ក្រុមអ្នកវិភាគ និងអ្នកធ្វើការពាក់ព័ន្ធនឹងវិស័យប្រជាធិបតេយ្យមើលឃើញថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកំពុងធ្លាក់ចុះដុនដាបខ្លាំង ស្របពេលដែលកម្ពុជាបន្តដឹកនាំដោយរបបគ្រប់គ្រងបែបឯកបក្សផ្ទុយពីគោលការណ៍រដ្ឋធម្មនុញ្ញ។ ពួកគេពុំមានសុទិដ្ឋិនិយមថា ពលរដ្ឋកម្ពុជានឹងទទួលបានលទ្ធិប្រជាធិបតេយ្យពេញលេញឡើយ ដរាបណាកម្ពុជានៅតែស្ថិតក្រោមការដឹកនាំរបស់ក្រុមមេដឹកនាំបក្សកាន់អំណាចបច្ចុប្បន្ន។ មន្ត្រីនាំពាក្យបក្សកាន់អំណាចបដិសេធការលើកឡើងនេះហើយថា កម្ពុជាកំពុងមានលទ្ធិប្រជាធិបតេយ្យដែលអាចធានាបាននូវស្ថិរភាពនយោបាយ និងសុខសន្តិភាព។
គិតរហូតមកទល់ពេលនេះ អស់រយៈពេលជិតសាមសិបឆ្នាំប្លាយហើយ ដែលលទ្ធិប្រជាធិបតេយ្យត្រូវបានសហគមន៍អន្តរជាតិបាននាំយកមកសាបព្រួសនៅក្នុងសង្គមកម្ពុជា ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងបារីសថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។ ក៏ប៉ុន្តែ ការអនុវត្តជាក់ស្តែង លទ្ធិប្រជាធិបតេយ្យដែលបានចាក់ឬសគល់នៅកម្ពុជានេះ ហាក់កំពុងស្ថិតក្នុងដំណាក់កាលត្រដរខ្យល់ស្ទើរតែគ្មានដំណើរការ ខណៈក្រុមមេដឹកនាំបច្ចុប្បន្នកំពុងកេងចំណេញពីលទ្ធិនេះស្រដៀងគ្នានឹងសម័យខ្មែរក្រហម ដែលដាក់ឈ្មោះប្រទេសថា «កម្ពុជាប្រជាធិបតេយ្យ» យ៉ាងដូច្នោះ។
អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយបណ្ឌិត មាស នី មើលឃើញថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កំពុងដើរដល់ផ្លូវបំបែកចាកឆ្ងាយខុសពីអ្វីដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ លោកថា រដ្ឋាភិបាលកំពុងអនុវត្តនូវអ្វីមួយដែលខ្លួនយល់ថា ជាលទ្ធិប្រជាធិបតេយ្យតាមស្តង់ដារខ្លួនឯង ខណៈពលរដ្ឋកម្ពុជានៅមិនទាន់ទទួលបាននូវការផ្តល់នូវសិទ្ធិសេរីភាពពេញលេញ និងការចូលរួមអនុវត្តលទ្ធិប្រជាធិបតេយ្យដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៅឡើយទេ។ លោកពុំមានសុទិដ្ឋិនិយមទេថា ក្រុមមេដឹកនាំបច្ចុប្បន្ននឹងងាកមកអនុវត្តប្រជាធិបតេយ្យឱ្យបានពិតប្រាកដនោះ៖ « ដរាបណាយើងនៅតែប្រទូងប្រទាញគ្នាថា ទាញយកប្រជាធិបតេយ្យទៅរកផ្លូវត្រូវរៀងៗខ្លួន ក៏ប៉ុន្តែ មិនបានមើលឱ្យបានច្បាស់ទៅលើស្អីដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ អនុវត្តទៅតាមអ្វីដែលបានចែងក្នុងរដ្ឋធម្មនុញ្ញនោះទេ អាហ្នុងខ្ញុំគិតថា យើងនឹងពិបាកក្នុងការរកឱកាសដើម្បីវិលត្រលប់មករកប្រជាធិបតេយ្យពិតប្រាកដ ទោះបីជាស្តង់ដារណាក៏ដោយ។ ប៉ុន្តែ ស្តង់ដាររបស់យើង គឺស្តង់ដាររដ្ឋធម្មនុញ្ញ មិនមែនស្តង់ដាររដ្ឋាភិបាលអះអាង ហើយក៏ស្តង់ដាររបស់បស្ចឹមប្រទេសណាមួយដូចដែលគេបានលើកឡើងដែរ »។
