ពលរដ្ឋខ្មែរកាណាដារស់នៅក្រុងម៉ុងរ៉េអាល់ (Montreal) លោក យុន ប៊ុនកន (Yun Bun Korn) អះអាងប្រាប់វិទ្យុអាស៊ីសេរីនៅព្រឹកថ្ងៃទី០៩ ខែឧសភា ថា លោក និងកូនស្រីឈ្មោះ យុន ប៊ុនណារី (Yun Bunnary) ព្រមទាំងកូនប្រសារឈ្មោះ លូ ហូវ (Lu Hau) មិនជាប់ពាក់ព័ន្ធនឹងករណីបណ្តាញផលិតគ្រឿងញៀនដែលត្រូវបាននគរបាលកាណាដាបើកប្រតិបត្តិការបង្ក្រាបកាលពីចុងខែមេសា កន្លងទៅឡើយ។ លោក យុន ប៊ុនកន អះអាងក្នុងសារជាសំឡេងប្រាប់វិទ្យុអាស៊ីសេរីថា លោក និងកូនៗលោកមិនត្រូវបាននគរបាលកាណាដាចាប់ខ្លួនឡើយ ហើយលោកក៏មិនពាក់ព័ន្ធនឹងគណបក្សនយោបាយណាមួយដែរ។
លោក យុន ប៊ុនកន៖ « នៅក្នុងអត្ថបទហ្នឹង គេនិយាយពីការឆែកឆេរ មិនមែនការចាប់ទេ។ ឆែកឆេរពីព្រោះទីមួយមានពួកជនខិលខូចគេធ្វើផលិតគ្រឿងញៀនរាប់រយ រាប់ពាន់ រាប់ម៉ឺនគ្រាប់ ហើយគ្រឿងញៀនទាំងនោះផលិតនៅលើផ្ទះរបស់កូនខ្ញុំ និងកូនប្រសារខ្ញុំ។ កូនខ្ញុំ និងកូនប្រសារខ្ញុំគាត់មានផ្ទះច្រើន ហើយមានផ្ទះពីរដែលជួលឱ្យគេ គឺអ្នកជួលគេយកទៅប្រើប្រាស់ខុសច្បាប់ ធ្វើការខុសច្បាប់ ហើយនៅពេលដែលប៉ូលិសគេទៅចាប់បានទៅ គេក៏មកសាកសួរស៊ើបអង្កេតទៅ មករកផ្ទះដែលកូនខ្ញុំ កូនប្រសារខ្ញុំ ...»។
ការចេញមកបំភ្លឺរបស់លោក យុន ប៊ុនកន នៅពេលនេះកើតមានឡើងក្រោយសារព័ត៌មាន Le Journal de Montreal ផ្សាយកាលពីថ្ងៃទី២៧ ខែមេសា អំពីប្រតិបត្តិការបង្ក្រាបបណ្តាញគ្រឿងញៀនដ៏ធំមួយដោយប្រើកម្លាំងប៉ូលិសកាណាដារហូតដល់ជាង ២០០នាក់ លើទីតាំង ៤០ កន្លែងនៅក្នុងខេត្តកេបិច (Quebec)។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានដដែលនេះ ប៉ូលិសបានរកឃើញថ្មាំញៀនម៉េតាំហ្វេតាមីនចំនួនជាង ៧សែន៥ពាន់គ្រាប់ (៧៥.៦០០ គ្រាប់) សារធាតុញៀនម៉េតាំហ្វេតាមីនសុទ្ធចំនួន ៤គីឡូក្រាម និងថ្មាំញៀនជាង ១ពាន់គ្រាប់ផ្សេងទៀតពីផ្ទះរបស់កូនៗរបស់លោក យុន ប៊ុនកន ដែលអះអាងថាបានជួលឱ្យបណ្តាញឧក្រិដ្ឋជនគ្រឿងញៀន។ បណ្តាញគ្រឿងញៀននេះ មានសមត្ថភាពអាចផលិតគ្រឿងញៀនរហូតដល់ទៅ ១លានគ្រាប់ក្នុងមួយថ្ងៃ។
គិតត្រឹមម៉ោងផ្សាយនេះ វិទ្យុអាស៊ីសេរី មិនទាន់អាចទាក់ទងសុំការបញ្ជាក់បន្ថែមពីប៉ូលិសកាណាដាជុំវិញការអះអាងរបស់លោក យុន ប៊ុនកន នៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។