លោក ទៀ បាញ់៖ កម្ពុជា​នឹង​ផ្តល់​តម្លាភាព​ជុំវិញ​រឿង​«​ធ្វើ​ទំនើបកម្ម​»​កំពង់ផែ​រាម​ដើម្បី​កុំ​ឱ្យ​មាន​ការ​យល់​ខុស

0:00 / 0:00

រដ្ឋមន្ត្រី​ការពារ​ជាតិ លោក ទៀ បាញ់ អះអាង​នៅក្នុង​វេទិកា​សន្តិសុខ​អន្តរជាតិ​ថា កម្ពុជា​នឹង​ផ្តល់​តម្លាភាព​ជុំវិញ​រឿង​«​ធ្វើ​ទំនើបកម្ម​» កំពង់ផែ​កងទ័ព​ជើងទឹក​រាម​ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​យល់​ខុស​ណាមួយ​។ ការ​អះអាង​ជាថ្មី​របស់​ប្រមុខ​ការពារ​ជាតិ​កម្ពុជា​បែប​នេះ កើត​មានឡើង​ស្រប​ពេល​ដែល​កម្ពុជា​នៅតែ​បរាជ័យ​មិន​អាច​រំងាប់​ភាព​មន្ទិលសង្ស័យ​របស់​សហរដ្ឋអាមេរិក​ជុំវិញ​រឿង​អនុញ្ញាត​ឱ្យ​កងទ័ព​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រើប្រាស់​ផ្នែក​ណាមួយ​នៃ​កំពង់ផែ​រាម​នេះ«​ផ្ដាច់មុខ»។

លោក ទៀ បាញ់ ថ្លែង​អះអាង​សាជាថ្មី​បញ្ជាក់​អំពី​រឿង​ធានា​តម្លាភាព​នៃ​ការ​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នៅ​ចំពោះមុខ​ក្រុម​មេដឹកនាំ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ និង​អ្នកជំនាញ​មក​ពី​បណ្តា​ប្រទេស​នានា​ក្នុង​តំបន់​ឥណ្ឌូ​-​ប៉ាស៊ីហ្វិក នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​សន្តិសុខ​អាស៊ី​លើក​ទី​២០ ឬ​ហៅថា កិច្ច​សន្ទនា​សាំងហ្គីឡា (Shangri-La Dialogue) កាល​ពី​ថ្ងៃទី​៤ ខែ​មិថុនា នៅ​ប្រទេស​សិង្ហ​បុរី (Singapore)។ កិច្ចប្រជុំ​កំពូល​នេះ​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២ ដល់​ថ្ងៃទី​៤ ខែ​មិថុនា។

លោក ទៀ បាញ់៖ «កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​កំពង់ផែ​កងទ័ពជើងទឹក​រាម​នេះ។ ប្រាកដ​ណាស់ យើង​នឹង​ផ្តល់​នូវ​តម្លាភាព​អំពី​សកម្មភាព​របស់​យើង​ដើម្បី​បញ្ចៀស​កុំឱ្យ​មានការ​យល់​ខុស។ ក្នុង​ន័យ​នេះ កម្ពុជា​បាន​គូសបញ្ជាក់​យ៉ាង​ច្បាស់​ហើយ​ថា យើង​គោរព​ច្បាប់ និង​រដ្ឋធម្មនុញ្ញ​របស់​យើង​។ ទន្ទឹម​គ្នា​នេះ គេ​គ្រប់គ្នា​ក៏​គួរ​យល់​អំពី​តម្រូវការ​របស់​ប្រទេស​នីមួយៗ ដូចជា​ភាព​ចាំបាច់​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​វិស័យ​យោធា ដើម្បី​បម្រើ​ឱ្យ​ផលប្រយោជន៍​របស់​ខ្លួន ព្រមទាំង​ដើម្បី​អាច​ចូលរួម​ក្នុង​ការ​លើកកម្ពស់​សន្តិ​ភាព និង​ស្ថិរភាព​ក្នុង​តំបន់​ផង​ដែរ»។

លោក ទៀ បាញ់ មិន​បាន​ពន្យល់​លម្អិត​ថា តើ​តម្លាភាព​ដែល​កម្ពុជា​ធានា​អះអាង​ជុំវិញ​រឿង​អភិវឌ្ឍ​កំពង់ផែ​រាម​នេះ ធ្វើ​ឡើងជា​លក្ខណៈ​បែប​ណា​ឡើយ។ លោក​គ្រាន់តែ​គូស​បញ្ជាក់​ថា ការ​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នេះ នឹង​មិន​បង្ក​ការ​ប៉ះពាល់​ដល់​សន្តិសុខ​ក្នុង​តំបន់​ឡើយ។

