គណបក្សភ្លើងទៀនធ្វើសមាជដាក់ចេញយុទ្ធសាស្ត្រផ្សះផ្សាជាតិ និងបញ្ចូលអតីតអ្នកជាប់ឃុំនយោបាយជាសមាជិក
2021.11.27

គណបក្សភ្លើងទៀននៅថ្ងៃទី២៧ វិច្ឆិកា នេះ បានធ្វើសមាជដាក់ចេញយុទ្ធសាស្ត្រក្នុងគោលដៅផ្សះផ្សាជាតិ និងបញ្ចូលអតីតអ្នកជាប់ឃុំនយោបាយឱ្យក្លាយជាសមាជិកគណៈកម្មការនាយក។ អ្នកឃ្លាំមើលថា គណបក្សនេះអាចនឹងទទួលបានការគាំទ្រច្រើន ហើយឈ្នះអាសនៈខ្លះ ប៉ុន្តែមិនមែនជាដៃគូប្រកួតជាមួយបក្សកាន់អំណាចទេ។
គណបក្សភ្លើងទៀន បានកែប្រែសមាសភាពថ្នាក់ដឹកនាំបក្សឲ្យមានអាណត្តិដឹកនាំរយៈពេល ៥ឆ្នាំ ដាក់ចេញយុទ្ធសាស្ត្រ ដើម្បីធ្វើការងារផ្សះផ្សាជាតិ និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ។ គណបក្សនេះជឿជាក់ថា តាមរយៈសមាជលើកនេះ ពលរដ្ឋនឹងចូលរួមជាមួយគណបក្សភ្លើងទៀនកាន់តែច្រើនថែមទៀត។
អនុប្រធានទី១ និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនលោក ថាច់ សេដ្ឋា ឲ្យដឹងថា អង្គសមាជបានបញ្ចូលអតីតអ្នកជាប់ឃុំនយោបាយឲ្យក្លាយជាសមាជិកគណៈកម្មការនាយករបស់គណបក្ស ដូចជា អតីតសមាជិកព្រឹទ្ធសភា លោក ហុង សុខហួរ សកម្មជនបក្សប្រឆាំង លោក ម៉ៃ ហុងស្រៀង លោក គា វិសាល លោក លី សុធារ៉ាយុត្តិ និងយុវជន គង់ រ៉ៃយ៉ា ជាដើម។ លោក ថាច់ សេដ្ឋា បន្តថា សមាជិកថ្មីទាំងនេះ សុទ្ធសឹងតែជាអ្នកតស៊ូមតិទាមទារឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស៖ «គាត់ (សមាជិក) ដឹងច្បាស់ពីជំហររបស់គណបក្សភ្លើងទៀនថា គឺជាគណបក្សមួយដែលមិនផ្លាស់ប្ដូរជំហរ រក្សាជំហរដើមតាំងពីការបង្កើតគណបក្សមកឆ្នាំ១៩៩៥ រហូតមក។ អ៊ីចឹងគាត់ឃើញអ៊ីចឹង គាត់មានក្ដីសង្ឃឹមជឿជាក់ថា នឹងអាចជួយដល់ប្រទេសកម្ពុជាបាន ជួយដល់ប្រជាពលរដ្ឋខ្មែរបាន»។
សមាជរបស់គណបក្សភ្លើងទៀន ធ្វើនៅសណ្ឋាគារសាន់វ៉េ (Sunway) នៅថ្ងៃទី២៧ វិច្ឆិកា ដោយមានការចូលរួមពីសមាជិកជាង ៦០នាក់ ដែលជាអ្នកតំណាងប្រចាំខេត្ត រាជធានី អ្នកតំណាងបក្សនៅក្រៅប្រទេស តំណាងចលនាស្ត្រី និងយុវជនជាដើម។ អង្គសមាជនោះក៏មានតំណាងស្ថានទូតសហភាពអឺរ៉ុបចូលរួមឃ្លាំមើលដែរ។ ថ្លែងក្នុងអង្គសមាជ លោក ថាច់ សេដ្ឋា ប្ដេជ្ញាថា គណបក្សភ្លើងទៀននឹងចាប់ផ្ដើមធ្វើសកម្មភាពនយោបាយឲ្យខ្លាំងក្លាវិញ ដើម្បីឆ្ពោះទៅរកការបោះឆ្នោតខាងមុខ។ លោកអះអាងថា គណបក្សភ្លើងទៀន គឺជាក្ដីសង្ឃឹមចុងក្រោយតែមួយគត់របស់ពលរដ្ឋដែលមានបំណងចង់បានការផ្លាស់ប្ដូរជាវិជ្ជមានតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរី ស្របតាមរដ្ឋធម្មនុញ្ញ។
