តំណាង​សហគមន៍​ខ្មែរ ​ជំរុញ​ឲ្យ​អាជ្ញាធរ​អូស្ត្រាលី ​ស៊ើបអង្កេត​ប្រភព​លុយ​របស់​លោក ហ៊ុន តូ ​

0:00 / 0:00

តំណាង​សហគមន៍​ខ្មែរ ​ជំរុញ​ឲ្យ​អាជ្ញាធរ​ប្រទេស​អូស្ត្រាលី ​ស៊ើបអង្កេត​លើ​ប្រភព លុយ​របស់​ក្មួយប្រុស​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ គឺ​លោក ហ៊ុន តូ ​ដែល​ពួកគាត់ ​សង្ស័យ​ថា ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​លុយ​ខ្មៅ​កខ្វក់​ហើយ​លាក់​ទុក​នៅ​ប្រទេស​អូស្ត្រាលី។ ការ​ជំរុញ​របស់​តំណាង​សហគមន៍​ខ្មែរ​នេះ ​ធ្វើឡើង​បន្ទាប់ពី​កាសែត​ដ៏​ល្បី​ក្នុង​ប្រទេស​​អូស្ត្រាលី ​បាន​ចេញ​ផ្សាយ​ថា ​ក្មួយប្រុស​របស់​មេដឹកនាំ​ផ្តាច់​ការ​នៅ​កម្ពុជា ​លោក ហ៊ុន តូ ​ជាប់​ទាក់ទិន​នឹង​បណ្ដាញ​ឧក្រិដ្ឋជន​ជនជាតិ​ចិន​រឿង​បើក​ក្រុមហ៊ុន​ឆបោក​និង​ជួញ​ដូរ​មនុស្ស​​លំដាប់​ពិភពលោក​ចេញពី​ទឹក​កម្ពុជា។

ក្មួយប្រុស​របស់​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ​គឺ​ឧកញ៉ា ​ហ៊ុន តូ ​ដែល​កំពុង​ប្រើ​ជីវិត​ហ៊ឺ​ហា​ជិះឡាន​ទំនើបៗ​ និង​រស់នៅ​ក្នុង​ភូមិគ្រឹះ​ដ៏​ប្រណិត​ក្នុង​ទី​ក្រុង​ម៉ែលប៊ន​ (Melbourne ) ​ប្រទេស​អូស្ត្រាលី ​ចាប់​ផ្តើម​ល្បី​សុះសាយ​កេរ្តិ៍ឈ្មោះអាស្រូវ​ទុច្ចរិត​ជាថ្មី​ទៀត ​នៅក្នុង​​ប្រទេស​នេះ ​ដោយសារ​​មានការ​ចុះផ្សាយ​លើ​សារព័ត៌មាន​អន្តរជាតិ​ លាត​ត្រដាង​ថា ​លោក​ជាប់​ពាក់​ព័ន្ធ​នឹង​បណ្តាញ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាច្រើន​និង​ការ​លាង​លុយ​កខ្វក់​​រវាង​កម្ពុជា​ និង​អូស្ត្រាលី​។

តំណាង​សហគមន៍​ខ្មែរ​ ជឿ​ថា ​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ជា​បន្តបន្ទាប់​នេះ​គឺជា​ព័ត៌មាន​ពិត​ហើយ​វា​ជា​រឿង​អាម៉ាស់​សម្រាប់​ប្រទេស​កម្ពុជា ដែល​សែស្រឡាយ​សាច់ញាតិ​របស់​អ្នកដឹកនាំ​កម្ពុជា ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​បែបនេះ​។

