សកម្មជន​បក្ស​ភ្លើង​ទៀន​បន្ត​ចុះ​កៀរគរ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​​ឱ្យ​គាំទ្រ​គណបក្ស​ខ្លួន

0:00 / 0:00

សកម្មជន​បក្ស​ភ្លើង​ទៀន​បន្ត​ចុះ​កៀរគរ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​​ឱ្យ​គាំទ្រ​គណបក្ស​ខ្លួន​នៅថ្ងៃទី១៥ ខែ​មីនា។ ពួក​គាត់​​​រំពឹង​ថា ការបោះឆ្នោត​ខាង​មុន​នេះ នឹង​មាន​ការ​ផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ប្រទេស​ តាម​រយៈ​ការ​បោះ​ឆ្នោត​ត្រឹម​ត្រូវ និង​យុត្តិធម៌។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា ​បក្ស​កាន់​អំណាច​ស្វាគមន៍​ជា​និច្ច​សម្រាប់​ការបោះឆ្នោត​នៅ​ខាង​មុន។

សកម្មជន​បក្ស​ភ្លើង​ទៀន​ដែល​រស់​នៅ​ប្រទេស​ថៃ បាន​ប្រឹងប្រែង​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​បក្ស​​ ទៅ​កាន់​ពលករ​ខ្មែរ​នៅ​តាម​​តំបន់​ផ្សេងៗ​ក្នុង​ប្រទេស​ថៃ​។ ពួកគាត់​ទទូច​ឱ្យ​ពលរដ្ឋ​ចូលរួម​ការ​បោះឆ្នោត​ឱ្យ​បាន​ច្រើន​ ដើម្បី​ចូល​រួម​​ចំណែក​ដោះស្រាយ​​ជីវភាព​ពលរដ្ឋ​ឱ្យ​បាន​​ល្អ​ប្រសើរ តាមរយៈ​ការ​បោះឆ្នោត​ ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ។

ការ​​លើក​ឡើង​នេះ បន្ទាប់​ពី​តំណាង​សកម្មជន​បក្ស​ភ្លើង​ទៀន បាន​ចុះ​ជួប​ពលករ​ខ្មែរជិត២០នាក់ និង​បាន​ថ្លែង​ដោយ​សន្យា​ថា ​បើ​បក្ស​ភ្លើង​ទៀន​ជាប់​ឆ្នោត​ ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​នូវ​ជីវភាព​ល្អ​ប្រសើរ​មាន​ការងារ​ធ្វើ​គ្រប់គ្រាន់​ និង​កាត់​បន្ថយ​ការ​សំណាក​ស្រុក​មក​ធ្វើការ​នៅ​ក្រៅ​ប្រទេស​។ ការ​ថ្លែង​បែប​ នេះ​រួម​ដោយ​សំឡេង​ទះដៃ និង​ការ​ស្រែក​អរសាទរ​ បក្ស​ភ្លើង​ទៀន​ផង​ដែរ។

តំណាង​សកម្មជន​បក្ស​ភ្លើង​ទៀន ដែល​រស់​នៅ​ ​ប្រទេស​ថៃ លោក ឆន សុខឿន​ ប្រាប់​ ​វិទ្យុ​អាស៊ី​សេរី​នៅថ្ងៃទី១៥ ខែ​មីនា​ ថា លោក​នៅ​តែ​បន្ត​ការ​ជួប​ជុំ​ពលករ​ខ្មែរ​ជា​បន្ត​បន្ទាប់ ដើម្បី​ស្វែង​រក​ការ​​គាំទ្រ​ពី​​ពលរដ្ឋខ្មែរ​នៅ​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ការ​ជួប​ជុំ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​​​ថ្ងៃ​នេះ​ មាន​អ្នក​ចូល​ជាង ២០នាក់​ ដោយ​គាត់​ប្រកាស​ជំហរ​ថា គាំទ្រ​បក្ស​ភ្លើង​ទៀន​ ដែល​ពួក​គាត់​ចាត់​ទុក​ថា ជា​​បក្ស​ប្រឆាំង​ដ៏​ធំ​មួយ​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​មួយ​បក្ស​កាន់​អំណាច ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០២៣​នេះ។ លោក​ទទូច​ឱ្យ​ប្រជាពលរដ្ឋ​បន្ត​ការ​គាំទ្រ និង​នាំ​គ្នា​ទៅ​ចូល​រួម​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​ដើម្បី​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក ឆន សុខឿន៖«ខ្ញុំ​រំពឹង​ថា​សន្លឹក​ឆ្នោត​នឹង​មាន​ការ​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​រឹតតែ​ទ្វេដង​ដោយសារ​បង​ប្អូន​ប្រជាពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ គឺ​សុទ្ធ​តែ​គាត់​មើល​ឃើញ​ច្បាស់​ថា គណ​បក្ស​ណា​ដែល​គោរព​ស្រឡាញ់​ប្រជាធិបតេយ្យ គណបក្ស​ណា​ដែល​ធ្វើ​ឱ្យ​ពួក​គាត់​ចំណាក​ស្រុក​មក​ដល់​ប្រទេស​ថៃ អត់​មាន​ការងារ​ធ្វើ​អ៊ីចឹង​គាត់។ អ៊ីចឹង​គាត់​នឹង​ផ្ញើ​សារ​នេះ​ជូន​សាច់ញាតិ​ពួក​គាត់​ដើម្បី​បោះឆ្នោត​គាំទ្រ​គណបក្ស​ណា​ដែល​មាន​ប្រជាធិបតេយ្យ»។

