តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរចាត់ទុកសារព្រមានរបស់លោក ហ៊ុន សែន ដែលចង់ប្រើអាវុធបាញ់សម្លាប់លោក សម រង្ស៊ី ថា ជាគំរូអាក្រក់មួយដល់សង្គម និងស្នើឱ្យអ្នកនយោបាយគ្រប់និន្នាការនៅកម្ពុជា គួរប្រកាន់យកការប្រកួតប្រជែងគ្នាតាមរយៈគំនិត ទើបប្រទេសជាតិរីកចម្រើនទៅមុខ។ រីឯអ្នកវិភាគមើលឃើញថា ការព្យាយាមវិលចូលស្រុករបស់លោក សម រង្ស៊ី ជាជម្រើសមួយ ដើម្បីជួយឱ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារស់ឡើងវិញ។
សមាជិកសភាអូស្ត្រាលីនៅរដ្ឋវ៉ិកតូរីយ៉ា (Victoria) លោក តាក់ ម៉េងហ៊ាង បង្ហាញការព្រួយបារម្ភជុំវិញជោគវាសនានាពេលអនាគតនៃប្រទេសកំណើតរបស់ខ្លួន បន្ទាប់ពីលោក ហ៊ុន សែន នៅតែបន្តប្រើប្រាស់សារគំរាមកំហែងគ្រប់រូបភាព ទាំងការព្រមានបាញ់សម្លាប់ និងការចាប់ចងអ្នកនយោបាយប្រឆាំង ដែលកំពុងតស៊ូដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យដោយសន្តិវិធីនៅកម្ពុជា។
លោក តាក់ ម៉េងហ៊ាង តំណាងរាស្ត្រអូស្ត្រាលីដើមកំណើតខ្មែរ ប្រាប់អាស៊ីសេរីនៅថ្ងៃទី១ ខែមិថុនា ដោយចាត់ទុកសារគំរាមរបស់លោក ហ៊ុន សែន ជាថ្មីគំរាមបាញ់សម្លាប់មេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ថាអាចជាទម្រង់ហិង្សាហួសកម្រិតនៃការបញ្ចេញមតិនយោបាយ ហើយអាចបង្កើតវប្បធម៌អាក្រក់ដល់សង្គម។ លោកចង់ឱ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់ រក្សាផលប្រយោជន៍ជាតិ និងបង្កើតវប្បធម៌ប្រណាំងប្រជែងគ្នាដើម្បីវឌ្ឍនភាពជាតិ និងប្រជាជន ជាជាងការបញ្ចេញសារនយោបាយគំរាមកំហែងគ្រប់រូបភាពដើម្បីកម្ទេចគ្នា ដែលអាចនាំឱ្យមានផលលំបាកដល់សង្គម និងជាគំរូដ៏អាក្រក់មួយទៅដល់សង្គម។
លោក តាក់ ម៉េងហ៊ាង៖ «ដូច្នេះ ខ្ញុំសូមអំពាវនាវម្ដងហើយម្ដងទៀត ឱ្យអ្នកនយោបាយគ្រប់និន្នាការទាំងអស់ សូមយកការប្រណាំងប្រជែងគំនិត ហើយនឹងចំណេះ ដើម្បីកសាងប្រទេសជាតិ ជាជាងការប្រណាំងប្រជែងដោយការគំរាមកំហែងគ្រប់រូបភាពទាំងអស់ ទៅដល់គូប្រកួតប្រជែងនយោបាយនៅមុនការបោះឆ្នោតនាពេលខាងមុខនេះ»។
ការលើកឡើងរបស់លោក តាក់ ម៉េងហ៊ាង ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានចេញសារព្រមានប្រើប្រាស់អាវុធសង្គ្រាមប្រភេទ បេ ប៊ី.អឹម២១ (BM21) ដើម្បីបាញ់សម្លាប់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី និងអ្នកគាំទ្រ ប្រសិនបើហ៊ានឆ្លងដែនពីប្រទេសថៃចូលដល់ទឹកដីកម្ពុជា។ សារព្រមានជាថ្មីរបស់លោក ហ៊ុន សែន នេះ កើតឡើងបន្ទាប់ពីលោក សម រង្ស៊ី និងភរិយា រួមទាំងមន្ត្រីស្និទ្ធរបស់លោក បានធ្វើដំណើរដ៏ភ្ញាក់ផ្អើលចូលដល់ប្រទេសម៉ាឡេស៊ី និងបានជួបជជែកពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាមួយក្រុមតំណាងរាស្ត្រម៉ាឡេស៊ីមួយចំនួន។ ការទទួលស្វាគមន៍ឱ្យលោក សម រង្ស៊ី អាចជាន់ទឹកដីម៉ាឡេស៊ីជាថ្មីនេះ ជាការធ្វើឱ្យលោក ហ៊ុន សែន អាម៉ាស់មុខ និងកើតឡើងស្របពេលលោក សម រង្ស៊ី ទើបបានប្រកាសថា លោកនឹងវិលចូលកម្ពុជាវិញឆាប់ៗ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ ស្ថិតក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៣១ ខែឧសភា លោក ហ៊ុន សែន ព្រមានថានឹងប្រើគ្រាប់បេបាញ់សម្លាប់លោក សម រង្ស៊ី រួមទាំងអ្នកវិភាគនយោបាយបណ្ឌិត សេង សារី ដែលផ្ដល់គំនិតថា លោក សម រង្ស៊ី អាចនឹងវិលចូលកម្ពុជាវិញតាមរយៈព្រំដែនប្រទេសថៃ នៅពេលប្រទេសជិតខាងមួយនេះ មានរដ្ឋាភិបាលថ្មី ដែលទើបជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យកាលពីពេលថ្មីៗនេះ។
លោក ហ៊ុន សែន៖ «ហើយគេបានប៉ុណ្ណឹងហើយ គេអួតនោះអួត មិនត្រឹមតែអួតបានមកជាន់ទឹកដីម៉ាឡេស៊ីទេ អួតបានមកដល់ជាន់ទឹកដីថៃទៀត ចាំមើល៍ៗ វាអួតដល់ណាទៀត។ ហើយបណ្ឌិត សេង សារី ថា សល់តែមួយទេ គឺឆ្លងកាត់ដីថៃចូលមកកម្ពុជាតែម្ដង។ នែ!អាឱ្យយោបល់ហ្នឹងល្អតើ អាហ្នឹងត្រូវ បេអឹម២១ អញផ្គុំបាញ់រំបល់យក៍តែម្ដង កុំឱ្យវាអាយ៉ៃអាយ៉ៃពេក»។
នេះមិនមែនជាលើកដំបូងទេ ដែលលោក ហ៊ុន សែន ព្រមានសម្លាប់មនុស្សជាក្រុម ដែលគេចាត់ទុកថា ជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងជាការរំលោភច្បាប់ជាតិនិងអន្តរជាតិយ៉ាងធ្ងន់ធ្ងរ។ ស្របពេលលោក ហ៊ុន សែន ចូលចិត្តព្រមានសម្លាប់មនុស្សបែបនេះ គឺស្ថិតនៅក្រោមការដឹកនាំរបស់លោកជិត៤០ឆ្នាំ មានករណីឃាតកម្មធំៗជាច្រើន បានកើតឡើង និងគ្មានការស៊ើបអង្កេតរកយុត្តិធម៌ជួនជនរងគ្រោះនិងក្រុមគ្រួសារជនរងគ្រោះទាំងនោះឡើយ។
ពាក់ព័ន្ធនឹងប្រតិកម្មពីតំណាងរាស្ត្រអូស្ត្រាលីដើមកំណើតជុំវិញសារព្រមានលោក ហ៊ុន សែន វិទ្យុអាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានទេនៅថ្ងៃទី១ ខែមិថុនា។
ជុំវិញសារព្រមានរបស់លោក ហ៊ុន សែន នេះ លោក សម រង្ស៊ី បានសរសេរបង្ហោះនៅលើហ្វេសប៊ុកផ្លូវការរបស់លោកនៅថ្ងៃទី១ មិថុនា ដោយចោទជាសំណួរទៅអ្នកគាំទ្ររបស់លោកថា លោក ហ៊ុន សែន ដែលតែងប្រកាសចង់ចាប់លោក ប៉ុន្តែហេតុអ្វី នៅពេលលោកប្រកាសវិលចូលស្រុកវិញ លោក ហ៊ុន សែន បែរជាចង់ប្រើបេបាញ់មកលើរូបលោក ដែលមានតែដៃទទេ។ លោក សម រង្ស៊ី បន្តថា មូលហេតុដែលនាយករដ្ឋមន្ត្រីលោក អាន់វ៉ា អ៊ីប្រាហ៊ីម សន្យា៤ដងមិនឱ្យលោកជាន់ទឹកដីម៉ាឡេស៊ី គឺដោយសារតែលោក ហ៊ុន សែន ទទូច៤ដង ឱ្យមេដឹកនាំម៉ាឡេស៊ីនេះសន្យាប៉ុណ្ណោះ។ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិរូបនេះ ក៏បានចោទជាសំនួរទៀតថា ហេតុអ្វីលោក ហ៊ុន សែន នៅពេលជួបថ្នាក់ដឹកនាំប្រទេសជិតខាងម្ដងៗ មិនយករឿងសំខាន់ៗ ទាក់ទងផលប្រយោជន៍ជាតិ មកជជែក ប៉ុន្តែបែរជាលើកតែពីករណី សម រង្ស៊ី?