​អតីត​អភិបាល​ក្រុង​​​គ្រីតធឺដង់ដឺណង់​​(Greater Dangdenong)និង​ប្រធាន​សមាគមន៍​ខ្មែរ​លោក ជា ​យូហ៊ន ​ថ្លែងថា ​​ជាច្រើន​ទសវត្សរ៍​មក​ហើយ ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​រត់​ភៀស​ខ្លួន​គេច​ចេញ​ពី​របប​ដឹកនាំ​បែប​ផ្ដាច់ការ​ត​ជំនាន់​នៅ​កម្ពុជា ​បាន​មក​តាំង​ទីលំនៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ នាំគ្នា​ខំ​រក​ស៊ី​ត្រឹមត្រូវ​​ និង​គោរព​ច្បាប់​ប្រទេស​អូស្ត្រាលី។ ប៉ុន្តែ​​ចុង​ក្រោយនេះ​ លោក ​សង្កេត​ឃើញថា ​ក្រុម​មនុស្ស​ដែល​មាន​សម្ពន្ធភាព​និង​សាច់ញាតិ​មេ​ដឹកនាំ​កម្ពុជា​បច្ចុប្បន្ន​នេះ ​បាន​យក​លុយ​ពុករលួយ​ និង​លុយខ្មៅ​មក​ប្រើ​ជីវិត​ដ៏​អស្ចារ្យ​​ក្នុង​ប្រទេស​អូស្ត្រាលី​ និង​តែង​លេច​ចេញ​រឿង​អាស្រូវ​ជាបន្តបន្ទាប់​ដែល​នាំ​ឲ្យ​អាម៉ាស់​សម្រាប់​សហគមន៍​ខ្មែរ៖« ខ្ញុំ​គិត​ថា​ រដ្ឋាភិបាល​អូស្ត្រាលី ​គួរតែ​តាម​មើល​អ្នកទាំង​អស់ហ្នឹង​ឲ្យ​បាន​ដិតដល់​ ព្រោះអី​ដើម្បី​ជៀសវាង​ការ​យក​រឿង​កខ្វក់​នៅ​កម្ពុជា មក​ប្រព្រឹត្ត​នៅ​ប្រទេស​អូស្ត្រាលី។ប្រទេស​អូស្ត្រាលី ​ជា​ប្រទេស​ស្អាតស្អំ​ ជា​ប្រទេស​គោរពច្បាប់ ​ដូច្នេះ​យើង​ទាំងអស់គ្នា ​សូម​ធ្វើ​អី​ឲ្យ​ស្រប​តាមច្បាប់ »

ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ​កាសែត​ឌឹ​អូស្ត្រា​លាន ​(The Australian ) ​បាន​ចេញផ្សាយ​អត្ថបទ​ជាបន្តបន្ទាប់​ពាក់ព័ន្ធ​នឹង​សែស្រឡាយ​កូន​ចៅ​អ្នក​ធំ​ខ្មែរ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​លាង​លុយកខ្វក់​និង​ពង្រីក​ឥទ្ធិពល​នយោបាយ​នៅ​លើ​ទឹកដី​អូស្ត្រាលី។ជាពិសេស ​កាសែត ​​ឌឹ អូស្ត្រាលាន ​កាលពីថ្ងៃទី៥ ​សីហា ​បាន​ផ្សាយ​អត្ថបទ​មួយ​ដោយ​ដាក់​ចំណង​ជើង​ធំៗ​ថា ​ក្មួយប្រុស​ជា​អ្នក​លេង​របស់​មេ​ដឹក​នាំ​ផ្តាច់​ការ​កម្ពុជា​លោក ហ៊ុន សែន​ គឺ​លោក ហ៊ុន តូ ​ជាប់​សង្ស័យ​ជាថ្មី​ជាមួយ​បណ្ដាញ​ឧក្រិដ្ឋកម្ម​​ឆបោក ​និង​ជួញដូរ​មនុស្ស​ទ្រង់ទ្រាយ​ធំ​នៅ​កម្ពុជា ​ដែល​សហការ​ជាមួយ​ឧក្រិដ្ឋជន​ជនជាតិ​ចិន​។ កាសែត​នេះ ​សរសេរ​ថា ​លោក ហ៊ុន តូ ​គឺជា​នាយក​ក្រុមហ៊ុន​ជាច្រើន នៅ​កម្ពុជា​ ដែល​ទូរទស្សន៍​អាល់ចាហ្សីរ៉ា (Al Jazeera) ​រក​ឃើញ​ថា ​ជាប់​ទាក់​ទិន​នឹង​ការ​ជួញដូរ​មនុស្ស​មកពី​ប្រទេស​នានា​ក្នុង​​តំបន់​អាស៊ី ​ដោយ​បង្ខិត​បង្ខំ ​ការ​ឃុំឃាំង និង​ការ​ធ្វើ​ទារុណកម្ម​វាយដំ​និង​ប្រើ​ដំបង​ឆក​ដើម្បី​ធ្វើការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដែល​មាន​គោលដៅ​ជុំវិញ​ពិភពលោក។ ​ក្រុមហ៊ុន​ទាំង​នោះ ​រួមមាន​ធនាគារ​ពាណិជ្ជ​កម្ម ​ហេង ហ៊ី (HENG HE (Cambodia )Commercial Bank PLC) ក្រុមហ៊ុន ហេង ហ៊ី ជីឡុង ថោន រៀលអ៊ីស្ទេត (HENG HE Julong real estate )និង​ក្រុមហ៊ុនហេង ជ័ន អ៊ីឡឹ (ជី ឡុង ថោន) (HENG ZUAN Yule(JU Long Town) ​ដែល​មាន​ឧក្រិដ្ឋជន​ជន​ជាតិ​ចិន​ម្នាក់ទៀត​ ជា​អ្នក​គ្រប់គ្រង។​កាសែត ​​ឌឹ អូស្ត្រាលាន ​បន្ត​ថា ​ពាណិជ្ជកម្ម​រក​ស៊ី​របស់​លោក ហ៊ុន តូ ​ដែល​មាន​វ័យ៤៤ ឆ្នាំ​ នេះ​ បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​អាជ្ញាធរ​អូស្ត្រាលី​ដែរ។លើស​ពី​នេះ ​​កាសែត ​​ឌឹ អូស្ត្រាលាន​ថា ​អាជ្ញាធរ​អូស្ត្រាលី ​មាន កង្វល់​ចំពោះ​បណ្ដាញ​ឧក្រិដ្ឋកម្ម​ដ៏​មាន​ឥទ្ធិពល​របស់​ចិន​ អាច​ប្រច្រៀត​ចូល​ប្រទេស​អូស្ត្រាលី​បាន​ តាមរយៈ​ក្រុម​អ្នក​មាន​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយ​របប​លោក ហ៊ុន សែន ដែល​ពុករលួយ​ដុះស្នឹម។ ទោះជាយ៉ាងណា​ លោក ហ៊ុន តូ ​បាន​ឆ្លើយ​តប​ជាមួយ​ទូរទស្សន៍​អាល់ចាហ្សីរ៉ា ​ថា ​លោក​ មិន​បាន​ដឹងអំពី​ប្រតិបត្តិការ​ឧក្រិដ្ឋ កម្ម​បច្ចេកវិទ្យា​នោះ​ទេ។

កាសែត​ឌឹអូស្ត្រាលាន ​ក៏បាន​បង្ហាញ​រូបថត​​លោក​ ហ៊ុន តូ ​ធ្វើ​ខួបកំណើត​ជុំ​គ្រួសារ​ និង​រថយន្ត​ទំនើប​ម៉ាក់ក្លារ៉េន​ ភីវ័ន​ (Mclaren P1​) តម្លៃ១លាន៥សែន(១.៥០០ ០០០)​លាន​ដុល្លារ)​នៅ​កម្ពុជា ​និង​រថយន្ត​សេរី​ទំនើប​ឡាំប៉ូហ្គីនី (Lamborghini) ​តម្លៃ៤សែន​៥​ម៉ឺន​ដុល្លារ​ (៤៥០. ០០០) ​នៅ​អូស្ត្រាលី។​​​​​​​​​​​​​​​​​​​​​​​​​​​​វិទ្យុអាស៊ីសេរី ​នៅមិន​ទាន់​អាច​ទាក់ទង​លោក ហ៊ុន តូ ​ដើម្បី​សុំ​ការ​បកស្រាយ​ពី​លោក​ដោយ​ផ្ទាល់​បានទេ។​ ចំណែក​អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ​លោក ឆាយ គឹម ខឿន​ ​និង​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ​និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្សលោក​ស្រី ​ជូ ប៊ុនអេង វិញ វិទ្យុអាស៊ីសេរី ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅថ្ងៃទី៧ ខែសីហា ។

ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះជាតិ​ប្រចាំ​រដ្ឋវិចតូរីយ៉ា លោក អ៊ិន ហេមរ៉ា ​​ជឿជាក់​ថា ​​លុយ​មួយ​ភាគ​ធំ​ដែល​សែស្រឡាយ​កូនចៅ​​សាច់ញាតិ​អ្នកមាន​អំណាច​ ខ្មែរ​ យក​មក​ចាយ​ហ៊ឺហា​ ទិញ​ឡាន​ទំនើប​ ផ្ទះ​វិឡា​ប្រណិតៗ ​នៅ​អូស្ត្រាលី ​គឺ​អាច​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ និង​ការបំផ្លាញ​ភោគ​ទ្រព្យជាតិ។ លោក ​បន្ត​ថា​ ករណី​កាសែត​អន្តរជាតិ ចុះ​ផ្យាយ​រឿង​ចាប់​ជំរិត​និង​អំពើ​ជួញដូរ​មនុស្ស​ទ្រង់ទ្រាយ​ធំ​​នៅ​កម្ពុជា​ដែល​ប្រព្រឹត្ត ​ដោយ​ក្រុម​អ្នក​មាន​លុយ​មាន​អំណាច ​គឺ​ជា​រឿង​គួរឲ្យ​ព្រួយបារម្ភ ​ដែល​អាជ្ញាធរ​ជំនាញ​របស់​អូស្ត្រាលី ​គួរតែ​តាមដាន​និង​​ទប់ស្កាត់​ ដើម្បី​កុំ​ឲ្យ​រីក​រាលដាល​និង​ប៉ះពាល់​ដល់​​ប្រទេស​អូស្ត្រាលី៖«ប្រទេស​អូស្ត្រាលី គឺ​មិន​អនុញ្ញាត​ឲ្យ​មាន​អំពើ​ពុករលួយ ថ្វី​បើ​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​ក៏ដោយ ​ ឬ​អំពើ​ពុក​រលួយ​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ក្រៅ​ក៏ដោយ គឺ​ប្រទេស​អូស្ត្រាលី​ តែង​ធ្វើការ​ស៊ើបអង្កេត ​និង​តែង​ដាក់​ទណ្ឌកម្ម​តាមផ្លូវច្បាប់។ប្រទេស​នេះ​គឺ​មិន​មាន​ទេ​ អាជ្ញាធរ​ដែល​គ្រប់គ្រង តុលាការ​នេះ​ មិន​ដូច​របប​នៅ​ក្រុង​ភ្នំពេញ​ទេ​៖«គឺ​មាន​ន័យ​ថា​ តុលាការ​អូស្ត្រាលី​ នឹង​ ស៊ើប​អង្កេត​ហើយ​អ្វី​ដែល​គេ​រក​ឃើញ​ជាពិសេស​ខាង​ពន្ធដារ​ នៅ​ពេល​គេ​រក​ឃើញ​គេ អាច​នឹង​ចាត់​វិធានការ​ជាច្រើន​ទៅលើ​ជន​ទាំង​នោះ​ ហើយ​ថ្មីៗនេះ​យើង​ឃើញ​ច្បាប់​មួយ​​គេ​ហៅថា ច្បាប់​ Autonomous Sanctions Act ​ របស់​អូស្ត្រាលី ​ដែល​ស្រដៀង នឹង​ Magnitsky Act ​ គឺ​បាន​ដាក់ទណ្ឌកម្ម​លើ​បុគ្គល​មួយចំនួន​នៅ​រុស្ស៊ី​រួច​ហើយ​ ដូច្នេះ​អ្នក​ដែល​យក​លុយខ្មៅ ​ឬក៏​ប្រព្រឹត្ត​អំពើពុករលួយ​មក​អូស្ត្រាលី ​ក៏​អាច​នឹង​យក​ច្បាប់​ នេះ​មក​ប្រើ​ដែរ »

