ក្រុមអ្នកឃ្លាំមើលលើកឡើងថា រដ្ឋមន្ត្រីការពារជាតិចិនលោក វ៉ី ហ្វេងហឺ (Wei Fenghe) មកបំពេញទស្សនកិច្ចនៅកម្ពុជាកំពុងពង្រីកឥទ្ធិពលខ្លួនមកលើកម្ពុជាកាន់តែខ្លាំងឡើង។ លោក វ៉ី ហ្វេងហឺ បានជួបពិភាក្សាការងារជាមួយលោក ហ៊ុន សែន កូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការពារជាតិ លោក ទៀត បាញ់ ក្នុងក្របខ័ណ្ឌពង្រឹងវិស័យកងទ័ពនៃប្រទេសទាំងពីរ ស្របពេលអាមេរិកនៅតែបន្តសង្ស័យអំពីការសាងសង់មូលដ្ឋានទ័ពចិននៅកម្ពុជា។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា មើលឃើញថា ប្រទេសចិនកុម្មុយនិស្តកំពុងបង្កើនសន្ទុះក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជាតាមរយៈរដ្ឋាភិបាល លោក ហ៊ុន សែន ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកងទ័ពកាន់តែស៊ីជម្រៅរវាងប្រទេសពីរ ស្របពេលអាមេរិក និងបណ្ដាប្រទេសក្នុងតំបន់មួយចំនួនបន្តសង្ស័យ និងព្រួយបារម្ភចំពោះប្រទេសចិនកុម្មុយនិស្តសាងសង់មូលដ្ឋានទ័ពនៅកម្ពុជា។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន លើកឡើងថា ការណ៍ដែលរដ្ឋាភិបាលឯកបក្សបន្តប្រកាសអំពីចំណងមិត្តជាមួយប្រទេសចិន ជាពិសេស ការប្រកាសដោយចំហអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា ដោយមិនព្រមជម្រះមន្ទិលសង្ស័យអំពីការធ្វើទំនើបកម្មនៅសមុទ្ររាម រដ្ឋាភិបាលលោក ហ៊ុន សែន ទំនងជៀសមិនផុតពីរងនូវទណ្ឌកម្មបន្ថែមពីសហគមន៍អន្តរជាតិឡើយ។
លោក រ៉ុង ឈុន ពិនិត្យឃើញថា ឥរិយាបថនយោបាយការទូតរបស់លោក ហ៊ុន សែន ដែលកំពុងស្រវ៉ាឱបក្រសោបប្រទេសចិនកុម្មុយនិស្តកាន់តែស៊ីជម្រៅ ដោយមិនខ្វល់អំពីគោលនយោបាយអព្យាក្រឹត្យ នោះប្រជាជាតិខ្មែរនឹងពុំទទួលបានផលប្រយោជន៍អ្វីឡើយ។ លើសពីនេះ លោកថា បើរដ្ឋាភិបាលកម្ពុជានៅតែគ្មានភាពច្បាស់លាស់ក្នុងការបង្ហាញតម្លាភាពអំពីមូលដ្ឋានកងទ័ពជើងទឹករាមនៅកម្ពុជា នោះវានឹងបង្កឱ្យប៉ះពាល់ដល់ឯករាជ្យ ប្រជាធិបតេយ្យនៅកម្ពុជា និងបញ្ហាអសន្តិសុខក្នុងតំបន់៖
«ប្រសិនមេដឹកនាំកម្ពុជាមិនបង្ហាញជំហរច្បាស់លាស់ទេ នៅតែស្រពិចស្រពិលពេលហ្នឹង វាអត់មានផលចំណេញអីដល់រដ្ឋកម្ពុជាយើងទេ ហើយជំហរការណ៍ដែលបង្ហាញភាពស្អិតល្មួតជាមួយប្រទេសចិនដូច្នេះ កាន់តែធ្វើឱ្យសហរដ្ឋអាមេរិក ក៏ដូចជាបណ្ដាប្រទេសគេកំពុងសម្លឹងមើលថា កម្ពុជាយើងមានលាក់លៀមផ្ដល់តំបន់រាមឱ្យចិនដាក់មូលដ្ឋានទ័ពនៅទីនោះ ពេលហ្នឹងវាកាន់តែធ្វើឱ្យស្ថានភាពហ្នឹងវាកាន់តែគេមានមន្ទិលសង្ស័យថែមទៀត ប្រសិនជាយើងមិនបានបំភ្លឺឱ្យជាក់លាក់ណាមួយទេ»។