អ្នកវិភាគនយោបាយបណ្ឌិត សេង សារី មើលឃើញថា ច្រកនៃការប្រកួតប្រជែងក្នុងសង្វៀនប្រជាធិបតេយ្យរបស់កម្ពុជាទាំងពីរច្រក ត្រូវបានលោក ហ៊ុន សែន បិទខ្ទប់អស់ហើយ រួមមានច្រកធ្វើបាតុកម្មអហិង្សារបស់ពលរដ្ឋដើម្បីទាមទាររកយុត្តិធម៌ និងច្រកប្រកួតប្រជែងអំណាចតាមប្រជាធិបតេយ្យ បន្ទាប់ពីមិនអនុញ្ញាតឱ្យគណបក្សភ្លើងទៀន ចូលរួមការបោះឆ្នោត។ លោកបន្ថែមថា ដូច្នេះ គ្មានជម្រើសអ្វីផ្សេង ក្រៅពីលោក សម រង្ស៊ី ត្រូវតែបង្ខំចិត្តវិលមកកម្ពុជា ដើម្បីធ្វើឱ្យកម្លាំងប្រជាធិបតេយ្យនៅកម្ពុជារស់ឡើងវិញ។
បណ្ឌិត សេង សារី៖ «កត្តាជំរុញឱ្យលោក សម រង្ស៊ី ជ្រើសរើសមធ្យោបាយធ្វើមាតុភូមិនិវត្តន៍ តាមច្រកប្រទេសថៃ គឺមិនអាស្រ័យទៅលើបទវិភាគ ឬមតិយោបល់ របស់អ្នកវិភាគណាម្នាក់ទេ។ ប៉ុន្តែសម្រាប់ខ្ញុំ ខ្ញុំគិតថា ជម្រើសនេះ គឺកើតឡើងដោយសារតែរដ្ឋាភិបាល ឬគណបក្សកាន់អំណាច បិទគ្រប់ច្រក មិនអាចឱ្យលោក សម រង្ស៊ី ត្រលប់ចូលសង្វៀនប្រកួតគ្នាតាមបែបប្រជាធិបតេយ្យ។ ដូច្នេះ អត់មានជម្រើសអីក្រៅពីលោក សម រង្ស៊ី ត្រូវបង្ខំចិត្តត្រឡប់មកកម្ពុជា ដើម្បីបំផុសបំផុលកម្លាំងគាំទ្ររបស់ខ្លួនឱ្យងើបតវ៉ាជាមួយរដ្ឋាភិបាល»។
ចំណែកអ្នកវិភាគនយោបាយលោក គឹម សុខ មើលឃើញដែរថា លោក ហ៊ុន សែន កំពុងបារម្ភខ្លាំងពីសកម្មភាពរបស់លោក សម រង្ស៊ី ដែលកាន់តែចូលកៀកប្រទេសកម្ពុជា។ លោកបន្តថា មូលហេតុដែលលោក ហ៊ុន សែន បារម្ភខ្លាំង ដោយសារលោកកាន់តែមានវ័យទ្រុឌទ្រោម ហើយនៅមិនទាន់ជោគជ័យនៅឡើយក្នុងការផ្ទេរអំណាចទៅកូន ហើយខ្លាចលោក សម រង្ស៊ី ធ្វើឱ្យប៉ះពាល់ដំណើរការផ្ទេរអំណាច។ លោក គឹម សុខ បន្តថា លោក សម រង្ស៊ី នៅតែជាមេដឹកនាំសម្ពន្ធភាពនៃគណបក្សសង្គ្រោះជាតិដែលមានពលរដ្ឋគាំទ្រជិតកន្លះប្រទេស ហើយឥទ្ធិពលរបស់លោកក៏បានជួយធ្វើឱ្យគណបក្សភ្លើងទៀន ទទួលបានសំឡេងគាំទ្រជិត២លាននាក់កាលបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២។
