ពលរដ្ឋ​ខ្មែរ​នៅ​ជប៉ុន​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្តឹង​ទាមទារ​ចំណែក​កម្ពុជា​នៅ​លើ​កោះគជ់

0:00 / 0:00

ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើការ និង​រស់នៅ​ប្រទេស​ជប៉ុន​ចេញ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ និង​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា។ ក្រុម​បាតុករ​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ចុះចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី បើសិន​ជា​លោក​អសមត្ថភាព​ដោះស្រាយ​បញ្ហា​ទាំងនោះ។

ដូច​ការ​គ្រោង​ទុក ពលរដ្ឋខ្មែរ​ភាគច្រើន​ជា​យុវជន​ធ្វើ​ការ និង​រស់នៅ​ប្រទេស​ជប៉ុន (Japan) មកពី​តំបន់​ជិត​ឆ្ងាយ​ជាង​១០០នាក់ បាន​ប្រមូល​ផ្តុំគ្នា​ធ្វើ​បាតុកម្ម​នៅ​ថ្ងៃ​អាទិត្យ ទី៩ កុម្ភៈ។

បាតុកម្ម​នេះ មិន​ខុស​ពី​បាតុកម្ម​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងទៀត​នោះ​ទេ គឺ​ក្រុម​បាតុករ​ជួបជុំគ្នា​សម្តែង​មតិ​នៅ​សួនច្បារ ហ៊ីប៊ីយ៉ា ​(Hibiya) នៅ​ម៉ោង១២​ថ្ងៃត្រង់ បន្ទាប់មក​ពួកគាត់​បាន​ហែ​ក្បូន លើក​បដា​នៅ​កណ្ដាល​ទីក្រុង​តូក្យូ (Tokyo) ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្តឹង​ទាមទារ​ចំណែក​របស់​កម្ពុជា​នៅ​លើ​កោះគជ់ តាមរយៈ​យន្តការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ (ICJ)។ ក្រៅ​ពី​នេះ ក្រុម​បាតុករ​ក៏​ទាមទារ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចាប់ខ្លួន​ជនសង្ស័យ​ពីរ​នាក់​ដែល​ជា​ជនជាតិ​ខ្មែរ គឺ​ឈ្មោះ ពេជ្រ គិមស្រ៊ិន និង​លី រតនៈរស្មី ដែល​ជាទីប្រឹក្សា​របស់​លោក ហ៊ុន សែន ប្រគល់​ឱ្យ​អាជ្ញាធរ​ថៃ ដើម្បី​វែកមុខ​អ្នក​នៅ​ពីក្រោយ​ឃាតកម្ម​លើ​លោក លិម គិមយ៉ា។

«កោះគជ់​ជា​របស់​ខ្មែរ ជា​របស់​ខ្មែរ!យើង​រួមគ្នា​ទាមទារ​កោះគជ់ ទាមទារ!រដ្ឋាភិបាល​ត្រូវ​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា រក​យុត្តិធម៌!»។

លោក មួន យន ស្ថិត​ក្នុងចំណោម​បាតុករ​ដែល​ចូលរួម​បាតុកម្ម​និយាយ​ថា មូលហេតុ​ដែល​លោក​ចូលរួម​ធ្វើបាតុកម្ម​នេះ ដោយសារ​លោក​មិន​ចង់​ឃើញ​កោះគជ់ មាន​វាសនា​ដូច​ទៅ​នឹង​កោះត្រល់ ដែល​ធ្លាក់​ក្រោម​ការគ្រប់គ្រង​របស់​ប្រទេស​វៀតណាម ។ លោក​ថា​ បញ្ហា​បូរណភាព​ទឹកដី​ជា​បញ្ហា​ជាតិ​រួម ដូច្នេះ​ពលរដ្ឋខ្មែរ​ត្រូវ​នាំគ្នា​ចេញ​តវ៉ា​ឱ្យ​បាន​ផុលផុស ដើម្បី​ដាក់​សម្ពាធ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ​ទាមទារ​ចំណែក​របស់​កម្ពុជា​មក​វិញ។

