សកម្មជន​បរិស្ថាន​ទទូច​ឱ្យ​មាន​តម្លាភាព​ចំពោះ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្តកំពង់ធំ

0:00 / 0:00

ក្រុម​សកម្មជន​បរិស្ថាន​អំពាវនាវ​ដល់​ក្រសួង​រ៉ែ និង​ថាមពល​ឱ្យ​បង្ហាញ​តម្លាភាព​ព័ត៌មាន​ទាក់ទង​នឹង​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ថ្មី​មួយ​កន្លែង​ទៀត​នៅ​ខេត្តកំពង់ធំ​។ ពួកគេ​បារម្ភ​ថា អាជីវកម្ម​នេះ​អាច​ប៉ះពាល់​ដល់​បរិស្ថាន និង​ពលរដ្ឋ​នៅ​តំបន់​នោះ។

ក្រុម​អ្នកឃ្លាំមើល​បញ្ហា​បរិស្ថាន​លើកឡើង​ថា ការ​ធ្វើ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស​នៅ​ខេត្តកំពង់ធំ​នេះ​អាច​ផ្ដល់​ផលប្រយោជន៍​ដល់​ជាតិ និង​ពលរដ្ឋ​ទៅ​បាន លុះត្រាតែ​គម្រោង​នេះ​បាន​ឆ្លងកាត់​ការសិក្សា​ស៊ីជម្រៅ​ទាក់ទង​នឹង​បញ្ហា​បរិស្ថាន និង​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ។

សកម្មជន​បរិស្ថាន លោក សាន់ ម៉ា​ឡា ថ្លែង​ថា ក្រសួង​រ៉ែ និង​ថាមពល​មិនបាន​ផ្ដល់​ព័ត៌មាន​លម្អិត​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្តកំពង់ធំ​នេះ​ទេ ជាពិសេស​គឺ​របាយការណ៍​ស្ដីពី​ផល​ប៉ះពាល់​បរិស្ថាន​។ លោក​បន្ត​ថា គម្រោង​អាជីវកម្ម​ដែល​ខ្វះ​តម្លាភាព​បែបនេះ​អាច​នឹង​បង្ក​ជា​ក្ដី​កង្វល់​សម្រាប់​ពលរដ្ឋ និង​បញ្ហា​បរិស្ថាន ជាជាង​ការ​អភិវឌ្ឍ​ពិតប្រាកដ៖ «សាធារណជន​ទូទៅ​គាត់​អត់​អាច​ចូល​ទៅ​មើល​ព័ត៌មាន​ទាក់ទង​ទៅ​នឹង​គម្រោង​អភិវឌ្ឍន៍​ទាំងអស់​ហ្នឹង ហើយ​មួយទៀត យើង​អត់​អាច​ដឹង​ថា អាជីវកម្ម​របស់​គេ​ហ្នឹង​មួយថ្ងៃ គេ​អាច​ចម្រាញ់​យក​មាស​បាន​ប៉ុន្មាន​គីឡូ ប៉ុន្មាន​តោន​។ ដូច្នេះ​វា​ពិបាក​នៅក្នុង​ការ​ធានា​បាន​ថា អាជីវកម្ម​រ៉ែ​មាស​មួយ​នេះ​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​រួមចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​យើង»។

ប្រតិកម្ម​របស់​សកម្មជន​បរិស្ថាន​នេះ កើត​មាន​ឡើង​ក្រោយពី​ក្រសួង​រ៉ែ និង​ថាមពល​បានសម្រេច​អនុញ្ញាត​ជា​ផ្លូវ​ការ​ឱ្យ​ក្រុមហ៊ុន​មួយ​ឈ្មោះ ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ក្នុងភូមិ​សាស្ត្រ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​។ មុន​ទទួលបាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម ក្រុមហ៊ុន​នេះ​បាន​ទទួល​អាជ្ញាប័ណ្ណ​រុករក​រ៉ែ​នៅ​តំបន់​ឃុំ​សុចិត្រ​លើ​ផ្ទៃដី​ផ្ទៃដី​ទំហំ ១៥១ គីឡូម៉ែត្រ​ការ៉េ កាលពី​ចុងខែ​មីនា ឆ្នាំ​២០២០។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​រ៉ែ នៃ​ក្រសួង​រ៉ែ និង​ថាមពល លោក អ៊ឹង ឌីប៉ូឡា បាន​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​ថា ក្រុមហ៊ុន​កំពុង​រៀបចំ​ខ្សែ​សង្វាក់​ផលិតកម្ម​របស់​ខ្លួន ហើយ​ទំនងជា​អាច​ចាប់ផ្ដើម​ចម្រាញ់​រ៉ែ​មាស​នៅ​ចុងឆ្នាំ ២០២៣ ខាងមុខ​។ លោក​បញ្ជាក់​ថា ក្រសួង​បាន​វាយតម្លៃ​ហេតុផល​ប៉ះពាល់​បរិស្ថាន និង​សង្គម (EIA) រួចរាល់​ហើយ មុននឹង​សម្រេច​ឱ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ចម្រាញ់​រ៉ែ​មាស​នេះ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​លោក អ៊ឹង ឌីប៉ូឡា ដើម្បី​សាកសួរ​បន្ថែម​អំពី​រឿង​នេះ​បានទេ កាលពី​យប់​ថ្ងៃទី២ ខែ​កញ្ញា។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ឱ្យ​ដឹង​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) កាលពី​ថ្ងៃទី ៣១ សីហា​ថា គម្រោង​វិនិយោគ​រ៉ែ​មាស​នៅ​ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ​នេះ មាន​ទុន​វិនិយោគ​ប្រមាណ ១៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣​រយ​កន្លែង (៣០០)។