បន្ថែមពីនេះ តំណាងចលនាយុវជនគណបក្សភ្លើងទៀន និងជាអតីតអ្នកជាប់ឃុំចំនួន ២លើកដោយសារការបញ្ចេញមតិ លោក គង់ រ៉ៃយ៉ា អំពាវនាវដល់យុវជនគ្រប់និន្នាការនយោបាយចូលរួមជាមួយគណបក្សភ្លើងទៀន ដើម្បីរួមគ្នាស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ លោកសន្យាថា គណបក្សភ្លើងទៀននឹងជួយពង្រឹងសមត្ថភាពដល់យុវជន និងផ្ដល់ឱកាសដល់យុវជនទាំងអស់ឲ្យបានបញ្ចេញសមត្ថភាពគ្រប់ៗ គ្នា៖ «គណបក្សភ្លើងទៀនថ្ងៃនេះអំពាវនាវឲ្យយុវជនដែលមានសមត្ថភាពទាំងអស់ចូលរួមជាមួយនឹងគណបក្សភ្លើងទៀនដើម្បីរុញនាវាកម្ពុជាឲ្យទៅមុខ។ ជាពិសេសគឺស្ដារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរីមិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានទេនៅថ្ងៃទី២៧ វិច្ឆិកា។ តែយ៉ាងណា លោកធ្លាប់បញ្ជាក់ថា គណបក្សដែលមានឈ្មោះក្នុងបញ្ជីក្រសួងមហាផ្ទៃអាចធ្វើសកម្មភាពស្របច្បាប់ដោយសេរីនៅកម្ពុជាបាន ហើយបក្សកាន់អំណាចមិនបារម្ភពីគណបក្សផ្សេងទេ។
ជុំវិញការប្រកាសធ្វើសកម្មភាពខ្លាំងក្លាឡើងវិញនេះ អ្នកសង្កេតការណ៍យល់ថា គណបក្សភ្លើងទៀនបានបង្ហាញភាពលេចត្រដែតឡើង និងទទួលបានសន្ទុះគាំទ្រយ៉ាងលឿនពីអតីតសកម្មជនបក្សប្រឆាំង និងពលរដ្ឋ ដោយសារប្រជាប្រិយភាពរបស់មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី។
អ្នកសិក្សាផ្នែកច្បាប់ លោក វ៉ន ចាន់ឡូត យល់ថា ទោះបីជាលោក សម រង្ស៊ី មិនហ៊ានប្រកាសជាចំហក្នុងការជួយគាំទ្រគណបក្សភ្លើងទៀនជាផ្លូវការក៏ដោយ ក៏ពលរដ្ឋអាចដឹង និងជឿជាក់ទៅលើមន្ត្រីមួយចំនួនដែលស្និទ្ធនឹងលោក សម រង្ស៊ី បានដែរ។ លោក វ៉ន ចាន់ឡូត បន្តថា វត្តមានរបស់អតីតអ្នកនយោបាយជាប់ឃុំក្នុងគណបក្សភ្លើងទៀននេះ នឹងជួយសម្រួលដល់ស្ថានការណ៍កម្ពុជាឲ្យមានភាពប្រសើរឡើងវិញខ្លះ ហើយបក្សនេះនឹងក្លាយជាលំនឹង និងជាកន្លែងប្រមូលផ្ដុំស្របច្បាប់សម្រាប់អតីតអ្នកស្មោះស្ម័គ្រនឹងបក្សប្រឆាំង៖ «ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ២០២២ នេះ ២០២៣ ជ្រើសរើសសភាវាដូចជាការលេងអុកសាជាថ្មីអ៊ីចឹង ដោយសារតែគណបក្សប្រជាជនបានយកដៃគ្រវាសនូវអុកគូប្រជែងរបស់ខ្លួននោះ ដែលអ្នកលេងជាមួយខ្លួនគឺលោក សម រង្ស៊ី និងលោក កឹម សុខា គឺបិទមិនឲ្យចូលលេងតែម្ដង ហើយយកអ្នកថ្មីមកលេងជំនួសក្នុងរង្វង់នៃក្ដារចាស់»។
គណបក្សភ្លើងទៀន មានឈ្មោះដើមមកពីគណបក្សជាតិខ្មែរត្រូវបានបង្កើតដោយលោក សម រង្ស៊ី នៅឆ្នាំ១៩៩៥។ ក្រោយមករដ្ឋាភិបាលបានកែប្រែច្បាប់ចាប់បង្ខំឲ្យបក្សនេះប្ដូរឈ្មោះជាគណបក្ស សម រង្ស៊ី នៅឆ្នាំ១៩៩៨។ នៅឆ្នាំ២០១៧ រដ្ឋាភិបាលបានកែប្រែច្បាប់នយោបាយម្ដងទៀត ដែលបង្ខំឲ្យគណបក្សនេះសម្រេចប្ដូរឈ្មោះទៅតាមរូបសញ្ញាគឺគណបក្សភ្លើងទៀនរហូតដល់សព្វថ្ងៃ។ គណបក្សនេះ ក៏កំពុងត្រូវបង្ខំចិត្តម្ដងទៀតក្នុងការរើទីស្នាក់ការខ្លួនចេញពីអគារគណបក្សសង្គ្រោះជាតិនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យដែរ ព្រោះតុលាការដែលស្ថិតក្រោមឥទ្ធិពលរបស់បក្សកាន់អំណាចបានរឹបអូសទីស្នាក់ការបក្សសង្គ្រោះជាតិដើម្បីលក់ឡាយឡុង យកលុយឱ្យក្រុមមេដឹកនាំបក្សកាន់អំណាច។ លោក ថាច់ សេដ្ឋា ប្រាប់ថា ទីស្នាក់ការបក្សភ្លើងទៀនបណ្ដោះអាសន្ន គឺនៅផ្ទះរបស់ប្រធានគណបក្ស លោក ទាវ វណ្ណុល ដែលស្ថិតក្នុងខណ្ឌច្បារអំពៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។