រដ្ឋមន្ត្រីការពារជាតិចិន លោក វ៉ី ហ្វេងហឺ បានមកបំពេញទស្សនកិច្ចជាលើកទី២ នៅកម្ពុជា និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM Plus) នៅខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ វិច្ឆិកា។ ជារឿយៗ ស្ទើរតែជាទម្លាប់ទៅហើយ នៅមុនកិច្ចប្រជុំក្របខ័ណ្ឌអាស៊ាន និងកិច្ចប្រជុំកម្រិតអន្តរជាតិ ដែលមានតំណាងភាគីនៃប្រទេសជុំវិញពិភពលោកចូលរួមនោះ ភាគីនៃប្រទេសចិនកុម្មុយនិស្តតែងតែចេញមុខស្កាត់មកជួបពិភាក្សាជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ជាបន្តបន្ទាប់។
មិនខុសគ្នានេះដែរ នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកនេះ រដ្ឋមន្រ្តីការពារជាតិចិនលោក វ៉ី ហ្វេងហឺ ក៏បានជួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ បាញ់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ទៀ បាញ់ បានសរសេរនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា ទស្សនកិច្ចរបស់រដ្ឋមន្ត្រីការពារជាតិចិនលើកនេះនឹងជំរុញកិច្ចសហប្រតិបត្តិការកងទ័ពរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅឡើងមួយកម្រិតទៀត។ រីឯក្នុងជំនួបជាមួយលោក ហ៊ុន សែន វិញ រដ្ឋមន្ត្រីការពារជាតិចិនបានសន្យាថា ចិននឹងបន្តជួយដល់កម្ពុជាថែមទៀត។ ក្រៅពីជំនួបទ្វេភាគីជាមួយលោក ហ៊ុន សែន និងលោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិចិនរូបនេះ ក៏បានជួបពិភាក្សាការងារជាមួយកូនប្រុសច្បងលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដែរ។
លោក ហ៊ុន ម៉ាណែត ថា ចំណងការទូតផ្លូវការនៃប្រទេសចិន និងកម្ពុជា ឆ្លុះបញ្ចាំងឱ្យឃើញអំពីចំណងមិត្តភាពដ៏ជិតស្និទ្ធ និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសរដ្ឋាភិបាល កងទ័ព និងប្រជាជនទាំងពីរ។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជាកន្លងទៅបានលើកក្នុងជំនួបទ្វេភាគីដ៏កម្រមួយ ជាមួយលោក ហ៊ុន សែន ដោយលោកបានស្នើឱ្យកម្ពុជារក្សាអធិបតេយ្យ និងបូរណភាពទឹកដីពីឥទ្ធិពលចិន ស្ដារលទ្ធិប្រជាធិបតេយ្យ និងដោះលែងអ្នកទោសនយោបាយទាំងអស់ឱ្យមានសេរីភាពឡើងវិញ។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាវាយតម្លៃថា ឥរិយាបថប្រទេសចិនកុម្មុយនិស្តមកលើកម្ពុជានារយៈពេលចុងក្រោយនេះ គឺប្រទេសចិនហាក់កំពុងកេងចំណេញផ្នែកនយោបាយ ពន្លឿនសន្ទុះក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅកម្ពុជា ដើម្បីបំពេញមហិច្ឆតាក្នុងការបន្តសាងសង់មូលដ្ឋានទ័ព ដើម្បីទប់ទល់នឹងមហាអំណាចនៃប្រទេសលោកខាងលិច។ ពួកគេមើលឃើញថា ហេតុផលសំខាន់មួយ ដែលលោក ហ៊ុន សែន បង្ហាញជំហរធ្វើតាមការចង់បានរបស់ប្រទេសចិនពេលនេះ គឺដោយសារតែលោក ហ៊ុន សែន យកចិនធ្វើជាខ្នងបង្អែកការពារអំណាចរបស់ខ្លួន និងដើម្បីគាំទ្រផែនការផ្ទេរអំណាចតកូនចៅរបស់លោក។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក ពិនិត្យមើលថា របត់នយោបាយការទូតរបស់លោក ហ៊ុន សែន ក្នុងជំនួបទ្វេភាគីជាមួយមេដឹកនាំបណ្ដាប្រទេសក្នុងតំបន់ និងអន្តរជាតិនារយៈពេលចុងក្រោយនេះ រដ្ឋាភិបាលកម្ពុជាហាក់បង្ហាញឥរិយាបថនយោបាយលម្អៀងទៅរកប្រទេសចិនកាន់តែខ្លាំង។ លោកលើកឡើងថា ប្រសិនមេដឹកនាំនៃរដ្ឋាភិបាលឯកបក្សពិតជាតម្កល់ផលប្រយោជន៍ជាតិធំជាងអំណាចរបស់ខ្លួនពិតមែននោះ រដ្ឋាភិបាលគួរចាប់ផ្ដើមស្ដារប្រជាធិបតេយ្យ និងលំហសេរីភាពពលរដ្ឋឱ្យមានភាពប្រសើរឡើងវិញ។ ជាងនេះទៀត រដ្ឋាភិបាលក៏ត្រូវបង្កើនការផ្តល់ជំនឿ និងបង្ហាញតម្លាភាពដល់សហគមន៍អន្តរជាតិ និងប្រទេសក្នុងតំបន់អំពីភាពចម្រូងចម្រាសនៃការសាងសង់ទំនើបកម្មកំពង់ផែសមុទ្ររាម ដែលអាមេរិកសង្ស័យថា ចិនកំពុងលួចសាងសង់មូលដ្ឋានកងទ័ពនៅកម្ពុជា៖
«កម្ពុជាខ្លួនឯងហ្នឹងត្រូវតែពិចារណាឡើងវិញ ប្រសិនបើប្រទេសកម្ពុជាពិតជាធ្វើដំណើរទៅលើភូមិសាស្ត្រនយោបាយ ដែលលម្អៀងទៅរកចិន ហើយអាចស្ថិតក្រោមការត្រួតត្រារបស់ប្រទេសចិននៅថ្ងៃណាមួយ វាជាគ្រោះថ្នាក់សម្រាប់ជាតិកម្ពុជាទាំងមូល។ ខ្ញុំក៏មិនចង់ឃើញ កម្ពុជាជាន់ដានប្រវត្តិសាស្ត្រដូចសម័យសង្គមរាស្ត្រនិយមដែលប្រទេសកម្ពុជាបានចាប់យកប្រទេសកុម្មុយនិស្ត ដែលធ្វើឱ្យប្រទេសកម្ពុជាខ្លួនឯងហ្នឹងធ្លាក់ទៅក្នុងភ្លើងសង្គ្រាមស៊ីវិលម្ដងទៀត។ ប្រសិនជាមេដឹកនាំកម្ពុជា ជាមេដឹកនាំដែលគិតផលប្រយោជន៍ជាតិជាធំ មេដឹកនាំកម្ពុជាគួរតែពិចារណាឡើងវិញទៅលើអព្យាក្រឹត្យ ដែលខ្លួនប្រកាសមិនចូលបក្សសម្ពន្ធ»។
រដ្ឋាភិបាល លោក ហ៊ុន សែន រងការចោទប្រកាន់ថា បានលួចចុះកិច្ចព្រមព្រៀងសម្ងាត់ជាមួយប្រទេសចិនកុម្មុយនិស្ត ដើម្បីអនុញ្ញាតឱ្យកងទ័ពចិនបោះទីតាំងឈរជើងនៅលើទឹកដីខ្មែរ។ កិច្ចព្រមព្រៀងសម្ងាត់នោះអនុញ្ញាតឱ្យកងទ័ពចិនគ្រប់គ្រងកំពង់ផែទ័ពជើងទឹករាមផ្ដាច់មុខរហូតដល់ទៅ ៣០ឆ្នាំ ហើយកិច្ចព្រមព្រៀងនេះអាចបន្តបានរៀងរាល់ ១០ឆ្នាំម្ដង។ នេះបើយោងតាមសារព័ត៌មានអាមេរិក ឌឹ វ៉លស្រ៊ីត ជរណល (The Wall Street Journal) ផ្សាយកាលពីខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ។
ថ្វីដ្បិតតែរដ្ឋាភិបាលកម្ពុជា និងចិន បានចេញមុខបដិសេធរឿងនេះក្តី ប៉ុន្តែខាងភាគីទាំងពីរមិនដែលបង្ហាញភស្តុតាង និងព័ត៌មាន ដែលអាចគួរឱ្យជឿជាក់បាននោះឡើយ។ លើសពីនេះទៀត មូលដ្ឋានទ័ពជើងទឹករាម ដែលត្រូវបានគេសង្ស័យអំពីវត្តមានយោធារបស់ចិនជាច្រើនឆ្នាំមកហើយនោះ បានប្រែប្រួលខ្លាំងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ សំណង់ថ្មីៗ មួយចំនួន រួមទាំងហេដ្ឋារចនាសម្ព័ន្ធដទៃទៀត បានលេចចេញជារូបរាងឡើង ខណៈមន្ត្រីកម្ពុជា វាយកម្ទេចអាគារដែលជំនួយរបស់អាមេរិកដោយគ្មានជូនដំណឹងជាមុន ព្រមទាំងមានសកម្មភាពបូមខ្សាច់ស្ដារជម្រៅទឹកសមុទ្រនៅមូលដ្ឋានកងទ័ពជើងទឹករាមជាដើម។ ក្រុមអ្នកឃ្លាំមើលថា ទោះបីជាមានការបកស្រាយត្រឹមតែការលើកឡើងជាសាធារណៈពីសំណាក់លោក ហ៊ុន សែន និងមន្ត្រីរបស់លោកក៏ដោយ ក៏មិនអាចលាងជម្រះមន្ទិលសង្ស័យពីសហរដ្ឋអាមេរិកបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។