លោក ទៀ បាញ់៖ «ជុំវិញ​រឿង​កំពង់ផែ​កងទ័ពជើងទឹក​រាម​នេះ ខ្ញុំ​តែងតែ​បំភ្លឺ​ជាច្រើនលើក​ច្រើនសា​ហើយ​ថា នេះ​គឺជា​តម្រូវការ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សមត្ថភាព​របស់​យើង ឬ​ដើម្បី​ចូលរួម​ក្នុង​កិច្ច​សហប្រតិបត្តិការ​នានា។ ក្នុង​ពេល​ជាមួយគ្នា​នេះ វា​ក៏​ជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ដល់​សមត្ថភាព​របស់​យើង​នៅក្នុង​វិស័យ​ការពារ​សន្តិសុខ​លម្ហ​សមុទ្រ​។ ដូច្នេះ យើង​ត្រូវការ​មាន​មូលដ្ឋាន​សមស្រប​មួយ​ដែល​យើង​មាន​ឱកាស​ដើម្បី​អភិវឌ្ឍ​កងទ័ពជើងទឹក​របស់​យើង​ក្នុង​ការ​ការពារ​អធិបតេយ្យ​របស់​យើង​។ តាម​ការ​ពិត​ទៅ មូលដ្ឋាន​កងទ័ពជើងទឹក​រាម​របស់​យើង គឺ​គ្រាន់តែ​ជា​មូលដ្ឋាន​តូច​មួយ ដែល​មាន​ទំហំ​មិន​ស្មើ​ទៅ​នឹង​កំពង់ផែ​ស៊ីវិល​របស់​ប្រទេស​មួយចំនួន​ផង​នោះ​។ យើង​នឹង​ផ្តល់​ឱ្យ​មាន​នូវ​តម្លាភាព ប៉ុន្តែ គឺ​ប្រាកដ​ណាស់​ថា វា​នឹង​មិន​ប៉ះពាល់​ទៅ​ដល់​សន្តិសុខ​ក្នុង​តំបន់​ឡើយ។ ជា​រួម ផ្ទុយ​ទៅវិញ ប្រសិនបើ​យើង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​រាម​នេះ យើង​នឹង​អាច​ចូលរួម​ក្នុង​សកម្មភាព​នានា​នៅក្នុង​តំបន់​ដើម្បី​បង្កើន​សន្តិសុខ​ក្នុង​តំបន់​ទៅវិញ​ទេ»។

ទោះ​យ៉ាងណា លោក ទៀ បាញ់ ថ្លែង​បញ្ជាក់​ក្នុង​សុន្ទរកថា​របស់​លោក​ថា ក្នុងនាម​ជា​ប្រទេស​សមាជិក​អាស៊ាន កម្ពុជា​ចង់​បាន​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​គូប្រជែង​ទាំង​អស់ពី​ការ​មិន​ឯកភាព​គ្នា​ទៅជា​ការ​រួម​ចំណែក​គិតគូរ​ដល់​ប្រយោជន៍​ទៅវិញ​ទៅមក ដើម្បី​ពង្រឹង​សន្តិសុខ ស្ថិរភាព និង​វិបុលភាព​តំបន់ និង​ពិភពលោក។

អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ និង​កិច្ចការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ឃើញ​ថា ការ​ថ្លែង​របស់​លោក ទៀ បាញ់ អំពី​រឿង​តម្លាភាព​ជុំវិញ​ការ​អភិវឌ្ឍ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នេះ នៅ​មិនទាន់​គ្រប់គ្រាន់ និង​មិនអាច​លាង​ជម្រះ​ភាព​មន្ទិល​សង្ស័យ​របស់​សហគមន៍​អន្តរជាតិ​បាន​ឡើយ​។ លោក​ថា កម្ពុជា​ចាំបាច់​ត្រូវ​បង្ហាញ​ការ​អនុវត្ត​ជំហរ​អព្យាក្រឹត្យ​តាមរយៈ​សកម្មភាព​ជាក់ស្តែង។

លោក ឯម សុវណ្ណារ៉ា៖ «ការ​អភិវឌ្ឍ​កំពង់ផែ​រាម​នេះ កម្ពុជា​មាន​សិទ្ធិ​ពេញលេញ​។ ក៏ប៉ុន្តែ ការ​បង្ហាញ​ថា​តម្លាភាព​នេះ ខ្ញុំ​ថា ពាក្យ​ប៉ុណ្ណឹង វា​មិនអាច​បកស្រាយ ឬ​លាង​ជម្រះ​ភាព​មន្ទិល​សង្ស័យ​ហ្នឹង​បានទេ​។ ចំណុច​មួយ​ទៀត ដែល​កម្ពុជា​គួរតែ​ធ្វើ​ដែរ​នោះ មិន​ត្រឹមតែ​ការ​អភិវឌ្ឍ ឬក៏​ការ​ធ្វើ​ឱ្យ​មាន​តម្លាភាព​អំពី​ការ​អភិវឌ្ឍ​កំពង់ផែ​រាម​នេះ​ទេ​។ បាន​ន័យ​ថា នយោបាយ​អព្យាក្រឹត្យ​របស់​កម្ពុជា គួរ​បង្ហាញ ពោល​គឺ​មិន​មានតែ​នៅក្នុង​គោលនយោបាយ​ទេ គួរ​ធានា​ឱ្យ​មាន​នូវ​ការអនុវត្ត​ជាក់ស្តែង ឱ្យ​មាន​តុល្យភាព(balance)គ្នា រវាង​លោក​ខាងកើត​និង​លោកខាងលិច បាន​ន័យ​ថា ឱ្យ​មាន​ជំហរ​អព្យាក្រឹត្យ​ពិតប្រាកដ នោះ​ទើប​វា​ដើរ​ព្រម​គ្នា​ទៅ​នឹង​ការ​លុបបំបាត់​នូវ​ការ​មន្ទិល​សង្ស័យ​គ្នា​បាន»។