អ្នកវិភាគរូបនេះ បន្ថែមថា លោក សម រង្ស៊ី នៅសល់កម្លាំងគាំទ្រច្រើនទៀតពីក្រុមពលករនៅក្រៅប្រទេស ជាពិសេសនៅក្នុងប្រទេសថៃ។ លោក គឹម សុខ យល់ឃើញថា លោក សម រង្ស៊ី អាចចូលដល់ប្រទេសថៃ ឬអត់ អាស្រ័យលើភាពប៉ិនប្រសប់នៃការធ្វើនយោបាយការបរទេសរបស់លោក និងអាស្រ័យលើសារនយោបាយរបស់លោក សម រង្ស៊ី ប្រសិនបើសារនោះ ចង់ស្វែងរកការសម្របសម្រួល ផ្សះផ្សាជាតិ និងលើកទឹកចិត្តពលរដ្ឋឱ្យទាមទារយុត្តិធម៌ និងលទ្ធិប្រជាធិបតេយ្យ។ លោកបញ្ជាក់ទៀតថា នៅពេលនោះ សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យធំៗ ជាម្ចាស់ហត្ថលេខីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលនៅតែតាមដានឃ្លាំមើលសកម្មភាពរបស់លោក សម រង្ស៊ី អាចបោះដៃសហប្រតិបត្តិការកាន់តែខ្លាំងជាមួយលោក សម រង្ស៊ី ដើម្បីសម្របសម្រួលឱ្យលោកវិលចូលកម្ពុជាវិញបាន។
លោក គឹម សុខ៖ «អាចមានលទ្ធភាពបង្កើនសក្ដានុពលរបស់គាត់(លោក សម រង្ស៊ី)ធ្វើនយោបាយការទូតចេញចូលម៉ាឡេស៊ី ចេញចូលប្រទេសថៃ នៅថ្ងៃក្រោយ ដែលមានព្រំដែនជាប់កម្ពុជា ឥទ្ធិពលរបស់គាត់អាចហៀរទៅដល់សកម្មភាពនៅលើទឹកដីនៃប្រទេសកម្ពុជា តវ៉ារកយុត្តិធម៌ និងការកែទម្រង់តាមបែបប្រជាធិបតេយ្យ តទល់នឹងអំណាចផ្ដាច់ការរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន។ ហើយកាលណារឿងនេះ វាចេញទៅជារូបរាង ផែនការអំណាចរបស់ត្រកូល«ហ៊ុន»ក៏ពិបាករក្សាដែរ»។
អ្នកវិភាគនយោបាយលោក គឹម សុខ ចាត់ទុកលោក ហ៊ុន សែន ដែលចូលចិត្តប្រើសារព្រមានសម្លាប់មនុស្សឬអ្នករារាំងការកាន់អំណាចរបស់លោក ថា ដូចទៅនឹងក្រុមឧទ្ទាមដែលមិនខ្វល់នឹងការគោរពច្បាប់ជាតិ និងអន្តរជាតិ និងនយោបាយការទូតឡើយ ហើយដោយសារតែការស្រេកឃ្លានអំណាច លោក ហ៊ុន សែន មិនខ្លាចធ្វើអ្វីទាំងនោះ ទោះទង្វើខុសទាំងច្បាប់សាសនាក្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។