អ្នកឃ្លាំមើលសង្គមយល់ថា ការណ៍ដែលកម្ពុជាត្រូវលើកពេលប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ដែលកម្ពុជាគ្រោងរៀបចំធ្វើនៅខេត្តសៀមរាប នៅសប្តាហ៍ក្រោយនោះ អាចមកពីរឿងនយោបាយ មិនមែនមកពីរឿងបច្ចេកទេស ឬធុរៈបន្ទាន់នោះទេ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនិងសង្គមមិនភ្ញាក់ផ្អើលទៅនឹងការណ៍ដែលកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ត្រូវលើកពេលប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាននោះទេព្រោះជំហរកម្ពុជាដែលជាប្រធានប្តូរវេនអាស៊ានក្នុងរឿងភូមាគឺដើរបញ្ច្រាសទិសពីសមាជិកអាស៊ានជាច្រើន។
អ្នកស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់ប្រតិបត្តិការ និងសន្តិភាពលោក វណ្ណ ប៊ុនណា ថាការដើរបញ្ច្រាសទិសនេះរួមមាន ការសម្រេចជាឯកតោភាគីរបស់កម្ពុជា នៅក្នុងការទៅចាប់ដៃមេដឹកនាំរដ្ឋប្រហារយោធាភូមាដល់ផ្ទះ និងការបង្ហាញជំហរចង់ឲ្យតំណាងរដ្ឋប្រហារយោធាភូមាចូលប្រជុំអាស៊ានស្មើមុខស្មើមាត់គ្នាជាមួយសមាជិកអាស៊ានដទៃទៀត។
កន្លងមកប្រទេសអាស៊ានចំនួន ៥ រួមមាន សិង្ហបុរី (Singapore) ម៉ាឡេស៊ី (Malaysia) ឥណ្ឌូនេស៊ី (Indonesia) ហ្វ៊ីលីពីន (Philippines) និងប្រ៊ុយណេ(Brunei)សុទ្ធតែមិនឲ្យតំណាងរដ្ឋប្រហារយោធាភូមាចូលប្រជុំនោះឡើយ។ លោក វណ្ណ ប៊ុនណា ថាដោយសារតែកម្ពុជាចង់ឲ្យតំណាងពួករដ្ឋប្រហារយោធាភូមាចូលប្រជុំនេះហើយទើបលោកយល់ថា ប្រទេសអាស៊ានយកលេស ថាមានបញ្ហាធ្វើដំណើរ និងមានធុរៈបន្ទាន់ដើម្បីមិនចូលប្រជុំនោះ៖ «ដោយសារកិច្ចប្រជុំហ្នឹង វាអាចមាន ការអាក់អន់ ចិត្ត ឬក៏មិនចង់ឃើញមេដឹកនាំ ឬក៏រដ្ឋ មន្រ្តីការបរទេស របស់ពួកយោធាចូលរួម។ ដូច្នេះអាស៊ានប្រហែល មិនចង់ចូលរួមកិច្ចប្រជុំនៅក្នុងចំណុចហ្នឹង។ ពាក្យសាមញ្ញ ដែលគេអាចនិយាយបាន គឺការធ្វើពហិការ មិនចូលរួមកិច្ចប្រជុំ។ ដូច្នេះកម្ពុជា កាលណាបើ សមាជិកអាស៊ានមួយ មិនអាចចូល រួមប្រជុំបាន ដំណើរការ ប្រជុំអាស៊ានមិនអាចដំណើរការ បាន ដោយរលូនទេ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលសង្គម និងស្ថានការណ៍នយោបាយកម្ពុជារូបនេះធ្វើឡើងក្រោយ កិច្ចប្រជុំ ចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat)ដែលគ្រោងរៀបចំធ្វើនៅថ្ងៃទី១៨-១៩ ខែមករា នៅខេត្តសៀមរាបត្រូវកម្ពុជាប្រកាសលើកពេលទៅធ្វើនាពេលក្រោយវិញ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួយ ប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)និងសារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី១២ ខែមករា ថាការលើកពេលប្រជុំនេះគឺដោយសារ រដ្ឋមន្ត្រី ការបរទេសអាស៊ានជាច្រើនរូបដែលនឹងត្រូវចូលរួមកិច្ចប្រជុំនេះមានការលំបាកក្នុងការធ្វើដំណើរមកចូលរួមក្នុងកិច្ចប្រជុំនិងថារដ្ឋមន្រ្តីខ្លះមានធុរៈការងារបន្ទាន់ដែលមិនអាចមកចូលរួមប្រជុំនោះបាន។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយ និងសង្គមមួយរូបទៀតធ្លាប់ព្យាការណ៍ថា លោក ហ៊ុន សែន នឹងចៀសមិនផុតពីនៅឯកោតែឯងក្នុងនាមជាប្រធានប្តូរវេនអាស៊ានដែលហ៊ានធ្វើអ្វីស្រេចតែចិត្ត ដោយមិនក្រែងជំហររួមរបស់អាស៊ានរឿងវិបត្តិនៅភូមានេះ។
អ្នកវិភាគនយោបាយដែលហ៊ានរិះគន់លោក ហ៊ុន សែន ឥតសំចៃមាត់ និងកំពុងរស់នៅប្រទេសហ្វាំងឡង់ (Finland) លោក គឹម សុខ ធ្លាប់ព្រមានថា លោក ហ៊ុន សែន នឹងក្លាយជាប្រធានអាស៊ានចាំចាបព្រោះប្រទេសអាស៊ានដទៃទៀតនាំគ្នាធ្វើពហិការមិនចូលរួមប្រជុំដែលកម្ពុជាដឹកនាំ។ លោកបានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១២ ខែមករាថាការលើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាននេះគឺជាបរាជ័យផ្ទួនៗគ្នារបស់លោក ហ៊ុន សែន រឿងចចេស និងផ្គើនដាក់សមាជិកអាស៊ានដទៃទៀតរឿងទទួលស្គាល់មេរដ្ឋប្រហារយោធាភូមា។
លោកថា បរាជ័យទីមួយគឺដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅភូមាកាលពីថ្ងៃទី៧-៨ ខែ មករានោះមិនត្រឹមតែមិនបានការអ្វីនោះទេគឺរងភាពអាម៉ាស់ដោយសារតែពួកយោធានៅតែបំពានបទ ឈប់បាញ់ ដោយវាយប្រហារតាមអាកាសបាញ់កម្ទេចផ្ទះអ្នកស្រុក និងកាត់ទោសអ្នកស្រីអ៊ុង សានស៊ូជី (Aung Sann Suu Kyi) ឲ្យជាប់ពន្ធនាគារថែម ៤ ឆ្នាំទៀត គឺភ្លាមៗក្រោយលោក ហ៊ុន សែន និងមេយោធារដ្ឋប្រហារយោធាភូមា អួតរួមគ្នាថា ទស្សនកិច្ចនោះជោគជ័យ។ទីពីរលោកថាក្រោយដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសនោះគ្មានប្រទេសអាស៊ានណាមួយថ្លែងសារអបអរសាទរនោះឡើយ។
