ក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ានប្ដេជ្ញាពង្រឹងទំនាក់ទំនងវិស័យការពារជាតិក្នុងតំបន់
2022.06.23

ក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ASEAN) អនុម័តឯកសារសំខាន់ៗចំនួន ៤ នៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ហៅកាត់ថា ADMM) លើកទី១៦ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះ កាលពីថ្ងៃទី២២ ខែមិថុនា។
ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) រាយការណ៍ឱ្យដឹងថា ឯកសារសំខាន់ៗទាំង៤ ដែលត្រូវបានក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ានអនុម័តនេះ គឺពាក់ព័ន្ធនឹងការលើកកម្ពស់កិច្ចសហប្រតិបត្តិការកងទ័ពបណ្តាប្រទេសអាស៊ានក្នុងការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ការលើកកម្ពស់យន្តការគាំទ្រស្ត្រីរក្សាសន្តិភាពអាស៊ាន ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នអប់រំយោធាអាស៊ាន និងឯកសារចក្ខុវិស័យស្ដីពីតួនាទីស្ថាប័នការពារជាតិអាស៊ាន ក្នុងការគាំទ្រការស្តារឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។ ប្រភពដដែលបានរាយការណ៍ឱ្យដឹងដែរថា ក្រុមមេដឹកនាំអាស៊ានក៏បានពិភាក្សាលើឯកសារដើម្បីលើកកម្ពស់ការចែកចាយព័ត៌មានលើការពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងសន្តិសុខលម្ហសមុទ្រក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន ជាមួយដៃគូសន្ទនា រួមមានរដ្ឋមន្ត្រីការពារជាតិប្រទេសមហាអំណាច ដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន និងអូស្ត្រាលី ជាដើម (ហៅកាត់ថា ADMM បូក) ដែលគ្រោងនឹងធ្វើនៅខែវិច្ឆិកា ខាងមុខនេះ នៅកម្ពុជា។
ប្រមុខការពារជាតិកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន លោក ទៀ បាញ់ គូសបញ្ជាក់ថា កម្ពុជាក្នុងនាមជាប្រធានកិច្ចប្រជុំនេះ មិនចង់ឃើញមានការបែងចែកណាមួយ និងមានសុឆន្ទៈខ្ពស់ក្នុងការពង្រឹងសាមគ្គីភាពក្នុងចំណោមសមាជិកអាស៊ាន និងដៃគូសន្ទនា។ លោកថា អាស៊ានត្រូវរួបរួមគ្នារក្សាភាពរឹងមាំ និងភាពធន់នៅពេលដែលតំបន់ទាំងមូលកំពុងប្រឈមនឹងសម្ពាធ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។ បញ្ហាប្រឈមដទៃទៀត ដែលលោកបានលើកឡើងរួមមានបញ្ហា ឧក្រិដ្ឋកម្មឆ្លងដែន ភេរវកម្មសន្តិសុខបច្ចេកវិទ្យា ការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងជំងឺរាតត្បាតជាដើម។ ក្រៅពីនេះ ក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ាន ក៏បានពិភាក្សាពីបញ្ហាវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា (Myanmar) ឬភូមា បញ្ហាសង្គ្រាមរវាងរុស្ស៊ី (Russia) និងអ៊ុយក្រែន (Ukraine) និងបញ្ហាសមុទ្រចិនខាងត្បូង។
កម្ពុជាបានផ្លាស់ប្ដូរជំហរចំពោះបញ្ហាភូមាដោយបានអញ្ជើញរដ្ឋមន្ត្រីការពារជាតិនៃរបបសឹកភូមាខុសច្បាប់ដែលរងនូវការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស (UK) និងប្រទេសលោកខាងលិចដទៃទៀត ឱ្យមកចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ។ ជំហរឃ្លីងឃ្លោងរបស់កម្ពុជាដែលងាកទៅគាំទ្ររបបសឹកភូមានេះ រងនូវការថ្កោលទោសពីក្រុមអង្គការសង្គមស៊ីវិលភូមាក្នុងស្រុក ក្រៅស្រុក និងអង្គការសិទ្ធិមនុស្សក្នុងតំបន់។
នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ ក្រុមអង្គការសង្គមស៊ីវិលប្រមាណជិត ៧០០ (៦៧៧) ស្ថាប័ន បានសរសេរលិខិតចំហទៅក្រុមរដ្ឋមន្ត្រីការពារជាតិអាស៊ានទាំង ១០ប្រទេស ស្នើសុំកុំឱ្យអញ្ជើញរដ្ឋមន្ត្រីការពារជាតិនៃរបបសឹកភូមាឱ្យមកចូលរួមកិច្ចប្រជុំនេះ ដោយសារតែអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរប្រព្រឹត្តដោយក្រុមយោធាភូមា ក្រោយដឹកនាំរដ្ឋប្រហារខុសច្បាប់កាលពីដើមឆ្នាំ២០២១កន្លងទៅ។ ពួកគេជំរុញទៅរដ្ឋមន្ត្រីការពារជាតិអាស៊ានឱ្យបើកកិច្ចពិភាក្សាជាមួយរដ្ឋាភិបាលបង្រួបបង្រួមជាតិដែលជារដ្ឋាភិបាលស្របច្បាប់របស់ភូមា ដើម្បីចូលរួមដោះស្រាយវិបត្តិនៅក្នុងប្រទេសនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។