គណបក្សភ្លើងទៀននៅខេត្តកណ្ដាល ចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធ និងដាក់តំណាងនៅតាមឃុំ សង្កាត់ហើយ ដើម្បីត្រៀមចូលរួមបោះឆ្នោតឆ្នាំ២០២២ ខាងមុខ ក្នុងករណីស្ថានការណ៍ប្រជាធិបតេយ្យមានភាពល្អប្រសើរ។ ការរៀបចំនេះ ធ្វើឡើងក្រោយពេលគណបក្សភ្លើងទៀន បានជួបជុំសមាជិកធ្វើពិធីលើកស្លាកបក្សនៅខេត្តកណ្ដាលឡើងវិញ នៅថ្ងៃទី១២ ខែធ្នូ។ អ្នកឃ្លាំមើលថា ការបង្កើនសកម្មភាព នឹងធ្វើឲ្យគណបក្សភ្លើងទៀនទទួលបានប្រជាប្រិយភាពលឿន។
ការលើកស្លាក និងសំណេះសំណាលរបស់គណបក្សភ្លើងទៀននៅខេត្តកណ្ដាល បានដំណើរទៅដោយរលូន ហើយមិនមានការរារាំង ឬការប៉ះសំដីគ្នារវាងអាជ្ញាធរ និងពលរដ្ឋទេ។
លេខាធិការគណបក្សភ្លើងទៀនប្រចាំខេត្តកណ្ដាលលោក ផុន សុភា ឲ្យដឹងថា គណបក្សភ្លើងទៀនបានជូនដំណឹងទៅអាជ្ញាធរ ហើយពួកគាត់បានជួយសម្រួលច្រើនដល់ការជួបជុំនេះ។ លោកបន្តថា បន្ទាប់ពីការលើកស្លាកនេះរួច គណបក្សនឹងចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធនៅតាមឃុំ-សង្កាត់ទាំងអស់ទូទាំងខេត្តកណ្ដាល ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំ២០២២។ លោកជឿជាក់ថា គណបក្សភ្លើងទៀននឹងទទួលបានការគាំទ្រពីពលរដ្ឋនៅខេត្តកណ្ដាល៖ «អំពាវនាវឲ្យពុកម៉ែបងប្អូនគ្រប់និន្នាការនយោបាយទាំងអស់មកចូលរួមជាមួយគណបក្សភ្លើងទៀន នៅតាមខេត្ត តាមក្រុង នៅតាមតំបន់រៀងៗខ្លួន ពីព្រោះថា គណបក្សភ្លើងទៀន គឺជាក្ដីសង្ឃឹមរបស់ពុកម៉ែបងប្អូន ជាទីបង្អែកដ៏រឹងមាំសម្រាប់អ្នកប្រជាធិបតេយ្យ និងអ្នកសិទ្ធិមនុស្ស»។
សាខាគណបក្សភ្លើងទៀនខេត្តកណ្ដាល ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ។ ប្រធានស្ដីទីលោក ថាច់ សេដ្ឋា បានដឹកនាំសមាជិកគណបក្សជាងពីររយ(២៥០)នាក់ លើកស្លាក ប្រគល់ត្រា និងឯកសាររបស់គណបក្សជូនតំណាងនៅខេត្តកណ្ដាលនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ។
ថ្លែងក្នុងកម្មវិធីនោះលោក ថាច់ សេដ្ឋា លើកទឹកចិត្តឲ្យសមាជិក អ្នកគាំទ្រ និងពលរដ្ឋចូលរួមជាមួយគណបក្សភ្លើងទៀន ឲ្យបានច្រើនដើម្បីសំដៅឆ្ពោះទៅរកការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣។ ប៉ុន្តែក្នុងករណីមានការគំរាមកំហែងលើគណបក្សភ្លើងទៀននោះលោក ថាច់ សេដ្ឋា បញ្ជាក់ថា គណបក្សនឹងធ្វើពហិការដោយមិនចូលរួមការបោះឆ្នោតបន្តទៀត៖ « បើសិនណាអត់មានការគំរាមកំហែង។ យើងធ្វើសកម្មភាពបានទេ ដូចយើងខ្ញុំជម្រាបថា យើងនិយាយពីគោលនយោបាយយើងបាន ហើយយើងបង្ហាញពីសកម្មភាពយើងបាន អាហ្នឹងយើងចូលរួមការបោះឆ្នោតបាន។ ប៉ុន្តែបើសិនជាគ្រាន់និយាយពីរឿងគោលនយោបាយរបស់យើង ឲ្យមានការអភិវឌ្ឍន៍ឃុំសង្កាត់ ឬក៏អ្វីអំពើពុករលួយ សុទ្ធតែរឿងយើង ( និយាយអត់បាន ) អាហ្នឹងទៅម្ដេចរួច អត់រួចទេ។ អ៊ីចឹងហើយបានថា មិនមែនយើងចេះតែចូល ហើយចេះតែធ្វើដោយអត់មានការគិតទាំងអស់នោះទេ»។
