ប្រជាពលរដ្ឋខ្មែរដែលរស់នៅប្រទេសជប៉ុន ចូលរួមធ្វើបាតុកម្មជាមួយប្រជាពលរដ្ឋនៃបណ្តាប្រទេសផ្សេងទៀត នៅក្នុងទីក្រុងតូក្យូ (Tokyo) នៅថ្ងៃទី៩ ខែឧសភា។ សម្រាប់បាតុករខ្មែរ គឺពួកគេ ទាមទារឱ្យលោកលោក ហ៊ុន សែន ចុះចេញពីអំណាចព្រោះពលរដ្ឋខ្មែរស្រេកឃ្លានប្រជាធិបតេយ្យនិងការ គោរពសិទ្ធិមនុស្សពិតប្រាកដ។ អ្នកនាំពាក្យគណបក្សកាន់អំណាច ឆ្លើយតបថា ការតវ៉ាទាមទារនេះជារឿងអត់ប្រយោជន៍។
ប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋមកពីជិត១០ប្រទេសផ្សេងទៀត រួមមានពលរដ្ឋហុងកុង និងពលរដ្ឋភូមា ឬមីយ៉ាន់ម៉ា (Myanmar)ជាដើម នាំគ្នាលើកបដានិងដើរដង្ហែក្បួនស្រែកតវ៉ាទ្រង់ទ្រាយធំតាមដងផ្លូវសំខាន់ៗនៅកណ្តាលទីក្រុងតូក្យូ ប្រទេសជប៉ុន ផ្ញើសារឱ្យរដ្ឋាភិបាលចិនឈប់លូកដៃចូលប្រទេសរបស់ពួកគេដែលនាំឱ្យមានការរំលោភសិទ្ធិមនុស្ស និងប្រជាធិបតេយ្យធ្ងន់ធ្ងរ។ ពលរដ្ឋខ្មែរដែលចូលរួមតវ៉ានេះ មានប្រមាណជាង៤០នាក់ ដោយពួកគាត់លើកទង់ជាតិ និងបដាដែលសរសេរថា ពួកគាត់មិនទទួលស្គាល់រដ្ឋាភិបាលលោក ហ៊ុន សែន ជាដាច់ខាត ព្រោះជារដ្ឋាភិបាលកើតចេញពីការបោះឆ្នោតក្លែងក្លាយ។
ប្រជាពលរដ្ឋដែលចូលរួមតវ៉ាមួយរូប គឺលោកស្រី មាស ភារ៉ា ថ្លែងថា អ្នកតវ៉ាទាំងអស់ ទាមទារឱ្យប្រទេសចិនឈប់គាំទ្ររបបលោក ហ៊ុន សែន តទៅទៀត និងទាមទារ ឱ្យលោក ហ៊ុន សែន ស្តារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ៖ «រដ្ឋាភិបាលមិនមែនកើតចេញពីឆន្ទៈពលរដ្ឋផង ដូច្នេះយើងមិនទទួលស្គាល់រដ្ឋាភិបាលឥឡូវនេះថាជារដ្ឋាភិបាលបានទេ។ ពួកយើងត្រូវតែ តស៊ូមតិប្តូរផ្តាច់ទាមទារលទ្ធិប្រជាធិបតេយ្យមកវិញ ដោយសារលទ្ធិប្រជាធិបតេយ្យយើងកាន់តែធ្លាក់ចុះ ដោយអត់មានសិទ្ធិបញ្ចេញមតិ សូម្បីតែអ្នកសារព័ត៌មាន ក៏មិនហ៊ានផ្សាយការពិត ហើយចាប់ចង់សកម្មជនដាក់គុក ហើយធ្វើអីដោយឯកបក្សជាដើម។ យើងមិនអាចទទួលយកបានទេ យើងនឹងធ្វើចលនាជាមួយប្រទេស ផ្សេងៗ ទាមទារលទ្ធិប្រជាធិបតេយ្យមកវិញ ទោះបីបានតិចក្តីច្រើនក្តី ក៏នៅតែបន្តចលនា»។