ស្រដៀងគ្នាទៅនឹងការយល់ឃើញនេះដែរ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម និងនយោបាយមួយរូបទៀត គឺបណ្ឌិត សេង សារី មើលឃើញថា ឱកាសដែលថា ក្រុមមេដឹកនាំខ្មែរបច្ចប្បន្ននឹងងាកមកស្តាប្រជាធិបតេយ្យឱ្យរីកលូតលាស់ឡើងវិញស្របតាមការចង់ឃើញរបស់សហគមន៍អន្តរជាតិនោះ គឺមានតិចតួចណាស់៖ « សម្រាប់ខ្ញុំ ខ្ញុំមើលឃើញថា កម្ពុជានៅបានពិន្ទុទាបមែនទែននៅក្នុងការអនុវត្តប្រជាធិបតេយ្យ ហើយឥឡូវនេះ យើងមិនទាន់ឃើញមាននិន្នាការណាថា រដ្ឋាភិបាលបង្ហាញនូវសុច្ឆន្ទៈ ឬក៏បង្ហាញនូវចេតនានៅក្នុងការត្រលប់មកគន្លងប្រជាធិបតេយ្យឡើងវិញទេ។ យើងឃើញថា ពីមួយឆ្នាំទៅមួយឆ្នាំ ការរឹតបណ្តឹងសិទ្ធិសេរីភាព ការរំលោភបំពានដីធ្លី ក៏កាន់តែកើនឡើង កាន់តែច្រើនឡើងៗ ហើយកាន់តែសាហាវជាងមុនពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះ បើសិនជាក្នុងករណីរដ្ឋាភិបាលបច្ចុប្បន្នគាត់នៅតែគ្រប់គ្រងអំណាច ខ្ញុំមើលឃើញថា ឱកាសនៅក្នុងការធ្វើឱ្យប្រជាធិបតេយ្យដុះដាលរីកលូតលាស់ទៀតនោះ គឺមានឱកាសតិចតួចមែនទែន »។
បណ្ឌិត សេង សារី ពន្យល់ថា បញ្ហាដែលលទ្ធិប្រជាធិបតេយ្យមិនអាចរីកដុះដាលបាននៅកម្ពុជា គឺដោយសារតែក្រុមមេដឹកនាំបច្ចុប្បន្នដែលមានប្រវត្តិចេញពីបក្សកុម្មុយនិស្តមើលឃើញថា លទ្ធិប្រជាធិបតេយ្យ គឺជាការគំរាមកំហែងដល់ការបន្តកាន់អំណាចរបស់ពួកគេ៖ « បើយើងមើលពីសមាសភាពរបស់រដ្ឋាភិបាល យើងឃើញថា ដោយសាររដ្ឋាភិបាលគាត់បានអំណាចពីដំបូងមកមិនមែនដោយការបានតាមរបៀបរបបប្រជាធិបតេយ្យទេ។ គាត់បានតាមរបៀបរបបជាការដណ្តើមយកអ៊ីចឹង។ ដូច្នេះហើយ ខ្ញុំមើលឃើញថា គាត់ហាក់ដូចជាអារម្មណ៍នៅក្នុងការរីកចម្រើនប្រជាធិបតេយ្យ ហើយគាត់គិតថាប្រជាធិបតេយ្យគឺជាការគំរាមកំហែងទៅដល់អំណាចរបស់គាត់ទៅវិញ។ ដូច្នេះហើយគាត់ព្យាយាមកសាងនូវក្រុមបក្ខពួករបស់ខ្លួនជាជាងការពង្រឹងនូវស្ថាប័នប្រជាធិបតេយ្យ។ សំណួរនៅត្រង់ថា តើយើងគួរតែរើសមេដឹកនាំថ្មីដែលមានគុណតម្លៃដែលមានផ្នត់គំនិតជាអ្នកប្រជាធិបតេយ្យ ឬក៏យើងចង់ឱ្យមានដឹកនាំមានការផ្លាស់ប្តូរ។ ប៉ុន្តែ សម្រាប់ខ្ញុំៗមើលឃើញថា វាហួសពេលទៅហើយសម្រាប់ឱ្យមេដឹកនាំបច្ចុប្បន្នគាត់ផ្លាស់ប្តូរឱ្យមកយល់ដឹងអំពីប្រជាធិបតេយ្យពិតប្រាកដ ពីព្រោះអាយុគាត់ក៏រាងជ្រែណាស់ទៅហើយៗអ្វីដែលពិបាកខ្លាំងបំផុតនោះ គឺប្រដៅមនុស្សចាស់ហ្នុងឯង »។
