នាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញជិញ កំពុងបំពេញទស្សនកិច្ចរយៈពេល ២ថ្ងៃនៅកម្ពុជា និងបានចុះកិច្ចព្រមព្រៀង ១១ចំណុច ជាមួយកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា ជំនួបរវាងលោកនាយករដ្ឋមន្ត្រីទាំងពីរ មុនកិច្ចប្រជុំអាស៊ាន គឺវៀតណាមចង់បង្ហាញមេដឹកនាំប្រទេសនានា ថា វៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា វត្តមានមេដឹកនាំវៀតណាមនៅកម្ពុជាពេលពេលនេះ បង្ហាញរូបភាពពីរយ៉ាង ទី១ គឺរូបភាពខាងក្នុង ជាការបង្ហាញថា កម្ពុជា និងវៀតណម កំពុងពង្រឹងទំនាក់ទំនង និងពាណិជ្ជកម្មបន្ថែម។ ទោះយ៉ាងណាក្ដី អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយរូបនេះ លើកឡើងទៀតថា ចំពោះរូបភាពខាងក្រៅវិញ គឺវៀតណាមចង់បង្ហាញសហគមន៍អន្តរជាតិថា វៀតណាមនៅតែមានឥទ្ធិពលលើកម្ពុជា។ លោក ឯម សុវណ្ណារ៉ា បន្តទៀតថា នេះជានយោបាយការបរទេសឆ្លាតវៃរបស់វៀតណាម៖
«បាទកន្លែងហ្នឹងអាចឱ្យអន្តរជាតិចាប់អារម្មណ៍ភាពបត់បែនភាពទន់ភ្លន់របស់វៀតណាម ពីការដើរតួនាទីជាអ្នកនយោបាយការបរទេសទន់ភ្លន់ ឬវៃឆ្លាតនៅក្នុងតំបន់ ក្នុងក្របខណ្ឌគេអាចមើលឃើញហើយ បានន័យថា យើងមិនបដិសេធ យើងមិនលើកពេលទៅលើកពេលជំនួបទៅថ្ងៃក្រោយធ្វើឱ្យអន្តរជាតិ ទោះបីគេមិនថា ក៏គេអាចពិចារណាទៅលើឥទ្ធិពលវៀតណាម ដែលមានលើបណ្ដារដ្ឋក្នុងសមាជិកអាស៊ាន»។
លោក ឯម សុវណ្ណារ៉ា លើកឡើងទៀតថា នេះភាពលេចធ្លោ ដែលវៀតណាមកំពុងបង្ហាញទៅមេដឹកនាំប្រទេសផ្សេងទៀតពីតួនាទី និងនយោបាយការបរទេសរបស់វៀតណាមមកលើកម្ពុជា។
អ្នកជំនាញលើកឡើងដូច្នេះ គ្រាដែលនាយករដ្ឋមន្ត្រី វៀតណាម លោកផាម មិញជិញ (Pham Minh Chinh) កំពុងបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ថ្ងៃ ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែវិច្ឆិកា។
រយៈពេលពីរថ្ងៃ ដែលនាយករដ្ឋមន្ត្រីវៀតណាម លោកផាម មិញជិញ មកបំពេញទស្សនកិច្ចនៅកម្ពុជា មេដឹកនាំវៀតណាមរូបនេះ គ្រោងជួបមេដឹកនាំកម្ពុជា រួមមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ និងប្រធានរដ្ឋសភា លោក ហេង សំរិន។
ទី១ នៃដំណើរទស្សនកិច្ច គឺថ្ងៃទី៨ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានជួបលោក ហ៊ុន សែន ដើម្បីពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ច។ ភាគីទាំងពីរក៏បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន១១ ចំណុចរួមមាន៖ វិស័យក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម ទូរគមនាគមន៍ ការងារ និងវិស័យហិរញ្ញវត្ថុជាដើម។ ទោះយ៉ាងណា ភាគីទាំងពីរមិនបានលើកឡើង ទាក់ទងបញ្ហានៃការបោះបង្គោលព្រំដែននោះទេ។
ជំនួយការ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក អ៊ាង សុផល្លែត ឱ្យដឹងក្រោយពីធីចុះកិច្ចព្រមព្រៀងនេះថា ភាគីវៀតណម ដែលបានអបអរលោក ហ៊ុន សែន បានដឹកនាំការងារក្នុងនាមជាប្រធានអាស៊ាន បានជោគជ័យតាំងដើមរហូតមកដល់ពេលនេះ។ លោកបន្តទៀត ប្រទេសទាំងពីរ បន្តពង្រឹងទំនាក់ទំនងគ្នាបន្តទៀត តាមរយៈការពង្រីកពាណិជ្ជ ការវិនិយោគនៅតំបន់ព្រំដែន និងការបើកច្រកព្រំដែនបន្ថែមជាដើម។
« ទិដ្ឋភាពទាំងនយោបាយ ទាំងសេដ្ឋកិច្ច ក្នុងនោះថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពគ្នា ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ មិត្តភាពនៃប្រទេសទាំងពីរ ជាពិសេស លើវិស័យសេដ្ឋកិច្ច»។
