បណ្ដាញអង្គការសង្គមស៊ីវិលចំនួន ៣៦ បានចេញលិខិតរួមគ្នាទៅកាន់ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាលបរទេសដែលចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ហៅកាត់ថា G20 នៅក្នុងខែវិច្ឆិកានេះ ដើម្បីស្នើសុំអន្តរាគមន៍បញ្ចប់ការដឹកនាំបែបផ្ដាច់ការរបស់លោក ហ៊ុន សែន និងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា។
បណ្ដាញអង្គការសង្គមស៊ីវិលទាំងនោះសុទ្ធសឹងតែមានមូលដ្ឋាននៅប្រទេសប្រជាធិបតេយ្យ ដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អូស្ត្រាលី និងនូវែលហ្សេឡង់។ សំណើរបស់ពួកគេនេះ គឺផ្ញើជូនមេដឹកនាំប្រទេសធំៗដូចជា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ (Joko Widodo) ដែលនឹងក្លាយជាប្រធានប្ដូរវេនអាស៊ាននៅឆ្នាំក្រោយ ក្រុមមេដឹកនាំអាស៊ាន មេដឹកនាំសហភាពអឺរ៉ុប និងផ្ញើរជូនមេដឹកនាំប្រទេសមួយចំនួនទៀត។
បើតាមលិខិតដែលវិទ្យុអាស៊ីសេរីទទួលបាន បណ្ដាញអង្គការសង្គមស៊ីវិលទាំងនោះជំរុញដល់ក្រុមមេដឹកនាំបរទេសឱ្យដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ និងដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការឱ្យមានសេរីភាពវិញ។ ពួកគេទាមទារឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន បញ្ឈប់ការគាបសង្កត់លើសិទ្ធិសេរីភាពរបស់ពលរដ្ឋ និងសង្គមស៊ីវិល ព្រមទាំងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅឆ្នាំ ២០២៣ ខាងមុខ។ បណ្ដាញអង្គការសង្គមស៊ីវិលជំរុញឱ្យក្រុមមេដឹកនាំបរទេសឱ្យប្រើប្រាស់យន្តការជំនួយ និងច្បាប់អន្តរជាតិនានា ដើម្បីដាក់សម្ពាធលើរដ្ឋាភិបាលលោក ហ៊ុន សែន ឱ្យកែលម្អស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ ហើយបើគ្មានការកែលម្អស្ថានភាពទេ ពួកគេទទូចដល់មេដឹកនាំបរទេសកុំទទួលស្គាល់លទ្ធផលបោះឆ្នោតដែលលោក ហ៊ុន សែន រៀបចំនៅឆ្នាំក្រោយនេះជាដាច់ខាត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។