ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំលោក អេង ស្រូយ បានដាក់ពាក្យប្ដឹងទៅកាន់ប្រធានអង្គភាពបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីចាត់វិធានការលើមេប៉ូលិសផ្កាយ៣ម្នាក់ គឺលោក ប្រាក់ ណារ៉ុង ដែលបានទះកំផ្លៀងរូបលោកកាលពីថ្ងៃទី២២ ខែមេសា។ មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សជំរុញដល់ស្ថាប័នពាក់ព័ន្ធត្រូវតែអនុវត្តច្បាប់ដោយស្មើភាពលើជនដៃដល់នោះ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ។
ប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ និងជាគ្រូបង្រៀននៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាលោក អេង ស្រូយ ឱ្យដឹងថា លោកបានដាក់ពាក្យបណ្ដឹងទៅកាន់ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជាគឺលោក សេង ផល្លី រួចរាល់ហើយនៅថ្ងៃទី២៨ ខែមេសា ដើម្បីទាមទារឱ្យមានការអនុវត្តច្បាប់លើឧត្តមសេនីយ៍ឯកលោក ប្រាក់ ណារ៉ុង ដែលបានទះកំផ្លៀងលោកដោយសាររឿងនិន្នាការនយោបាយ។
លោក អេង ស្រូយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៨ ខែមេសាថា លោកក៏បានរៀបចំភស្តុតាងមួយចំនួន នឹងគ្រោងដាក់ពាក្យបណ្ដឹងទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង និងស្ថាប័នតុលាការបន្ថែមទៀត។ ទោះជាយ៉ាងណា លោកមិនរំពឹងថា ស្ថាប័នទាំងនេះ នឹងអាចជួយរកយុត្តិធម៌ជូនលោកបាននោះទេ ដោយសារតែលោកមាននិន្នាការមិនស្របនឹងបក្សកាន់អំណាច។ លើសពីនេះ លោករិះគន់ថា ស្ថាប័នតុលាការខ្វះភាពឯករាជ្យ ដោយសារតែស្ថាប័នមួយនេះ ទទួលរងគំនាបពីដឹកនាំរដ្ឋាភិបាល៖ «ដូចជាពុំសូវមានក្ដីសង្ឃឹមអីទេ។ នៅអង្គភាពខ្ញុំយ៉ាងច្រើនបានត្រឹមសម្របសម្រួលគ្នាតែប៉ុណ្ណឹង។ យើងមាននិន្នាការបក្សប្រឆាំងអញ្ចឹងរឿងប្រព័ន្ធតុលាការវិញមិនអាចមានសង្ឃឹមទេ។ គ្រប់ករណីលើរឿងទាក់ទងគណបក្សប្រឆាំង មិន ដែលមានពន្លឺយុត្តិធម៌ទេ។ អត់ដែលមាន។ ខ្ញុំដាក់ពាក្យប្តឹងឱ្យគេបានដឹងថា ប្រទេសយើងប្រព័ន្ធច្បាប់គឺវាអញ្ចឹង។ បើយើងមិនប្តឹង ថាមកពីយើងមិនប្តឹង។ ឥឡូវយើងមានភស្តុតាងគ្រប់គ្រាន់ហើយ ពេលប្តឹងមិនដោះស្រាយ។ យើងជាគណបក្សប្រឆាំងអញ្ចឹង ក៏មានការព្រួយបារម្ភដែរ តែយើងនៅតែតស៊ូទៅមុខមិនអាចថយក្រោយបានទេ »។
លោក អេង ស្រូយ គឺជាប្រធានក្រុមការងារគណបក្សភ្លើងទៀននៅខេត្តត្បូងឃ្មុំ និងជាគ្រូបង្រៀន នៅអង្គភាពក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា។ លោកត្រូវបានមេរបស់លោក ដែលជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជាគឺលោក ប្រាក់ ណារ៉ុង ទះកំផ្លៀងនៅកន្លែងអង្គភាពកាលពីថ្ងៃទី២២ ខែមេសា ដោយសារតែលោកមាននិន្នាការមិនស្របនឹងបក្សកាន់អំណាច។
