ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​គាំទ្រ​ចលនា​ជាតិ​តស៊ូ ​និង​រដ្ឋាភិបាលបណ្ដោះអាសន្ន

ដោយ សុជីវី
2024.11.11
ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​គាំទ្រ​ចលនា​ជាតិ​តស៊ូ ​និង​រដ្ឋាភិបាលបណ្ដោះអាសន្ន (រូបឯកសារ) លោក សម រង្ស៊ី ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី១៣ ខែមេសា ឆ្នាំ២០២២។
RFA

ពលករ និង​សកម្មជន​គណបក្សប្រឆាំង​គាំទ្រការ​បង្កើត​ចលនាជាតិ​តស៊ូ និង​រដ្ឋាភិបាល​បណ្ដោះអាសន្ន ដែល​ប្រកាសឡើង​ដោយ​លោក សម រង្ស៊ី។ ពួកគាត់​ជំរុញ​ឱ្យ​លោក សម រង្ស៊ី ពន្លឿន​ការ​បង្កើត​ឱ្យបាន​ឆាប់ ដោយ​ពួកគាត់​ចាត់ទុកថា ជា​ចលនា​របស់​ប្រជាពលរដ្ឋ ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ និង​ការពារជាតិ។

ក្រោយពី​ប្រធាន​ស្ដីទី នៃ​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី បាន​ប្រកាស អំពី​ការបង្កើត​ចលនា​ជាតិ​តស៊ូ និង​ទិសដៅ​បង្កើត​រដ្ឋាភិបាលបណ្ដោះអាសន្ន​មួយ​ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស បង្ហាញ​ការ​គាំទ្រ និង​ចង់ឃើញ​ចលនា និង​រដ្ឋាភិបាលបណ្ដោះអាសន្ន​នេះ កើតឡើង​ឱ្យបាន​ឆាប់។

លោក សម រង្ស៊ី៖ «ថ្ងៃនេះ​ខ្ញុំ​ព្រះករុណា​ខ្ញុំ សម រង្ស៊ី មាន​កិត្តិយស​ប្រកាស​ការបង្កើត​ចលនា​ជាតិ​តស៊ូ ដើម្បី​ការពារ​ទឹកដី​ប្រទេស​កម្ពុជា និង​ទាមទារ​សេរីភាព​និង​យុត្តិធម៌​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ»។

ទោះបីជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ហៅ​ចលនា​ជាតិ​តស៊ូ និង​រដ្ឋាភិបាលបណ្ដោះអាសន្ន​ថា ជា​រូបភាព​បដិវត្តន៍​ចង់​ផ្ដួលរំលំ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ក៏ដោយ ក៏​ប្រជាពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ហៅ​ការបង្កើត​ចលនា​ជាតិ​តស៊ូ​ថ្មី​នេះ​ថា​ជា​រឿង​ល្អ និង​ជា​កម្លាំង​ជំរុញ​ការស្ដារ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ការពារ​បូរណភាព​ទឹកដី​ជាតិ ដោយ​ការ​ចូលរួម​សកម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ។

ពលរដ្ឋ​ខ្មែរ​នៅក្រៅ​ប្រទេស​ថា ចលនា​ជាតិ​តស៊ូ គឺជា​ចលនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ ដើម្បី​បញ្ចប់​អំណាច​ផ្ដាច់ការ​សព្វថ្ងៃ ដែល​គ្រួសារ​ត្រកូល​ហ៊ុន​យក​ប្រទេស​កម្ពុជា​ជា​កម្មសិទ្ធិ​ផ្ដាច់មុខ ព្រមទាំង​ធ្វើបាប​ប្រជាពលរដ្ឋ​សកម្មជន​សិទ្ធិមនុស្ស និង​នយោបាយ​ទៀត។

អតីត​សកម្មជន​បក្ស​ប្រឆាំង​លោក វឿន វាសនា ដែល​ភៀសខ្លួន​នយោបាយ​នៅ​ប្រទេស​អូស្ត្រាលី​គាំទ្រ​ចលនា​ជាតិ​តស៊ូ និង​រដ្ឋាភិបាលបណ្ដោះអាសន្ន ពីព្រោះ​លោក​លែង​សង្ឃឹមលើ​ការបោះឆ្នោត​បែប​ប្លន់​អំណាច​នៅ​ប្រទេស​កម្ពុជា ដែល​ត្រួតត្រា​ដោយ​គ្រួសារ​ត្រកូល​ ហ៊ុន​ ហើយ។ លើសពីនេះ​ទៀត លោក​ថា រដ្ឋាភិបាល​ត្រកូល​ ហ៊ុន ធ្វើ​ទុក្ខបុកម្នេញ​លើ​ពលរដ្ឋ​គ្រប់​រូប​ភាព តាំងពី​ការ​ឆបោក​ការគំរាមកំហែង និង​ការចាប់​ដាក់គុក គឺ​លែង​ចាត់ទុក​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ម្ចាស់​ប្រទេស​ទៅហើយ ដូច្នេះ ត្រូវមាន​ចលនា​តស៊ូ ឬ​រដ្ឋាភិបាល​ក្រៅប្រទេស​មួយ ដើម្បី​ជួយ​ស្ដារ​ស្ថានភាព​កម្ពុជា។