គណបក្សភ្លើងទៀន ធ្លាប់ធ្វើពហិការដោយមិនចូលរួមការបោះឆ្នោតថ្នាក់ជាតិចំនួន ២ ដងរួចហើយ គឺនៅពីឆ្នាំ២០១៣ ដោយសារចង់ទុកលទ្ធភាពជូនគណបក្សសង្គ្រោះជាតិ និងនៅឆ្នាំ២០១៨ ធ្វើពហិការម្ដងទៀត ដោយសារការមិនពេញចិត្តនឹងស្ថានភាពធ្លាក់ចុះធ្ងន់ធ្ងរនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ក្រោយរំលាយគណបក្សសង្គ្រោះជាតិ។
ជុំវិញរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន្ត បានទេនៅថ្ងៃទី១២ ខែធ្នូ។ តែលោកធ្លាប់បញ្ជាក់ថា គណបក្សដែលបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃ មានសិទ្ធិធ្វើសកម្មភាពស្របច្បាប់បាន ហើយសកម្មភាពទាំងអស់នោះ មិនអាចគំរាមកំហែងដល់ប្រជាប្រិយបក្សកាន់អំណាចឡើយ។
ទោះជាយ៉ាងនេះក្ដី អ្នកឃ្លាំមើលជឿជាក់ថា វត្តមានរបស់គណបក្សភ្លើងទៀន នឹងក្លាយជាឧបសគ្គខ្លះ ក្នុងការទប់ស្កាត់មិនឲ្យគណបក្សកាន់អំណាចអាចជិះសេះលែងដៃដូចបច្ចុប្បន្ននេះ។
អ្នកសិក្សាផ្នែកច្បាប់លោក វ៉ន ចាន់ឡូត យល់ថា ថ្វីត្បិតតែការចាប់ផ្ដើមជាថ្មីឡើងវិញរបស់គណបក្សភ្លើងទៀនពេលនេះ មិនអាចមានលទ្ធភាពយកឈ្នះគណបក្សប្រជាជនកម្ពុជាបានភ្លាមៗមែន តែគណបក្សភ្លើងទៀននឹងអាចទទួលបានការគាំទ្រច្រើនក្នុងការបោះឆ្នោតខាងមុខ ដែលអាចធ្វើឲ្យគណបក្សនេះមានលទ្ធភាពជួយពលរដ្ឋក្នុងការតតាំងជាមួយគណបក្សកាន់អំណាច៖ «បើសិនជាការបោះឆ្នោតហ្នឹង មិនប្រព្រឹត្តទៅដំណើរការសេរី និងយុត្តិធម៌ទេ រាល់គណបក្សដែលចូលរួមទាំងបំពាននឹងគ្មានន័យទេ ហើយគ្រាន់តែជាគណបក្សដើម្បីចូលរួមបំពេញនូវលក្ខខណ្ឌនៃភាពស្របច្បាប់ក្នុងការបោះឆ្នោត ហើយបំពេញនូវភាពស្របច្បាប់ចំពោះគណបក្សប្រជាជន»។
គណបក្សភ្លើងទៀន មានឈ្មោះដើមមកពីគណបក្សជាតិខ្មែរ ដែលជាគណបក្សប្រឆាំងតែមួយគត់ ត្រូវបានបង្កើតដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ ក្រោយមកនៅឆ្នាំ១៩៩៨ រដ្ឋាភិបាលបានកែប្រែច្បាប់ចាប់បង្ខំឲ្យគណបក្សនេះ ប្ដូរឈ្មោះជាគណបក្ស សម រង្ស៊ី វិញ។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានកែប្រែច្បាប់នយោបាយម្ដងទៀត ដែលបង្ខំឲ្យគណបក្សនេះសម្រេចប្ដូរឈ្មោះទៅតាមរូបសញ្ញា គឺគណបក្សភ្លើងទៀនរហូតដល់សព្វថ្ងៃ។
គណបក្សនេះ បានផ្អាកសកម្មភាពទាំងស្រុង៤ឆ្នាំមកហើយ តាំងពីពេលតុលាការកំពូលរំលាយគណបក្សសង្គ្រោះជាតិនៅចុងឆ្នាំ២០១៧មក ហើយទើបតែធ្វើសមាជឡើងវិញកាលពីចុងខែវិច្ឆិកា ដើម្បីដាក់ចេញយុទ្ធសាស្ត្រផ្សះផ្សាជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។