ចាប់តាំងពីមានការបោះឆ្នោតជ្រើសតាំងមេដឹកនាំជាលើកដំបូងតាមរយៈការជួយជ្រោមជ្រែងរបស់អង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣មក កម្ពុជាបានឆ្លងកាត់នូវដំណាក់កាលតានតឹងជាច្រើនដែលធ្វើឱ្យលទ្ធិប្រជាធិបតេយ្យត្រូវដើរថយកក្រោយ។ ក្នុងនោះមានដូចជា ការធ្វើរដ្ឋប្រហារបង្ហូរឈាមដឹកនាំដោយលោក ហ៊ុន សែន ដើម្បីទម្លាក់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីតំណែងនាយករដ្ឋមន្ត្រីទី១ និងដើម្បីធានាជ័យជម្នះនៅក្នុងអាណត្តិទីពីរ ការធ្វើឱ្យស្ថាប័នរដ្ឋកំពូលៗដូចជាស្ថាប័នរដ្ឋធម្មនុញ្ញ សភា និងព្រឹទ្ធសភា ព្រមទាំងស្ថាប័នតុលាការ និងស្ថាប័នរៀបចំការបោះឆ្នោត ប៉ូលីស និងយោធា លែងជាស្ថាប័នឯករាជ្យ ហើយស្ថិតក្រោមការគ្រប់គ្រងស្ទើតែផ្តាច់មុខរបស់គណបក្សកាន់អំណាច។ ចុងក្រោយបំផុតនៅឆ្នាំ២០១៧ ដើម្បីធានាជ័យជម្នះរួចជាស្រេចស្របពេលគណបក្សប្រឆាំងបានកើនប្រជាប្រិយភាពខ្លាំង ប្រជាធិបតេយ្យនៅកម្ពុជាត្រូវសហគមន៍អន្តរជាតិចាត់ទុកបានស្លាប់ ក្រោយពីមានការរម្លាយគណបក្សសង្គ្រោះជាតិ តាមរយៈតុលាការកំពូលដែលរងការរិះគន់ថា ធ្វើតាមការបង្គាប់បញ្ជារបស់បក្សកាន់អំណាច។
អ្នកធ្វើការពាក់ព័ន្ធនឹងការបោះឆ្នោត និងដំណើរការលទ្ធិប្រជាធិបតេយ្យ និងជាទីប្រឹក្សាអង្គការ ខុមហ្វ្រែលលោក គល់ បញ្ញា យល់ថា អ្វីដែលរឹតតែធ្វើឱ្យក្រុមមេដឹកនាំបច្ចប្បន្នអាចបន្តអំណាច ហើយពង្រឹងការដឹកនាំតាមបែបផ្តាច់ការឃ្លាតចាកឆ្ងាយពីលទ្ធិប្រជាធិបតេយ្យនោះ គឺដោយសារតែមានការគាំទ្រពីប្រទេសចិនកុម្មុយនិស្តដែលកំពុងតែមានឥទ្ធិពលកាន់តែខ្លាំងជាងពេលណាៗទាំងអស់៖ « រឿងឆន្ទៈរបស់អ្នកមានអំណាចបច្ចុប្បន្នទាក់ទិននឹងការលើកស្ទួយពង្រឹងប្រជាធិបតេយ្យ គោរពតាមប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺថា មានកម្រិតមិនច្រើនទេ។ អ្វីដែលបានជួយឱ្យមានគឺថា ការជ្រោមជ្រែង ការខិតខំជួយពីសហគមន៍អន្តរជាតិទេដែលធ្វើឱ្យយើងមានការកែលម្អនៃដំណើរការប្រជាធិបតេយ្យ។ ប៉ុន្តែ ឥឡូវនេះដោយសារបញ្ហារឿងការជួយជ្រោមជ្រែងវានៅមានកំណត់មិនដូចពីមុនដោយសារឥឡូវនៅក្រោមឥទ្ធិពលចិនខ្លាំង ហើយចិនជាប្រទេសផ្តាច់ការដែរ ហើយដែលជាអ្នកជ្រោមជ្រែងនៃការដឹកនាំដែលមិនយកគោលការណ៍ប្រជាធិបតេយ្យ សិទ្ធិមនុស្សជាមូលដ្ឋាននោះ »។
