សកម្មជន​​បក្ស​​ប្រឆាំង​​ បន្ត​​​ព្រួយ​​បារម្ភ​​​​ពី​​ការ​​​ចាប់​​បញ្ជូន​ត្រឡប់​​ទៅ​​កម្ពុជា​​វិញ​ ដោយ​សារ​​​មន្ត្រី​​រដ្ឋាភិបាល​​​​បន្ត​​​ធ្វើ​ការ​​​ជា​មួយ​​ភាគី​​ថៃ​

0:00 / 0:00

សកម្មជន​​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​កំពុង​​ភៀស​ខ្លួន​​ក្នុង​​ប្រទេស​​ថៃ​​​ បន្ត​​​ព្រួយ​​បារម្ភ​​​​ពី​ការ​​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​​មន្ត្រី​​រដ្ឋាភិបាល​​​កំពុង​​​​ធ្វើ​ការ​​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​​ថៃ​។ សង្គម​ស៊ីវិល​ ស្នើសុំ​រដ្ឋាភិបាល​ទាំង​២​ប្រទេស​ ​គោរព​សិទ្ធិ​​ជន​ភៀស​ខ្លួន​ បើ​ពុំ​ដូច្នេះ​ទេ​រដ្ឋាភិបាល​ទាំង​២​​​​នឹង​ជាប់​ឈ្មោះ​អាក្រក់​ខាង​រំលោភ​សិទ្ធិ​មនុស្ស​​ក្នុង​របាយការណ៍​​ប្រចាំ​ឆ្នាំ​របស់​​អង្គការ​សហប្រជាជាតិ។

សកម្មជន​បក្ស​ប្រឆាំង​កំពុង​ភៀស​ខ្លួន​ក្នុង​ប្រទេស​ថៃថា វត្តមាន​របស់​​ទីប្រឹក្សា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​លោក សុខ សុក្រឹត្យា​​ នៅ​តែ​​បន្ត​គំរាម​កំហែង​សុវត្ថិ​ភាព​ពួកគាត់​​ធ្ងន់ធ្ងរ​ចំពោះ​​ការ​ចាប់​បញ្ជូន​​ទៅ​ដាក់​ពន្ធនាគារ​នៅ​ប្រទេស​កម្ពុជា​វិញ។

សកម្មជន​​កំពុង​ភៀស​ខ្លួន​ម្នាក់ ដែល​តែងតែ​ចូល​ទៅ​បញ្ចេញ​មតិ​រិះគន់​​ក្នុង​ហ្វេសប៊ុក​(facebook) ​លោក​ ហ៊ុន សែន គឺលោកស្រី ឡេង សុទ្ធាវី ​ស្នើសុំ​រដ្ឋាភិបាល​ថៃ​បញ្ឈប់​​ការ​ចាប់​ខ្លួន​ជន​ភៀស​ខ្លួន​​នយោបាយ តាម​សំណើ​រដ្ឋាភិបាល​ខ្មែរ​ត​ទៅ​ទៀត។ លោក​ស្រី ថ្កោល​ទោស​ចំពោះ​សកម្មភាព​​ចាប់​ខ្លួន​បញ្ជូន​​ជន​ភៀសខ្លួន​​នយោបាយ​ត្រឡប់​ទៅ​កម្ពុជា​​វិញ ថា​​ជា​​អំពើ​​​ចូលរួម​ជ្រោមជ្រែង​​លទ្ធិ​ផ្ដាច់ការ​ និង​ការ​បំពាន​​​ច្បាប់​អន្តរជាតិ​ផ្នែក​សិទ្ធិ​ជន​ភៀសខ្លួន៖ «នៅ​ក្នុង​ប្រទេស​ថៃ ខ្ញុំ​សូម​អំពាវនាវ​​​ដល់​លោក ប្រាយុទ្ធ​ ចាន់​អូចារ ​ដោយ​ត្រង់​តែ​ម្ដង​ថា បើ​សិន​ជា​លោក​នៅ​ពាក់ព័ន្ធ​ជា​មួយ​លោក ​ហ៊ុន សែន ដែល​ជា​មនុស្ស​សេព​គប់​ជាមួយ​នឹង​មេ​ឃាតក​ ចិន យួន​​ នេះ លោក ប្រាយុទ្ធ ចាន់អូចារ នឹង​មាន​កេរ្តិ៍​ឈ្មោះ​មិន​ល្អ​ដោយសារ​តែ​ ហ៊ុន សែន នឹង​នាំ​កេរ្តិ៍​ឈ្មោះ លោក​ ប្រាយុទ្ធ ចាន់អូចារ ឲ្យ​អន់​ និង​ខ្សោយ​ដូច​ ហ៊ុន សែន ដែល​មាន​គេ​ស្អប់​ខ្ពើម​អ៊ីចឹង​ដែរ»។

