អ្នកជំនាញលើកឡើងថា កម្ពុជាកំពុងឱ្យតម្លៃរបបសឹកខុសច្បាប់ភូមាផ្ទុយពីគោលការណ៍អាស៊ាន។ ការលើកឡើងនេះ ធ្វើឡើងស្របពេលដែលប្រេសិតពិសេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន ទើបតែបញ្ចប់ដំណើរទស្សនកិច្ចការងារជាលើកទីពីរទៅកាន់ប្រទេសភូមា ហើយលោកនៅតែខកខានមិនអាចជួបតំណាងរដ្ឋាភិបាលរួបរួមជាតិភូមា (NUG) តំណាងដោយមេដឹកនាំស្របច្បាប់របស់ភូមាដដែល។
អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិលោក ឯម សុវណ្ណារ៉ា កត់សម្គាល់ថា ដំណើរទស្សនកិច្ចការងារលើកទីពីររបស់លោក ប្រាក់ សុខុន ក្នុងនាមជាប្រេសិតពិសេសរបស់អាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ានេះ មិនទទួលបានលទ្ធផលជាផ្លែផ្កាដែលអាចឈានទៅបញ្ចប់ជម្លោះនយោបាយនៅភូមាបាននោះទេ។ លោកផ្តល់អំណះអំណាងថា ការណ៍នេះគឺដោយសារតែកម្ពុជាជាប្រធានប្តូរវេនរបស់អាស៊ានកំពុងឱ្យតម្លៃរបបសឹកខុសច្បាប់ភូមា ផ្ទុយទៅនឹងគោលការណ៍នៃកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ហើយមិនបានជួបជាមួយតំណាងរដ្ឋាភិបាលរួបរួមជាតិ (NUG) ភូមា ដដែល៖ « អាស៊ានបានងាកមកជជែកឬក៏ចរចាជាមួយរដ្ឋាភិបាលយោធាច្រើន ឬក៏ឱ្យតម្លៃហាក់ដូចជាស្មើមុខស្មើមាត់ ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិកាលពីខែមិថុនានៅថ្ងៃទី២២ និង២៣ កន្លងទៅនេះ ហើយនឹងនៅពេលដែលជួបប្រជុំរដ្ឋមន្ត្រីសរស្តម្ភមួយទៀតគឺសង្គមវប្បធម៌ [ របស់អាស៊ាន ] ជាដើម គឺសុទ្ធតែជួបក្នុងលក្ខណៈរដ្ឋនិងរដ្ឋ។ ហេតុដូច្នេះ វាពិបាកនឹងជំរុញឱ្យមានការងាកមកចរចាឬក៏ជជែកជាមួយនឹងរដ្ឋាភិបាលរួបរួមជាតិ (NUG) នេះ ខ្ញុំគិតថាពិបាក ដោយសារតែអាស៊ានហាក់ដូចជានៅក្នុងក្របខណ្ឌមួយយើងថាមិនទាន់ទទួលស្គាល់ផ្លូវការ ប៉ុន្តែយើងឱ្យតម្លៃរដ្ឋាភិបាលយោធាបណ្តើៗទៅហើយ »។
ប្រេសិតពិសេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា និងជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន បានបញ្ចប់ដំណើរទស្សនកិច្ចការងារលើកទីពីររយៈពេល ៣ថ្ងៃ របស់លោកទៅកាន់ប្រទេសភូមា ក្នុងអ្វីមួយដែលលោកអះអាងថា ដើម្បីតាមដានការវិវឌ្ឍន៍នៃការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ៥ចំណុចរបស់អាស៊ាន ដោយរបបសឹកភូមា។
ក្នុងដំណើរទស្សនកិច្ចការងារជាលើកទីពីរក្នុងនាមជាប្រេសិតពិសេសអាស៊ានលោក ប្រាក់ សុខុន នៅតែមិនត្រូវបានរបបសឹកភូមាអនុញ្ញាតឱ្យជួបជាមួយមេដឹកនាំភូមាស្របច្បាប់អ្នកស្រី អ៊ុង សានស៊ូជី (Aung San Suu Kyi) ដែលត្រូវបានរបបសឹកបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារតែឯង។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា ផ្សាយនៅថ្ងៃទី៤ ខែកក្កដា ឱ្យដឹងថា លោក ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញពីការអំពាវនាវរបស់លោកឱ្យបញ្ចប់អំពើហិង្សានៅភូមា ដោយលោកបានស្នើឱ្យរបបសឹកភូមាអនុញ្ញាតឱ្យមានការចែកចាយជំនួយមនុស្សធម៌ប្រកបដោយសុវត្ថិភាព ទាន់ពេលវេលា និងដោយមិនរើសអើង ទៅដល់ពលរដ្ឋភូមានៅតាមតំបន់ឆ្ងាយៗដែលពិបាកទៅដល់។ លោកក៏បានអំពាវនាវឱ្យដោះលែងអ្នកទោស ព្រមទាំងស្នើសុំជួបជាមួយអ្នកស្រី អ៊ុង សានស៊ូជី និងអ្នកស្រី ស៊ូ ស៊ូ វីន (Su Su Lwin) ដែលជាភរិយារបស់អតីតប្រធានាធិបតីភូមា និងជាតំណាងរាស្ត្ររបស់គណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD)។ ក៏ប៉ុន្តែ រដ្ឋមន្ត្រីការបរទេសនៃរបបសឹកខុសច្បាប់ភូមាបានប្រាប់ទៅលោក ប្រាក់ សុខុន វិញថា ដោយសារបញ្ហាសុខភាព អ្នកស្រី ស៊ូ ស៊ូ វីន មិនអាចជួបជាមួយប្រេសិតពិសេសអាស៊ានបានទេ រីឯអ្នកស្រី អ៊ុង សានស៊ូជី វិញក៏មិនត្រូវបានអនុញ្ញាតឱ្យជួបដែរដោយសារអ្នកស្រីកំពុងស្ថិតក្នុងដំណាក់កាលនៃនីតិវិធីរបស់តុលាការ។ បច្ចុប្បន្ន អ្នកស្រី អ៊ុង សានស៊ូជី ត្រូវបានតុលាការនៃរបបសឹកភូមា កាត់ទោសឱ្យជាប់គុករយៈពេល ១១ឆ្នាំ និងកំពុងប្រឈមនឹងបទចោទជាច្រើនករណីផ្សេងទៀត ដែលអាចឱ្យអ្នកស្រីជាប់គុករហូតដល់ទៅជាង ១៨០ឆ្នាំ។
