គណបក្ស​ភ្លើង​ទៀន ចោទ​អាជ្ញាធរ​បក្ស​កាន់​អំណាច​ថា ធ្វើ​ទុក្ខ​បុក​ម្នេញ​ភ្នាក់ងារ​សង្កេត​ការណ៍​របស់​ខ្លួន

ភ្នាក់ងារ​សង្កេត​ការណ៍​បោះឆ្នោត​របស់​គណបក្ស​ភ្លើង​ទៀន​ជា​ច្រើន​នាក់ រង​ការ​គំរាម​កំហែង រហូត​បោះបង់​ការ​ធ្វើ​ជា​ភ្នាក់ងារ ខ្លះ​ទៀត​លាលែង​ចេញ​ពី​បក្ស និង​ខ្លះ​ទៀត​បាត់​ខ្លួន​មិន​ដឹង​ទៅ​ណា​តែ​ម្ដង នៅ​ថ្ងៃ​បោះ​ឆ្នោត។

អនុ​ប្រធាន​គណបក្ស​ភ្លើង​ទៀន លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ មិថុនាថា ករណី​គំរាម​កំហែង បំភិតបំភ័យ បំផ្លាញ​ស្លាក​សញ្ញា និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​ភ្នាក់ងារ​សង្កេត​ការណ៍​នៃ​គណបក្ស​របស់​លោក កើត​មាន​នៅ​គ្រប់​ឃុំ​នៅ​ទូទាំង​ប្រទេស។ លោក​បន្ត​ថា ការ​បោះ​ឆ្នោត​លើក​នេះ ប្រព្រឹត្ត​ទៅ​ក្នុង​បរិយាកាស​អាប់អួ​ធ្ងន់ធ្ងរ៖ «មិន​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​ត្រឹមត្រូវ​ទេ ព្រោះ​វា​ពោរពេញ​ទៅ​ដោយ​ការ​គំរាម​កំហែង ទាំង​ភ្នាក់ងារ ហើយ​ក្នុង​ការិយាល័យ​នោះ មាន​មេភូមិ អនុ​ភូមិ អង្គុយ​កត់​ឈ្មោះ​អ្នក​ទៅ​បោះ​ឆ្នោត រហូត​ដល់​កន្លែង​ខ្លះ​មាន​តាំង​ចៅហ្វាយ​ស្រុក មានអី កន្លែង​ខ្លះ​មាន​ទាំង​ប៉ូលិស​ប៉ុស្តិ៍​អី​ទៀត ដូច្នេះ​វា​មិន​អាច​ចាត់​ទុក​ថា ជា​បោះ​ឆ្នោត​មួយ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌​បាន​ទេ»

ភ្នាក់ងារ​គណបក្ស​ភ្លើង​ទៀន​ខេត្តប៉ៃលិន​ចំនួន ៣៨នាក់ បាន​បោះបង់​ឈប់​សង្កេត​ការណ៍​បោះ​ឆ្នោត ហើយ​ករណី​ស្រដៀង​គ្នា​នេះ​ក៏​កើត​មាន​នៅ​ខេត្ត​ផ្សេង​ដែរ។ មន្ត្រី​បក្ស​ភ្លើង​ទៀន​ឱ្យ​ដឹង​ថា អាជ្ញាធរ​ដែល​គំរាម​កំហែង​ និង​បំភិតបំភ័យ​អ្នកសង្កេតការណ៍​របស់​គណបក្ស​ភ្លើង​ទៀន​នោះ ភាគច្រើន​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​អ្នក​នាំ​ពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បី​សាកសួរ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី៥ មិថុនា។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​ផ្នែក​អង្កេត និង​តស៊ូ​មតិ​នៃ​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើក​ឡើង​ថា អ្នក​រង​គ្រោះ​គួរ​ប្ដឹង​ករណី​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទាំង​នេះ​ទៅ​ស្ថាប័ន​មាន​សមត្ថកិច្ច ជាពិសេស គ.ជ.ប ដោយ​មាន​កំណត់ហេតុ និង​ភស្តុតាង​ច្បាស់​លាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។