ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ

ដោយ ហ៊ុំ ចំរើន
2024.11.29
ពលរដ្ឋ​ខ្មែរ​នៅ​កូរ៉េ​គ្រោង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ប្ដឹង​ទាមទារ​កោះគជ់​ទៅ​តុលាការ​អន្តរជាតិ ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) តវ៉ា​កាលពីថ្ងៃទី២៧ ខែ​តុលា ឆ្នាំ​២០២៤។
រូប៖ ផ្ដល់ឱ្យ

ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង (South Korea) គ្រោង​នាំគ្នា​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​សេអ៊ូល (Seoul) នៅ​សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ទាមទារ​អធិបតេយ្យ​របស់​ខ្លួន​លើ​កោះគជ់​ត្រឡប់​មកវិញ តាមរយៈ​ការ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ​អន្តរជាតិ។ ពលរដ្ឋ​ទាំងនោះ​បញ្ជាក់​ថា ការ​ធ្វើ​បាតុកម្ម​នេះ គឺ​កើត​ចេញ​ពី​ឆន្ទៈ​នៃ​ការ​ខ្វល់ខ្វាយ និង​ការ​ការពារ​បូរណភាព​ទឹកដី ហើយ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​ចោទប្រកាន់​លាប​ពណ៌​ពួកគេ​ថា​ជា​ក្រុម​បដិវត្ត ឬ​ភេរវករ តទៅ​ទៀត។

ខណៈ​ប្រជាពលរដ្ឋ​ថៃ​នៅ​ក្នុងស្រុក គំរាម​ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ខ្លួន​បង្ហាញ​គោលជំហរ​ការពារ​កោះគជ់​ឱ្យ​បាន​ដាច់ខាត ចំណែក​នៅ​កម្ពុជា​ឯណោះ​វិញ មាន​តែ​ពលរដ្ឋ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ដូចជា កូរ៉េខាងត្បូង (South Korea) ប៉ុណ្ណោះ ដែល​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ទាមទារ​កោះគជ់​ត្រឡប់មកវិញ ដោយ​ផ្អែក​លើ​តុលាការ​យុត្តិធម៌​អន្តរជាតិ។

តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ប្រទេស​កូរ៉េ​ខាងត្បូង លោក ម៉ាត់ វណ្ណនី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី២៩ ខែ​វិច្ឆិកា ថា គម្រោង​ធ្វើ​បាតុកម្ម​នេះ ធ្វើឡើង​ដោយសារ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ពី​គោលជំហរ​មិន​ច្បាស់លាស់ ជុំវិញ​ករណី​កោះគជ់ ដែល​នឹង​អាច​ធ្វើ​ឱ្យ​របូត​សិទ្ធិ​គ្រប់គ្រង​ទាំងស្រុង ទៅ​ប្រទេស​ថៃ។ លោក ម៉ាត់ វណ្ណនី ស្នើ​ឱ្យ​ពលរដ្ឋ​កម្ពុជា​មិន​ត្រូវ​រក្សា​ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហា​អធិបតេយ្យ​នៅ​តំបន់​កោះគជ់​តទៅទៀត​នោះ​ទេ ព្រោះ​ចលនា​ជាតិនិយម​របស់​ប្រជាពលរដ្ឋ​ថៃ កំពុង​មាន​សន្ទុះ​កាន់តែ​ខ្លាំង​ឡើង ក្នុង​ការ​ទាមទារ​ឱ្យ​រដ្ឋាភិបាល​របស់​ពួកគេ យក​កោះ​នេះ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ។

លោក ម៉ាត់ វណ្ណនី៖ «ដោយសារតែ​យើង​ជឿជាក់​លើ​ច្បាប់​នៃ​យន្តការ​អន្តរជាតិ ព្រោះ​មានតែ​ច្បាប់​នេះ​ទេ ទើប​អាច​រក​យុត្តិធម៌​ជូន​ភាគី​ទាំងសងខាង។ បើ​មិន​អ៊ីចឹង​ទេ​ទំនាស់​ហ្នឹង កាន់តែ​រាលដាល។ ពូជសាសន៍​នីមួយៗ​ប្រកាន់យក​ថា​កោះ​ហ្នឹង​របស់​ខ្លួន​រៀងៗខ្លួន។ ប៉ុន្តែ​មានតែ​តុលាការ​អន្តរជាតិ​ទេ ដែល​ចេញ​សេចក្ដី​សម្រេច​ហើយ បិទ​ផ្លូវ​តវ៉ា ទាំងសងខាង​ត្រូវតែ​ទទួលយក បើ​ពុំនោះ​ទេ វា​នឹង​បង្ករឿង​ទៅ​មនុស្ស​ជំនាន់​ក្រោយ​ទៀត ប្រសិនបើ​យើង​មិន​ដោះស្រាយ​ទៅ​តាម​នីតិវិធី​ច្បាប់​អន្តរជាតិ​នេះ»