ការ​ជួប​ជុំ​ពលករ​ខ្មែរ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​របស់​សកម្មជន​បក្ស​ភ្លើង​ទៀន​ទេ ធ្វើឡើង​នៅ​​ខេត្ត​ ​សមុទ្រ​ប្រាកាន (Samut Prakan)ប្រទេស​ថៃ នៅ​មុខ​ផ្ទះ​ជួល​របស់​ពួកគាត់​ ហើយ​បាន​និមន្ត ព្រះ​សង្ឃ​ខ្មែរ​​​បី​ព្រះអង្គ សូត្រ​មន្ត​ប្រោស​ព្រំ។

ថ្វី​ដ្បិត​ស្ថាន​ភាព​នយោបាយ​នៅ​កម្ពុជា​ហាក់​តូច​ចង្អៀត​សម្រាប់​ការ​ចូល​ជីវភាព​នយោបាយ​របស់​បក្ស​ប្រឆាំង​ ប៉ុន្តែ​ក្រុម​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ នៅ​តែ​ជឿជាក់​ថា កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​​នឹង​អាច​ជំរុញ​​លោក ហ៊ុន សែន ឱ្យ​ងាក​មក​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​វិញ​ តាម​រយៈ​ការ​បោះឆ្នោត​ ដែល​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌។

ស្រដៀង​គ្នា​នេះ ពលករ​ម្នាក់​ទៀត មក​ពី​ខេត្ត​បន្ទាយមានជ័យ ដែល​​ចូល​រួម​កម្ម​វិធី​ដែរ​នោះ លោក មួន ម៉ាវ និយាយ​ដោយ​​សម្ដី​មួយៗ​ ថា ​លោក​ហាក់​មាន​សង្ឃឹម​តិច​តូច​ថា បក្ស​ភ្លើងទៀន​​នឹង​ទទួល​បាន​ឈ្នះ​ក្នុង​ការបោះឆ្នោតនៅឆ្នាំ២០២៣ នេះ ដោយ​សារ​តែ​លំហ​សេរីភាព​នយោបាយ​នៅ​កម្ពុជា នៅតែ​មាន​រឹតត្បិត​ខ្លាំង ពី​សំណាក​បក្ស​កាន់​អំណាច​មក​លើ​បក្ស​ប្រឆាំង​។ ក៏​ប៉ុន្តែ​ លោក​ថា ការ​ចូល​រួម​គាំទ្រ ពី​សំណាក​​ពលរដ្ឋ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​ជា​ញឹកញាប់ នឹង​ធ្វើ​ឱ្យ​ការ​បោះឆ្នោត​ខាង​មុខ​ ​ទទួល​បាន​មេដឹកនាំ​​ល្អ ដែល​អាច​ដឹក​នាំ​ប្រទេស​​ឆ្ពោះ​ទៅ​រក​​ភាព​រីកចម្រើន និង​កាត់​បន្ថយ​នូវ​ភាព​ក្រីក្រ​របស់​ពលរដ្ឋ។

លោក មួន ម៉ាវ៖«ចង់ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេះ​ស្រឡាញ់​គ្នា​ហើយ ចេះ​ជួយ​គ្នា​ហើយ ត្រូវ​សម្រេច​ចិត្ត​ប្ដូរ​គណបក្ស​ណា​ដែល​យើង​អាច​ជឿ​ទុក​ចិត្ត​បាន​នឹង​រំពឹង​បាន​ទៅ​ថ្ងៃ​មុខ​អនាគត។ យើង​មាន​ការងារ​ធ្វើ​យើង​ត្រូវតែ​សម្រេច​ចិត្ត​ខ្លួន​ឯង មិន​ពិបាក​នរណា​គេ​មក​បង្ខិត​បង្ខំ​យើង​ទេ»។