អ្នកតវ៉ាមួយរូបទៀត និងជាអនុប្រធានគណៈកម្មការចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន គឺអ្នកស្រី ណិប ប៉ូរ៉ា លើកឡើងថា ក្រៅពីការទាមទារឱ្យរដ្ឋាភិបាលចិន ឈប់លូកដៃចូលប្រទេសកម្ពុជានោះ ពួកគាត់ ក៏ចង់បង្ហាញឱ្យរដ្ឋាភិបាលជប៉ុន និងពិភពលោក បានដឹងអំពីទុក្ខវេទនារបស់ពលរដ្ឋខ្មែរដែលរស់នៅក្រោមអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែនដែរ។ អ្នកស្រី ស្នើសុំឱ្យរដ្ឋាភិបាលជប៉ុន ពិនិត្យមើលការផ្តល់ជំនួយរបស់ខ្លួនឡើងវិញ ព្រោះជំនួយមួយចំនួនមិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ពលរដ្ឋខ្មែរនោះទេ ផ្ទុយទៅវិញ បានជួយគាំទ្រអំណាចផ្ដាច់ការរបស់លោក ហ៊ុន សែន ដែលកំពុងធ្វើឱ្យទុក្ខបុកម្នេញនិងបំបិទសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ៖ «បញ្ហាដែលយើងចង់ឱ្យគេជួយនោះ គឺចង់ឱ្យគេជួយរឿងការគោរពសិទ្ធិមនុស្ស និងជំនួយរបស់ជប៉ុនដែលជួយទៅនោះ សូមជួយឱ្យមើលថា រដ្ឋាភិបាលណាដែលជារដ្ឋាភិបាលស្របច្បាប់ កុំជួយទៅរដ្ឋាភិបាលដែលឯកបក្សអ៊ីចឹង»។
ប្រជាពលរដ្ឋខ្មែររស់នៅប្រទេសជប៉ុន និងរស់នៅក្នុងបណ្តាប្រទេសផ្សេងៗទៀត តែងតែចេញតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល លោក ហ៊ុន សែន ជាបន្តបន្ទាប់ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដនេះ បានធ្វើឱ្យការតវ៉ារបស់ត្រូវបានអាក់ខានខ្លះ។
ទាក់ទងករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ឆ្លើយតបថា ការតវ៉ាទាមទារកុំឱ្យចិនលូកដៃចូលកម្ពុជានិងបណ្តាប្រទេសផ្សេងៗនេះ គ្មានប្រសិទ្ធភាពអ្វីឡើយ គ្រាន់តែជាការស្រែកតាមគ្នាប៉ុណ្ណោះ។ លោក បន្តថា ចំពោះការមិនទទួលស្គាល់រដ្ឋាភិបាលស្របច្បាប់បច្ចុប្បន្ននេះគឺហួសសម័យទៅហើយ។ លោកថា ពួកគេបានស្រែកតវ៉ាប្រឆាំងតាំងពីការបោះឆ្នោតឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែប្រទេសជាច្រើនរួមទាំងប្រទេសដែលធ្លាប់ប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោតនៅពេលនោះផង នៅតែបន្តដាក់ស្ថានទូតហើយធ្វើការជាមួយរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាដដែល៖ « ឥឡូវនេះនិយាយឱ្យអាក្រក់ស្តាប់បន្តិចទៅ គាត់ស្រែកទាល់តែងាប់ខ្លួនគាត់ ងាប់ដល់កូនគាត់ ងាប់ដល់ចៅគាត់ ក៏វាអត់បានការអីដែរ ។ ឥឡូវនេះ នៅសល់តែពីរឆ្នាំទៀតដល់ថ្ងៃបោះឆ្នោតទៀតហើយចូលដល់អាណត្តិទី៧ហើយ ដូច្នេះគាត់ស្រែកនោះបានប្រយោជន៍អី ដែលគាត់ស្រែកតាមមេក្រូដាក់ហ្វេសប៊ុក ស្រែកតាមវិទ្យុបរទេសនិយាយជាភាសាខ្មែរបានប្រយោជន៍អីទៅ ? រាជរដ្ឋាភិបាលនៅតែធ្វើការទៅមុខ ដូច្នេះបានជាគណបក្សប្រជាជនកម្ពុជា ឱ្យតម្លៃត្រឹមថា ឆ្កែចេះតែព្រុសមនុស្សចេះតែដើរ។ អាហ្នឹងរឿងតែប៉ុណ្ណឹង»។