​ក្រោយ​បញ្ចប់​របប​ខ្មែរ​ក្រហម ​ពលរដ្ឋខ្មែរ​គ្រប់រូប​សុទ្ធតែ​កសាង​ជីវភាព​ពី​បាត​ដទៃ​ទទេ ដូចគ្នា ​ប៉ុន្តែ​ក្រុម​គ្រួសារ​អ្នក​មាន​អំណាច​ខ្មែរ​ដែល​ធ្វើការងារ​រាជ​ការ​ប្រាក់ខែ​ ក្រោម​១​ពាន់​ដុល្លារ​អាមេរិក ​និង​គ្មាន​មុខជំនួញ​ច្បាស់លាស់​ផង ​បាន​ប្រែក្លាយ​ជីវភាព ដោយ​មាន​ទ្រព្យសម្បត្តិ​មហាសាល​ដ៏​ឆាប់​រហ័ស​ ខណៈ​ពលរដ្ឋ​និង​​ប្រទេស​កម្ពុជា​នៅតែ​ជាប់​ឈ្មោះ​ក្រីក្រ។​នៅ​កម្ពុជា ​លោក ហ៊ុន តូ ​មាន​ទ្រព្យសម្បត្តិ​និង​ភូមិគ្រឹះ​ធំៗ​​ជាច្រើន​កន្លែង​ក្នុង​នោះ​មាន​ភូមិ​គ្រឹះ​មួយ​ធំ​ជាងគេ​​ស្ថិត​នៅ​ពី​ក្រោយ​សណ្ឋាគារ​ អាំងទែ ​កុងទីណង់​តាល់​​ក្រុងភ្នំពេញ​​។

នៅ​ប្រទេស​អូស្ត្រាលី ​លោក ហ៊ុន តូ​ ​ធ្លាប់​​ត្រូវ​បាន​ជាប់​​សង្ស័យ​​នឹង​ករណី​ជាច្រើន​ដូចជា​ការ​លាង​លុយ​កខ្វក់​ ​ការ​ជួញដូរ​គ្រឿង​ញៀន ​និង​ផ្ញើ​លិខិត​គំរាម​ដល់​អាយុជីវិត​តំណាង​សហគមន៍​ខ្មែរ​៣រូប​ដែល​ដឹកនាំ​ការ​តវ៉ា​ប្រឆាំង​វត្តមាន​លោក ហ៊ុន សែន ​ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​អូស្ត្រាលី ​កាលពី​ឆ្នាំ២០១៨។ ប៉ុន្តែ​លោក​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​ទាំង​នេះ​ដោយ​ចាត់ទុក​​ថា ​គ្មាន​មូលដ្ឋាន​ត្រឹមត្រូវ។​​​​​​

​ទោះជាយ៉ាងណា​ ​​​អ្នកកាសែត​​ម្នាក់​ឈ្មោះ ​នីក ម៉ាកឃែនហ្ស៊ី​ (Nick McKenzie) ដែល​សរសេរ​អត្ថបទ​បែប​វិភាគ​ឲ្យ​ទស្សនាវដ្ដី The Sting​ លាតត្រដាង​កាលពី​ឆ្នាំ២០១២ ឲ្យ​ដឹង​ថា អាជ្ញាធរ​អូស្ត្រាលី ​ពិតជា​មាន​គំរោង​ចាប់​ឃាត់​ខ្លួន​លោក ហ៊ុន តូ ​នៅ​ទីក្រុង​ម៉ែលប៊ន (Melbourne) ម្តង​ហើយ ​ពាក់ព័ន្ធ​នឹង​ការរត់​ពន្ធ​អាភៀន​ពី​ប្រទេស​កម្ពុជា​ចូល​មក​ប្រទេស​អូស្ត្រាលី ក្រោម​រូបភាព​នៃ​ការ​ដឹក​ជញ្ជូន​ឈើ​ហ៊ុប។ប៉ុន្តែ​​​អាក់​ខាន​មិន​បាន​ចាប់​ខ្លួន​លោក ហ៊ុន តូ ​​ទៅ​វិញ​ ​ដោយសារតែ​មាន​អន្តរាគមន៍​ពី​មន្ត្រី​ស្ថានទូត​អូស្ត្រាលី​នៅ​ក្រុងភ្នំពេញ ​ក្នុង​បំណង​​ព្យាយាម​បញ្ចៀស​កុំ​ឲ្យ​មាន​ជម្លោះ​ការទូត​ជាមួយ​កម្ពុជា។