លោក មួន យន៖«សូម​រដ្ឋាភិបាល​បើ​ចង់​ធ្វើជា​មេដឹកនាំ​ល្អ ជា​គំរូ ចង់​ឱ្យ​ពលរដ្ឋ​សរសើរ កុំ​ឱ្យ​គេ​ជេរ កុំ​ឱ្យ​គេ​ប្រឆាំង សូម​រដ្ឋាភិបាល​ធ្វើ​ឱ្យ​ត្រូវ​ ដោយ​យក​តួនាទី​ដែល​ខ្លួន​ជា​នាយករដ្ឋមន្ត្រី​ត្រូវ​ចេញមុខ​ដោះស្រាយ​បញ្ហា​ទឹកដី​ឱ្យ​ពលរដ្ឋ​មាន​ភាពកក់ក្តៅ​ផង បើ​យើង​មាន​មេដឹកនាំ​ហើយ យើង​មិន​អាច​ការពារ​ប្រទេស​បាន​ទេ សូម​​មេដឹកនាំ​ដក​ខ្លួន​ចេញ​ពី​តំណែង​ទៅ ពីព្រោះ​ប្រទេស​ជឿនលឿន កាលណា​គេ​មិន​អាច​ធ្វើ​ឱ្យ​ប្រទេស​របស់​គេ​រីកចម្រើន ដោយ​មិន​បាច់​ពលរដ្ឋ​ដេញ​ទាន់​ទេ គឺ​គេ​ចុះចេញ​ពី​តំណែង​ភ្លាម ដោយ​មិន​បាច់​គេ​ដេញ ឬ​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​អ៊ីចឹង​ទេ»។

ស្រដៀង​គ្នា​នេះ​ដែរ បាតុករ​ម្នាក់​ទៀត គឺ​លោក សាន សុជា រិះគន់​លោក ហ៊ុន ម៉ាណែត ថា​អសមត្ថភាព​ដឹកនាំ​ប្រទេស​កម្ពុជា​ធ្វើ​ឱ្យ​ពលរដ្ឋ​រង​ទុក្ខ​លំបាក រំលោភ​សិទ្ធិមនុស្ស និង​បំផ្លាញ​ប្រជាធិបតេយ្យ​ធ្ងន់ធ្ងរ។

លោក សាន សុជា៖«សម្រាប់ខ្ញុំ​ជា​ប្រជាពលរដ្ឋខ្មែរ​នៅតែ​ទាមទារ ពីព្រោះ​យើង​នៅ​លើ​ទឹកដី​ប្រទេស​ជប៉ុន​ជា​ប្រទេស​គោរព​ច្បាប់ គោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ​ពេញលេញ យើង​ឃើញ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចូលរួម​ប្រឆាំង​ឱ្យ​រដ្ឋាភិបាល​ងាក​មក​ដឹកនាំ​ប្រទេស​គោរព​សិទ្ធិពលរដ្ឋ​ឱ្យ​ដូច​ប្រទេស​ជប៉ុន​ដែរ​បាទ»។

ចំណែក យុវជន ថា សាវុន ចង​ក្រណាត់​លើ​ក្បាល ដៃ​កាន់​បដា និយាយ​ថា​លោក​ចូលរួម​បាតុកម្ម មកពី​លោក​ឈឺចាប់​នឹង​មេដឹកនាំ​ក្រុងភ្នំពេញ​ធ្វើបាប​ពលរដ្ឋខ្មែរ​នៅក្នុង​ប្រទេស​ឱ្យ​រង​ទុក្ខវេទនា ហើយ​លោក​បារម្ភ​ខ្លាច​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​ធ្វើ​ឱ្យ​បាត់បង់​កោះគជ់។ លោក​យល់​ថា​ ការ​តស៊ូមតិ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ដាក់ពាក្យ​ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការអន្តរជាតិ គឺ​ជា​យន្តការ​បញ្ចប់​វិវាទ​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី។

