ពលករខ្មែរ និងអ្នកធ្វើការនាំពលករទៅធ្វើការនៅប្រទេសថៃត្អូញត្អែរថា មន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃ បង្ខិតបង្ខំឱ្យពួកគេចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ អ្នកការពារសិទ្ធិពលករថា ការការបង្ខិតបង្ខំ ឱ្យចូលគណបក្សនយោបាយជាការរំលោភសិទ្ធិពលករ។
ក្រុមពលករ ភ្នាក់ងារនាំពលករខ្មែរចូលធ្វើការនៅតាមរោងចក្រក្នុងប្រទេសថៃ និងអ្នកលក់ឡេ អនឡាញនៅប្រទេសថៃ កំពុងក្លាយជាមុខសញ្ញាដែលមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសនេះ អូសទាញ និងបង្ខិតបង្ខំឱ្យពួកគាត់ចូលរួមជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា។ ក្រុមមនុស្សគោលដៅទាំងនេះ ដាច់ចិត្តទម្លាយឱ្យវិទ្យុអាស៊ីសេរីដឹងដូច្នេះ ព្រោះពួកគេមិនពេញចិត្តនឹងការបង្ខិតបង្ខំនេះ ហើយថា ការចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ធ្វើឱ្យពួកគេ ខាតបង់ថវិកា ពេលវេលា ហើយម៉្យាងវិញទៀត គណបក្សប្រជាជនកម្ពុជា មិនមែនជាគណបក្សដែលពួកគេពេញចិត្តនោះទេ។
ភ្នាក់ងារនាំពលករចូលធ្វើការនៅតាមរោងចក្រនៅប្រទេសថៃម្នាក់ ដែលសុំឱ្យហៅឈ្មោះរបស់លោកថា សាន់ សុវណ្ណា ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី០១ ខែកក្កដា ថា មន្ត្រីស្ថានទូតមួយចំនួនជាពិសេសគឺប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល តែងតែបង្ខិតបង្ខំឱ្យលោកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបន្តទៀតថា មន្ត្រីស្ថានទូតរូបនេះ តែងតែស្កាត់មកជួបលោក និងទាក់ទងមកលោកតាមបណ្ដាញសង្គមហ្វេសប៊ុក អូសទាញឱ្យលោកចូលបម្រើគណបក្សប្រជាជនកម្ពុជា។ លោកបន្តទៀតថា នៅពេលលោកបដិសេធញឹកញាប់នូវសំណើនេះ លោក ឈឹម វិបុល ព្រមានបិទក្រុមហ៊ុនដែលលោកធ្វើការមិនឱ្យដំណើរការ ឬការបំពេញឯកសារមានការយឺតយ៉ាវ ឬក៏ធ្វើឱ្យពិបាកនាំពលករចូលធ្វើការតាមរោងចក្រនៅប្រទេសថៃទៅទៀត។
លោក សាន់ សុវណ្ណា៖ «រាល់ថ្ងៃគឺឈ្មោះ ឈឹម វិបុល បាទ តាមពិត ឈឹម វិបុល ហ្នឹងគឺគាត់ដើម្បីទាក់ទាញពួកមេការ ពួកភ្នាក់ងារដើម្បីឱ្យចូលបក្ស ដើម្បីយកមុខយកមាត់ រាយការណ៍ទៅមេខាងលើ ហើយដើម្បីបំភាន់ភ្នែកមេនៅខាងលើ ថា អ្នកហ្នឹងសុទ្ធតែគាំទ្រគណបក្សប្រជាជន គឺជាអ្នកចុះចូលដើម្បីគាំទ្រលោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រី»។
ភ្នាក់ងារនាំពលករចូលធ្វើការនៅរោងចក្រនៅប្រទេសថៃ រូបនេះ បញ្ជាក់ថា មូលហេតុដែលលោកមិនចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ព្រោះលោកគ្មានថវិកា និងពេលវេលាគ្រប់គ្រាន់ដើម្បីបម្រើគណបក្សប្រជាជនកម្ពុជាឡើយ។ លោកប្រាប់ថា ភ្នាក់ងារនាំពលករចូលធ្វើការនៅរោងចក្រនៅប្រទេសថៃ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវចូលរួមប្រជុំ ចូលរួមឃោសនា និងបង់ប្រាក់ឱ្យគណបក្សរៀបចំកិច្ចប្រជុំម្ដងៗ។
