សមត្ថកិច្ច​រាជធានី​ភ្នំពេញ​ចាប់ខ្លួន​មន្ត្រី​គណបក្ស​ភ្លើងទៀន​ពីរ​នាក់​ដោយ​គ្មាន​មូលហេតុ

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ចាប់ខ្លួន​មន្ត្រីជាន់ខ្ពស់​គណបក្ស​ភ្លើងទៀន​ពីរ​នាក់ កាល​ពី​យប់​ថ្ងៃទី​១៤ កក្កដា។

អ្នកនាំពាក្យ​គណបក្ស​ភ្លើងទៀន លោក គីម សួរភីរិទ្ធិ ឲ្យ​ដឹង​ថា សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឃាត់ខ្លួន​ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន លោក ប៊ុន ខេត និង​ប្រធាន​ក្រុមការងារ​គណបក្ស​រាជធានី​ភ្នំពេញ លោក លី រី ទាំង​មិនដឹង​មូលហេតុ​ហេតុ។

ភរិយា​លោក ប៊ុន ខេត ឲ្យ​ដឹង​ថា សមត្ថកិច្ច​មាន​គ្នា​ប្រមាណ​២០​នាក់ បាន​ឡោម​ព័ន្ធ​ផ្ទះ​អ្នកស្រី នៅ​សង្កាត់​អូរបែកក្អម ខណ្ឌ​សែនសុខ វេលា​ម៉ោង ៨​យប់ ថ្ងៃទី១៤ កក្កដា។ ភ្លាមៗ​នេះ ប៉ូលិស​ប្រមាណ​បី​នាក់​បាន​សម្រុក​ចូល​ទៅ​ក្នុងផ្ទះ​អ្នកស្រី ហើយ​ចាប់ខ្លួន​ប្ដី​អ្នកស្រី គឺ​លោក ប៊ុន ខេត តែម្ដង​។ អ្នកស្រី​អះអាង​ថា ប៉ូលិស​មិនបាន​បង្ហាញ​ដីកាចាប់ខ្លួន​ពី​តុលាការ​ឡើយ។

ភរិយា​លោក ប៊ុន ខេត៖ «ខ្ញុំ​អត់​ដឹង​អី​ទេ​បង។ ប៉ូលិស​បី​នាក់​ចូល​មក​សួរ​ខ្ញុំ ថា ប្ដី​ខ្ញុំ​នៅឯណា​?ស្រាប់តែ​ចៅ​ខ្ញុំ​ឆ្លើយ​ប្រាប់​ថា តា​នៅ​ខាងក្នុង។ ស្រាប់តែ​ប៉ូលិស​នៅ​ចូល​ទៅ​ចាប់​ទាំង​គ្មាន​ដីកា​អី​ទាំងអស់​។ ហើយ​ប្ដី​ខ្ញុំ​ថា មិនបាច់​ដាក់​ខ្នោះ​ខ្ញុំ​ទេ ចាប់​ខ្ញុំ​យក​ទៅ​ទីណា​ក៏បាន​ដែរ ទុក​ឲ្យ​ខ្ញុំ​ដើរទៅ​ដោយ​ខ្លួនឯង​។ ប៉ូលិស​ក៏​បណ្ដើរ​ប្ដី​ខ្ញុំ​ចេញពីផ្ទះ​។ ប៉ូលិស​ច្រើនណាស់​ឡើង​ខ្មៅ​ជុំវិញ​ផ្ទះ ប្រហែលជា​២០​ទៅ​៣០​នាក់​ឯណោះ»។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អធិការ​ខណ្ឌ​សែនសុខ លោក ហួរ ម៉េងវ៉ាង ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បានទេ កាលពី​យប់​ថ្ងៃទី​១៤ កក្កដា។

លោក ប៊ុន ខេត ប្រធាន​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ និង​ជា​ចៅសង្កាត់​រង សង្កាត់​អូរបែកក្អម​។ តុលាការ​ធ្លាប់​ចាប់ខ្លួន​ម្ដង​រួច​មក​ហើយ កាលពី​ឆ្នាំ​២០១៩ ទាក់ទង​នឹង​ផែនការ ធ្វើ​មាតុភូមិនិវត្តន៍​របស់​លោក សម រង្ស៊ី។ លោក​បាន​ជាប់​ពន្ធនាគារ​ជាង ២​ឆ្នាំ​ទើប​តុលាការ​ដោះលែង​វិញ កាល​ណោះ។

មកទល់​ម៉ោង​១២​យប់​នេះ ក្រុម​គ្រួសារ​មិនទាន់​ដឹង​ថា សមត្ថកិច្ច​បញ្ជូន​លោក ប៊ុន ខេត និង លោក លី រី ទៅ​ឃុំខ្លួន​នៅ​ទីណា​នៅ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។