បាតុកម្ម​របស់​ពលករ និង​និស្សិត​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង ដឹកនាំ​ដោយ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ នឹង​ធ្វើឡើង​នៅ​ថ្ងៃទី៨ ខែ​ធ្នូ ខាងមុខនេះ នៅ​ក្នុង​តំបន់ អ៊ីតេវ៉ុន(Itaewon) នៃ​ទីក្រុង សេអ៊ូល (Seoul) ដើម្បី​ទាមទារ​រដ្ឋាភិបាល​បំពេញ​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី តាមរយៈ​ការ​ស្វែងរក​អន្តរាគមន៍​ពី​ស្ថាប័ន​តុលាការ​អន្តរជាតិ​ដែល​មាន​ភាព​អព្យាក្រឹត្យ។

ទោះជា​យ៉ាងណា មក​ទល់​ពេលនេះ មេដឹកនាំ​កម្ពុជា​នៃ​គ្រួសារ​ត្រកូល«ហ៊ុន» មិន​ចោល​គំនិត​ក្នុង​ការ​គំរាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​និយាយ​រឿង​កោះគជ់​នេះ​ឡើយ។ ថ្លែង​ក្នុង​សម្ពោធ​សមិទ្ធផល​នានា​នៅ​តំបន់​អភិវឌ្ឍន៍​បឹង​ជង្រុក នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃទី២៩ ខែ​វិច្ឆិកា លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចោទ​អ្នក​ដែល​លើកឡើង​ពី​បញ្ហា​កោះគជ់​ថា ជា​ក្រុម​ប្រឆាំង​ជ្រុលនិយម និង​យក​រឿង​នេះ​មក​ដុត​កំហឹង​ពលរដ្ឋ ឱ្យ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ទៅវិញ។

លោក ហ៊ុន ម៉ាណែត៖ «តែ​គេ​យក​ក្នុង​ន័យ​អ្វី? គេ​មិន​ឈឺក្បាល​ទេ​រឿង​ពិត​មិន​ពិត។ អ្វី​ដែល​គេ​ចង់បាន​គឺ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ អត់​ទុកចិត្ត​រដ្ឋាភិបាល រក​ប្រធានបទ​ដែល​ប៉ះពាល់​ជាមួយ​ផល​ប្រយោជន៍​ជាតិ​របស់​យើង បំភ្លៃ​ការពិត​ហើយ​ដុត​កម្ដៅ​ឱ្យ​ប្រជាជន​យើង​មាន​ជម្លោះ​ផ្ទៃក្នុង។ តើ​សន្តិភាព​នៅ​ក្នុង​ប្រទេស​យើង មួយ​ចម្អិន​កំពឹស​ឬ​យ៉ាងណា»

ទន្ទឹម​នឹង​ការ​គំរាមកំហែង និង​វាយប្រហារ​លើ​អ្នកនយោបាយ​បក្ស​ប្រឆាំង​នោះ  មក​ទល់​ពេលនេះ រដ្ឋាភិបាល​ត្រកូល​ហ៊ុន មិន​ទាន់​បាន​បកស្រាយ​ពន្យល់​ពលរដ្ឋ​ឱ្យ​បាន​ច្បាស់លាស់ និង​មាន​ហេតុផល​សមរម្យ​នៅឡើយ​ទេ​ជុំវិញ​បញ្ហា​កោះគជ់​នេះ។

ផ្ទុយ​ពី​បុរស​ខ្លាំង​កម្ពុជា ដែល​ចេះ​តែ​គំរាម​ពលរដ្ឋ​ខ្លួនឯង និង​មាន​គោលជំហរ​ទន់ជ្រាយ​រឿង​គោះគជ់​នោះ នាយករដ្ឋមន្ត្រី​ថៃ អ្នកស្រី ផេថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នៅ​ថ្ងៃទី២៩ ខែ​វិច្ឆិកា បាន​ចេញ​មក​អះអាង​នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ​ខ្លួន​ថា «ក្នុង​នាម​ជា​នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ថៃ អ្នកស្រី​គ្មាន​ផ្លូវ​នឹង​មើល​ប្រទេស​ដទៃ សំខាន់​ជាង​ប្រទេស​ថៃ​ខ្លួនឯង​នោះ​ឡើយ»។ អ្នកស្រី​ស្នើ​ឱ្យ​ប្រជាពលរដ្ឋ​ថៃ ជឿជាក់​មក​លើ​អ្នកស្រី ក្នុង​ការ​ចរចា​អនុស្សរណៈ​យោគយល់​គ្នា​ឆ្នាំ២០០១ ជាមួយ​កម្ពុជា។