ទោះជា​យ៉ាងណា ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ថ្លែង​ថា ការ​លើកឡើង​ទាំងនេះ​មិនទាន់​អាច​ជឿជាក់​បាន​នោះ​ទេ ពីព្រោះ​កន្លងទៅ​ក្រសួង​រ៉ែ​មាន​ប្រវត្តិ​អាស្រូវ​ខាង​គ្រប់គ្រង​ធនធាន​រ៉ែ​គ្មាន​តម្លាភាព​។ លោក​ទាមទារ​ឱ្យ​ក្រសួង​បង្ហាញ​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​ទាក់ទង​នឹង​អាជីវកម្ម​រ៉ែ​មាស​នៅ​ខេត្តកំពង់ធំ​នេះ៖ « ខ្ញុំ​មិន​ដឹង​ថា តើ​ក្រុមហ៊ុន​ហ្នឹង គឺ​អ្នក​វិនិយោគ​ត្រឹមត្រូវ ឬក៏​អ្នក​វិនិយោគ​កខ្វក់ ហើយ​មាន​អ្នកនយោបាយ ឬក៏​មេ​ប៉ូលិស មេទាហាន មេ​ប៉េអិម​នៅ​ពីក្រោយ​ជា​ម្ចាស់​ភាគហ៊ុន​។ អ៊ីចឹង​គឺ​ដរាបណា​មិន​មាន​ព័ត៌មាន​ពេញលេញ​នៅក្នុង​ដៃ យើង​នៅតែ​ចាត់ទុក​វិស័យ​រ៉ែ​មាស​ហ្នឹង គឺជា​វិស័យ​ដែល​គ្រោះថ្នាក់​ដល់​ប្រជាជន​មូលដ្ឋាន គ្រោះថ្នាក់​ដល់​បរិស្ថាន និង​សង្គម ហើយ​មួយទៀត​ដែល​អាច​នឹង​ពោរពេញ​ដោយ​អំពើពុករលួយ ព្រោះ​យើង​ដឹង​ថា បើ​លួចលាក់ បើ​អត់​មាន​តម្លាភាព ដឹង​តែ​អំពើពុករលួយ​វា​កើតឡើង​តែម្ដង»។

ក្រុមហ៊ុន ឡេត ចេង ម៉ាញនីង ឌីវេឡុបមិន (LATE CHENG MINING DEVELOPMENT CO.,LTD) មាន​ថៅកែ​ជា​ជន​ជាតិចិន និង​ធ្លាប់​បាន​ឧបត្ថម្ភ​ថវិកា​រាប់​ម៉ឺន​ដុល្លារ​អាមេរិក​ដល់​កាកបាទ​ក្រហមកម្ពុជា ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ និង​យុទ្ធនាការ​ដទៃទៀត​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន។

របាយការណ៍​របស់​ក្រសួង​រ៉ែ និង​ថាមពល​រដ្ឋ​ឱ្យដឹង​ថា គិត​ត្រឹម​ដើមខែ​សីហា​កន្លងទៅ កម្ពុជា​ផលិត​មាស​បាន​ចំនួន ២៣២ ដុំ ស្មើនឹង​ជាង ៣​តោន (៣.៥៤៣) និង​ប្រមូល​ចំណូល​សួយ​សារបាន​ជាង ៥​លាន​ដុល្លារ​។ រីឯ​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​វិញ មាន​ចំនួន ៧ ក្នុង​នោះ​ក្រុមហ៊ុន​ដែល​ផលិត​មាស​បាន​ច្រើន​ជាងគេ គឺ​ក្រុមហ៊ុន​រីណេសង់ (Renaissance) របស់​អូស្ត្រាលី៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។