លោក ថា សាវុន៖«ខ្ញុំ​អំពាវនាវ​សូម​ឱ្យ​បងប្អូន​ចូលរួម​ខ្វល់ខ្វាយ​ពី​បញ្ហា​ទឹកដី​ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទាមទារ​នូវ​អ្វី​ដែល​ជា​របស់​ខ្មែរ​មក​វិញ សូម​បងប្អូន​ទាំងអស់​កុំ​សម្ងំ​ស្ងៀម ត្រូវ​នាំគ្នា​ចេញ​តវ៉ា​ទាមទារ​ដើម្បី​ទឹកដី អធិបតេយ្យភាព​កម្ពុជា សម្រាប់​អនាគត​របស់​យើង និង​កូនចៅ​របស់​យើង​ជំនាន់​ក្រោយ​ផង​ដែរ​បាទ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក ប៉ែន បូណា ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បានទេ នៅ​ថ្ងៃ​ទី៩ កុម្ភៈ។

កន្លង​មក ក្រៅពី​ការ​គំរាមកំហែង និង​វាយប្រហារ​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​ហើយ លោក ហ៊ុន ម៉ាណែត ចោទ​ក្រុមប្រឆាំង​ថា យក​បញ្ហា​កោះគជ់​តាម​រករឿង​រដ្ឋាភិបាល​របស់​លោក ដើម្បី​កេង​ចំណេញ​នយោបាយ។ លោក​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​រក្សាភាព​ស្ងៀមស្ងាត់​ក្នុង​រឿង​នេះ គឺ​ជា​ភាព​ចាស់​ទុំ​ផ្នែក​នយោបាយ និង​ថា​រដ្ឋាភិបាល​ប្រកាន់​គោលការណ៍​«មិន​យក​ភ្លើង​ចូលផ្ទះ»។

មក​ទល់​ពេល​នេះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​ឪពុក​របស់​លោក​ដែល​ជា​មេបក្ស​កាន់អំណាច និង​ជា​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន មិនទាន់​បង្ហាញ​ជំហរ​ច្បាស់លាស់​ក្នុង​ការ​ទាមទារ​សិទ្ធិ​គ្រប់គ្រង​កោះគជ់​នៅ​ឡើយ​ទេ។ នេះ​គឺ​ខុស​ពី​មេដឹកនាំ​ថៃ​ទាំង​ឪពុក​និង​កូន​ត្រកូល​ស៊ីណាវ៉ាត់ ដែល​បាន​ប្រកាស​ពី​គោលជំហរ​ច្បាស់ៗ​ថា​កោះគជ់​ជា​កម្មសិទ្ធិ​របស់​ថៃ។

ប្រធាន​សាខា​គណបក្ស​កម្លាំងជាតិ​ប្រចាំ​ប្រទេសជប៉ុន​លោក គា ថាណា ដែល​ចូលរួម​បាតុកម្ម​នោះ​ថ្លែង​ថា​ ប្រទេស​កម្ពុជា​មាន​ចំណែក​មួយ​ផ្នែក​នៅ​លើ​កោះគជ់ ប៉ុន្តែ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លាក់លៀម​ជុំវិញ​អធិបតេយ្យ​របស់​កម្ពុជា​លើ​កោះគជ់ ខណៈ​ប្រជាពលរដ្ឋ​នៅក្នុង​ប្រទេស​ដែល​ឈឺឆ្អាល​រឿង​បូរណភាពទឹកដី​ត្រូវ​អាជ្ញាធរ​បង្រ្កាប លាប​ពណ៌​ចោទប្រកាន់​ ចាប់​ដាក់​ពន្ធនាគារ​ទៅវិញ។

លោក គា ថាណា៖«យើង​ប្រើប្រាស់​យន្តការ​នេះ​ ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ជា​ជម្រើស​ដោះស្រាយ​បញ្ហា​រវាង​ប្រទេស​កម្ពុជា​ជាមួយ​ប្រទេស​ជិតខាង ខ្ញុំ​ជឿ​ថា​យើង​ប្រាកដ​ជា​ស្វែងរក​សន្តិភាព​ពិត​ប្រាកដ​បាន។ លទ្ធិប្រជាធិបតេយ្យ​គឺ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​អំណាច ម្ចាស់​ប្រទេស ដូច្នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ក្នុង​ការ​តវ៉ា​ទាមទារ​រាល់​បញ្ហា​ទាំងឡាយ​ណា ដែល​យើង​យល់​ថា​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ប្រឈម​ជូន​ប្រជាពលរដ្ឋ និង​ទឹកដី»។

