មន្ត្រី​បក្ស​ខ្មែរ​​ស្រលាញ់​ជាតិ​ចោទ​​​អាជ្ញាធរ​​​ខេត្ត​បាត់ដំបង​​​​ថា ​រារាំង​មិន​​ឱ្យ​លើក​​ស្លាក​គណបក្ស​

0:00 / 0:00

មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​​ជាតិ ​​នៅ​ខេត្ត​បាត់ដំបង​ដែល​ទើប​បំបែក​​ខ្លួន​ចេញ​​ពី​​គណបក្ស​សង្គ្រោះ​ជាតិ ចោទ​ប្រកាន់​​​ប៉ូលិស​ស្រុក​សង្កែ​​​ថា ​បាន​​រារាំង​​មិន​​ឱ្យ​លើក​​ស្លាក​​គណបក្ស​​នៅ​ក្នុង​​មូលដ្ឋាន​។ មន្ត្រី​សិទ្ធិមនុស្ស​ ចាត់​ទុក​​រឿង​​នេះ​​ថា ​ជា​ការ​គំរាមកំហែង ​និង​រើស​អើង​​និន្នាការ​​បក្ស​នយោបាយ​​​ដោ​យ​​ខុស​​ច្បាប់​។

មន្ត្រី​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ​​នៅ​​ខេត្ត​បាត់ដំបង​​​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​​​​អំពី​ការ​ធ្វើ​សកម្មភាព​​នយោបាយ​​នៅ​មុនការ​បោះឆ្នោត​​ជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ​​សង្កាត់​នៅ​​ពេល​​ខាង​​មុខ ដោយសារ​​​អា​ជ្ញាធរ​​​មូលដ្ឋាន​ បាន​​តាម​យាយី​​និង​​រឹតត្បិត​​សកម្មភាព​​នយោបាយ​​​ជា​​បន្ត​បន្ទាប់​។​

អនុប្រធាន​គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិលោក ខឺយ ស៊ីនឿន ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​សីហា​ថា ​មន្ត្រី​ប៉ូលិស​ស្រុក​សង្កែ​ជា​ច្រើន​នាក់​បាន​​ហាម​ឃាត់​សកម្មជន​​គណបក្ស​របស់​លោក​​មិន​​ឱ្យ​លើក​ស្លាក​គណបក្ស​​​​នៅ​​​​​ភូមិ​ស្វាយធំ ​ឃុំ​អូរ​ដំបង​២ ​​​ដើម្បី​ប្រកួតប្រជែង​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២​​នោះ​​ទេ​។ ​លោក​បន្ត​ថា ការ​​ហាម​ឃាត់​នេះ​ ដោយសារ​​តែ​តំបន់​នោះ ​​​ជា​កន្លែង​​ផ្លូវ​កាច់​កែង​ ដែល​មាន​មនុស្ស​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រើន​ ដែល​ជា​ឆ្អឹង​ទទឹងក​របស់​គណបក្ស​កាន់​អំណាច​។​ លោក​ចាត់​ទុក​ទង្វើ​របស់​មន្ត្រី​​ប៉ូលិស​​បែប​នេះ​​​​​ថា ​ជា​ការ​ធ្វើ​ឱ្យ​គណបក្ស​​​​របស់​ខ្លួន​មិន​អាច​​​ធ្វើ​សកម្មភាព​នយោបាយ​បាន​​ដោយ​សេរី៖ «ឃុំ​បាន​​អនុញ្ញាត​​ហើយ​​មក​រារាំង​យើង​ខ្ញុំ​យល់​ថា ទង្វើ​បែប​ហ្នឹង គឺ​ជា​ទង្វើ​ខុស​ច្បាប់​ផង ​ជា​ទង្វើ​រំលោភ​សិទ្ធិ​សកម្មភាព​គណបក្ស​នយោបាយ​ស្រប​ច្បាប់​ផង ដែល​ផ្ទុយ​ទៅ​​នឹង​​រដ្ឋធម្មនុញ្ញ។ គណបក្ស​ខ្មែរ​ស្រលាញ់​ជាតិ ​​ស្ថិត​នៅ​ក្នុង​ការ​រង​សម្ពាធ​ជា​ច្រើន នៅ​ក្នុង​សេរីភាព​ការ​ធ្វើ​សកម្មភាព​នយោបាយ​ស្រប​ច្បាប់ ដោយសារ​តែ​មាន​ការ​​រឹតត្បិត​ផង​ តាម​ដាន​ផង។​ យើង​ព្រួយបារម្ភ​អំពីអំឡុង​ពេល​បោះ​ឆ្នោត និង​លទ្ធផល​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ​ »។