លោក គល់ បញ្ញា បន្តថា អ្វីដែលលោកព្រួយបារម្ភនោះ គឺស្ថិតនៅត្រង់ថា តើនិន្នាការដឹកនាំប្រទេសបច្ចុប្បន្ននេះ អាចនឹងឈានពីប្រព័ន្ធផ្តាច់ការដែលយកការបោះឆ្នោតជាឡប់ឡែ ទៅរកប្រព័ន្ធផ្តាច់ការទាំងស្រុងតែម្តងឬយ៉ាងណានោះ៖ « ថាតើអាចធ្វើដំណើរទៅថយក្រោយទៀតរហូតទៅដល់គេហៅថា ផ្តាច់ការបែបបិទជិតឬអត់ ? ត្រង់ហ្នុងដែលជាបញ្ហា ហើយផ្តាច់ការបែបបិទជិតនេះហើយដែលជារឿងការផ្ទេរអំណាច ការបានអំណាចនៅក្នុងរដ្ឋាភិបាលមិនបានភាពស្របច្បាប់ទេ គឺបានមកដោយខ្សែតាមរបៀបឯកបក្ស ឬដូចនៅប្រទេសកូរ៉េខាងជើងតវង្សត្រកូល »។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បដិសេធការលើកឡើង និងកង្វល់ទាំងនេះ។ លោកអះអាងថា គឺដោយសារតែកម្ពុជាមានលទ្ធិប្រជាធិបតេយ្យនេះហើយទើបពលរដ្ឋទទួលបាននូវសុខសន្តិភាពពេញលេញ៖ « ខ្ញុំយល់ថា បើលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាស្លាប់ កម្ពុជាអត់មានសន្តិភាព អត់មានស្ថិរភាពនយោបាយ ហើយសង្គមកម្ពុជានឹងច្របូកច្របល់ វាចលាចលក្រឡាប់ចាក់ហើយ។ ដូច្នេះហើយវាផ្ទុយពីការពិតជាក់ស្តែងដែលកើតឡើងនៅកម្ពុជា។ អញ្ចឹងអស់លោកមានមតិយ៉ាងណា ជាសិទ្ធិរបស់អស់លោកទេ។ ចង់គាត់និយាយយ៉ាងម៉េចនិយាយទៅ។ ក៏ប៉ុន្តែ ប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍លទ្ធិប្រជាធិបតេយ្យរបស់កម្ពុជាដែលធានាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខក្សេមក្សាន្តរបស់ប្រជាពលរដ្ឋ »។
យ៉ាងណាក៏ដោយ ផ្ទុយពីការលើកឡើងរបស់លោក សុខ ឥសាន នេះ ស្ថាប័នអន្តរជាតិធំៗ រួមទាំងប្រទេសលោកសេរី និងអ្នកជំនាញអង្គការសហប្រជាជាតិផង តែងរកឃើញថា ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះខ្លាំងចាប់តាំងពីចុងឆ្នាំ២០១៧ រហូតមកទល់បច្ចុប្បន្នស្របពេលដែលបក្សកាន់អំណាចបន្តបើកយុទ្ធនាការប្រឆាំងនឹងសំឡេងរិះគន់ឥតឈប់ឈរ។ អង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (The Economist Intelligence Unit, EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK) ដាក់កម្ពុជាជាប់លេខ ១៣០ ក្នុងចំណោម ១៦៧ប្រទេស នៅលើពិភពលោក សម្រាប់សន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២០ ដែលមានន័យថា កម្ពុជា ជាប់ឈ្មោះជាប្រទេសដែលមានការគ្រប់គ្រងបែប «ផ្ដាច់ការ»។ នៅក្នុងតំបន់ ការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា ប្រសើរតែជាងប្រទេសមីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រទេសកុម្មុយនិស្តវៀតណាម (Vietnam) និងឡាវ (Laos) ប៉ុណ្ណោះ។ ការផ្ដល់ចំណាត់ថ្នាក់នេះ ធ្វើឡើងផ្អែកលើសូចនាករសំខាន់ៗ ចំនួន ៥ ក្នុងនោះរួមមាន ដំណើរការបោះឆ្នោត និងពហុបក្ស ដំណើរការរដ្ឋាភិបាល ការចូលរួមក្នុងវិស័យនយោបាយ វប្បធម៌នយោបាយ និងការគោរពសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។