ជុំវិញ​រឿង​នេះ ប្រធាន​អង្គការ​លទ្ធិ​ប្រជាធិបតេយ្យ​ខ្មែរ ប្រចាំ​ប្រទេស​អូស្រ្តាលី​លោក ស៊ឹង សែនករុណា មានប្រសាសន៍​ថា​ មក​ដល់​ពេល​នេះ អ្នក​កាន់​អំណាច​មិនទាន់​បង្ហាញ​ជំហរ​ទទួលខុសត្រូវ​ក្នុងនាម​ជា​មេដឹកនាំ​ជុំវិញ​ករណី​កោះ​គជ់ និង​ឃាតកម្ម​លើ​អតីត​មន្រ្តី​បក្សប្រឆាំង​លោក លិម គិមយ៉ា នោះ​ទេ។ ផ្ទុយទៅវិញ លោក​មើលឃើញ​ថា ពួកគេ​ព្យាយាម​បង្វែរ​ព្រឹត្តិការណ៍​សង្គម កុំ​ឱ្យ​មហាជន​ចាប់អារម្មណ៍​ពី​ចលនាតស៊ូ​របស់​ពលរដ្ឋ​នៅ​ក្រៅប្រទេស។ លោក ស៊ឹង សែនករុណា ជឿ​ថា​សកម្មភាព​តស៊ូ​មតិ​របស់​ពលរដ្ឋខ្មែរ ជាពិសេស​យុវជន​ខ្មែរ​នឹង​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ សម្រាប់​ផលប្រយោជន៍​ជាតិ​នៅពេល​ខាងមុខ។

លោក ស៊ឹង សែនករុណា៖«ការ​ថ្កោលទោស​ទៅលើ​អ្នក​មាន​អំណាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទឹកដី ជោគវាសនា​ប្រទេសជាតិ គឺ​មេដឹកនាំ​ទាំងអស់​ហ្នឹង​ឯង អ៊ីចឹង​អ្នក​ទាំងអស់​ហ្នឹង​នឹង​ត្រូវ​រង​ការ​ថ្កោលទោស​ចំពោះ​មុខ​ប្រវត្តិសាស្ត្រ​ បើ​ពួកគេ​មិន​ដោះស្រាយបញ្ហា​ទាំងហ្នឹង​ទេ អ៊ីចឹង​អ្វី​ដែល​ជា​ការ​កោតសរសើរ​ គឺ​យុវជន​ដែល​បាន​លះបង់​ពេលវេលា​ក្នុង​ការ​ចេញ​ទាមទារ​ដោះស្រាយ​បញ្ហា​ប្រទេសជាតិ​ហ្នឹង​ឯង​បាទ»។

ក្រៅពី​ប្រទេស​ជប៉ុន ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅប្រទេស​ដែល​មិន​ពេញចិត្ត​នឹង​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ដូចជា​នៅ​ប្រទេស​អូស្ត្រាលី (Australia) កូរ៉េខាងត្បូង (South Korea)សហរដ្ឋអាមេរិក​(USA)ប្រទេស​កាណាដា (Canada) និង​បារាំង (France) ជាដើម ប្រកាស​រួម​កម្លាំង​សាមគ្គី​គ្នា​ចេញ​សម្តែង​មតិ និង​ធ្វើបាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ប្តឹង​ករណី​កោះគជ់​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ​(ICJ) និង​រក​យុត្តិធម៌​ជូន​លោក លិម គិមយ៉ា ឱ្យ​ទាល់តែបាន។ ក្រុម​បាតុករ​ព្រមាន​ថា ចរន្ត​នៃ​ការ​តវ៉ា​ពី​សំណាក់​ពលរដ្ឋខ្មែរ​នឹង​រីក​កាន់តែ​ធំ​ឡើង បើសិន​រដ្ឋាភិបាល​មិន​ដោះស្រាយ​សំណើ​ទាំងនោះ​ឱ្យ​បាន​ត្រឹមត្រូវ​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។