ឆ្លើយ​តប​នឹង​បញ្ហា​នេះ អធិការ​នគរបាល​ស្រុក​សង្កែលោក ស៊ុន សុវណ្ណ ប្រាប់​អាស៊ី​សេរី​ថា ​​អាជ្ញាធរ​មិន​មាន​ចេតនា​រារាំង​គណបក្ស​នយោបាយ​ណា​មួយ​ ដើម្បី​​បម្រើ​ផល​ប្រយោជន៍​គណបក្ស​កាន់​អំណាច​នោះ​ទេ​។​ ប៉ុន្តែ​លោក​អះអាង​ថា មូលហេតុ​ដែល​ប៉ូលិស​ហាមឃាត់​​នេះ​ដោយសារ​តែ​គណបក្ស​មួយ​នេះ លើក​ស្លាក​​​តាម​ដង​ផ្លូវ​ដែល​​សាងសង់​មិន​ទាន់​រួច​រាល់​នៅ​ឡើយ​៖ «ផ្លូវ​ហ្នឹង​ជប៉ុន​ធ្វើ​មិន​ទាន់​ប្រគល់​ទេ ដោយ​ក្រសួង​និង​ម្ចាស់​គម្រោង​ធ្វើ​មិន​ទាន់​រួច​។​ អីចឹង​​វា​នៅ​ប៉ះពាល់​អា​គ្រឿង​ចក្រ​គេ​នៅ​កែកុន​ធ្វើ បើ​គេ​ប្រគល់​ឱ្យ​អាជ្ញាធរ​ហើយ​ អាហ្នឹង​​​យើង​ចាត់​ចែង​បាន​។ ​នេះ​តាម​​ថ្នាក់​ដឹក​នាំ​គាត់​ឱ្យ​​យោបល់​មក​ថា​ កុំ​ទាន់​អាល​ គាត់​ក៏​ស្ដាប់​ស្រួល​បួល​និយាយ​​ស្ដាប់​គ្នា​តើ​ »។