ជុំវិញ​រឿងនេះ អ្នក​នាំ​ពាក្យ​បក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន មើល​ឃើញ​ថា ការ​កៀរគរ​របស់​បក្ស​ប្រឆាំង​នៅ​ក្រៅប្រទេស​នេះ គឺ​ជា​រឿង​ត្រឹម​ត្រូវ​របស់​ពួក​គាត់ ​ដូច​ជា​ពលករ​ខ្មែរ​នៅ​​​ប្រទេស​ថៃ ឬ​កូរ៉េ ជាដើម​។ លោក​បន្ត​ថា នេះ​ជា​សិទ្ធិ​នយោបាយ​ដែល​មាន​ចែង​នៅ​ក្នុង​​រដ្ឋធម្មនុញ្ញ​ ហើយ​បក្ស​ប្រជាជន​កម្ពុជា គឺ​ស្វាគមន៍​ជា​គ្រប់​​បក្ស​នយោបាយ មិនមែន​​តែ​បក្ស​ភ្លើង​ទៀន​នោះ​ ក៏​ប៉ុន្តែ​ លោក​ថា បក្ស​នយោបាយ​ទាំង​នោះ​ ត្រូវ​ធ្វើ​ទៅ​តាម​​ផ្លូវ​​ច្បាប់។

លោក សុខ ឥសាន៖«វា​ជា​សកម្មភាព​នយោបាយ វា​អត់​មាន​ផ្ទាំង​ផ្លូវ​ច្បាប់​ទេ អាហ្នឹង​ជា​សិទ្ធិ​សេរីភាព​នយោបាយ​របស់​សកម្មជន​បក្ស​នីមួយៗ មិន​មែន​ចំពោះ​តែ​បក្ស​ណា​មួយ​នោះ​ទេ។ អាហ្នឹង​រឿង​ធ្វើ​សកម្មភាព​នយោបាយ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជា​រឿង​ធម្មតា​នីមួយ​ ដែល​ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត»។

ទោះ​យ៉ាង​ណាក្ដី ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង លើក​ឡើង​ថា ការ​ប្រឹង​ប្រែង​ធ្វើ​យុទ្ធនាការ​ស្វែងរក​សំឡេង​អ្នកគាំទ្រ​របស់​បក្ស​ភ្លើង​ទៀន​ជា​ថ្មី​នៅ​ប្រទេស​ថៃ គឺ​ជា​រឿង​ត្រឹម​ត្រូវ ​ជា​សិទ្ធិ​នយោបាយ​របស់​ពួកគាត់។ លោក​ថា អាជ្ញាធរ​ខ្មែរ​គួរតែ​លើក​ទឹក​ចិត្ត​ពួក​គាត់​ ធានា​នូវ​សុវត្ថិភាព​​ និង​លំហ​នយោបាយ កុំ​ឱ្យ​មាន​ការ​រើស​នយោបាយ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

លោក យង់ គិមអេង៖«អាជ្ញាធរ​ត្រូវ​តែ​មាន​កាតព្វកិច្ច​ដែរ​ ក្នុង​ការ​ធានា​នូវ​សុខ សុវត្ថិភាព ក្នុង​ការពារ​សិទ្ធិ ធានា​សិទ្ធ​របស់​ពួក​គាត់​ក្នុង​ការ​ចូល​រួម​ក្នុង​សកម្មភាព​នយោបាយ​ផ្សេងៗ។ អាហ្នឹង​ត្រូវ​តែ​ធានា​ទៅ​តាម​គោលការណ៍​ច្បាប់​ដែល​បាន​កំណត់។ ស្នើ​ទៅ​ដល់​អាជ្ញាធរ​ឱ្យ​ធានា កុំ​ឱ្យ​មាន​ការ​រឹតត្បិត​ក្នុង​ការ​ធ្វើសកម្មភាព​នយោបាយ​របស់​គណបក្ស​នយោបាយ​ដែល​ស្រប​នឹង​ច្បាប់​ហ្នឹង»។

ការ​ជួបជុំ​របស់​សកម្មជន​ភ្លើង​ទៀន​នៅ​ប្រទេស​ថៃ​ នេះ​បាន​បន្ត​ធ្វើ​ឡើង​ចាប់​តាំង​ពី​ខែ​ធ្នូ រហូត​ដល់​ពេល​នេះ​បាន ៤​លើក​មក​ហើយ ដោយ​ផ្ដោត​សំខាន់​លើ​ការ​ទាមទារ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​កម្ពុជា រួមមាន​អនុប្រធាន​បក្ស​ភ្លើង​ទៀន លោក ថាច់ ស៊ីថា និង​កញ្ញា សេង ធារី ជាដើម និង​ការ​ចង​ក្រង​បណ្ដាញ​អ្នក​គាំទ្រ​បក្ស​ភ្លើងទៀន។ សកម្មជន​បក្ស​ភ្លើង​ទៀន​ថា ការ​ជួប​ពលករ​ខ្មែរ​គឺ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ក្នុង​​ការ​បោះឆ្នោត ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ​នេះ​។ ​ពលករ​ខ្មែរ​ភាគ​ច្រើន​ដែល​រស់​នៅ​ប្រទេស​ថៃ ចង់​ឃើញ​អ្នក​នយោបាយ​រួមគ្នា អភិវឌ្ឍ​ជាតិ ឆ្ពោះ​ទៅ​រក​សន្តិភាព​ពិត​ប្រាកដ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។