លោក វឿន វាសនា៖ «ពីព្រោះ ៣០ ទៅ​៤០ ឆ្នាំ​ហើយ ដែល​យើង​ផ្លាស់ប្ដូរ​តាម​ការបោះឆ្នោត​ប៉ុន្តែ​របប​ត្រកូល​ហ៊ុន​តែងតែ​លួច តែងតែ​បន្លំ តែងតែ​ប្លន់​យក​កៅអី​របស់​គណបក្សប្រឆាំង​ជា​និរន្ត​។ ប្រសិនជា​រដ្ឋាភិបាល​​ក្រៅប្រទេស​កើតឡើង​ គឺ​ខ្ញុំ​សង្ឃឹម​ថា ប្រទេស​កម្ពុជា​នឹង​ដណ្ដើម​ពី​ត្រកូល ​ហ៊ុន​​ មក​វិញ»

ចំណែកឯ​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េខាងត្បូង​លោក នាង លីសារ ក៏​គាំទ្រ​ចលនា​ជាតិ​តស៊ូ​ និង​រដ្ឋាភិបាលបណ្ដោះអាសន្ន​នេះ​ដែរ​។​

លោក នាង លីសារ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ថា មូលហេតុ​សំខាន់ គឺ​មេដឹកនាំ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន​បច្ចុប្បន្ន លែង​ស្ដាប់​យោបល់​របស់​ប្រជាពលរដ្ឋ​ទៅ​ហើយ ខណៈ​ពលរដ្ឋ​កំពុង​ជួប​វិបត្តិ​សេដ្ឋកិច្ច អត់​ការងារ​ធ្វើ​ក្រីក្រ និង​វ័ណ្ឌក ដោយ​បំណុល​ដោះស្រាយ​មិន​រួច​។ លោក​យល់​ថា ចលនា​ជាតិ​តស៊ូ និង​រដ្ឋាភិបាលបណ្ដោះអាសន្ន នឹង​ក្លាយជា​កម្លាំង​សំឡេង​អ្នកប្រជាធិបតេយ្យ​ដ៏​រឹងមាំ ដើម្បី​ជំរុញរដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ឱ្យ​ងាក​មក​ស្ដាប់​សំឡេង​ប្រជាពលរដ្ឋ។

លោក នាង លីសារ៖ «ខ្ញុំ​គាំទ្រ ដោយសារ​អី​រាល់ថ្ងៃ​បើ​គ្មាន​រដ្ឋាភិបាល​ប្រឆាំង​ទេ គឺ​ប្រទេស​កម្ពុជា​កាន់តែ​យ៉ាប់យឺន​ទៅជា​បន្តបន្ទាប់ ដោយសារ​រាល់ថ្ងៃ​វិបត្តិ​សេដ្ឋកិច្ច​កាន់​តែមាន​បញ្ហា​ធ្ងន់ធ្ងរ​ទៅលើ​ប្រទេស​កម្ពុជា បាត់បង់​ប្រាក់ចំណូល​កាន់តែខ្លាំង ពលករ​ចំណាកស្រុក​ច្រើន ប្រជាពលរដ្ឋនៅក្នុង​ប្រទេស​អត់​មានការ​អភិវឌ្ឍ សូម​តែ​លុយ​សព្វថ្ងៃ​រក​អត់​បានទេ លទ្ធផល​ដែល​ប្រជាពលរដ្ឋ​ខំប្រឹង​ធ្វើ​កសិករ គឺ​នាំចេញ​គឺ​គ្មាន​តម្លៃ​ច្បាស់លាស់»។

ពលរដ្ឋ​រស់នៅ​ប្រទេស​ជប៉ុន​ លោកស្រី ណិប បូរ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ថា លោកស្រី​គាំទ្រ ការបង្កើត​ចលនា​ជាតិ​តស៊ូ និង​រដ្ឋាភិបាលបណ្ដោះអាសន្ន ពីព្រោះ​លោកស្រី​ចង់ឱ្យមាន​ស្ថាប័ន​តំណាង​សំឡេង​ប្រជាពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើការ​ជាមួយ​សហគមន៍​អន្តរជាតិ ក្នុង​ការរក​ដំណោះស្រាយ​គ្រប់​បញ្ហា​របស់​ប្រជាពលរដ្ឋ​ខ្មែរ និង​ប្រទេស​កម្ពុជា ដោយ​លោកស្រី​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត លែង​ខ្វល់​អំពី​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ហើយ