​ទោះ​ជា​យ៉ាង​ណា មន្ត្រី​សម្របសម្រួល​​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​(Adhoc)​ ខេត្ត​បាត់ដំបង​ លោក យិន ម៉េង​លី មាន​ប្រសាសន៍​ថា ​ការ​ដែល​ប៉ូលិស​ហាម​ឃាត់​​គណបក្ស​​នយោបាយ​មិន​ឱ្យ​លើក​ស្លាក​នេះ​ ជា​ការ​គំរាមកំហែង​និង​រើស​អើង​​និន្នាការ​បក្ស​នយោបាយ​ដោយ​ខុស​ច្បាប់​។ ​មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះបន្ត​​ថា ​ការ​ធ្វើ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​​ដំណើរ​ការ​បោះឆ្នោត​ទៅ​ពេល​ខាង​មុខ​ គ្មាន​យុត្តិធម៌​ និង​មិន​​ស្មើភាព​គ្នា។ ​លោក​យល់​ថា ​រឿង​នេះ​អាច​​ដោយសារ​តែ​អាជ្ញាធរ​​ព្រួយបារម្ភ​ខ្លាច​​​​គណបក្ស​ដែល​បំបែក​ចេញ​ពី​គណបក្ស​ប្រឆាំង​នោះ ​​​មាន​ប្រជាប្រិយ​​​​ដណ្ដើម​សំឡេង​ការ​បោះ​ឆ្នោត​ពី​​គណបក្ស​កាន់​អំណាច​នៅ​ពេល​ខាង​មុខ​៖ «ហើយ​បញ្ហា​អស់​នេះ​វា​កើត​ឡើង​នៅ​ពេល​ដែល​ជិត​បោះ​ឆ្នោត​មក​ដល់ វា​មាន​ការរារាំង​ការ​លើក​ស្លាក ជួន​កាល​លើក​ហើយ​ត្រូវ​បាន​បំផ្លិចបំផ្លាញ​​​ស្លាក​សញ្ញា​ហ្នឹង​ក៏​មាន​ដែរ​។ មួយ​ទៀត​យើង​មើល​ឃើញ​ថា ​ឥឡូវ​ប្រហែល​ជា​អាជ្ញាធរ​និង​សមត្ថកិច្ច​គាត់​ចង់​ភ្លេច​ខ្លួន​​ថា តាំង​ពី​ការ​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​មក​ វា​លែង​មាន​គណបក្ស​​ណា​ទាំង​អស់​​ធ្វើ​សកម្មភាព​វា​ស្ងាត់​ មាន​តែ​គណបក្ស​កាន់​អំណាច​ហ្នឹង​។ ​តែ​ឥឡូវ​ដល់​លេច​គណបក្ស​ផ្សេង​មក​គាត់​ចង់​ភ្ញាក់​ អីចឹង​ពេល​ខ្លះ​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ គាត់​នឹង​ធ្វើ​អ្វី​មួយ​ដែល​ធ្វើ​ឱ្យ​​មាន​ការ​រំខាន​ ប៉ះពាល់​ដល់​អារម្មណ៍​ ទោះ​បី​ជា​មាន​ការ​ជូន​ដំណឹង​ត្រូវ​តាម​នីតិវិធី​ក៏​ដោយ​ »

​​​គណបក្ស​​ខ្មែរ​ស្រលាញ់​ជាតិ​​​ ជា​គណបក្ស​ថ្មី​មួយ​ក្នុង​ចំណោម​​គណបក្ស​ចំនួន​៦ ​ដែល​បាន​បំបែក​ខ្លួន​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​មួយ​នេះ​​ដឹក​នាំ​ដោយ​លោក ជីវ កត្តា ​ដែល​ជា​អតីត​​​តំណាង​រាស្ត្រ​ប្រឆាំង​​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​​ដែល​​តុលាការ​កំពូល​បាន​​រំលាយ​​​ចោល​​ ដែល​អ្នក​​អង្កេត​ការណ៍​មើល​ឃើញ​ថា ​ដោយសារ​លោក ហ៊ុន សែន ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​​ជ្រើសរើស​​តំណាង​រាស្ត្រ​កាល​ពី​ឆ្នាំ​២០១៨​។​ បក្ស​នេះ​​បាន​ចុះ​បញ្ជី​​ជា​គណបក្ស​នយោបាយ​ស្រប​ច្បាប់​នៅ​ក្រសួង​មហាផ្ទៃ ​នៅ​ថ្ងៃ​ទី​១០​ ខែ​មេសា​ ឆ្នាំ​២០២០​។ មន្ត្រី​បក្ស​ថ្មី​នេះអះអាង​ថា ចាប់​តាំង​ពី​បង្កើត​គណបក្ស​​មក ​សកម្មជន​គណបក្ស​មួយ​នេះ​តែង​រង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ពី​សំណាក់​អាជ្ញាធរ​​​មូលដ្ឋាន​ស្ទើរ​គ្រប់​ខេត្ត ​មាន​ដូច​ជា​ ការ​ហាម​ឃាត់​មិន​ឱ្យ​លើក​ស្លាក​គណបក្ស និង​​ការ​ជួប​ប្រជុំ​​សកម្មជន​គណបក្ស​នៅ​តាម​មូលដ្ឋាន​ជា​ដើម៕​​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។