ក្រសួងការបរទេសកម្ពុជា ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចការងារលើកទីពីរនេះ ប្រេសិតពិសេសអាស៊ានលោក ប្រាក់ សុខុន បានចូលរួមក្នុងពិធីប្រគល់វ៉ាក់សាំងកូវីដ១៩ចំនួន ២លានដូស ដែលជាអំណោយរបស់រដ្ឋាភិបាលចិនដល់អាស៊ាន ដើម្បីចែកចាយដល់ប្រទេសភូមា។ ក្រៅពីនេះ លោកក៏បានជួបជាមួយមេដឹកនាំរបបសឹកខុសច្បាប់ភូមាលោក មីន អ៊ុងលាំង (Min Aung Hlaing) រដ្ឋមន្ត្រីការបរទេសនៃរបបសឹកភូមា ក្រុមការងារមីយ៉ាន់ម៉ាស្តីពីជំនួយមនុស្សធម៌របស់អាស៊ាន តំណាងក្រុមកងកម្លាំងប្រដាប់អាវុធជនជាតិដើមភាគតិច (EAOs) ចំនួន៧នៅភូមា និងតំណាងគណបក្សនយោបាយចំនួន ៧ ដែលទទួលបានសំឡេងឆ្នោតកាលពីឆ្នាំ២០២០ នៅភូមា។
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចការងារក្នុងនាមជាប្រេសិតពិសេសរបស់អាស៊ាន លោក ប្រាក់ សុខុន ក៏បានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី៧ នៅទីក្រុងបាហ្កាន នៅក្នុងប្រទេសភូមាដដែល។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡាងឆាង (MLC) លើកទី៧ រៀបចំធ្វើឡើងនៅថ្ងៃទី០៤ ខែកក្កដា ដោយរបបសឹកខុសច្បាប់ភូមា ដោយមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសតំបន់មេគង្គដទៃទៀត ដូចជា ចិន (China) កម្ពុជា ឡាវ (Lao) ថៃ (Thailand) និងវៀតណាម (Vietnam) ជាដើម។ កិច្ចប្រជុំនេះ ធ្វើឡើងភ្លាមៗក្រោយប្រេសិតពិសេសអាស៊ានស្តីពីបញ្ហាមីយ៉ាន់ម៉ា លោក ប្រាក់ សុខុន បញ្ចប់ទស្សនកិច្ចការងារជាលើកទីពីរដើម្បីដោះស្រាយបញ្ហាវិបត្តិនយោបាយនៅភូមា។
នេះជាលើកទីមួយហើយ ដែលរដ្ឋមន្ត្រីការបរទេសមកពីប្រទេសដទៃក្នុងតំបន់មេគង្គ ជាពិសេសរដ្ឋមន្ត្រីការបរទេសចិន ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ ដែលក្រុមប្រទេសលោកសេរីមិនរាប់រក ក្រោយពីក្រុមយោធាភូមាបានធ្វើរដ្ឋប្រហារទម្លាក់មេដឹកនាំស្របច្បាប់ចេញពីតំណែងកាលពីដើមខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅ។ ក្រុមប្រទេសលោកខាងលិចជាពិសេសសហរដ្ឋអាមេរិក (USA)កាណាដា (Canada) អង់គ្លេស(UK) និងសហភាពអឺរ៉ុប(EU) បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់មកលើក្រុមមេដឹកនាំយោធានៃរបបសឹកភូមា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺជាមេដឹកនាំតែមួយគត់នៅលើពិភពលោកដែលបានទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះមុនគេ ក្រោយការធ្វើរដ្ឋប្រហាររបស់ពួកយោធាភូមា។ តំណាងរដ្ឋាភិបាលរួបរួមជាតិភូមា បានរិះគន់ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាងលើកទី៧ នៅទីក្រុងបាហ្កាននៃប្រទេសភូមាជាមួយក្រុមរបបសឹកភូមានេះថា ជាការរំលោភឆន្ទៈរបស់ប្រជាជនភូមា និងថាធ្វើឡើងផ្ទុយពីកិច្ចព្រមព្រៀងឯកច្ឆ័ន្ទ ៥ចំណុច របស់អាស៊ាន។
កម្ពុជាក្នុងនាមជាប្រធានប្តូរវេនអាស៊ានឆ្នាំ២០២២ កំពុងរងការរិះគន់ថា ព្យាយាមទទួលស្គាល់របបសឹកភូមាខុសច្បាប់ និងធ្វើឱ្យរបបនេះអាចបន្តអំណាចខុសច្បាប់បានយូរអង្វែងតទៅទៀត ដូចតាមការចង់បានរបស់ប្រទេសកុម្មុយនិស្តចិន ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមយោធាភូមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។