ទោះជា​បែបនេះ​ក្ដី ប្រជាពលរដ្ឋ និង​ឥស្សរជន​នយោបាយ​ថៃ​បារម្ភ​ថា កម្ពុជា​អាច​នឹង​លើក​យក​សំណុំរឿង​កោះគជ់​នេះ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ ដែល​ពួកគេ​ចោទ​ថា ជា​ស្ថាប័ន​មិន​យុត្តិធម៌ និង​ជា​តុលាការ​នយោបាយ កាត់ក្ដី​ទៅតាម​សម្ពាធ​របស់​ប្រទេស​មហាអំណាច​មួយ​ចំនួន ខណៈ​ប្រទេស​ដែល​ជា​ដើមបណ្ដឹង មាន​អតីត​មហាអំណាច​អាណានិគម​ធ្វើ​ជា​ខ្នងបង្អែក។

ជុំវិញ​រឿង​នេះ ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត គាំទ្រ​ឱ្យ​មាន​ការ​ប្ដឹង​ទាមទារ​កោះគជ់ ទៅ​តុលាការ​អន្តរជាតិ ព្រោះ​មាន​តែ​វិធី​នេះ​មួយ​ប៉ុណ្ណោះ ដែល​អាច​រក្សា​បាន​នូវ​ចំណង​ទំនាក់ទំនង​ការទូត និង​បង្ការ​ជម្លោះ​ប្រដាប់​អាវុធ និង​ភាព​សម្អប់​រវាង​ពលរដ្ឋ​ខ្មែរ និង​ពលរដ្ឋ​ថៃ។ លោក ម៉ែន ណាត លើកឡើង​ថា ប្រសិនបើ​កម្ពុជា លើក​យក​សំណុំរឿង​កោះគជ់ ប្ដឹង​ទៅ​តុលាការ​អន្តរជាតិ គឺ​មាន​សង្ឃឹម​ឈ្នះ​ច្រើន ប៉ុន្តែ​ប្រសិនបើ​កម្ពុជា បោះបង់​ឱកាស​នេះ​ចោល គឺ​ស្មើ​នឹង​មេដឹកនាំ​កម្ពុជា​របស់​ត្រកូល​ហ៊ុន បាន​ប្រគល់​កោះគជ់​ទៅ​ឱ្យ​ថៃ របស់​មេដឹកនាំ​ត្រកូល​លោក​ថាក់ស៊ីន ជា​ថ្នូរ​នឹង​ការ​ជួយ​ជ្រោមជ្រែង​អំណាច និង​កម្ចាត់​អ្នកប្រឆាំង​ដែល​រស់នៅ​លើ​ទឹកដី​ថៃ។

លោក ម៉ែន ណាត៖ «ករណី​ដែល​លោក ហ៊ុន សែន មិន​ដោះស្រាយ​ករណី​ហ្នឹង នៅ​តុលាការ​អន្តរជាតិ​ហ្នឹង វា​ពាក់ព័ន្ធ​ទី​មួយ​យូរ វា​ប្រើ​ពេល​យូរ។ ចង់​ដោះស្រាយ​រឿង​ហ្នឹង​ឱ្យ​បាន​ឆាប់ ដើម្បី​រក​រ៉ែ​រក​ប្រេង​នៅ​បាតសមុទ្រ​ឱ្យ​បាន​លឿន​ទៅ មិន​ចាំបាច់​កំណត់​ព្រំដែន​អ្វី​ផ្លូវការ​នោះ​ទេ គឺ​ចង់​បាន​លុយ​ដើម្បី​យក​មក​បំប៉ន​អំណាច។ ទីពីរ​គឺ​ចង់​បើក​កិច្ច​សហប្រតិបត្តិការ​ជាមួយ​រដ្ឋាភិបាល​ថៃ ចាប់​មនុស្ស​ពី​ថៃ​មក​ដាក់​គុក​នៅ​ស្រុក​ខ្មែរ»

យ៉ាងណា​ក៏ដោយ​ចុះ មន្ត្រី​ជាន់ខ្ពស់​យោធា​ជើងទឹក​របស់​ថៃ បាន​ប្រកាស​ឱ្យ​កងនាវិក​ថៃ ត្រៀម​ចល័ត​សព្វាវុធ នាវាមុជទឹក និង​នាវាចម្បាំង​ជាដើម ទៅកាន់​កោះគជ់ ដើម្បី​ត្រៀម​ធ្វើ​សមយុទ្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ នៅ​ក្បែរ​កោះ​នេះ រយៈពេល ៣ថ្ងៃ នៅ​ពាក់កណ្ដាល​ខែ​ធ្នូ ខាងមុខ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
សភា​អឺរ៉ុប ជំរុញ​ឱ្យ​​សើរើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅសល់៨០% និង​ដាក់​ទណ្ឌកម្ម​ជាក់លាក់​លើ​រដ្ឋាភិបាល​កម្ពុជា
អត្ថបទពេញនិយម
នយោបាយ
អ្នកឃ្លាំមើល​ចាត់​ទុក​ដំណើរ​ទស្សនកិច្ច​លោក ហ៊ុន សែន ទៅ​ចិន​ គឺ​ជា​ការ​ពង្រឹង​អំណាច និង​ស្វែង​រក​កម្ចី​ពី​ចិន​បន្ថែម
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។