ទោះបីយ៉ាងណាក្ដី អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន កត់សម្គាល់ឃើញថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរមិនស្មើភាពគ្នាទេ។ លោកបន្តថា ទំនិញកម្ពុជានាំចូលទៅវៀតណាមមានតិចតួច ប៉ុន្តែវៀតណាមនាំទិញរបស់គេមកកម្ពុជាច្រើនលើសលប់។ លោកលើកឡើងទៀតថា ទោះលោក ហ៊ុន សែន ដឹងថា វៀតណាម កេងចំណេញពីការពាណិជ្ជកម្មនេះក្ដី ប៉ុន្តែ លោក ហ៊ុន សែន នៅតែធ្វើតាមវៀតណាមចង់បាន ព្រោះលោក ហ៊ុន សែន ត្រូវការពឹងពាក់សុំឱ្យវៀតណាមជួយគាំទ្រផែនការផ្ទេរអំណាចពីលោក ហ៊ុន សែន ទៅលោក ហ៊ុន ម៉ាណែត។
«ចំណេញឃើញថា ការកាន់អំណាចរបស់គាត់(លោក ហ៊ុន សែន)ក្រុមគ្រួសាររបស់គាត់ ហើយនិងលាភសក្ការៈ ដែលមន្ត្រីមួយចំនួន គេនាំចូលមកហ្នឹង តាមដែលយើងដឹងទំនិញមួយចំនួននាំចូលមកពីវៀតណាម មានឧបនាយករដ្ឋមន្ត្រីជាអ្នកនៅពីក្រោយខ្នងហ្នឹង ហើយនាំចូលហ្នឹងត្រូវបង់ពន្ធ បើថា ១០០ភាគរយអ៊ីចឹង បង់តែ ៥០ភាគរយ ៣០ភាគរយអ៊ីចឹង»។
ជុំវិញការលើកឡើងថា វៀតណាមទទួលបានផលចំណេញពីជំនួបនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន លើកឡើងថា នេះជាជំនួប ដែលតែងតែកើតមានរវាងមេដឹកនាំកម្ពុជា ជាមួយមេដឹកនាំវៀតណាម។ លោកបន្តទៀត ក្រៅពីមេដឹកនាំវៀតណាម ក៏មានមេដឹកនាំប្រទេសផ្សេងទៀត ជួបជជែកទ្វេភាគីជាមួយលោក ហ៊ុន សែន ដែរ។
«អត់មាននិយាយរឿងចំណេញទៅប្រទេសណាមួយទេ គឺចំណេញទាំងសង្ខាងគេជួបទ្វេភាគី ដើម្បីពង្រឹងទំនាក់ទំនងមិត្តភាពសាមគ្គីភាពកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែមានភាពរឹងមាំហើយនេះជាការពូនជ្រំនៃចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ»។
ទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ចាប់ពីខែមករា-ខែមីនា ឆ្នាំ២០២២ ការផ្លាស់ប្ដូរទំនិញរវាងកម្ពុជា និងវៀតណាម មានទឹកប្រាក់កើនឡើងជាង ១៣% (១៣,៦ភាគរយ) ស្មើនឹង (១.៧២២,០៥លានដុល្លារ) ក្នុងនោះការនាំទំនិញពីកម្ពុជាទៅវៀតណាម មានចំនួន ជាង ៧រយលានដុល្លារ (៧៥៨,៨១លានដុល្លារ) កើនជាង ៣% ( ៣,៩ភាគរយ)។ រីឯការនាំចូលទំនិញពីវៀតណាមមកកម្ពុជាវិញ គឺកើនជាង ២២% (២២,៧ភាគរយ) ស្មើនឹងទឹកប្រាក់ជាង ៩រយលានដុល្លារ (៩៦៣,២៣លានដុល្លារ កើនឡើង ។
វៀតណាម គឺជាប្រទេសមានទំនាក់ទំនងពាណិជ្ជកម្មធំទី៣ ជាមួយកម្ពុជា តាមពីក្រោយប្រទេសចិន ដែលមានទឹកប្រាក់ជាង ២,៨ពាន់លានដុល្លារ និងអាមេរិកជាង ២,២២ ពាន់លានដុល្លារ។
ប្រទេសកម្ពុជាដែលជាប្រធានអាស៊ានប្ដូរវេននឹងរៀបចំកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ១៣ ខែវិច្ឆិកាខាងមុខនេះ។ ក្រៅពីមេដឹកនាំវៀតណាម នាយករដ្ឋមន្ត្រីប្រទេសចិនកុម្មុយនិស្ត លោក លី ខឺឈាង (Li Keqiang) ក៏មានគម្រោងមកជួបលោក ហ៊ុន សែន ដែរ គឺចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែវិច្ឆិកា។
ទាក់ទងកិច្ចប្រជុំកំពូលអាស៊ានដែរ ឧត្ដមមន្ត្រីនៃបណ្ដាប្រទេសអាស៊ាន (ASEAN) រួមមាន គណៈប្រតិភូជាន់ខ្ពស់ ប្រទេសប៊្រុយណេ (Brunei) ហ្វីលីពីន (Philippines) (Myanmar) ថៃ (Thailand) ប្រទេសឡាវ (Laos) និងចិនបានធ្វើដំណើរមកដល់កម្ពុជាជាបណ្ដើរៗ ហើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។