើកម្លាំងទ័ពការពារកោះតៃវ៉ាន់ ប្រសិនបើមានការលើកទ័ពឈ្លានពានណាមួយពីសំណាក់ប្រទេសកុម្មុយនិស្តចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។