ឆ្លើយតបចំពោះការលើកឡើងនេះ អ្នកតវ៉ាមួយរូប គឺអ្នកស្រី ណិប ប៉ូរ៉ា យល់ថា វាមិនមែនជារឿងចម្លែកនោះទេ ដែលក្រុមមេដឹកនាំផ្ដាច់ការ តែងឆ្លើយការពារទង្វើរបស់ខ្លួន ហើយមិនយកចិត្តទុកដាក់ចំពោះសំឡេងស្រែកតវ៉ារបស់ពលរដ្ឋនោះ៖ «សម្រាប់របបមួយដែលគេរំលោភអំណាច ដែលគេចង់ដឹកនាំផ្ដាច់ការ គេមិនដែលទទួលស្គាល់អ្វីដែលជាគុណធម៌និងការទាមទារនិងសំឡេង ពលរដ្ឋដែលចង់បានទេ គេមិនដែលបម្រើឱ្យប្រជាពលរដ្ឋដោយក្រមសីលធម៌និងគុណធម៌ទេ គេតែងតែនិយាយពាក្យដដែលថា ពួកយើងនេះជាមនុស្សក្រៅច្បាប់ ឬពួកឧទ្ទាមជាដើម គេប្រើពាក្យមិនល្អៗសម្រាប់ពួកយើង តែការពិតគឺពួកយើងជាមនុស្សដែលចង់បានសេរីភាព ចង់ជួយពលរដ្ឋដែលជួបទុក្ខលំបាក ដូច្នេះ យើងមិនត្រូវចាញ់ឬតាមអ្វីដែលគេនិយាយទេ»។
ដោយឡែក ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា មានប្រសាសន៍ថា ការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស ដើម្បីទាមទារឱ្យមានការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការសិទ្ធិមនុស្សជាសកលបែបនេះ គឺជារឿងត្រឹមត្រូវ ហើយរដ្ឋាភិបាល គួរតែទទួលយកទៅពិនិត្យកែលម្អឡើងវិញ៖ «យើងតែងតែធ្លាប់បានទទូចទៅដល់រដ្ឋាភិបាល ធ្វើម៉េចដើម្បីដោះស្រាយបញ្ហាលើកកម្ពស់ស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេសយើងនេះ ឱ្យបាននូវគោលការណ៍ប្រជាធិបតេយ្យ គោរពនូវសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋហូរហែហ្នឹង ហើយធ្វើការបង្រួបបង្រួមជាតិដើម្បីដោះស្រាយបញ្ហាជាតិទាំងអស់នេះ ដើម្បី ឈានទៅរកការអភិវឌ្ឍជាតិ»។
ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ លើកឡើងថា ការណ៍ដែលរដ្ឋាភិបាល នៅតែមិនព្រមកែប្រែឥរិយាបថបែបនេះ គឺគ្មានផលចំណេញសម្រាប់ប្រជាជាតិកម្ពុជាឡើយ ព្រោះកន្លងមកបញ្ហាចម្រូងចម្រាសរឿងសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនេះ បានធ្វើឱ្យសហភាពអឺរ៉ុប ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន២០ភាគរយពីកម្ពុជារួចទៅហើយ។ ពួកគេជឿថា ក្រុមប្រទេសប្រជាធិបតេយ្យធំៗ នឹងពង្រីកទណ្ឌកម្មបន្ថែមទៀតក្នុងនោះក៏រួមទាំងទណ្ឌកម្មលើមន្ត្រីគ្រាក់ៗនៃរបបក្រុងភ្នំពេញជាលក្ខណៈបុគ្គលផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។