​សកម្មភាព​ចាប់​បញ្ជូន​ជន​ភៀសខ្លួន បាន​ចាប់​ផ្ដើម​កក្រើក​ឡើងវិញ កាល​ពី​ខែ​កញ្ញា ក្រោយ​ពេល​ទី​ប្រឹក្សា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺលោក សុខ សុក្រឹត្យា​ បាន​ទៅ​ជួប​​មន្ត្រី​រដ្ឋាភិបាល​ថៃ និង​មន្ត្រី​សភា​ថៃ​ ជា​បន្ត​បន្ទាប់​។ បច្ចុប្បន្ន លោក សុខ សុក្រឹត្យា មិន​ទាន់​ចាក​ចេញ​ពី​ប្រទេស​ថៃ​ទេ។ សារព័ត៌មាន​ក្នុង​ស្រុក (freshnew)​ ​ចុះ​ផ្សាយ​ថា​ លោក​នៅ​​បន្ត​សកម្មភាព​​ជួប​មន្ត្រី​​​​រដ្ឋាភិបាល​ថៃ​តាម​ក្រសួង​ពាក់ព័ន្ធ​​ដើម្បី​បញ្ចុះ​បញ្ចូល​ឲ្យ​អាជ្ញាធរ​ថៃ​ចាប់​បញ្ជូន​ជន​ភៀសខ្លួន និង​អ្នក​ហ៊ាន​រិះគន់​រដ្ឋាភិបាល​​កម្ពុជា​​តាម​ហ្វេសប៊ុក ទៅ​កម្ពុជា​វិញ។

ប្រភព​ដដែល​បង្ហាញ​ថា​ ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​ទី​៤ ខែធ្នូ ឧប​នាយក​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​សន្តិសុខ​ជាតិ​ថៃ និង​ជា​ប្រធាន​គណបក្ស​​ដឹកនាំ​រាជរដ្ឋាភិបាល​ថៃ​សព្វ​ថ្ងៃ គឺ​​​​ឧត្ដម​សេនីយ៍​​ប្រាវីដ វង្ស​សុវណ្ណ​ (Prawit Vongsovang)​ បាន​សន្យា​​​ថា អាជ្ញាធរ​ថៃ​នឹង​ទប់ស្កាត់​ឱ្យ​ខាង​តែ​បាន ចំពោះ​​អ្នក​ដែល​យក​ទឹកដី​ថៃ​ធ្វើ​សកម្មភាព​ល្មើស​ច្បាប់ និង​ប្រឆាំង​​រដ្ឋាភិបាល​កម្ពុជា​។

សកម្មជន​នយោបាយ​កំពុង​ភៀស​ខ្លួន​ម្នាក់​​ទៀត គឺ​​​លោក អឿ ណារិទ្ធ សោកស្ដាយ​ចំពោះ​ការ​សន្យា​នេះ​។ លោកអះអាង​ថា​ ជន​ភៀស​ខ្លួន​នយោបាយ​គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​តែ​ប៉ុណ្ណោះ​​៖ «យើង​បាន​ធ្វើ​កិច្ចការ​ច្រើន​ដែរ ទាក់​ទង​នឹង​បញ្ហា​ហ្នឹង ហើយ​​ទាំង​ UN (អង្គការសហប្រជាជាតិ) ទាំង​អ្វី​ហ្នឹង​កំពុង​តែ​ធ្វើ​​ដូច​ថា​ ការ​ការពារ​ដល់​ជន​ភៀសខ្លួន​យើង​កាន់​តែ​​​ខ្លាំង​ក្លា​ជាង​មុន ដែល​ពួកគេ​ចាប់​អារម្មណ៍​​យក​ចិត្ត​ទុក​ដាក់​ពី​ជន​ភៀស​ខ្លួន​យើង​កាន់​តែ​ខ្លាំង»។

​​​​លោក អឿ ណារិទ្ធិ​ បន្ត​ថា ​បច្ចុប្បន្ន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ធ្វើការ​ជាមួយ​ភាគី​អន្តរជាតិ និង​​​​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន ​​ស្នើសុំ​ឲ្យ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ថៃ ​គោរព​​ច្បាប់​អន្តរជាតិ​ពាក់ព័ន្ធ​​នឹង​​ជន​ភៀសខ្លួន​។ ជាមួយ​គ្នា​នេះ លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ ក៏​កំពុង​​ស្នើសុំ​​រដ្ឋាភិបាល​​​បញ្ឈប់​ការ​​ចាប់​បញ្ជូន​ជន​ភៀស​​ខ្លួន​តាម​សំណើ​របស់​​​រដ្ឋាភិបាល​ខ្មែរ​​ត​ទៅ​ទៀត។