គិត​ត្រឹម​ដើមខែ​មិថុនា ឆ្នាំ​២០២៣​នេះ កម្ពុជា​អនុញ្ញាត​ឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ធ្វើ​ទំនើបកម្ម​កំពង់ផែ​កងទ័ពជើងទឹក​រាម បាន​១​ឆ្នាំ​គត់។ គម្រោង​នេះ បាន​ចាប់ផ្តើម​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​០៨ ខែ​មិថុនា ឆ្នាំ​២០២២ ហើយ​គ្រោង​នឹង​បិទ​បញ្ចប់​ទៅ​វិញ​នៅ​ឆ្នាំ​២០២៤ ខាងមុខ។ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគី​ចិន​ពុំ​បាន​លាតត្រដាង​ឱ្យ​ដឹង​ពី​ចំនួន​ទឹកប្រាក់​ជាក់លាក់​នៃ​ជំនួយ​យោធា​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន​សម្រាប់​គម្រោង​នេះ​ឡើយ។ តាម​ផែនការ គម្រោង​នេះ​មាន​ដូចជា​ការសាងសង់​រោង​ជាង​ជួសជុល​នាវា ផែ​សំចត និង​ស្តា​ឃ្លង ជាដើម។

មន្ត្រី​កំពូលៗ​របស់​អាមេរិក កាលពី​ឆ្នាំ​២០២២ រាប់​ចាប់​តាំង​ពី​រដ្ឋមន្ត្រី​ការបរទេស លោក អេនថូនី ប្ល៊ីង​ឃិន (Anthony Blinken) រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយ អូស្ទីន (Lloyd Austin) និង​ប្រធានាធិបតី​អាមេរិក លោក ចូ បៃឌិន (Joe Biden) សុទ្ធតែ​បាន​លើក​ឡើង​ពី​ក្តី​បារម្ភ​ជុំវិញ​ស្ថានភាព​នៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម​នេះ ដែល​អាច​ប៉ះពាល់​ដល់​ស្ថិរភាព​ក្នុង​តំបន់ និង​ផលប្រយោជន៍​សន្តិសុខ​របស់​អាមេរិក។ ពួកគេ​បាន​គូសបញ្ជាក់​ពី​សារសំខាន់​ដែល​កម្ពុជា​ត្រូវ​បង្ហាញ​តម្លាភាព​ពេញលេញ​អំពី​សកម្មភាព​របស់​យោធា​ចិន​នៅ​កំពង់ផែ​កងទ័ពជើងទឹក​រាម និង​ជំរុញ​ឱ្យ​កម្ពុជា​ចាត់​នូវ​វិធានការ​នានា​ក្នុង​ការ​ការពារ​អធិបតេយ្យ​របស់​ខ្លួន។

សេចក្តី​រាយការណ៍​របស់ ​កាសែត​អាមេរិកាំង The Washington Postកាលពីដើម​ខែ​មិថុនា ឆ្នាំ​២០២២ បាន​ស្រង់​សម្ដី​មន្ត្រី​យោធា​ប៉េកាំង​មួយ​រូប ដែល​បាន​ទម្លាយ​ថា «​ផ្នែក​មួយ​នៃ​កំពង់ផែ​នេះ​» ស្ថិតនៅ​ភាគ​ខាងជើង នឹង​ត្រូវ​បាន​ប្រើប្រាស់​«​ផ្ដាច់មុខ​»​ដោយ​យោធា​ចិន​។ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩ កាសែត ឌឹ វ៉លស្រ៊ីត ជ័រណល (The Wall Street Journal)បាន​ទម្លាយ​ព័ត៌មាន​ថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​លួច​ចុះ​កិច្ចព្រមព្រៀងសម្ងាត់​ជាមួយ​សាធារណរដ្ឋ​ចិន ដែល​អនុញ្ញាត​ឱ្យ​កងទ័ព​ប្រទេស​នេះ​អាច​ប្រើប្រាស់​កំពង់ផែ​កងទ័ពជើងទឹក​រាម​ផ្ដាច់មុខ​រហូតដល់​ទៅ​៣០​ឆ្នាំ ហើយ​កិច្ចព្រមព្រៀង​នេះ​អាច​បន្ត​រៀងរាល់​១០​ឆ្នាំ​ម្តង។ ក៏ប៉ុន្តែ ទាំង​ភាគី​កម្ពុជា និង​ទាំង​ភាគី​ចិន សុទ្ធតែ​បាន​បដិសេធ​សេចក្តី​រាយការណ៍​ទាំងនេះ​ថា ជា​ព័ត៌មាន​មិន​ពិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។