សមត្ថកិច្ច​ម៉ាឡេស៊ី​ចាប់​ពលករ​ខ្មែរ​ម្នាក់​ពាក់ព័ន្ធ​រិះគន់​រដ្ឋាភិបាល​កម្ពុជា

សកម្មជន​បក្ស​ប្រឆាំង​ឱ្យ​ដឹង​ថា សមត្ថកិច្ច​ម៉ាឡេស៊ី​បាន​សម្រុក​ចូល​ចាប់ខ្លួន​ពលករ​ខ្មែរ និង​ជា​សមាជិក​បណ្តាញយុវជនកម្ពុជាសកល​ប្រចាំ​ម៉ាឡេស៊ី​ម្នាក់ ឈ្មោះ នួន តឿន នៅ​ល្ងាច​ថ្ងៃ​ទី២៨ ខែកញ្ញា ពាក់ព័ន្ធ​រឿង​លោក​និយាយ​រិះគន់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​លើ​បណ្ដាញ​សង្គម។

ប្រធាន​ចលនា​យុវជន​កម្ពុជា​សកល​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី លោក សាដាត សាមាធិ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា ពលករ​ខ្មែរ​ឈ្មោះ នួន តឿន បាន​ទាក់ទង​ឱ្យ​លោក​ជួយ​នៅ​មុន​ពេល​ប៉ូលិស​ម៉ាឡេស៊ី​៦នាក់​បាន​ចូល​ចាប់ខ្លួន​ដល់​ក្នុង​ផ្ទះ​ថៅកែ​នៅ​រដ្ឋ​សេឡាំងងរ (Selangor)។ លោក​បារម្ភ​អំពី​សុវត្ថិភាព​យុវជន​រូប​នេះ​ជា​ខ្លាំង ពីព្រោះ​មកដល់​ពេលនេះ​លោក​មិន​ទាន់​ទទួល​ដំណឹង​ថា​ប៉ូលិស​បញ្ជូន​គាត់​ទៅ​ឃុំ​នៅ​កន្លែង​ណា​នៅឡើយ​ទេ។ លោក​បញ្ជាក់​ថាពលករ​ឈ្មោះ នួន តឿន អាច​ប្រឈម​ជាប់​ពន្ធនាគារ ឬ​ទណ្ឌកម្ម​ណា​មួយ បើ​សិន​អាជ្ញាធរ​ម៉ាឡេស៊ី​បញ្ជូន​ទៅ​កម្ពុជា​វិញ​តាម​សំណើ​របស់​អាជ្ញាធរ​កម្ពុជា​នោះ។

លោក សាដាត សាមាធិ៖ «អាជ្ញាធរ​ម៉ាឡេស៊ី​ទៅ​តាម​​ចាប់​គាត់​ដល់​ផ្ទះ ដែល​គាត់​ធ្វើការ​ហ្នឹងគាត់​ប្រាប់​ឱ្យ​ខ្ញុំ​ធ្វើ​មិច​ជួយ​គាត់​ផង​ដើម្បី​រួច​ផុត​ពី​ប៉ូលិស​ទាំង​ហ្នឹង។ខ្ញុំ​ស្នើ​សុំ​ឱ្យ​ដោះលែង​មនុស្ស​ស្លូតត្រង់ទាមទារ​សិទ្ធិ​សេរីភាពរិះគន់​ដើម្បី​ស្ថាបនាការពារ​ជាតិ​របស់​ខ្លួន​មក​វិញសូម​កុំ​បំពាន​សិទ្ធិមនុស្សឬ​សិទ្ធិ​អ្នកដទៃ​ដែល​ប្រើប្រាស់​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​បាទ»។

ពលករ​ខ្មែរ​ឈ្មោះ តឿន គឺជា​អ្នក​​គាំទ្រ​គណបក្សប្រឆាំង។ ពលករ​រូបនេះ​តែង​ប្រើប្រាស់​បណ្ដាញ​សង្គម​និយាយ​រឿង​អយុត្តិធម៌​ក្នុង​សង្គម បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ជាពិសេស រិះគន់​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា លោក​នាយក​រដ្ឋមន្ត្រី ម៉ាណែត ឥត​សំចៃ​មាត់។ មុន​ពេល​ចាប់ខ្លួន​នេះ ពលករ​រូប​នេះ​​ធ្លាប់​រង​ការ​គំរាមកំហែង​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​ពី​សំណាក់​អាជ្ញាធរ​បក្ស​កាន់​អំណាច​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។