លោកស្រី ណិប បូរ៉ា៖ «គេ​អត់​ដែល​ស្ដាប់​សំឡេង​យើង​ទេ អ៊ីចឹង​យើង​ចង់ឱ្យមាន​សំឡេង​នៅក្រៅ​ស្រុក​មួយ ដើម្បី​ទៅ​និយាយ​ទៅ​ស្នើសុំ ធ្វើ​កិច្ចការងារ​ជាមួយ​រដ្ឋាភិបាល​ ក៏ដូចជា​ធ្វើការ​ជាមួយ​អន្តរជាតិ គឺ​យើង​ត្រូវការ​ឱ្យមាន​សំឡេងគាំទ្រ ហើយ​ឱ្យមាន​ចលនា​មួយ​ធ្វើ​ដើម្បី​ជួយ​ទៅ​កម្ពុជា​យើង​។ បើសិនជា​យើង​អត់​មាន​តំណាង​ទេ ពលរដ្ឋ​ចង់បាន​អី ពលរដ្ឋ​រងគ្រោះ​យ៉ាងម៉េចៗ​ បានតែ​ស្រែក​ទួញ​យំ»។

រីឯ​មន្ត្រីជាន់ខ្ពស់​គណ​បក្សប្រឆាំង​លោក ម៉ន ផល្លា វិញ អះអាង​ថា លោក​នឹងចូលរួម​ក្នុង​ចលនា​ជាតិ​តស៊ូ ដោយ​គ្មាន​ការរារែក​។ លោក​ពន្យល់​ថា ចលនា​តស៊ូ​នេះ ធ្វើ​សកម្មភាព​អហិង្សា ឆ្ពោះ​ទៅកាន់​គោលដៅ​នៃ​ការជំរុញឱ្យ​រដ្ឋាភិបាល​ត្រកូល​ហ៊ុន គោរព​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍ ដោយ​ត្រូវ​ស្ដារ​ប្រជាធិបតេយ្យ គោរព​សិទ្ធិមនុស្ស និង​ការពារ​ទឹកដី​ជាតិ​ឱ្យមាន​ប្រសិទ្ធភាព។

លោក ម៉ន ផល្លា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១០ ខែ​វិច្ឆិកា ថា លោក​ចង់ឱ្យ​មាន​ការ​ពន្លឿន និង​ការ​រៀបចំ​រចនាសម្ព័ន្ធ​ដឹកនាំ​ចលនា​ជាតិ​តស៊ូ​ឱ្យបាន​ឆាប់ និង​ធានា​ឱ្យបាន​និរន្តរភាព​ការងារ រួមទាំង​ការបើក​ឱ្យមាន​ការចូលរួម​ទូលំទូលាយ​ពី​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន។

លោក ម៉ន ផល្លា៖ «ចលនា​ជាតិ​តស៊ូ ដើម្បី​ផ្លាស់ប្ដូរ​ ដើម្បី​កម្ពុជា​នេះ គឺជា​ចលនា​មួយ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល​ ដើម្បី​ចូលរួម​សកម្មភាព​ការពារជាតិ ការពារ​បូរណភាព​ទឹកដី ជាពិសេស​ ជាង​នេះ ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​ឡើងវិញ»។

អ្នកឃ្លាំមើល​លើកឡើង​ថា ចលនា​តស៊ូ​មួយ សម​នឹងត្រូវ​បង្កើតឡើង​នៅ​ពេល​នេះ។ យ៉ាងណាក្ដី ការ​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ នៅ​ក្រៅ​ប្រទេស ទាមទារ​ឱ្យ​មាន​ការពិនិត្យ​ស្ថានការណ៍​ជាតិ និង​អន្តរជាតិ​ឱ្យ​ហ្មត់ចត់​សិន។

អ្នកឃ្លាំមើល​ថា ដើម្បី​ប្រសិទ្ធភាព​ការងារ ចំណុច​សំខាន់​គឺ​ គួរតែ​ធ្វើការ​ស្ទង់​មើល​អំពី​ចរន្ត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និង​ក្រៅប្រទេស ព្រមទាំង​ជំហរ​របស់​សហគមន៍​អន្តរជាតិ ជាពិសេស ​ប្រទេស​ជា​មិត្ត​របស់​កម្ពុជា​ជាមុន​សិន​ថា តើ​មាន​ការចាប់អារម្មណ៍កម្រិត​ណា មុន​នឹង​សម្រេច​បង្កើត​រដ្ឋាភិបាល​បណ្ដោះអាសន្ន​មួយ ដែលជា​តំណាង​សំឡេង​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងមូល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ពលរដ្ឋ និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ធ្វើ​ធម្មយាត្រា​ពី​ក្រុងកំពត​មក​ភ្នំពេញ ដើម្បី​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស
អត្ថបទពេញនិយម
នយោបាយ
អ្នកវិភាគ​ថា របប​ផ្ដាច់ការ​ត្រកូល​ហ៊ុន នឹង​ដួល​រលំ​ដូច​របប​ផ្ដាច់ការ​នៅ​ស៊ីរី​ដែរ
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។