ភាពស្ងាត់ឈឹងបែបនេះលោកបន្តថាជាសារការទូតល្មមអាចឲ្យលោក ហ៊ុន សែន យល់បានថាប្រទេសអាស៊ាន មិនស្វាគមន៍ជំហរលោក ហ៊ុន សែន ហើយក៏នឹងមិនចូលរួមកិច្ចប្រជុំណាមួយដែលលោក ហ៊ុន សែន ឲ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាចូលរួមនោះដែរ៖ «ជាទម្លាប់ សហគមន៍អន្តរជាតិ ប្រសិនបើគេឃើញមានសញ្ញាវិជ្ជមានបន្តិចបន្តួច គេចេញជាសារ អបអរសារទរបែបការទូតខ្លះហើយ។ ក៏ប៉ុន្តែការណ៍ ដែលអ្នកការទូតនៅស្ងៀមស្ងាត់បែបនេះ បានន័យថាលទ្ធផលនោះ វាអន់ពេក ! គ្រាន់តែថា ដោយសារ តែសីលធម៌នយោបាយការទូតរបស់ពួកអ្នកការទូត គេមិននិយាយបង្អាប់ គេមិននិយាយផ្ចាញ់ផ្ចាលតបត ហើយនៅស្ងៀមបែបនេះទៅ » ។
ការបរាជ័យរបស់ប្រធានប្តូរវេនអាស៊ានតាំងពីដំបូងទីបែបនេះធ្វើឲ្យអ្នកវិភាគគោលនយោបាយឯណោះវិញលោកយល់ថានេះជារឿងគួរឲ្យអស់សំណើចមួយ។ប៉ុន្តែអាចថា ជាកម្មពៀរនៃអំពើរបស់លោក ហ៊ុន សែន ដែលធ្វើនយោបាយការទូតបែបបញ្ច្រាសទិសនេះ។
ព្រឹទ្ធបុរសរងនៃកម្មវិធីសិក្សាថ្នាក់មហាវិទ្យាល័យនិងកម្មវិធីអភិវឌ្ឍសាកលនិងជាសាស្រ្តាចារ្យនៃសាលាគ្រប់គ្រងសាកលសាន់ឌើប៊ើត (Thunderbird) នៅសាកលវិទ្យាល័យរដ្ឋអារីហ្សូណា (Arizona) បណ្ឌិត អៀ សុផល ថាកាលណាសមាជិកអាស៊ានឯទៀតមិនចង់ឲ្យលោក ហ៊ុន សែន ធ្វើអ្វីស្រេចតែនឹងចិត្តពួកគេនឹងមិនគាំទ្រទង្វើបែបនេះនោះឡើយហើយពួកគេនឹងរិះរកលេសសព្វបែបយ៉ាងដើម្បីបង្ហាញអំពីការមិនចូលរួមនេះ។
លោក ហ៊ុន សែន រងការរិះគន់ជុំទិសជុំវិញជំហរទៅចាប់ដៃមេដឹកនាំរដ្ឋប្រហារយោធាភូមា និងប៉ុនប៉ងឲ្យពួកយោធា ចូលអង្គុយប្រជុំអាស៊ានស្មើមុខស្មើមាត់ដូចសមាជិកអាស៊ានដទៃទៀត។ប្រទេសអាស៊ាន ៥ បានបដិសេធមិនឲ្យមេដឹកនាំរដ្ឋប្រហារយោធាភូមាចូលរួមប្រជុំអាស៊ាននោះឡើយព្រោះពួកយោធាមិនគោរពតាមគោលការណ៍ព្រមព្រៀងគ្នា ៥ ចំណុចរបស់អាស៊ានដែលរួមមានការបញ្ចប់អំពើហិង្សាលើប្រជាពលរដ្ឋស៊ីវិលនៅភូមា។
មជ្ឈដ្ឋានទូទៅ ព្រមានថា យន្តការដែលអាចរកដំណោះស្រាយសមស្របនៅភូមាបានគឺផ្តើមចេញពីសាមគ្គីភាពអាស៊ាន និងសហគមន៍អន្តរជាតិ ក្នុងការដាក់សម្ពាធលើរបបសឹកភូមា ឲ្យគោរពគោលការណ៍ ៥ ចំណុចនោះឲ្យខាងតែបានមិនមែនទៅចាប់ដៃ និងទទួលស្គាល់របបសឹកនេះ ដូចអ្វីដែលលោក ហ៊ុន សែន ធ្វើនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។