រដ្ឋាភិបាលមិនទាន់ឆ្លើយតប សំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលស្នើសុំឱ្យរដ្ឋាភិបាលដោះលែងអ្នកទោសមនសិការឡើយទេ។ កាលពីថ្ងៃទី៣០ ខែធ្នូ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អតីតអ្នកទោសមនសិការ ក្រុមស្ត្រីថ្ងៃសុក្រ និងបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ (Naga World) ប្រមាណ១០០នាក់ បានដើរហែក្បួន ពីទីលានប្រជាធិបតេយ្យ ទៅសាលាដំបូងរាជធានីភ្នំពេញ និងទៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីដាក់ញត្តិទាមទារដោះលែងគ្រូបង្រៀន និងអ្នកទោសមនសិការដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់វិទ្យុអាស៊ីសេរីថាការស្នើឱ្យមានការដោះលែងអ្នកទោសគឺអាចធ្វើទៅបានលុះត្រាតែអ្នកជាប់ឃុំបានគោរពទៅតាមលក្ខខ័ណ្ឌរបស់តុលាការតាមរយៈពេលដែលច្បាប់បានចែងទើបនាយករដ្ឋមន្ត្រីអាចធ្វើការស្នើសុំទៅអង្គព្រះមហាក្សត្រសុំឱ្យដោះលែងនៅក្រៅឃុំបាន៖
«ការងារហ្នឹងវាស្ថិតនៅដែនសមត្ថកិច្ចរបស់តុលាការ ទាល់តែអ្នកទទួលបន្ទុករបស់តុលាការហ្នឹងរយៈពេលប៉ុន្មានរួចហើយនៅក្នុងពន្ធនាគារ ដើម្បីស្នើសុំទៅនាយករដ្ឋមន្ត្រី ដើម្បីលោកស្នើសុំទៅព្រះមហាក្សត្រឱ្យគាត់សម្រួលទោស ឬក៏សុំនៅក្រៅឃុំ»។
រដ្ឋាភិបាលលោក ហ៊ុន សែនមិនត្រឹមតែមិនឆ្លើយតបនឹងសំណើរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យប៉ុន្តែបែរជាព្រមានពួកគេទៅវិញ។
រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតព្រមានមួយដល់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហើយបានយកទៅឱ្យដល់ផ្ទះប្រធានសមាគមអ្នកស្រី អ៊ុក ឆាយ៉ាវី តែម្ដងក្រោយពីការធ្វើបាតុកម្មបញ្ចប់កាលពីពេលល្ងាចថ្ងៃទី៣០ ខែធ្នូ។ លិខិតនេះចាត់ទុកការធ្វើបាតុកម្មរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យធ្វើឡើងដោយខុសពីច្បាប់ស្ដីពីការធ្វើបាតុកម្មដោយសន្តិវិធីត្រង់មាត្រា៥និងមាត្រា១៦។ រដ្ឋបាលរាជធានីភ្នំពេញព្រមានថានឹងចាត់វិធានការតាមផ្លូវច្បាប់ផងដែរក្នុងករណីនៅតែមានសកម្មភាពបាតុកម្មបែបនេះម្ដងទៀត។
របាយការណ៍របស់អង្គការលីកាដូ (Licadho) ឱ្យដឹងថា រដ្ឋាភិបាល លោក ហ៊ុន សែន បានចាប់ខ្លួនសកម្មជនសិទ្ធិមនុស្ស សកម្មជនដីធ្លី សកម្មជននយោបាយ និងតស៊ូមតិចំនួន ៤៩នាក់ដាក់ពន្ធនាគារ ដោយសារអ្នកទាំងនោះប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួន ក្នុងការរិះគន់បញ្ហាដែលកើតឡើងក្នុងសង្គម។ ក្រៅពីនេះសកម្មជនគណបក្សប្រឆាំង រាប់សិបនាក់ និងអ្នកតស៊ូមតិជាច្រើននាក់ទៀត បានភៀសខ្លួនចេញពីប្រទេសកម្ពុជា ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញពីរដ្ឋាភិបាល។ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ នៅតែបញ្ជាក់ជំហថានឹងធ្វើការទាមទារឱ្យរដ្ឋាភិបាលដោះលែងសកម្មជនមនសិការទាំងអស់ជាបន្តទៀត លុះត្រាតែពួកគេត្រូវបានដោះលែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។