លោក សាន់ សុវណ្ណា ប្រាប់ទៀតថា អ្នកដែលចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា តម្រូវឱ្យចូលរួមប្រជុំទៀងទាត់ បង់ប្រាក់ពី ៣ពាន់បាត ទៅ៥ពាន់បាត សម្រាប់ការរៀបចំកិច្ចពង្រឹងបក្សនៅតាមខេត្តរាជធានីនៃប្រទេសថៃ។ លោកបន្តទៀត ការគ្រប់គ្រងកម្លាំងគាំទ្រគណបក្សប្រជាជនកម្ពុជា នៅប្រទេសថៃសព្វថ្ងៃ ប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល ហើយមន្ត្រីស្ថានទូតរូបនេះ តែងតែកិបកេងលុយកាក់ពីសមាជិកគណបក្សប្រជាជននៅប្រទេសថៃ និងស៊ីដាច់លុយពីថ្នាក់លើក្នុងការរៀបចំកិច្ចប្រជុំធំម្ដងៗ។ លោកលើកករណីជាក់ស្ដែងថា នៅពេលមានកិច្ចប្រជុំដែលមេដឹកនាំជាន់ខ្ពស់មកពីភ្នំពេញ គឺត្រូវចំណាយប្រាក់ជួលកន្លែង និងរៀបចំពិធី អស់ប្រមាណ៣សែនបាត ឬជិត ១ម៉ឺនដុល្លារ តែលោក ឈឹម វិបុល ស្នើប្រាក់រៀបចំកម្មវិធីនេះរហូតដល់៥ សែនបាត ឬជិត១៥.០០០ (មួយម៉ឺនប្រាំពាន់)ដុល្លារ។ លោកបន្តទៀតថា សព្វថ្ងៃស្ថានទូតខ្មែរប្រចាំប្រទេសថៃ បានឧបត្ថម្ភប្រាក់ចំនួន៥០០ បាតឱ្យអ្នកផ្សាយផ្ទាល់តាមហ្វេសប៊ុកនៅប្រទេសថៃ ដែលនិយាយការពារស្ថានទូត និងគាំទ្រគណបក្សប្រជាជនកម្ពុជា ប៉ុន្តែ ប៉ុន្មានខែចុងក្រោយនេះ លោក ឈឹម វិបុល ស៊ីដាច់លុយទាំងនោះ មិនបានបើកប្រាក់ឱ្យអ្នកផ្សាយផ្ទាល់តាមហ្វេសប៊ុកទាំងនោះទេ។
លោកសុវណ្ណា៖«បុគ្គលម្នាក់ហ្នឹង(លោក ឈឹម វិបុល)ដើរអូសទាញគេចូលបក្សដោយសារបង្ខិតបង្ខំធ្វើដូចជាមានសីលធម៌ តាមពិតបុគ្គលម្នាក់ហ្នឹងទៅជួបគេហ្នឹង សុទ្ធតែបង្ខំឱ្យគេចុះឈ្មោះឱ្យគេចូលបើអ្នកណាមិនចូលទេ មានការគំរាមកំហែងថា ពិបាករស់នៅពិបាករកស៊ីនៅប្រទេសថៃ ពិបាកនាំពលរដ្ឋចូល ដើរគំរាមកំហែងគេសព្វគ្រប់បែបយ៉ាងដើម្បីឱ្យគេចុះចូល តែមេការពលករ និងម្ចាស់អាជ្ញាប័ណ្ណម្នាក់ៗគឺដឹងទាំងអស់រាល់ថ្ងៃគឺធុញថប់ជាមួយបុគ្គលហ្នឹង»។
ស្រដៀងគ្នានេះដែរ ពលករធ្វើការនៅប្រទេសថៃម្នាក់ទៀត លោក វ៉ាត មុនី ឱ្យដឹងដែរ ថា ក្រុមការងារស្ថានទូត បានទាក់ទងមកលោកឱ្យលោកទៅជួបមន្ត្រីស្ថានទូតគឺលោក ឈឹម វិបុល។ លោក វ៉ាត មុនី ក្រៅពីធ្វើការជាពលករនៅប្រទេសថៃ លោកជាអ្នកគាំទ្រគណបក្សភ្លើងទៀន និងជាអ្នកធ្វើការងារសង្គមផងដែរ។
លោក វ៉ាត មុនី បន្តទៀតថា ក្រុមអ្នកទាក់ទងមកលោកទាំងនោះ ឱ្យមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានប្រយោជន៍ និងការងារល្អ តែលោកមិនព្រមតាមការអូសទាញនេះទេ។
លោក វ៉ាត មុនី៖«គាត់(លោក ឈឹម វិបុល)ចរចាបបួលទៅហូបបាយ ហើយក្រោយមកមានខាងស្រី អ្នកលក់ឡេមកលោមលួងគេថា បង វិបុល ចង់ជួប។ ខ្ញុំគិតថា បើខ្ញុំចុះចូលធ្វើឱ្យអ្នកដែលស្គាល់ខ្ញុំ អ្នកដែលជឿជាក់ស្រលាញ់ខ្ញុំមើលមកខ្ញុំ ថា មនុស្សដូចសត្វធាតុ»។
ទាក់ទងការចោទប្រកាន់នេះ វិទ្យុអាស៊ីសេរីមិនអាចសុំបំភ្លឺពីប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ លោក ឈឹម វិបុល អ្នកនាំពាក្យក្រសួងការបរទេស លោក អាន សុខខឿន បានទេ នៅថ្ងៃទី១ ខែកក្កដា។
ទោះយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថា គណបក្សប្រជាជនកម្ពុជា គ្មានគោលការណ៍ណែនាំឱ្យមន្ត្រីស្ថានទូតដើរបង្ខិតបង្ខំឱ្យពលករ ឬអ្នកធ្វើការ នៅប្រទេសថៃ មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាឡើយ។ លោកបន្តទៀតថា ការងាររបស់មន្ត្រីស្ថានទូតគឺជួយសម្រួលដល់ការលំបាករបស់ពលករ និងពលករខ្មែរដែលមកធ្វើការ និងរស់នៅក្រៅប្រទេស។ លោកថា បើទោះជាមន្ត្រីស្ថានទូតធ្វើសកម្មភាពផ្សព្វផ្សាយគោលនយោបាយ ឬរកការគាំទ្រពីពលករក្ដី គឺមន្ត្រីស្ថានទូតទាំងនោះ យកពេលសម្រាកពីការងាររបស់ពួកគេ មកផ្សព្វផ្សាយប៉ុណ្ណោះ។
លោក សុខ ឥសាន៖ «មិនជឿថា ស្ថានទូតលោក មានសិទ្ធិទៅគំរាមកំហែងក្រុមហ៊ុន ទេ ពីព្រោះថា ក្រុមហ៊ុន នាំពលករ អត់មានពាក់ព័ន្ធនឹងការងារស្ថានទូតទេ ពាក់ព័ន្ធពីទំនាក់ទំនង ប៉ុណ្ណោះទេ តែរឿងមានកិច្ចសន្យា ឬមានការណែនាំផ្សេងៗគឺពីក្រសួងការងារបាទ អត់មានពាក់ព័ន្ធការណែនាំពីស្ថានទូតទេ»។
ទោះយ៉ាងណា មន្ត្រីផ្នែកការពារសិទ្ធពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន លើកឡើងថា ពលករខ្មែរធ្វើការនៅក្រៅប្រទេសក៏មិនខុសពីពលរដ្ឋខ្មែរទូទៅដែរ គឺពួកគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការជ្រើសរើសគណបក្សនយោបាយដែលខ្លួនពេញចិត្ត។ លោកសង្កេតឃើញថា កន្លងមក មានពលករ និងភ្នាក់ងារនាំពលករមកធ្វើការងារនៅប្រទេសថៃ មួយចំនួនត្អូញត្អែរ ពីករណីមន្ត្រីស្ថានទូតខ្មែរប្រចាំប្រទេសថៃបង្ខិតបង្ខំឱ្យពួកគាត់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។
លោក លឹង សុផុន៖«ពលករមួយចំនួនគាត់ក៏រអ៊ូរទាំរឿងហ្នឹងដែរបង ពួកគាត់ថា មកឱ្យគាត់ធ្វើឯកសារអ៊ីចឹងណា ដូចជាដាក់សម្ពាធលើពួកគាត់លិខិតដូចជាលិខិតឱ្យចូលជាសមាជិកចូលជាអីដូចជាសមាជិកបក្សអីណា»។
របាយការណ៍របស់ក្រសួងការងារកម្ពុជា ឱ្យដឹងថា បច្ចុប្បន្ន មានពលករខ្មែរជាង ១លាន ២សែននាក់កំពុង ធ្វើការនៅប្រទេសថៃ។ ប៉ុន្តែរបាយការណ៍របស់អង្គការសង់ត្រាល់បង្ហាញថា មានពលករខ្មែរកំពុង ធ្វើការដោយស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃប្រមាណ ២លាននាក់។បើទោះជារដ្ឋាភិបាលកម្ពុជា មិនទាន់អនុញ្ញាតឱ្យពលរដ្ឋខ្មែរ រស់នៅក្រៅប្រទេស ឬពលករខ្មែរធ្វើការងារនៅក្រៅប្រទេសអាចបោះឆ្នោតបានក្ដី ប៉ុន្តែគណបក្សប្រជាជនកម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើយុទ្ធនាការអូសទាញ និងបង្ខិតបង្ខំឱ្យពលរដ្ឋ មកគាំទ្រគណបក្សប្រជាជនកម្ពុជា ឬក៏ចូលរួមជីវភាពនយោបាយជាមួយគណបក្សនេះ។ ចំណែកនៅប្រទេសថៃ ក្រុមមន្ត្រីស្ថានទូត និងក្រុមការងារក្រសួងការងារ ដឹកនាំដោយរដ្ឋលេខាធិការក្រសួងការងារលោក ហេង សួរ កំពុងធ្វើយុទ្ធនាការ និងមកអូសទាញពលករ និងពលរដ្ឋខ្មែររស់នៅប្រទេសថៃ ចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។