រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន ជំរុញឲ្យគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវ ពន្លឿនការបោះបង្គោលព្រំដែន ដែលនៅសេសសល់១៤% ឲ្យបានឆាប់ចប់ និងជជែកពិភាក្សាអំពីសេចក្តីព្រាងសន្ធិសញ្ញាព្រំដែន បន្ទាប់ពីភាគីប្រទេសទាំងពីរ បានព្រមព្រៀងគ្នាកាលពីខែវិច្ឆិកា ឆ្នាំ២០២១។ កម្ពុជា និងឡាវ មានព្រំដែនជាប់គ្នាប្រវែង ៥៤០គីឡូម៉ែត្រ។
ការជំរុញរបស់លោក ប្រាក់ សុខុន នេះ ធ្វើឡើងក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតឡាវដែលទើបតែងតាំងថ្មីលោក បូកែវ ភុំវង់សាយ (Buakeo Phumvongsay) កាលពីថ្ងៃទី២២ ខែមេសា នៅទីស្តីការក្រសួងការបរទេស។ ភាគីទាំងពីរ ក៏បានជជែកពិភាក្សាអំពីគំរោងរៀបចំកិច្ចប្រជុំនៃគណៈកម្មាធិការចម្រុះព្រំដែនកម្ពុជា-ឡាវនៅខែកក្កដាខាងមុខនៅរាជធានីភ្នំពេញ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស កាលពីថ្ងៃទី២២ ខែមេសា ឲ្យដឹងថា លោកប្រាក់ សុខុន ក៏បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យពាណិជ្ជកម្ម វិនិយោគ អប់រំ និងវិស័យទេសចរណ៍ព្រមទាំងបង្កើនទំនាក់ទំនងនៃប្រជាពលរដ្ឋរបស់ប្រទេសទាំងពីរថែមទៀតផង។
ក្នុងជំនួបនេះដែរ ភាគីទាំងពីរ ក៏បានជជែកពីបញ្ហាក្នុងតំបន់និងអន្តរជាតិព្រមទាំងកិច្ចសហប្រតិបត្តិការរបស់អាស៊ាន ក្នុងក្របខណ្ឌជាមួយសហគមន៍អន្តរជាតិ។
លោកឯកអគ្គរដ្ឋទូតឡាវរូបនេះមានជំនឿថាក្នុងនាមកម្ពុជាជាប្រធានប្តូរវេនអាស៊ាននឹងអាចស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនៅប្រទេសម៉ីយ៉ាន់ម៉ា (Myanmar) ឬភូមា។
កាលពីថ្ងៃទី២០ ខែមេសា ឯកអគ្គរដ្ឋទូតឡាវលោក បូកែវ ភុំវង់សាយ ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ដោយភាគីទាំងពីរ ប្តេជ្ញាបន្តកសាងទំនាក់ទំនងរវាងកម្ពុជា-ឡាវ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃនៃប្រទេសទាំងពីរ ឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ជាពិសេសបន្តកិច្ចសហការរក្សាសន្តិសុខនៅតាមព្រំដែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។