ប្រតិបត្តិការ​តាម​ដាន​សំដៅ​លើ លោក ហ៊ុន តូ បាន​ស៊ើប​អង្កេត​ការ​ដឹក​គ្រឿង​ញៀន​ហេរ៉ូអ៊ីន ចូល​ប្រទេស​អូស្ត្រាលី ដោយ​បង្កប់​ក្នុង​ឈើ​មាន​ទឹក​ប្រាក់​ប្រមាណ ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ការ​តាម​ដាន​របស់​អាជ្ញាធរ​អូស្ត្រាលី ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​អូស្ត្រាលី​ចាប់​និង​ផ្ដន្ទាទោស​ជនជាតិ​ខ្មែរ​មួយ​រូប​គត់​ឈ្មោះ ថៃ ផានី (ThaiPhany) កាល​ឆ្នាំ​២០០៥ ដែល​ជា​មនុស្ស​របស់​លោក ហ៊ុន តូ។

លោក ហ៊ុន តូ ធ្លាប់​បាន​អះអាង​ប្រាប់​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី កាលពីឆ្នាំ២០១២ថា ​លោក​មិន​បាន​ពាក់ព័ន្ធ​នឹង​ការ​រត់​ពន្ធ​គ្រឿង​ញៀន ឬ​លាង​លុយ​កខ្វក់​ដូច​ការ​ចោទ​ប្រកាន់​ក្នុង​បណ្ដាញ​សារព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​នោះ​ទេ។ លោក​បន្ត​ថា ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​នោះ លោក​ប្រហែល​ជា​ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថ​កិច្ច​កម្ពុជា រួច​ទៅ​ហើយ៖«លោក​ចង់​ដឹង​ខ្លាំង លោក​ទាក់ទង​ទៅ​ស្ថានទូត​អូស្ត្រាលី ខ្ញុំ​គ្មាន​ពាក្យ​អី​នឹង​និយាយ​ជាមួយ​លោក​ទេ។ លោក​ត្រូវ​ដឹង​ថា បើ​សិន​ជា​ស្ថានទូត​អូស្ត្រាលី​នៅ​ស្រុក​ខ្មែរ​​បដិសេធ រឿង​ស្អី​ខ្ញុំ​ចេញ​ចូល​​អូស្ត្រាលី​រាល់​ថ្ងៃ​គ្មាន​នរណា​​ឃាត់ខ្ញុំ​ទេ។ រឿង​ជាមួយ​ខ្ញុំ ជា​​រឿង​​ធម្មតា​ទេ ខ្ញុំ​មិន​ឈឺ​ក្បាល​អី​​ទាំង​អស់។ បើ​សិន​​លោក​ឯង​គិត​ថា ខ្ញុំ​ពាក់ព័ន្ធ​រឿង​គ្រឿង​ញៀន តើ​ខ្ញុំ​អង្គុយ​​នៅ​កៅអី​នៅ​ស្រុក​ខ្មែរ​​បាន​ទេ