លោក អេង ស្រូយ ឱ្យដឹងថា នៅថ្ងៃសម្រាកចុងសប្តាហ៍ពីការងារក្របខណ្ឌរដ្ឋ ឬចំថ្ងៃពិធីបុណ្យទាន លោកតែងចុះជួយធ្វើសកម្មភាពជាមួយគណបក្សភ្លើងទៀន ដើម្បីជំរុញឱ្យមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។ ដោយសារ តែលោកបានចុះចូលជាមួយគណបក្សភ្លើងទៀនបែបនេះហើយ ដែលធ្វើឱ្យមន្ត្រីថ្នាក់លើរបស់លោកខឹងសម្បារ និងគំរាមកំហែងជាបន្តបន្ទាប់ រហូតមានការទះកំផ្លៀងរូបលោកទាំងនៅកន្លែងអង្គភាព។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា លោក សេង ផល្លី ដើម្បីសាកសួរបន្ថែមពីបញ្ហានេះបានទេនៅថ្ងៃទី២៨ ខែមេសា។ ចំណែកឯប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន និងលោក ប្រាក់ ណារ៉ុង ដែលរងការចោទប្រកាន់ ក៏វិទ្យុអាស៊ីសេរីមិនអាចទាក់ទងបានដែរនៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា ករណីប្រើអំពើហិង្សាលើ លោក អេង ស្រូយ នេះគឺជាបទល្មើលព្រហ្មទណ្ឌ ដែលស្ថាប័នពាក់ព័ន្ធត្រូវតែវិធានលើជនល្មើសនោះ ដើម្បីយកមកទទួលទោសតាមច្បាប់។
លោកបន្តថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់កាន់តែខិតជិតមកដល់ សកម្មជនគណបក្សមួយចំនួននៅតែបន្តរងការរើសអើង ការធ្វើទុក្ខបុកម្នេញ គំរាមកំហែងគ្រប់រូបភាពពីសំណាក់អាជ្ញាធរបក្សកាន់អំណាច៖ «មន្រ្តីមូលដ្ឋានមួយចំនួនមិនបានគោរពតាមការណែនាំរបស់ថ្នាក់លើទៀត។ បញ្ហានេះហើយដែលអាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ដែល គេចង់ឃើញមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ »។
ករណីលោក ប្រាក់ ណារ៉ុង ប្រើហិង្សាលើមន្ត្រីគណបក្សភ្លើងទៀននេះ គឺជាការអនុវត្តផ្ទុយពីការប្រកាសរបស់លោក ហ៊ុន សែន ដែលធ្លាប់បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កបរិយាកាសនយោបាយល្អ ជៀសវាងការប្រើហិង្សាលើរាងកាយ និងពាក្យសម្តីព្រមទាំងត្រូវប្រកាន់ជំហរអព្យាក្រឹត្យ ដើម្បីធ្វើឱ្យដំណើរការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
ទោះបីជាយ៉ាងណា មកទល់ពេលនេះ មានសកម្មជនគណបក្សភ្លើងទៀនចំនួន ៦នាក់ហើយ ក្នុងនោះរួមទាំងសាច់ញាតិរបស់ពួកគេជាអនីតិជនផង ត្រូវបានអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនដាក់ពន្ធនាគារ។ ចំណែកសកម្មជនជិត ១០នាក់ទៀត ត្រូវតុលាការកោះហៅទៅបំភ្លឺពីបទញុះញង់ និងបទក្លែងឯកសារដាក់បេក្ខជនឈរឈ្មោះបោះឆ្នោត។ ទន្ទឹមនឹងនេះ អនុប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញលោក ជឿន សារឹម បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយគ្រួសារជនរងគ្រោះសង្ស័យថា ជាប់ពាក់ព័ន្ធរឿងនយោបាយ។
ក្រៅពីនេះសកម្មជន និងបេក្ខជនបក្សនេះជាច្រើននាក់ទៀត ត្រូវបានជនមិនស្គាល់មុខប៉ុនប៉ងធ្វើបាបដោយគប់ដុំថ្មចូលក្នុងផ្ទះ ការប្រើអំពើហិង្សា និងដេញធាក់ផ្ដួលម៉ូតូគំរាមកំហែង និងរារាំងបេក្ខជនបក្សភ្លើងទៀនគ្រប់រូបភាពដែរ។
ក្រុមអង្គការសង្គមស៊ីវិល និងអ្នកសង្កេតការណ៍បោះឆ្នោតវាយតម្លៃថា បើបរិយាកាសនយោបាយនៅតែស្ថិតក្នុងភាពអាប់អួបែបនេះ នឹងមិនអាចធានាថា ការបោះឆ្នោតនៅពេលខាងមុខ ប្រកបដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។