ជុំវិញ​ករណី​នេះ វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលលោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិលោក ឆាយ គឹមខឿន​ និង​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជាលោក សុខ ឥសាន បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែធ្នូ។ តែ​យ៉ាង​ណាលោក សុខ ឥសាន ដែល​គេ​ស្គាល់​ថា ​ជា​ឪពុក​របស់​លោក សុខ សុក្រឹត្យា នោះ​ ធ្លាប់​ចេញ​មុខ​ការពារ​សកម្មភាព​​​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ថា ​ដើម្បី​យក​មក​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​​។

សង្គម​ស៊ីវិលថា ការ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ត្រឡប់​ទៅ​កម្ពុជា​វិញ បាន​បង្ហាញ​​ឲ្យ​ឃើញ​ថា ​​ប្រទេស​ថៃ​មិន​មែន​ជា​ទី​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន​នយោបាយ​ទៀតទេ។

អ្នក​នាំ​ពាក្យ​សមាគម​សិទ្ធិ​មនុស្ស​​អាដហុកលោក ស៊ឹង សែន​ករុណា ជឿជាក់​ថា សហគមន៍​អន្តរជាតិ​នឹង​មិន​ព្រម​បញ្ឈប់​ត្រឹម​នេះ​ទេ ព្រោះ​ក្រុម​លោក​សេរី​មិន​ពេញ​ចិត្ត​ទេ ​ចំពោះ​​​ទង្វើ​ចាប់​បញ្ជូន​ជន​ភៀស​ខ្លួន​ទាំង​បង្ខំ​នោះ​។ លោក​ព្រួយ​បារម្ភ​ថា​ ​​រដ្ឋាភិបាល​​ទាំង​២​ប្រទេស ​នឹង​ត្រូវ​​​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​កំណត់​ហេតុ​​នៃ​ការ​រំលោភ​សិទ្ធិ​ជន​ភៀសខ្លួន​​ ហើយ​ត្រូវ​​រង​ការ​រិះគន់ ព្រម​ទាំង​​សម្ពាធ​ផ្សេងៗ​ពី​​សហគមន៍​អន្តរជាតិ​​ដោយ​សារ​តែ​ទង្វើ​​​រំលោភ​សិទ្ធិ​ជន​ភៀស​ខ្លួន​​នេះ​៖ «សហគមន៍​អន្តរជាតិ គេ​នឹង​ធ្វើ​ការ​បន្ត​​ការ​តាមដាន​ឃ្លាំមើល​ទៅ​លើ​សកម្មភាព​នៃ​រដ្ឋាភិបាល​ទាំង​២ ហើយ​របាយ​ការណ៍​ទាំង​អស់​នេះ នឹង​មិន​បញ្ឈប់​ទេ​ ហើយ​ប្រហែល​ជា​អាច​នឹង​មាន​ជា​បន្ត​បន្ទាប់​​នៅ​ក្នុង​របាយការណ៍​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​ក្នុង​ឆ្នាំ​ខាងមុខៗ​ទៀត​»។

រយៈ​ពេល ​២ ​ខែ​ចុង​ក្រោយ​នេះ អាជ្ញាធរ​ថៃ​បាន​ចាប់​​ជន​ភៀស​​ខ្លួន​ និង​ជា​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ​ ៤​ ​នាក់ ​​គឺ​លោក វឿង សំណាង​ លោក វឿន វាសនា លោកស្រី ឡាញ់ ថាវរី ​និង លោក ម៉ិច ហៀង បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា​​យក​ទៅ​ឃុំ​​ឃាំង​ក្នុង​ពន្ធនាគារ​ព្រៃ​សរាជ​ធានី​ភ្នំពេញ។

កាល​យប់​ពី​ថ្ងៃទី១ ខែ​ធ្នូ ​​អាជ្ញាធរ​ថៃ​​បាន​ចាប់​​ផ្សឹក​​ព្រះសង្ឃ បូរ បេត ហើយ​គ្រោង​បញ្ជូន​ព្រះ​អង្គ​​ទៅ​ឲ្យ​អាជ្ញាធរ​កម្ពុជា​វិញ​ដែរ។ ប៉ុន្តែ​ក្រោយ​ពី​មាន​ប្រតិកម្ម​​ខ្លាំងៗ​ និង​ការ​​អន្តរាគមន៍​​ពី​​​អង្គការ​អន្តរជាតិ​ឃ្លាំមើល​សិទ្ធិ​ជន​ភៀសខ្លួន​ អង្គការ​សហ​ប្រជាជាតិ​ទទួល​​បន្ទុក​ជន​ភៀសខ្លួន​ (UNHCR) និង​តំណាងរាស្ត្រ​ប្រទេស​ថៃ​ផង​នោះ អាជ្ញាធរ​ថៃ​បាន​​ដោះលែង​ព្រះ​អង្គ​វិញ នៅ​ថ្ងៃ​ទី​៣ ខែធ្នូ ហើយបច្ចុប្បន្ន​ព្រះ​អង្គ​​ បាន​ភៀស​ព្រះ​កាយ​​​ដល់​​​ប្រទេស​ស្វីស (Switzerland) ​ហើយ​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។