នៅ​ពេល​នោះ ​ឧកញ៉ា​រូប​នេះ ​ថែម​ទាំង​បាន​បដិសេធ​ថា លោក​ក៏​មិន​ដែល​ធ្លាប់​ស្គាល់ លោក ថៃ ផានី ​ជា​នរណា​នោះ​ដែរ។ ​ការ​អះអាង​បែប​នេះ​ ទំនង​ជា​លោក​ ហ៊ុន តូ មិន​អាច​និយាយ​ដូច្នេះ​បាន​ទៀត​ទេ នា​ពេល​បច្ចុប្បន្ន​នេះ ​ព្រោះ ​លោក ថៃ ផានី បាន​រៀបការ​ជាមួយ​នឹង​បង​ប្អូន​ស្រី​ជីដូនមួយ​របស់​លោក គឺ​នាង ហ៊ុន ចាន់ថុល ​ដែល​ជា​ ក្មួយស្រី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ដែរ​។

គិត​រហូត​មកទល់​នឹង​ឆ្នាំនេះ គេ​នៅ​ពុំ​ទាន់​ឃើញ​មាន​ឈ្មោះ​របស់​លោក ហ៊ុន តូ ឈរ​ធ្វើ​ជា​ម្ចាស់​អាជីវកម្ម​ណាមួយ​នៅក្នុង​ប្រទេស​អូស្ត្រាលី​នៅ​ឡើយ​ទេ។ ក៏ប៉ុន្តែ ប្រពន្ធ​របស់​លោក គឺ​អ្នកស្រី ថៃ ជែកគី (Jackie Thai) កំពុង​កាន់​កាប់​ភូមិគ្រឹះ​ជាច្រើន​កន្លែង​នៅ​ជុំវិញ​ក្រុង​ម៉ែលប៊ន​ ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ។ចុងក្រោយ​បំផុត​គឺ​ក្នុង​ឆ្នាំ២០១៦​ នាង​បាន​ទម្លាក់​លុយ​ជិត ១ ​លាន​ដុល្លារ​អូស្ត្រាលី ស្មើនឹង​ជាង៨សែន​ដុល្លារ​អាមេរិក (៨០៩.០០០) ទិញ​ដី​ឡូត៍​ពីរ​កន្លែង​ជាប់គ្នា ​ដើម្បី​សាងសង់​ភូមិគ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​មួយ​នៅ​ទីនោះ។ នេះ​បើ​យោង​តាម​ប្លង់​សម្គាល់​កម្មសិទ្ធិ​កាន់កាប់​អចលនទ្រព្យ​នេះ ​ដែល​វិទ្យុអាស៊ីសេរី​រក​ឃើញ​។

រយៈពេល​ចុង​ក្រោយនេះ​ ប្រទេស​កម្ពុជា ​នៅតែ​ជាប់​ចំណាត់​ថ្នាក់​អាក្រក់​រឿង​អំពើ​ពុករលួយ​ និង​ការ​ជួញដូរ​មនុស្ស។របាយការណ៍​ជួញ​ដូរ​មនុស្សឆ្នាំ២០២២​​ របស់​សហរដ្ឋអាមេរិក​ ចាត់​ប្រទេស​កម្ពុជា​ចូល​ទៅ​ក្នុង​ប្រទេស​ដែល​មាន​ការ​ជួញ​ដូរ​មនុស្ស​កម្រិត​ធ្ងន់ធ្ងរ​បំផុត​ គឺ​កម្រិត​៣​ ដែល​អាច​រង​ការ​ដាក់ទណ្ឌកម្ម​ និង​កាត់បន្ថយ​ជំនួយ​ជាដើម​។ ទោះជាយ៉ាងណា តំណាង​សហគមន៍​ខ្មែរ ​រំពឹង​ថា ​អាជ្ញាធរ​អូស្ត្រាលី ​នឹង​តាមដាន​ករណី​ប្រភព​លុយ​ឬ​ជំនួញ​របស់​សែស្រឡាយ​កូនចៅ​អ្នកមាន​អំណាច​កំពូលៗ​នៅ​កម្ពុជា​ហើយ​អនុវត្ត​ច្បាប់​ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​គុណ​តម្លៃ​ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​​របស់​អូស្ត្រាលី៕ ​


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។